Wednesday, October 03, 2012

​មហា​អំណាច​អំពាវនាវ​​ដោះលែង​​​ម៉ម សូណង់ដូ

លោក ​ម៉ម សូណង់​ដូ ខំប្រឹង​ស្រែក នៅ​ពេល​កម្លាំង​នគរ​បាល ចាប់​រុញ​បញ្ចូល​ទៅ​ក្នុង​ឡាន​ ពេល​ចេញ​ពី​តុលា​ការ​​ពី​ថ្ងៃ​ចន្ទ​។ រូបថត ជី​វ័ន

Wednesday, 03 October 2012
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ប្រទេស​មហា​អំណាច​ចំនួន​ពីរ គឺ​សហ​រដ្ឋ​អាមេរិក និង​ប្រទេស​បារាំង​ រួម​ទាំង​សហគមន៍​អឺរ៉ុប បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​ដោះលែង​លោក​ម៉ម សូណង់ដូ ជា​បន្ទាន់ ​កាល​ពី​ម្សិលមិញ មួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស លោក ម៉ម សូណង់ដូ ឲ្យ​ជាប់​ពន្ធនាគារ​២០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០ លាន​រៀល ជា​ទោស​ដែល​ប្រទេស​មហា​អំណាច​ទាំង​នេះ​ ចាត់​ទុក​ថា មាន​ចរិត​នយោបាយ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ ការ​បរទេស​អាមេរិក​លោក​ស្រី Victoria Nuland បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ កាល​ពី​ម្សិលមិញ​ ដោយ​សម្ដែង​នូវ​ក្តី​កង្វល់​ ចំពោះ​ការ​ផ្តន្ទាទោស​លោក ម៉ម សូណង់ដូ ដែល​ជា​ម្ចាស់​វិទ្យុ​ឯករាជ្យ​មួយ​នៅ​កម្ពុជា ឲ្យ​ជាប់​ទោស​យ៉ាង​ធ្ងន់ធ្ងរ។ សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ស្រី​បាន​បញ្ជាក់​ថា​៖​ «​តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​​លោក​ម៉ម សូណង់ដូ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២០​ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​បះបោរ​។ ការ​ចោទ​ប្រកាន់​ប្រឆាំង​រូប​គាត់​មើល​ទៅ​មាន​លក្ខណៈ​នយោបាយ​ ដោយ​ផ្អែក​លើ​ការ​រិះគន់​ជា​ញឹកញាប់​របស់​គាត់​ទៅ​លើ​រដ្ឋាភិបាល»។​ សេចក្ដី​ថ្លែងការណ៍​បន្ថែម​ថា សហរដ្ឋ​អាមេរិក គាំទ្រ​យ៉ាង​ខ្លាំងក្លា ចំពោះ​សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ ​រួម​ទាំង​សេរីភាព​របស់​អ្នក​សារព័ត៌​មាន ក្នុង​ការ​សម្ដែង​ទស្សនៈ​នយោបាយ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ពី​ការ​ធ្វើ​ទុក្ខ​ទោស ការ​សង​សឹក ឬ​ការ​បំភិត​បំភ័យ​ ស្រប​តាម​អនុញ្ញា​អន្តរជាតិ ស្តី​ពីសិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ និង​សេចក្តី​ប្រកាស​ជា​សាកល​ ស្តី​ពី​សិទ្ធិមនុស្ស​។ ​សេចក្តី​ថ្លែង​ការណ៍​បន្ត​ទៀត​ថា​៖ «​សហរដ្ឋ​អាមេរិក សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​លោក​ម៉ម សូណង់ដូ​ជា​បន្ទាន់ ដើម្បី​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ»


រីឯ​អ្នក​នាំ​ពាក្យ ក្រសួង​ការ​បរទេស​បារាំង​លោក​ហ្វីលីព ឡៃលីយោ​ (Philippe Lalliot )​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ប្រទេស​បារាំង​ មាន​ការ​ព្រួយបារម្ភ​ ចំពោះ​ការ​ផ្តន្ទា​ទោស​លោក​ម៉ម សូណង់ដូ​។ ប្រទេស​បារាំង​ មាន​ការ​សោកស្តាយ ​ចំពោះ​ការ​កាត់​ទោស​នេះ​។ ប្រទេស​បារាំង​ អំពាវ​នាវ​យ៉ាង​ទទូច​ ឲ្យ​កម្ពុជា​ គោរព​សេរីភាព​បញ្ចេញ​មតិ ស្រប​តាម​កត្តិកា​សញ្ញា​​អន្តរ​ជាតិ​ ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​ និង​នយោបាយ​ ដែល​ខ្លួន​ជា​ភាគី​ហត្ថលេខី។​ សេចក្តី​ថ្លែង​ការណ៍​​បាន​បន្ត​ទៀត​ថា​៖​ «ប្រទេស​បារាំង​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ធានា​ថា​ នីតិវិធី​បណ្តឹង​ឧទ្ធរណ៍​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​រឿង​ក្តី​ នេះ​ឡើង​វិញ​ឆាប់ៗ​ ប្រកប​ដោយ​យុត្តិធម៌ ​និង​សមធម៌​»។​

សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​រូប​នោះ បាន​ឲ្យដឹង​ទៀត​ថា​ លោក​ម៉ម សូណង់ដូ ដែល​មាន​សញ្ជាតិ​បារាំង​ ទទួល​បាន​នូវ​ការ​ការពារ​ផ្នែក​កុង​ស៊ុល​ ដូច​ពលរដ្ឋ​បារាំង​ដទៃ​ទៀត​ដែរ។ កុងស៊ុល​បារាំង​នៅ​ភ្នំពេញ ​តែង​តែ​ទៅ​សួរ​សុខ​ទុក្ខ​លោក​ម៉ម សូណង់ដូ យ៉ាង​ទៀង​ទាត់​ បន្ទាប់​ពី​គាត់​ត្រូវ​បាន​ឃុំ​ខ្លួន​ ហើយ​ភ្នាក់ងារ​កុងស៊ុល នឹង​ទៅ​ជួប​គាត់​ជា​ថ្មី​ទៀត​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ ប្រទេស​បារាំង​នឹង​បន្ត​តាម​ដាន​ស្ថានការណ៍​ដោយ​យក​ចិត្ត​ទុក​ដាក់ បំផុត។

រីឯ​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​សហភាព​អឺរ៉ុប លោក​ស្រី Catherine Ashton បាន​អំពាវនាវ ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​មនុស្ស និង​បង្ហាញ​ជំហរ​ថា តុលាការ​នៅ​កម្ពុជា មិន​ស្ថិត​នៅ​ក្រោម​គំនាប​នយោបាយ​ទេ​។ ​សេចក្តី​ថ្លែងការណ៍​នេះ បាន​កត់​សម្គាល់​ថា៖«ការ​កាត់​ទោស(ម៉ម សូណង់ដូ) ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ អំពី​ភាព​មិន​ឯករាជ្យ របស់​តុលាការ​កម្ពុជា»។

លោក ស្រី ឌិន សុផាណារ៉ា ភិរិយា​របស់​លោក​ម៉ម សូណង់ដូ បាន​ថ្លែង​ថា​ លោក​ស្រី​កំពុង​តែ​រៀបចំ​ឯកសារ​ ដើម្បី​ដាក់​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ ដើម្បី​រក​យុត្តិធម៌ ដល់​ស្វាមី​របស់​លោក​ស្រី​។ លោក​ស្រី​ បាន​ឲ្យ​ដឹង​ថា លោក​ម៉ម សូណង់ដូ បាន​ប្រាប់​លោក​ស្រី ​នៅ​ពេល​ដែល​លោក​ស្រី បាន​ចូល​សួរ​សុខទុក្ខ​ នៅ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ល្ងាច​ម្សិលមិញ​ថា កុំ​ឲ្យ​តត់​ស្លុត ពី​ព្រោះ​គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ។ លោក​ស្រី​គូស​បញ្ជាក់​ថា​ ៖​«​ប្តី​ខ្ញុំ​មិន​មាន​កំហុស​ទេ​ ដូច្នេះ​ខ្ញុំ​មិន​អាច​ចប់​ត្រឹម​នេះ​បាន​ទេ​ គឺ​ខ្ញុំ​ត្រូវ​បន្ត​តាម​នីតិវិធី​ទៀត​ ហើយ​ពេល​នេះ​ យើង​កំពុង​រៀបចំ​ឯកសារ​ សុំ​មេធាវី​ជា​ថ្មី​ ប្រហែល​ជា​ពីរ​ទៅ​បី​ថ្ងៃ​ទៀត​ ទើប​អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាឧទ្ទរណ៍​បាន​»។​

បើ​ទោះ​បី​ជា​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​សាល​ក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ក៏​ដោយ ​លោក កែវ រ៉េមី អនុប្រធាន​អង្គភាព ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី បាន​បញ្ចេញ​ប្រតិកម្ម ជុំវិញ​សំណុំ​រឿង​កាត់​ក្តី​លោក​ម៉ម សូណង់ដូ ថា​ ករណី​លោក​ម៉ម សូណង់ដូ ជា​កំហុស​បុគុ្គល​។ លោក​បាន​និយាយ​ថា​៖​ «នេះ​គឺជា​ការ​សម្រេច​ក្តី​ដោយ​តុលាការ ហើយ​រដ្ឋាភិបាល​មិន​បាន​លូក​ដៃ​ឡើយ»។

កាល​ពី​ថ្ងៃ​ចន្ទ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក​ម៉ម​សូណង់ដូ ដាក់​ពន្ធនាគារ ២០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ១០ លាន​រៀល ពី​បទ​ផ្ដើម​គំនិត​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ផ្តើម​ធ្វើ​កុបកម្ម​ជ្រៀត​ជ្រែក​ខុស​ច្បាប់ នៅ​ក្នុង​ការ​បំពេញ​មុខ​ងារ​​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ កាន់​អាវុធ​ខុស​ច្បាប់ និង​ប្រឆាំង​នឹង​អាជ្ញាធរ​ស្រប​ច្បាប់ ដែល​មាន​ចែង​ក្នុង​មាត្រា មួយ​ចំនួន​ នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក​ម៉ម សូណង់ដូ បាន​ច្រាន​ចោល​បទ​ចោទ​ប្រកាន់​នេះ​យ៉ាង​ដាច់​អហង្ការ​តាំង​ពី​ដើម​ទី​មក៕

2 comments:

Anonymous said...

Mam Sonando is my son and I love my son like you love your son PM. He did not have blood on his hands like some. So, please let him go. Every parent would want their children to be educated, so that they can help to serve the nation. Now, my son is an educated and is serving his nation and only to be locked up by you Mr PM. How would you feel, if I am to do the same to your son, huh? Why isn't the international community do anything about this? where is social right and social just?

His mother

Anonymous said...

យើងនិយាយពីច្បាប់វិញ កុំនិយាយពីគ្រួសារ។
ខេមរជនជាទីស្រឡាញ់ សូមពិចារណាឱ្យបាន
ដឹតដល់ទៅមើល៍ ជនជាប់ចោទមេខ្មែរក្រហម
ទាំងប៉ុន្មាន ដែលត្រូវបានសាលាក្ដីកាត់ទោស
តើប៉ុន្មានឆ្នាំហើយ ដែលក្រុមពួកអស់លោក
បានអូសបន្លាយ ដើម្បីបំភ័ន្តភ្នែកចុះហេតុអ្វី
ករណីរបស់លោក ម៉មសូណង់ដូ អស់លោក
តុលាការសម្រេចថ្កោលដាក់ទោសលោក
ម៉មសូណង់ដូ មានល្បឿនអស្ចារ្យម៉្លេះ?
ប្រសិនបើ បារាំង អាមេរិក និង សហគមន៍
អឺរុបស្រឡាញ់និងគាំទ្រលទ្ធិប្រជាធិបតេយ្យ
សូមលោក បើកចក្ខុសង្រ្គោះ លោកម៉មសូ
ណង់ដូ ក៏ដូចជាសង្រ្គោះ លទ្ធិប្រជាធិបតេយ្យ
ក្នុងកម្ពុជាឱ្យចាកផុតពីមហាគ្រោះថ្នាក់ ដោយ
ស្នាដៃដ៏សហាវព្រៃផ្សៃ របស់បនហាណូយ
និងបរិវារ៕