Wednesday, October 03, 2012

ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​អះអាង​ពី​ការ​បញ្ចុះ​ថ្លៃ​សាំង​ឲ្យ​មាន​កម្រិតទាប

ដោយ ម៉ម មុនីរតន៍ 2012-10-03 RFA
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ប្រសិន​បើ​គណបក្ស​នយោបាយ​មួយ​នេះ​ឈ្នះ​ឆ្នោត​​ក្នុង​ពេល​ខាង​មុខ​នេះ នឹង​ទម្លាក់​ថ្លៃ​សាំង​ឲ្យ​នៅ​ក្នុង​កម្រិត​មួយ​ថោក​ដូច​ប្រទេស​ជិត​ខាង មាន​ប្រទេស​ថៃ និង​វៀតណាម ជាដើម។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា យន្តការ​របស់​គណបក្ស​មួយ​នេះ​អាច​ធ្វើ​ឲ្យ​តម្លៃ​សាំង​នៅ​ក្នុង​ប្រទេស​ កម្ពុជា ធ្លាក់​ចុះ​នៅ​ក្នុង​កម្រិត​ទាប​បាន បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង ប្រសិន​បើ​​ខ្លួន​ទទួល​បាន​ការ​គាំទ្រ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣ ខាង​មុខ។

ថ្លែង​ពី​ប្រទេស​បារាំង តាមរយៈ​ វីដេអូ ខនហ្វើរិន (Video Conference) លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណបក្ស សម រង្ស៊ី ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន បញ្ជាក់​ថា គណបក្ស​ដែល​ទើប​ទទួល​បាន​ច្បាប់​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​ក្រសួង​មហាផ្ទៃ នៅ​ចុង​ខែ​កញ្ញា នេះ ពិត​ជា​អាច​មាន​សមត្ថភាព​ក្នុង​ការ​បញ្ចុះ​ថ្លៃ​សាំង​ឲ្យ​ស្ថិត​ក្នុង​តម្លៃ ​មួយ​ដែល​ទៀប​បាន​ ប្រសិន​បើ​គណបក្ស​មួយ​នេះ​ទទួល​បាន​ការ​គាំទ្រ​សម្រាប់​ការ​បោះ​ឆ្នោត​សកល​ ឆ្នាំ​២០១៣។
លោក សម រង្ស៊ី៖ «ប្រេង​សាំង​នៅ​ស្រុក​ខ្មែរ​ថ្លៃ​ណាស់ ថ្លៃ​ហួសហេតុ! គណបក្ស​សង្គ្រោះ​ជាតិ​អាច​បញ្ជាក់​តាំង​ពី​ពេល​នេះ​​ថា យើង​នឹង​កំណត់​ថ្លៃ​ប្រេង​សាំង​មិន​ឲ្យ​លើស​តម្លៃ​ប្រេង​សាំង​នៅ​ប្រទេស​ជិត ​ខាង​ទេ។ ប្រេងសាំង​ថ្លៃ​ជាង​នៅ​ស្រុក​សៀម ថ្លៃ​ជាង​នៅ​ស្រុក​យួន ដោយសារ​អ្វី? ដោយ​យើង​ពុករលួយ អ្នក​ដឹកនាំ​ប្រទេស​សព្វ​ថ្ងៃ​​ពុករលួយ​ហួសហេតុ ជញ្ជក់​ឈាម​រាស្ត្រ បាន​ធ្វើ​ឲ្យ​ទំនិញ​ឡើង​ថ្លៃ ហើយ​ជា​ពិសេស​ប្រេងសាំង។ ប្រេងសាំង​ហ្នឹង​ប៉ះពាល់​តែ​បងប្អូន​អ្នក​រត់​ម៉ូតូឌុប​ទេ ប៉ះពាល់​ទាំង​អស់​គ្នា»
ការ​ថ្លែង​បែប​នេះ​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួបជុំ​គ្នា​មួយ​ដែល​មាន​ការ​ចូល​រួម​របស់​អ្នក​រត​ ម៉ូតូឌុប និង​រ៉ឺម៉ក​កង់​បី នៅ​​ទី​ស្នាក់​កណ្ដាល​របស់​គណបក្ស​សិទ្ធិ​មនុស្ស​​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា។
បើ​តាម​លោក សម រង្ស៊ី គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​នេះ​មិន​ត្រឹម​តែ​អាច​កាត់​បន្ថយ​តម្លៃ​សាំង​​ ឲ្យ​ធ្លាក់​ចុះ​ទេ តែ​ថែម​ទាំង​អាច​ដំឡើង​​ប្រាក់​ខែ​​របស់​មន្ត្រី​រាជការ​ គ្រូបង្រៀន ​និង​ប៉ូលិស យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មួយ​លាន​រៀល​ក្នុង​មួយ​ខែ។ បន្ថែម​ពី​នេះ​លោក សម រង្ស៊ី ដែល​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​កំបាំង​ចំនួន ១២​ឆ្នាំ ក្រោម​បទ​ចោទ​ដក​តម្រុយ​បង្គោល​ព្រំដែន ក្លែង​បន្លំ​ឯកសារ​ផែន​ដី​ទី និង បទ​បរិហារកេរ្តិ៍ ក៏​អះ​អាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ផ្ដល់​លុយ​ចំនួន ៤​ម៉ឺន​រៀល​ជា​រៀល​រាល់​ខែ​សម្រាប់​មនុស្ស​ចាស់​ជរា ជន​ពិការ និង​មនុស្ស​គ្មាន​ទីពឹង។
ក៏​ប៉ុន្តែ​លោកស្រី ឈុន សារឹម សមាជិក​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋសភា និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ស្វាយរៀង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំ​អក​ឡកឡឺយ​ដោយ​ចាត់​ទុក​​លោក សម រង្ស៊ី ថា​ជា​មនុស្ស​ដែល​ពុំ​មាន​សមត្ថភាព​ណា​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​តម្លៃ​សាំង​ ដែល​ពិភពលោក​កំពុង​ឡើង​ថ្លៃ​នេះ​​អាច​ធ្លាក់​ចុះ​បាន​នោះ​ទេ៖ «​អូ! និយាយ​តែ​ប៉ុណ្ណឹង​ទៅ​ហើយ... មាន​ប្រយោជន៍​អី...»
យ៉ាង​នេះ​ក្តី​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯក​រាជ្យ ទទួល​ស្គាល់​ថា ការ​ធ្វើ​ឲ្យ​តម្លៃ​សាំង​ចុះ​ថោក និង​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ មន្ត្រី​រាជការ​តាមរយៈ​ការ​ដំឡើង​ប្រាក​បៀវត្ស គឺ​ជា​រឿង​ងាយ​ស្រួល​ពុំ​មែន​ជា​ពិការ​នោះ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បញ្ចុះ​ថ្លៃ​សាំង។
លោក​ចាត់​ទុក​ថា អ្វី​ដែល​ជា​ឧបសគ្គ​មិន​អាច​ដំណើរ​ការ​បាន​​ដូច​បច្ចុប្បន្ន​នេះ​ នោះ​ក៏​ព្រោះ​តែ​ការ​គ្របគ្រង​ក្នុង​ការ​ប្រមូល​ពន្ធ​​រដ្ឋ​មិន​បាន​ល្អ និង​អំពើ​ពុករលួយ​​ដែល​បាន​ចាក់​ឫស្សា​យ៉ាង​ជ្រៅ​ជា​ប្រព័ន្ធ៖ «ដូច្នេះ​ គឺ​ថា យើង​អាច​ពិនិត្យ​មើល​ពី​រឿង​ពន្ធដារ ពី​​រឿង​ប្រសិទ្ធភាព​ក្នុង​ការ​ចែកចាយ​ប្រេង​ក្នុង​ស្រុក​បាន។ កត្តា​អស់​ហ្នឹង​ត្រូវ​ពិនិត្យ​មើល ហើយ​ជាពិសេស​បើ​កាល​ណា​​យើង​ចង់​ប្រណាំងប្រជែង​ជាមួយ​គេ​ឲ្យ​ស្មើភាព​នៅ​ ក្នុង​ឆាក​អន្តរជាតិ​យើង​ត្រូវ​ពិនិត្យ​មើល​អា​ហ្នឹង​ដែរ​នោះ»
មន្ត្រី​បក្ស​ប្រឆាំង និង​មជ្ឈដ្ឋាន​នានា រិះគន់​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​មាន​សមត្ថភាព​ក្នុង​ទប់​ស្កាត់​​ការ​ឡើង​ថ្លៃ​ខ្ពស់​នៃ​ប្រេង​សាំង​នោះ​ ទេ។ បញ្ហា​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម​គិត​ថា សាំង​នៅ​តែ​​បន្ត​ឡើង​ថ្លៃ​ខ្ពស់​បែបនេះ​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​ទំនិញ​នៅ​លើ​ ទីផ្សារ និង​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ដែល​មាន​ប្រាក​ចំណូល​ក្រោម ​មធ្យម។ ក៏ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​តែង​អះ​អាង​ថា រដ្ឋ​បាន​ចំណាយ​លុយ​ដើម្បី​ទប់​ស្កាត់​ការ​ហក់​ឡើង​ថ្លៃ​នៃ​ប្រេង​សាំង​នេះ​ ក្នុង​មួយ​ឆ្នាំៗ​រាប់​លាន​ដុល្លារ៕

3 comments:

Anonymous said...

បុគ្គលណាដែលមានជំនាញខាងសេដ្ឋកិច្ច និយាយ
មកគួរស្ដាប់បាន ម៉្យាងដៅយបានគិតគូរមុនទុកជា
ស្រេចស្ដីពីគម្រោងសម្រាប់លើកស្ទួយប្រទេសជាតិ
ឱ្យរីកចម្រើននិងសម្បូរណ៍សប្បាយ។ខ្ញុំបាទសូម
យល់ព្រមនិងគាំទ្រទាំងស្រុង បំបាត់ជាបណ្ដើរៗ
នូវអំពើមហាពុករលួយនៅកម្ពុជាក្រោមរបបផ្ដាច់
ការភ្នំពេញ ដម្លើងប្រាក់បៀវត្តដល់កម្មកររោង
ចក្រ និង គ្រប់ក្រសួងឱ្យបានសមរម្យថ្លៃថ្នូរ
គ្រានោះហើយ ដែលមុខមាត់កម្ពុជាប្រាកដ
ជាផ្លាស់ប្តូរថ្មីស្រឡាង អ្វីកម្ពុជានឹងមានដូច
កាលពីដើម នឹងធ្វើឱ្យប្រទេសជិតខាងខ្លប
ខ្លាចនិងមិនហ៊ានមើលងាយកម្ពុជាដូចគ្រា
បច្ចុប្បន្ន។ ទាំងអស់ហ្នឹង ទើបយើងហៅថាធ្វើ
ស្រែនឹងទឹក ធ្វើសឹកនឹងបាយ​ រួចទឹកត្រជាក់
ទើបត្រីកុម្ព៕

Anonymous said...

You are dreaming again.

Anonymous said...

Do we have the right to dream? Now, even for a dream, Hun Sen and his clan Youn Hanoi we prohibited. What can we do now?


Avons-nous le droit de rêver ? Maintenant, même pour faire un rêve, Hun Sen et son clan Youn Hanoi nous interdit. Que peut-on faire maintenant?