លោក ម៉ម សូណង់ដូ ខំប្រឹងស្រែក នៅពេលកម្លាំងនគរបាល ចាប់រុញបញ្ចូលទៅក្នុងឡាន ពេលចេញពីតុលាការពីថ្ងៃចន្ទ។ រូបថត ជីវ័ន |
Wednesday, 03 October 2012
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ប្រទេសមហាអំណាចចំនួនពីរ គឺសហរដ្ឋអាមេរិក និងប្រទេសបារាំង រួមទាំងសហគមន៍អឺរ៉ុប បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការដោះលែងលោកម៉ម សូណង់ដូ ជាបន្ទាន់ កាលពីម្សិលមិញ មួយថ្ងៃបន្ទាប់ពីតុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស លោក ម៉ម សូណង់ដូ ឲ្យជាប់ពន្ធនាគារ២០ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល ជាទោសដែលប្រទេសមហាអំណាចទាំងនេះ ចាត់ទុកថា មានចរិតនយោបាយ។
អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិកលោកស្រី Victoria Nuland បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីម្សិលមិញ ដោយសម្ដែងនូវក្តីកង្វល់ ចំពោះការផ្តន្ទាទោសលោក ម៉ម សូណង់ដូ ដែលជាម្ចាស់វិទ្យុឯករាជ្យមួយនៅកម្ពុជា ឲ្យជាប់ទោសយ៉ាងធ្ងន់ធ្ងរ។ សេចក្តីថ្លែងការណ៍របស់លោកស្រីបានបញ្ជាក់ថា៖ «តុលាការក្រុងភ្នំពេញ បានកាត់ទោសលោកម៉ម សូណង់ដូ ឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទបះបោរ។ ការចោទប្រកាន់ប្រឆាំងរូបគាត់មើលទៅមានលក្ខណៈនយោបាយ ដោយផ្អែកលើការរិះគន់ជាញឹកញាប់របស់គាត់ទៅលើរដ្ឋាភិបាល»។ សេចក្ដីថ្លែងការណ៍បន្ថែមថា សហរដ្ឋអាមេរិក គាំទ្រយ៉ាងខ្លាំងក្លា ចំពោះសេរីភាព ក្នុងការបញ្ចេញមតិ រួមទាំងសេរីភាពរបស់អ្នកសារព័ត៌មាន ក្នុងការសម្ដែងទស្សនៈនយោបាយ ដោយគ្មានការភ័យខ្លាច ពីការធ្វើទុក្ខទោស ការសងសឹក ឬការបំភិតបំភ័យ ស្របតាមអនុញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងសេចក្តីប្រកាសជាសាកល ស្តីពីសិទ្ធិមនុស្ស។ សេចក្តីថ្លែងការណ៍បន្តទៀតថា៖ «សហរដ្ឋអាមេរិក សូមអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោកម៉ម សូណង់ដូជាបន្ទាន់ ដើម្បីបញ្ជាក់ឲ្យឃើញថា ប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជា មិនស្ថិតនៅក្រោមឥទ្ធិពលនយោបាយ»។
រីឯអ្នកនាំពាក្យ ក្រសួងការបរទេសបារាំងលោកហ្វីលីព ឡៃលីយោ (Philippe Lalliot ) បានចេញសេចក្តីថ្លែងការណ៍ថា ប្រទេសបារាំង មានការព្រួយបារម្ភ ចំពោះការផ្តន្ទាទោសលោកម៉ម សូណង់ដូ។ ប្រទេសបារាំង មានការសោកស្តាយ ចំពោះការកាត់ទោសនេះ។ ប្រទេសបារាំង អំពាវនាវយ៉ាងទទូច ឲ្យកម្ពុជា គោរពសេរីភាពបញ្ចេញមតិ ស្របតាមកត្តិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែលខ្លួនជាភាគីហត្ថលេខី។ សេចក្តីថ្លែងការណ៍បានបន្តទៀតថា៖ «ប្រទេសបារាំង អំពាវនាវឲ្យអាជ្ញាធរកម្ពុជា ធានាថា នីតិវិធីបណ្តឹងឧទ្ធរណ៍នឹងអនុញ្ញាតឲ្យមានការត្រួតពិនិត្យរឿងក្តី នេះឡើងវិញឆាប់ៗ ប្រកបដោយយុត្តិធម៌ និងសមធម៌»។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរូបនោះ បានឲ្យដឹងទៀតថា លោកម៉ម សូណង់ដូ ដែលមានសញ្ជាតិបារាំង ទទួលបាននូវការការពារផ្នែកកុងស៊ុល ដូចពលរដ្ឋបារាំងដទៃទៀតដែរ។ កុងស៊ុលបារាំងនៅភ្នំពេញ តែងតែទៅសួរសុខទុក្ខលោកម៉ម សូណង់ដូ យ៉ាងទៀងទាត់ បន្ទាប់ពីគាត់ត្រូវបានឃុំខ្លួន ហើយភ្នាក់ងារកុងស៊ុល នឹងទៅជួបគាត់ជាថ្មីទៀតនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ប្រទេសបារាំងនឹងបន្តតាមដានស្ថានការណ៍ដោយយកចិត្តទុកដាក់ បំផុត។
រីឯសេចក្តីថ្លែងការណ៍របស់ប្រធានសហភាពអឺរ៉ុប លោកស្រី Catherine Ashton បានអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិមនុស្ស និងបង្ហាញជំហរថា តុលាការនៅកម្ពុជា មិនស្ថិតនៅក្រោមគំនាបនយោបាយទេ។ សេចក្តីថ្លែងការណ៍នេះ បានកត់សម្គាល់ថា៖«ការកាត់ទោស(ម៉ម សូណង់ដូ) ធ្វើឲ្យមានមន្ទិលសង្ស័យ អំពីភាពមិនឯករាជ្យ របស់តុលាការកម្ពុជា»។
លោក ស្រី ឌិន សុផាណារ៉ា ភិរិយារបស់លោកម៉ម សូណង់ដូ បានថ្លែងថា លោកស្រីកំពុងតែរៀបចំឯកសារ ដើម្បីដាក់ប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីរកយុត្តិធម៌ ដល់ស្វាមីរបស់លោកស្រី។ លោកស្រី បានឲ្យដឹងថា លោកម៉ម សូណង់ដូ បានប្រាប់លោកស្រី នៅពេលដែលលោកស្រី បានចូលសួរសុខទុក្ខ នៅពន្ធនាគារព្រៃស កាលពីល្ងាចម្សិលមិញថា កុំឲ្យតត់ស្លុត ពីព្រោះគាត់មិនបានធ្វើអ្វីខុសឡើយ។ លោកស្រីគូសបញ្ជាក់ថា ៖«ប្តីខ្ញុំមិនមានកំហុសទេ ដូច្នេះខ្ញុំមិនអាចចប់ត្រឹមនេះបានទេ គឺខ្ញុំត្រូវបន្តតាមនីតិវិធីទៀត ហើយពេលនេះ យើងកំពុងរៀបចំឯកសារ សុំមេធាវីជាថ្មី ប្រហែលជាពីរទៅបីថ្ងៃទៀត ទើបអាចដាក់ពាក្យបណ្តឹងទៅសាលាឧទ្ទរណ៍បាន»។
បើទោះបីជាមានការរិះគន់យ៉ាងខ្លាំងទៅលើសាលក្រមរបស់តុលាការក្រុងភ្នំពេញក៏ដោយ លោក កែវ រ៉េមី អនុប្រធានអង្គភាព ព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញប្រតិកម្ម ជុំវិញសំណុំរឿងកាត់ក្តីលោកម៉ម សូណង់ដូ ថា ករណីលោកម៉ម សូណង់ដូ ជាកំហុសបុគុ្គល។ លោកបាននិយាយថា៖ «នេះគឺជាការសម្រេចក្តីដោយតុលាការ ហើយរដ្ឋាភិបាលមិនបានលូកដៃឡើយ»។
កាលពីថ្ងៃចន្ទ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោកម៉មសូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល ពីបទផ្ដើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ផ្តើមធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ ញុះញង់ឲ្យប្រជាពលរដ្ឋ កាន់អាវុធខុសច្បាប់ និងប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមានចែងក្នុងមាត្រា មួយចំនួន នៃក្រមព្រហ្មទណ្ឌ។
លោកម៉ម សូណង់ដូ បានច្រានចោលបទចោទប្រកាន់នេះយ៉ាងដាច់អហង្ការតាំងពីដើមទីមក៕
2 comments:
Mam Sonando is my son and I love my son like you love your son PM. He did not have blood on his hands like some. So, please let him go. Every parent would want their children to be educated, so that they can help to serve the nation. Now, my son is an educated and is serving his nation and only to be locked up by you Mr PM. How would you feel, if I am to do the same to your son, huh? Why isn't the international community do anything about this? where is social right and social just?
His mother
យើងនិយាយពីច្បាប់វិញ កុំនិយាយពីគ្រួសារ។
ខេមរជនជាទីស្រឡាញ់ សូមពិចារណាឱ្យបាន
ដឹតដល់ទៅមើល៍ ជនជាប់ចោទមេខ្មែរក្រហម
ទាំងប៉ុន្មាន ដែលត្រូវបានសាលាក្ដីកាត់ទោស
តើប៉ុន្មានឆ្នាំហើយ ដែលក្រុមពួកអស់លោក
បានអូសបន្លាយ ដើម្បីបំភ័ន្តភ្នែកចុះហេតុអ្វី
ករណីរបស់លោក ម៉មសូណង់ដូ អស់លោក
តុលាការសម្រេចថ្កោលដាក់ទោសលោក
ម៉មសូណង់ដូ មានល្បឿនអស្ចារ្យម៉្លេះ?
ប្រសិនបើ បារាំង អាមេរិក និង សហគមន៍
អឺរុបស្រឡាញ់និងគាំទ្រលទ្ធិប្រជាធិបតេយ្យ
សូមលោក បើកចក្ខុសង្រ្គោះ លោកម៉មសូ
ណង់ដូ ក៏ដូចជាសង្រ្គោះ លទ្ធិប្រជាធិបតេយ្យ
ក្នុងកម្ពុជាឱ្យចាកផុតពីមហាគ្រោះថ្នាក់ ដោយ
ស្នាដៃដ៏សហាវព្រៃផ្សៃ របស់បនហាណូយ
និងបរិវារ៕
Post a Comment