Monday, October 08, 2012

បក្សប្រឆាំង​បង្កើន​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ដើម្បី​កំណែទម្រង់ គ.ជ.ប

លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប (RFA)
ថ្ងៃ អាទិត្យ 07 តុលា 2012
ដោយ ប៉ែន បូណា
Radio Free Asia

ក្រុមយុវជន​គណបក្ស​សម រង្ស៊ី បានប្រកាស​ពី​គម្រោង​ធ្វើបាតុកម្ម​មួយ​នៅក្នុង​ខែតុលា​នេះ​ដើម្បី​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។ ការព្រមាន​ធ្វើ​បាតុកម្ម​របស់​យុវជន​គណបក្ស​សម រង្ស៊ី បាន​ធ្វើឡើង​បន្ទាប់ពី គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បានប្រកាស​ធ្វើពហិការ​មិន​ចូលរួម​ប្រជុំ​សភា​ដើម្បី​អនុម័ត​សមាសភាព គ.ជ.ប នៅ​ថ្ងៃទី១១តុលា​ខាងមុខ​នេះ។ យ៉ាងណាក៏ដោយ សម្ពាធ​របស់​បក្សប្រឆាំង​ហាក់​គ្មាន​ទម្ងន់​ទៅលើ​សេចក្តីសម្រេច​របស់​គណ​បក្ស​កាន់អំណាច​ទេ។

បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បាន​បដិសេធ​មិន​ទទួល​យក​សំណើ​របស់​ខ្លួន​មួយ​លើក ជា​ពីរ​លើក​រួច​មក គណបក្សប្រឆាំង​ទាំង​ពីរ​បាន​បង្កើន​សម្ពាធ​របស់​ខ្លួន​ទៅ​លើ​រដ្ឋាភិបាល​ដើម្បី​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ។ ក្រុម​យុវជន​​គណបក្ស​សម រង្ស៊ី បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ចុង​សប្តាហ៍​នេះ​ថា ពួក​គេ​នឹង​រៀបចំ​ធ្វើ​បាតុកម្ម​មួយ​នៅ​ចុង​ខែ​តុលា​នេះ​ដើម្បី​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ស្ថាប័ន​រៀបចំ​បោះឆ្នោត។ នេះ​ជា​សម្ពាធ​ថ្មី​មួយទៀត​ដែល​បក្សប្រឆាំង​បាន​ព្រមាន​ដាក់​ទៅ​លើ​គណបក្ស​កាន់អំណាច​ឲ្យ​ពិចារណា​សំណើ​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​នេះ​ដែរ គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ​ដោយ​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ចប្រជុំសភា​ដើម្បី​អនុម័ត​សមាសភាព គ.ជ.ប ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១១ តុលា​ខាង​មុខ​ទេ។ នេះ​ជា​ពហិការ​ទី២ បន្ទាប់​ពី​គណបក្ស​ទាំងពីរ​នេះ​បានធ្វើ​ពហិការ​រួច​ទៅ​ហើយ មិន​ចូល​រួម​ក្នុង​ដំណើរការ​សង្កេតការណ៍​ចុះឈ្មោះ និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០១២ ដែល​កំពុង​តែ​ដំណើរការ។


យ៉ាង​ណា​ក៏​ដោយ សម្ពាធ​របស់​បក្សប្រឆាំង​ហាក់​គ្មាន​ទម្ងន់​ទៅ​លើ​សេចក្តីសម្រេច​របស់​​គណបក្ស​កាន់អំណាច​ឡើយ។ រដ្ឋសភាជាតិ​គ្រោង​បើក​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ​នេះ ដើម្បី​ពិភាក្សា និង​អនុម័ត​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត។ សមាសភាព គ.ជ.ប ដែល​រដ្ឋសភា​គ្រោង​អនុម័ត​នោះ​នឹង​គ្មាន​អ្វី​ខុស​ពី​សមាសភាព​បច្ចុប្បន្ន​នេះ​ទេ ពោល​គឺ លោក អ៊ឹម សួស្តី នៅ​តែ​ជា​ប្រធាន និង​លោកស្រី ស៊ិន ជុំបូ ជា​អនុប្រធាន​ដដែល។

គួរ​បញ្ជាក់​ថា គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​បាន​ព្យាយាម​ដាក់​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ​ផង និង​បាន​ជួបពិភាក្សា​ជាមួយ​តំណាង​ក្រសួង​មហាផ្ទៃ​ដោយ​ផ្ទាល់​ផង​ដើម្បី​ជជែក​អំពី​ការ​កែទម្រង់​សមាសភាព គ.ជ.ប ។ ប៉ុន្តែ​រាល់​សំណើ និង​ជំនួប​ពិភាក្សា​ទាំង​នោះ​មិន​បាន​ទទួល​លទ្ធផល​អ្វី​ទេ។ ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​មិន​ទទួល​យក​សំណើ​របស់​បក្សប្រឆាំង​ក្រោម​ហេតុផល​ថា សំណើ​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​ការ​បង្កើត គ.ជ.ប ជាប់គាំង​មិនអាច​ចេញរួច។

យ៉ាង​ណា​ក៏​ដោយ គណបក្សប្រឆាំង​នៅ​តែ​បន្ត​ព្យាយាម​បង្កើន​សម្ពាធ​ទៅ​លើ​បក្ស​កាន់អំណាច​បន្ថែម​ទៀត។ បន្ទាប់​ពី​ពហិការ​មិន​ចូលរួម​សង្កេតការណ៍ និង​មិន​ចូលរួម​ប្រជុំ​សភា ឥឡូវនេះ​ឈានដល់​ការ​ប្រកាស​ធ្វើ​បាតុកម្ម​វិញ​ម្តង៕

3 comments:

Anonymous said...

អស់លោកគណបក្សប្រឆាំងល្មមឈប់យករឿងការបោះឆ្នោតមកឃោសនាបន្លំពលរដ្ឋតទៅទៀត ត្រូវតែឈប់យកឡេះនេះឡេះនោះឬទាញយកមហាអំណាចនេះឬអំណាចនោះមកធ្វើជាខែលតទៅទៀតគ្មានខែ្មរណាគេគាំទ្រនូវគំនិតនេះទេ។ ខ្មែរទូទាំងពិភពលោកបានដឹងថាការបោះឆ្នោតបច្ចុប្បន្នគឺជាការបោះឆ្នោតបង្រ្គប់កិច្ច មិនអាចធ្វើការផ្លាស់ប្តូររបបភ្នំពេញបានទេ។ គឺមានតែពលរដ្ឋទូទាំងប្រទេសងើបឡើងប្រឆាំងនិងដេញពួកវាទម្លាក់ចេញពីអំណាចនិងដាក់ពាក្យបណ្តឹងពីបទឧក្រិដ្ឋកម្មរបស់ពួកវាប្រឆាំងនិងមនុស្សជាតិទៅកាន់តុលាការICCតែប៉ុណ្ណោះ។

Anonymous said...

គួរអស់សំណើច ដែរ ! យុវជនគណបក្សសម រង្សីមានគរោងធ្វើបាតុកម្ម ស្រាប់តែKI-MEDIA បង្ហោះរូបប្រធានយុវជន ដែល
ត្រូវប៉ូលីសវាយក្បាលសន្លប់ទៅវិញ ធ្វើឲកមេងៗរួញខ្លួន ។

Anonymous said...

វារឹងក្បាលណាស់ អាប្រធាន១នេះ។រឿងបោះឆ្នោត
មិនថានៅប្រទេសណាទេ បើគ្មានការពិនិត្យឱ្យបាន
ដឹតដល់ទេ ក្រុមអ្នកមានល្បិច​ នៅតែមានប្រៀប
ជាង អ្វីដែលពិបាកគឺនៅក្នុងរបបផ្ដាច់ការ ហេតុ
អ្វីអង្គការសហប្រជាជាតិបន្តគាំទ្ររបបផ្ដាច់ការភ្នំ
ពេញដែលយួនកន្ឨបនៅពីក្រោយ ឱ្យសម្លាប់
និងជាន់ឈ្លីសិទ្ធិមនុស្សនៅកម្ពុជា?