Wednesday, October 10, 2012

ជោរ សែន សារភាពមិនហ៊ានបង្ក្រាបអ្នក​ពុករលួយ

ហ៊ុន សែន នៅ​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​ពង្រីក​កំណាត់​ផ្លូវ​ជាតិ​លេខ៥ កាល​ពី​ម្សិលមិញ​​​។ រូបថត ផា លីណា

នាយក​រដ្ឋ​មន្ត្រី​ចំអក​ការ​សន្យា​ដំឡើង​ប្រាក់​ខែ​របស់​បក្ស​ប្រឆាំង

Wednesday, 10 October 2012
មាស សុខ​ជា​
The Phnom Penh Post

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ចំអក​ទៅ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ដែល​បាន​ប្រកាស​ពី​វិធានការ​ដំឡើង​ប្រាក់​ខែ​មន្រ្តី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ ប្រសិន​បើ​ខ្លួន​ឈ្នះ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ ដោយ​ហៅ​ផែនការ​នេះ​ថា​ «រដូវ​នៃ​ការ​សន្យា​» របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដើម្បី​ស្វែងរក​សំឡេង​ឆ្នោត។

នៅ ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាងសង់​កំណាត់​ផ្លូវ​ជាតិ​លេខ ៥ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ​កាល​ពី​ម្សិលមិញ លោក​នាយក​រដ្ឋ​មន្រ្តី មាន​ប្រសាសន៍​ថា លោក​មិន​អាច​ខ្ចី​ប្រាក់​ពី​បរទេស​ដើម្បី​ដំឡើង​ប្រាក់​ខែ​ឲ្យ​មន្រ្តី​រាជ ការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​នោះ​ទេ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា លោក​យល់​ស្រប ចំពោះ​ការ​ខ្ចី​ប្រាក់​បរទេស​ដើម្បី​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ អគ្គិសនី ឬ​សម្រាប់​ការ​ពង្រីក​កំណើន​សេដ្ឋកិច្ច​។ លោក​នាយក​រដ្ឋ​មន្រ្តី ថ្លែងថា​៖ «ប្រសិន​បើ​[យើង​]​ខ្ចី​ប្រាក់​គេ មក​សាង​សង់​ផ្លូវ ប្រព័ន្ធ​ទឹក អគ្គិសនី និង​ដើម្បី​កសាង​អ្វី​ដែល​ជា​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​[យើង​]​អាច​មាន​លទ្ធភាព​ខ្ចី ប៉ុន្តែ​ប្រសិន​បើ​ខ្ចី​យក​មក​ដំឡើង​ប្រាក់​ខែ​ វា​គ្មាន​ផ្លូវ​ទេ​។ គ្មាន​នរណា​ម្នាក់​ឲ្យ​យើង​ខ្ចី​ប្រាក់​មក​ធ្វើ​ក្នុង​រឿង​នេះ​ទេ»។


លោក បន្ត​ថា​៖ «ឥឡូវ​នេះ​ រដូវ​សន្យា​ដំឡើង​ប្រាក់​ខែ បាន​មក​ដល់​ម្តង​ទៀត​ហើយ ហើយ​វា​គ្មាន​អ្វី​ថ្មី​ទេ​»។ លោក​បន្ថែម​ថា អ្វី​ដែល​អ្នក​នយោបាយ​ទាំង​នោះ​សន្យា វា​បាន​កើត​មាន​តាំង​ពី​ការ​ឃោសនា​ឆ្នាំ​១៩៩៣ ហើយ​រហូត​មក​ដល់​ពេល​នេះ មេដឹកនាំ​គណបក្ស​នយោបាយ បាន​ប្រើ​យុទ្ធសាស្រ្ត​នេះ ជាមួយ​មន្រ្តី​រាជ​ការ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​គ្រូ​បង្រៀន​។

លោក ហ៊ុន សែន បាន​ប្រាប់​អ្នក​ចូល​រួម​ទាំង​អស់​ថា ​វា​មាន​ការ​លំបាក ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ សម្រាប់​គ្រូ​បង្រៀន​ មន្រ្តី​រាជ​ការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ នៅ​ពេល​ប្រជាជន​ចំនួន​ ១៤​ លាន​នាក់ កំពុង​ត្រូវ​ការ​ផ្លូវ​ថ្នល់ ស្ពាន ​ប្រឡាយ ​ដោយ​លោក​អះអាង​ថា ប្រសិន​បើ​លោក​ដំឡើង​ប្រាក់​ខែ​សម្រាប់​អ្នក​ទាំង​នោះ ហើយ​បោះ​បង់​ប្រជាជន​ចំនួន​ ១៤​លាន​នាក់ ​តើ​ឲ្យ​លោក​ដោះស្រាយ​យ៉ាង​ម៉េច​?

ប៉ុន្តែ​យ៉ាង​ណា​ក្តី លោក ហ៊ុន សែន បាន​ចង្អុល​បង្ហាញ​ថា ​ដើម្បី​មាន​ប្រាក់​ដំឡើង​ប្រាក់​ខែ​ដល់​គ្រូ​បង្រៀន មន្រ្តី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ រដ្ឋាភិបាល​ប្រហែល​ជា​មិន​អាច​ចៀស​ពី​ការ​យកពន្ធ​ពី​ដី​ស្រែ​ចម្ការ របស់​កសិករ​នោះ​ទេ​។ លោក​បាន​បន្ថែម​ថា ប្រសិន​បើ​រដ្ឋាភិបាល មិន​យក​ពន្ធ តើ​រដ្ឋាភិបាល មាន​ប្រាក់​ពី​ណា​មក សម្រាប់​ការ​ដំឡើង​ប្រាក់​ខែ​។ លោក​ក៏​លើក​ឡើង​ផង​ដែរ​ថា វា​មិន​ងាយ​ស្រួល​ទេ ដើម្បី​កម្ចាត់​អំពើ​ពុករលួយ និង​ការ​យក​ប្រាក់​ពី​ការ​ពុករលួយ ដើម្បី​បង្កើន​ប្រាក់​ខែ សម្រាប់​មន្រ្តី​រាជ​ការ ពីព្រោះ​អ្នក​ពុករលួយ ​មិន​ដែល​ប្រាប់យើង​ថា ពួក​គេ​ពុករលួយ​ទេ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី​ លោក​យឹម សុវណ្ណបាន​អះអាង​ថា លោក សម រង្ស៊ី និង​លោក កឹម សុខា ជា​ប្រធាន និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ពិត​ជា​អាច​ធ្វើ​បាន​តាម​ការ​សន្យា​ ដោយ​គ្រាន់​តែ​យក​លុយ​រាប់​លាន​ដុល្លារ ដែល​បាន​បាត់​បង់​ដោយ​សារ​អំពើ​ពុករលួយ ដូច​ជា​ប្រាក់​ចំណូល ដែល​បាន​បាត់​បង់​យ៉ាង​ច្រើន ពី​តំបន់​ទេសចរណ៍​អង្គរវត្ត ​និង​ផ្នែក​ផ្សេងៗ​ជាច្រើន​ទៀត។ លោក​សុវណ្ណ ថ្លែង​បន្ត​ថា​៖«បច្ចុប្បន្ន​នេះ​ចំណូល​ដែល​ប្រមូល​ចូល​ថវិកា​ជាតិ គឺ​មាន​ប្រហែល​តែ ១១‑១២​ ភាគរយ នៃ​ផលិតកម្ម​ក្នុង​ស្រុក ​ដូច្នេះ​​មាន​ន័យ​ថា យើង​នឹង​បង្កើន​ប្រសិទ្ធភាព ក្នុង​ការ​ប្រមូល​ប្រាក់​ចំណូល​ឲ្យ​បាន​ពី​១៦‑២០ ភាគ​រយ​ ហើយ​នៅ​ពេល​នោះ យើង​គ្រាន់​តែ​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើ​ពុករលួយ យើង​អាច​ធ្វើ​វា​បាន»។

លោក​បាន​បន្ត​ទៀត​ថា​៖ «ពិត​ណាស់ យើង​មិន​យក​ពន្ធ​ពី​ប្រជាជន ​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច​ ដែល​យក​ពន្ធ​ពី​ប្រជាជន​។ ​សូម​ប្រជាជន​ទាំង​អស់ ព្យាយាម​ស្វែង​យល់​ឲ្យ​បាន​ច្រើន​ពី​រឿង​នេះ ប្រសិន​បើ​យើង​មិន​អាច​ធ្វើ​បាន​តាម​ការ​សន្យា ទេ នៅ​អាណត្តិ​បន្ទាប់ កុំ​បោះឆ្នោត​ឲ្យ​[គណបក្ស​ប្រឆាំង​]ទៀត​»។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​តែង​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដំឡើង​ប្រាក់​ខែ​ឲ្យ​គ្រូ​បង្រៀន​នោះ​ បាន​ថ្លែង​ថា លោក ហ៊ុន សែន បាន​ឆ្លើយ​តប​ដូច​នេះ​ មាន​ន័យ​ថា គាត់​មិន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​គ្រូ មន្រ្តី​រាជការ​ទេ ហើយ​លោក​ថា​ ប្រសិន​បើ​លោក​នាយក​រដ្ឋ​មន្ត្រី មិន​អាច​ដំឡើង​ប្រាក់​ខែ​សម្រាប់​គ្រូ និង​មន្រ្តី​រាជ​ការ​បាន គាត់​គួរ​តែ​ចុះ​ចេញ​ពី​តំណែង ដោយ​ទុក​ឲ្យ​អ្នក​ដទៃ​ ដែល​គេ​អាច​ធ្វើ​បាន​។ លោក​ រ៉ុង ឈុន ​បន្ត​ថា​៖«ប្រសិន​បើ​យើង​បូក​សរុប​លុយ​របស់​យើង​ទាំង​អស់ គឺ​ច្រើន​ណាស់ ប៉ុន្តែ​គ្រាន់​តែ​ពួក​គេ​ មិន​អនុវត្ត ពួក​គេ​ទុក​លុយ​នេះ ចូល​ក្នុង​ហោ​ប៉ៅ​បក្ខ​ពួក​ខ្លួន ហើយ​ទម្លាក់​លុយ​នោះ​ មក​សាងសង់​សាលា​មួយ​ ឬ​ពីរ ដើម្បី​បិទ​បាំង​»។ លោក​បន្ថែម​ថា មាន​លុយ​ច្រើន​ណាស់​ ដែល​ទទួល​បាន​ពី​ការ​កាប់​ឈើ ការ​រុក​រករ៉ែ ចំណូល​ពី​ទេសចរ​ចូល​ទស្សនា​អង្គរវត្ត ប៉ុន្តែ​ភាគ​ច្រើន​បំផុត​នៃ​លុយ​ទាំង​នោះ ធ្លាក់​ចូល​ហោ​ប៉ៅ​របស់​មន្រ្តី​ជាន់​ខ្ពស់។

នៅ​ក្នុង​កិច្ច​ប្រជុំ ជាមួយ​ក្រុម​អ្នក​គាំទ្រ កាលពី​សប្តាហ៍​មុន តាម​វីដេអូ​ខន់ ហ្វឺរិន ពី​ទីក្រុង​បារីស នៅ​ទីស្នាក់​ការ​គណបក្ស​សិទ្ធិ​មនុស្ស លោក សម រង្ស៊ី និង លោក កឹម សុខា បាន​សន្យា​ថា ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ រដ្ឋាភិបាល​របស់​ពួក​លោក នឹង​ដំឡើង​ប្រាក់​ខែ​សម្រាប់​កម្មករ​ និយោជិត​គ្រប់​ផ្នែក​ទាំង​អស់ យ៉ាង​ហោចណាស់​ ១៥០ ដុល្លារ សម្រាប់​ម្នាក់ៗ និង​សម្រាប់​មន្រ្តី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ចំនួន​យ៉ាង​ហោច​ណាស់ ២៥០ ដុល្លារ។

លោក សម រង្ស៊ី បាន​ថ្លែង​ថា គណបក្ស​ប្រឆាំង បាន​រៀបចំ​បង្កើត​ច្បាប់​ សម្រាប់​ដំឡើង​ប្រាក់​ខែ មន្រ្តី​រាជ​ការ​រួច​ហើយ ហើយ​លោក កឹម សុខា បាន​សន្យា​ថា ​លោក​នឹង​ធ្វើ​វា​រហូត​ដល់​ជោគជ័យ ដូច​ការ​សន្យា​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ដែល​លោក​នឹង​ផ្តល់​រថយន្ត​សម្រាប់​សេវា​សុខភាព​ប្រជាជន និង​សម្ភារ​ផ្សេងៗ សម្រាប់​ធ្វើ​ការងារ នៅ​គ្រប់​កន្លែង​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​ឈ្នះ​ឆ្នោត៕

3 comments:

Anonymous said...

រដូវសន្យានេះ គឺវាមានប្រភពចេញពីហ៊ុនសែន
តែម្ដងទើបរាលដល់គណបក្សប្រឆាំង ព្រោះអ្វី
ព្រោះ មុនបោះឆ្នោត ហ៊ុនសែន សន្យាថា
ឈប់ប្រគល់ដីសម្បទាសម្រាប់ការអភិវឌ្ឈន៍
តែក្រោយមក​កាន់តែខ្លាំងលើសមុន៕

Anonymous said...

Hun Xen can never reduce his men from corruption, because he is the leader of the corruption.

Anonymous said...

I remember, rainsy said years ago that he would raise salary by
curbing corruption not by loaning as sen said.