Thursday, October 04, 2012

ព្រះសង្ឃ​ប្រើ​ហ្វេស​ប៊ុក មិន​ខុស​វិន័យ​ទេ


Thursday, 04 October 2012
សឿង វុទ្ធី
The Phnom Penh Post
ព្រះ​ពុទ្ធ​សម្ដែង​ថា​ អ្នក​ធ្វើ​អាក្រក់​ មិន​មែន​អាក្រក់​ដោយ​ធម្មជាតិ​ឡើយ គឺ​គេ​ធ្វើ​អាក្រក់​ដោយ​សារ​អវិជ្ជា។
ទាក់​ទង​នឹង​សំណួរ​ថា តើ​ព្រះ​សង្ឃ​ដែលប្រើ​ហ្វេស​ប៊ុក​ ខុស​នឹង​វិន័យ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ដែរ​ឬ​ទេ? ដែល​អាត្មា បាន​ឃើញ​សារ​ព័ត៌​មាន​ភ្នំពេញ​ ប៉ុស្តិ៍ បាន​បង្ហោះ​តាម​អ៊ីន​ធឺណិត កាល​ពី​ថ្ងៃទី ២ ខែ​តុលា ២០១២។​ អាត្មា​ភាព​សូម​ឆ្លើយ​តប​វិញ​ថា​ ព្រះ​សង្ឃ​ដែល​ចេះប្រើ​ហ្វេស​ប៊ុក​ មិន​ខុស​វិន័យ​ទេ ព្រោះ​គ្មាន​ពុទ្ធ​បញ្ញត្តិ​ហាម​ ​ហើយ​ក៏​គ្មាន​ពុទ្ធា​នុញ្ញាត​ ​ដែរ។

ដូច្នេះ​ព្រះ​សង្ឃ​ អាច​ប្រើ​ហ្វេស​ប៊ុក​ ឬ​អ៊ីន​ធឺ​ណិត​បាន​ តែ​គប្បី​ប្រើ​ក្នុង​គោល​បំណង​ល្អ​ ដើម្បី​ផល​ប្រយោជន៍​ ក្នុង​ការ​ទំនាក់​ទំនង​ឬ​ផ្សព្វ​ផ្សាយ​ធម៌​វិន័យ ​របស់​ព្រះ​សម្ពុទ្ធ ទូទាំង​សកល​លោក​ ស្រប​តាម​សម័យ​ទំនើប​បច្ចុប្បន្ន។ ផ្ទុយ​ទៅ​វិញ​ បើ​លោក​ប្រើ​ផ្តេស​ផ្តាស់​ វា​ជា​រឿង​មួយ​ខុស​នឹង​ក្រម​សីល​ធម៌​ប៉ុណ្ណោះ។ សង្គម​គប្បី​មើល​ឃើញ​ព្រះ​សង្ឃ​ តាម​ផ្លូវ​វិជ្ជ​មាន​ផង។

ព្រះ​សង្ឃ បាន​ធ្វើ​ឲ្យ​មាន​ប្រយោជន៍​ជា​ច្រើន ដល់​សង្គម​ដូច​ជា​ការ​ជួយ​និស្សិត​ក្រីក្រ ឬ​និស្សិត​ដែល​នៅ​ឆ្ងាយៗ ឲ្យ​មក​ស្នាក់​នៅ​វត្ត ដើម្បី​បន្ត​ការ​សិក្សា​រៀន​សូត្រ​នៅ​តាម​ខេត្ត ឬ​ភ្នំពេញ​ជា​ដើម។​ រឿង​ដែល​ព្រះ​សង្ឃ​ធ្វើ​ជា​គ្រូ​ស្រោច​ទឹកឬ​គ្រូមន្ត អាគម....ថ្វី​ដ្បិត​តែ​ជួយ​បញ្ហា​របស់​សង្គម​មនុស្ស​ខ្លះ​ក៏​ពិត​មែន តែ​វាជា​រឿង​ខុស​នឹង​វិន័យ​របស់​ព្រះ​សម្ពុទ្ធ ត្រង់​អនេសនៈ​២១ ដោយ​ពិត ប៉ុន្តែ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​យើង​មួយ​ចំនួន​ធំ ដែល​ជា​អ្នក​មិន​ចេះ​វិន័យ​របស់​ពុទ្ធ​សាសនា​ច្បាស់​លាស់ យល់​ថា វាជា​រឿង​ត្រឹម​ត្រូវ ដែល​ព្រះ​សង្ឃ គួរ​ធ្វើ​ទៅ​វិញ។ ចំពោះ​ព្រះ​សង្ឃ ជា​អ្នក​ស្រោច​ទឹក ឬ​គ្រូ​មន្ត​អាគម​វិញ អង្គ​ខ្លះ លោក​ពិត​ជា​ដឹង​ថា​ ធ្វើ​អញ្ចឹង​ខុស ​នឹង​ធម៌​វិន័យ​ដែរ​ ប៉ុន្តែ​ដោយ​បាន​លាភ​សក្ការ....​លោក​ក៏​ចេះ​តែ​ធ្វើ​ទៅ​។ រីឯ​ព្រះ​សង្ឃ​សម័យ​មុន​ ជាក់​ស្តែង​ស​ម័យ​សម្តេច​ព្រះ​សង្ឃ​រាជ​ជួន​ណាត​លោក​ភាគ​ច្រើន​ ខំ​រៀន​សូត្រ​និង​ប្រតិ​បត្តិ​តាម​ធម៌​វិន័យ​ ហើយ​ថែម​ទាំង​បង្កើត​ក្បួន​ខ្នាត​ជា​ច្រើន សម្រាប់​អ្នក​ជំនាន់​ក្រោយ។


ព្រះសង្ឃ​សម័យ​ឥឡូវ ថ្វី​ដ្បិត​តែ​ព្រះ​សង្ឃ​ខ្លះ ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​ក៏​ពិត​មែន តែ​ក៏​មាន​ព្រះ​សង្ឃ​ជា​ច្រើន លោក​បាន​ខិត​ខំ​រៀន​សូត្រ​ចេះ​ទាំង​ពុទ្ធ​សាសនា​និង​វិទ្យា​សាស្រ្ត ដូច​ជា​ចេះ​ប្រើ​កុំព្យូទ័រ ចេះ​ប្រើ​អ៊ីន​ធឺ​ណិត​ជាដើម​....​រហូត​ដល់​ចេះប​ង្កើត​ក្បួន​ដីកា​ជា អក្សរ​កុំព្យូទ័រ វាយ​បាន​យ៉ាង​ឆាប់​រហ័ស​ទៀត​ផង។ ប៉ុន្តែ​ព្រះ​សង្ឃ​ប្រភេទ​នេះ បែរ​ជា​មា​ន​អ្នក​ខ្លះ​រិះ​គន់​លោក​ទៅ​វិញ​ថា លោក​រៀន​វិជ្ជា​សាស្រ្ត​...​ប្រើ​កុំព្យូ​ទ័រ...ប្រើ​ទូស័ព្ទ​ទំនើបៗ​។ល។

នេះជា​ការ​ច្រណែន របស់​អ្នក​ខ្លះ​មិន​ដឹង ឬក៏​គេ​មិន​ចង់​ឲ្យ​លោក​សង្ឃ​ចេះ​ដូច​ខ្លួន? ឬ​ចង់ទុក​ឲ្យ​លោក​សង្ឃ នៅ​ល្ងង់​ខ្លៅ​នៅ​ក្នុង​សង្គម​ខ្មែរ ហើយ​មិន​អាច​ធ្វើ​អ្វី​កើត​?

តាមពិត​ទៅ​សាសនា​ មិន​អាច​ខ្វះ​វិទ្យា​សាស្រ្ត​បាន​ទេ។​ ដូច​លោក អល​ប៊ឺត​អាញ​ស្តាញ​ថា៖ វិទ្យា​សាស្រ្ត​ គ្មាន​សាសនា​ គឺ​ខ្វាក់​សាសនា​ខ្វះ​វិទ្យា​សាស្រ្ត​គឺ​ពិការ។​ដូច្នេះ​សម្រាប់​ព្រះ​សង្ឃ ​សម័យ​ទំនើប សីល​ធម៌​គប្បី​ខ្ពស់​ឬ​ខ្លាំង​ឯ​វិន័យ ក៏​គប្បី​ឲ្យ​តឹងរ៉ឹង បើ​ពុំ​នោះ​ទេ​ ពុទ្ធ​សាសនា​ មិន​អាច​តាំង​នៅ​បាន​យូរ​អង្វែង​ឡើយ ព្រោះ​គ្មាន​អ្នក​ចង់​បួស​ទៀត។

យើង ​កុំ​ឃើញ​ភិក្ខុ​អង្គ​ណាមួ​យ​ធ្វើខុ​ស ហើយ​ដាក់​កំហុស​ទៅ​លើ​ពុទ្ធ​សាស​នា។ ត្រូវ​ចេះ​បែង​ចែក​រឿង​បុគ្គល​ឬ​រឿង​សាធារ​ណៈ​ផង។ ពេល​ដើម​ឈើ​ផ្ដល់​ម្លប់​តូច​យើង​មិន​គប្បី​ស្តី​បន្ទោស​ដើម​ឈើ​នោះ ឬ​កាត់​មែក​វា​ចោល ថែ​ម​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ​យើង​គប្បី​ថែ​ទាំវា ដាក់​ជី ស្រោច​ទឹក​ ទើប​វា​លូត​លាស់​បាន​ខ្ពស់ ហើយ​ផ្តល់​ម្លប់​បាន​ធំ អាច​ឲ្យ​យើង​ជ្រក​ពី​ក្រៅ​បាន​ត្រជាក់​ត្រជុំ។

ក្នុង​ន័យ​នេះ​ បាន​សេចក្តី​ថា បើ​យើង​ឃើញ​ភិក្ខុ​អង្គ​ណា​មួយ ធ្វើ​ខុស យើង​ជា​ពុទ្ធ​បរិស័ទ​ដូច​គ្នា​ ត្រូវ​ចេះ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ចៀស​វាង​ការ​ភាន់ច្រ​ឡំ ឬ​ការ​ខុស​ឆ្គង​ទាំង​សង​ខាង។

ព្រះ​ពុទ្ធ​សម្ដែង​ថា​ អ្នក​ធ្វើ​អាក្រក់​ មិន​មែន​អាក្រក់​ដោយ​ធម្មជាតិ​ឡើយ គឺ​គេ​ធ្វើ​អាក្រក់​ដោយ​សារ​អវិជ្ជា។ ដូច្នេះ​គេ​ត្រូវ​ការ​អប់រំ​ឬ​ណែនាំ។ ទាក់​ទង​រឿង​ព្រះ​សង្ឃ​សម័យ​ឥឡូវ​នេះ ​ក៏​មិន​ខុស​រឿង​ក្នុង​សម័យ​ពុទ្ធ​កាល​ដែរ។ សម័យ​ពុទ្ធ​កាល មាន​ព្រាហ្មណ៍​ជា​គហបតី​ម្នាក់​ មក​ពិត​ទូល​ព្រះ​ពុទ្ធ​ថា​ព្រះ​អង្គ​បង្កើត​សាសនា​ព្រះ​អង្គ​ឡើង​ធ្វើ​អ្វី ព្រោះ​បើ​បង្កើត​ឡើង​ច្បាស់​ជា​មាន​ពួក​ភិក្ខុ​អ្នក​ទ្រុស្ត​សីល ធ្វើ​ឲ្យ​ខូច​ដល់​សាសនា​របស់​ព្រះ​អង្គ។​ គ្រា​នោះ​ព្រះ​ពុទ្ធ​ត្រាស់​សួរ​ព្រាហ្មណ៍​នោះ​ថា​ នៅ​ពេល​អ្នក​ធ្វើ​ស្រែ​ អ្នក​ដឹ​ង​ថា​ នឹង​មាន​ស្មៅ​ចង្រៃ​ដុះ​ឡើង​ក្នុង​សំណាប​ឬ​សន្ទូង​នោះ។ បើដឹង​ដូចនេះ​តើ​អ្នក​មិន​បាច់​ធ្វើ​ស្រែ​ឬ?

ព្រាហ្មណ៍​នោះ​ឆ្លើយ​ថា​ ត្រូវ​តែ​ធ្វើ​បើ​មិ​ន​ធ្វើ ​ច្បាស់​ជា​គ្មាន​អ្វីហូប​ទេ។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​កំហុស​ឆ្គង​និង​បញ្ហា ក្នុង​សង្គម​សង្ឃ​ខ្មែរ យើង​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​លោក​សង្ឃ​ខិត​ខំ​រៀន​សូត្រ​ និង​ឧប​ត្ថម្ភ​អ្នក​រៀន៕

ពី​អាត្មា​ភាព សឿង វុទ្ធី
សាស្រ្តា​ចារ្យ ពុទ្ធិ​កសា​កល​វិទ្យា​ល័យ​ព្រះ​សីហ​នុ​រាជ

10 comments:

Anonymous said...

ព្រះភិក្ខុ ចូលហ្វេសប៊ុក អាចខុសវិន័យផង មិនខុស
ផង ព្រោះសេចក្តីល្អនិងអាក្រក់ស្ថិតនៅក្នុងចិត្ត មិន
អាចមើលឃើញដឹងឮបានទេ ។ អ្វីទាំងឡាយវាស្ថិត
នៅលើចិត្តរបស់បុគ្គលទាំងស្រុង៕

Anonymous said...

What about Youtube...LOL?

Anonymous said...

បើលោកសង្ឃឱបស្រីហើយក្តមិនខឹង ឱបតាមចិត្ត    បើមើលហ្វេសបុ៊កកុំហួសជុលទៅមើលរឿងអាសអាភាស មើលតាមចិត្ត ។
តើនរណាជាអ្នកឃាត់ចិត្ត ?

Anonymous said...

ជន ៩.០០ ភីអឹម និយាយខឹតលើពេកហើយ
កុំយក ពាក្យ បើ និង ឧបមា មកបណ្ដាលឱ្យ
កើតហេតុនោះ។ យើងអាចនិយាយបានថា
បើ ឬ ឧបមា លោកឯងត្រូវគេបាញ់សម្លាប់..!!

Anonymous said...

ស្តាប់សំដីកូនចៅព្រះ អ្នកលេង ព្រៃផ្សៃ ? ខ្មែរក្រហម & ខ្មែហាណូយកើតចេញពីលោកសង្ឃច្រើនជាងគេ
សម្លាប់មិនប៉ប្រិចភ្នែក ឧ.មាន អាចារ្យមាន(សឺង ង៉ុកមិញ) & តាម៉ុកជាដើម ។ លោកឯងច្រឡំមើលរឿងឃាតកម្ម
ឃោឃៅច្រើនពេក តាមហ្វេសបុ៊ក ..  

Anonymous said...

ក្នុងនាមខ្ញុំជាអ្នកកាន់ព្រះពុទ្ធសាសនា តពីដូនតាមក ខ្ញុំមានមតិមួយប្លែកពីព្រះតេជគុណសាស្ត្រាចារ្យ :
ព្រះសង្ឃដែលចូលខ្លួនទៅរំងាប់ចិត្ត តាមគន្លងព្រះពុទ្ធ ក៏ចេញពីបថុច្ចជនដែរហើយក៏ពុំបានក្រៀវដូចអាមាត្យដែរ ហេតុនេះទើបមាន
ធម្មវិន័យសំរាប់ព្រះសង្ឃរំងាប់ចិត្ត ក្នុងតណ្ហា (ចំណង់)  ។  9 pmក៏មានយោបល់ត្រូវម្យាងដែរតាមអត្តន័យ គ្រាន់តែគាត់និយាយ
ត្រង់ៗពេក មិនចេះរៀបពាក្យ ។
   ព្រោះតែយល់ថាកាមតណ្ហាមានឥទ្ធិពលខ្លាំងណាស់ទើបមានសង្ឃវិន័យ មិនឲប៉ះពាល់រាងកាយភេទផ្សេង ទោះបីចាស់ឬក្មេង ខ្ាច
ក្រែងទប់ចិត្តមិនជាប់ នាំរាងកាយឲប្រព្រឹត្តផ្តេសផ្តាស ។ ឯរឿងហ្វេសប៊ុកវិញ គឺជាផ្នែកមួយក្នុងការទំនាក់ទំនងសង្គម ដែលកំពុងពេញ
និយមក្នុងចំណោមក្មេងៗពេញវ័យ ដែលគេនិយមយកមកផ្សព្វផ្សាយរឿងអាស្រូវច្រើនដូចជាឃាតកម្ម ប្លន់ បាញ់សម្លាប់ឃោឃៅ
ជាពសេសរឿងអាស្រូវផ្លូវភេទ ដែលមានក្មេងស្ទាវខ្លះនាំគ្នាថតតាមផ្ទះសំណាក់យកមកបង្ហោះជាសាធារណ: ។  នៅស្រុកជឿនលឿន
គេចាត់ទុកអិនធើណិត ជាគ្រឿងញៀន នឹងអាចឲមនុស្សភ្លេចស្មារតី មានអ្នកខ្លះចំណាយលុយបន្ថែមលើប្រាក់បង់ប្រចាំខែ ក៏ព្រោះ
តែទប់ចិត្តមិនបានចង់ឃើញអ្វីដែលគេហាម ឬ សង្គមយល់ថាមិនល្អ ។ 
នៅក្នុងន័យនេះ ព្រះសង្ឃគួរតែមានការត្រួតពិនត្យក្នុងទីអារាម ។ ព្រះសង្ឃគួរមើលតែវុឹបសាយ សំរាប់ការសឹក្សាជ្រាវក្នុងផ្លូវសាសនា
ក្នុុងបណ្ណាល័យសាធារណ:របស់វត្ត ។ ប៉ុន្តែខ្ញុំយល់ថា ព្រះសង្ឃដែលមានទូរស័ព្វ ឬ ឧបករណ៍ទំនើប ច្បាស់ជានៅសឹងក្នុងមុង មើល
អិនធើណិតផ្ទាល់អាត្មា មិនទៅបណ្ណាល័យទេ ហើយវិន័យសង្ឃនឹងកាន់តែធូររលុង  យូរៗទៅក៏មានអ្នកយល់ថា បើលោកសង្ឃមើល
ហ្វេសបុ៊កបាន លោកសង្ឃក៏អាចយកប្រពន្ធបានដែរ .. 

Anonymous said...

ការពិតដូចព្រះតេជគុណសឿង វុទ្ធីមានសង្ឃដីការ​នោះត្រឹមត្រូវ​ហើយ ពីព្រោះមិនមានបញ្ញតិពីព្រះពុទ្ធ ។ ប៉ុន្តែពាក្យនេះគឺគ្រាន់តែជាលេសសំរាប់លុបលាង ចំពោះអំពើដែលព្រះសង្ឃខ្លះបានធ្វើ ទាំងមិនមាន​ទំនុកចិត្តខ្លួនឯងថាត្រូវនោះផង ។ តេជគុណ​សាស្រ្តាចារ្យភ្លេចគិតថា នៅក្នុងសម័យ​ពុទ្ធកាល មិនមានកុំព្យូទ័រ ទូរសព្ទ ឬអ៊ិនធឹណិតទេ ប៉ុន្តែបើមានវិញប្រហែលជាព្រះពុទ្ធអង្គមិនអនុញ្ញាត ឲ្យព្រះសង្ឃខ្លះប្រព្រឹត្តិបែបនេះដែរ ប្រហែលតេជគុណសាស្រ្តាចារ្យភ្លេចគិតពីរឿងសំពត់សាដក និងចូលវស្សាហើយមើលទៅ ។ ប៉ុន្តែព្រះពុទ្ធទ្រង់បានបញ្ញតិថា ព្រះសង្ឃមិនគួរទៅកន្លែងដែលមិនគួរទៅ ដូចជាកន្លែងសាធារណខ្លះៗជាដើម ។​ តាមខ្ញុំបានឃើញ មានព្រះសង្ឃខ្លះទៅប្រើ Facebook នៅក្នុងហាងការហ្វេ ហើយគង់គង​កន្ទាក់ខ្លាឆាន់គោជល់ធ្វើព្រងើយ ។ Facebook ជាកន្លែងដែលមានសព្វយ៉ាង ស្រីស្អាត ស្រីស្រាត ។ល។ និង​ ។ល។ តើនេះជាកន្លែងព្រះសង្ឃ ដែលជាស្រែបុណ្យ ទៅឬទេ ។ ព្រះសង្ឃជាភេទមួយដែលខ្ពង់ខ្ពស់ ពីគ្រហស្ថ ត្រូវធ្វើខ្លួនឲ្យសមរម្យ បើមិនដូច្នោះទេ កឺគ្រាន់តែជាមនុស្សម្នាក់ដែលកោរសក់ លាក់ខ្លួននៅពីក្រោយសំពត់ពណ៌លឿងតែប៉ុណ្ណោះ ហើយតម្លៃពុទ្ធសាសនាក៏ចុះអន់ថយដែរ ដោយសារតែការ "មិនមាននៅក្នុងព្រះពុទ្ធបញ្ញតិ" ។

Anonymous said...

ត្រង់ហ្នឹងហើយដែលខ្ញុំបាទបានលើកឡើងពីខាងដើម
ថា មិនខុសវិន៍យ ហើយក៏ខុសវិន័យផងដែរ។
ព្រះភិក្ខុ​អង្គណាដែលខំព្យាយាមដោយសេចក្តីពិត
ដើម្បីស្វែងរកសច្ចៈធម៌ នោះពិតជាមិខុសវិន័យ
ទេ ផ្ទុយទៅវិញ បើស្វែងរកតែផ្លូវអាក្រក់ដែល
កំពុងសម្បូរណ៍ក្នុងប្រព័ន្ធទាំងឡាយនោះវាពិត
ជាខុសវិន័យដោយជាក់។វាគ្រាន់តែប៉ុណ្ណឹងតើ!
មានអ្វីទាក់ទងទៅនឹងសាសនា គឺជារឿងបុគ្គល
ជាអ្នកប្រព្រឹត្តិ។បើនិយាយថាបុគ្គលនោះមិន
ចេះរៀបពាក្យ ក៏ពុំត្រឹមត្រូវដែរ អ្នក៏យល់
ដឹងដែរពាក្យ ឱបថើប ក្តខឹងឬមិនខឹង មិនគួរ
ត្រូវបានយកលាតត្រដាងក្នុទីនេះឡើយ ពិតជា
អសីលធម៌មែន!!!គួរឱ្យសោកស្ដាយជាពន់ពេក។
ទទួលយល់ព្រមថា តណ្ហា រាគៈ ពិតជាកិលេស
ពិបាកសម្រាប់បុថុជ្ជន ចៀសវាង តែគួរធ្វយ៉ាង
ណាដើម្បីរក្សាភាពសមរម្យនិងថ្លៃថ្នូរសម្រាប់
ពូជសាសន៍ខ្មែរ៕

Anonymous said...

Oh For Pete's Sake.

Today is 2012 AD. But 500 BC, during prince Gautama later Buddha's time, India-Nepal were poor backward countries.

What I am trying to say is today 2012 AD, people are living in a modern technology, and so what is wrong if monks use Facebook to communicate with their community?

It is up to the persons either they are monks or laymen, if they are wicked people, they will be tempted by evils, with or without Facebook.

If prince Gotama then Buddha is here today Buddha would use Facebook to communicate with people the same. Buddha was a married man, who had sex and had many women before, but just that Buddha did not commit such evil acts when he became Buddha, which means Buddha broke no rules. Monks can do the same even if they use Facebook.

We use electronic such as phone, e-mail view computer or talking to each others face to face via satellite everyday, I see nothing wrong.

Sadly that Buddhist monks this day are 99% evils. Today becoming monks in Cambodia is to find way to survive.

There are too many temples and too many monks, they are populated in a small poor nation while the majority of the people are too poor and they cannot even feed themselves and their families.

They did not become monks because their hearts but because their stomachs need food to eat and shelters to stay.

Anonymous said...

អ្នកមានការយល់ដឹងតិច រមែងមានការប្រកាន់ច្រើន,ខ្វះមេត្តា និងការអធ្យាស្រ័យ។