![]() |
ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានពង្រីកកំណាត់ផ្លូវជាតិលេខ៥ កាលពីម្សិលមិញ។ រូបថត ផា លីណា |
នាយករដ្ឋមន្ត្រីចំអកការសន្យាដំឡើងប្រាក់ខែរបស់បក្សប្រឆាំង
Wednesday, 10 October 2012
មាស សុខជា
The Phnom Penh Post
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចំអកទៅមេដឹកនាំគណបក្សប្រឆាំង ដែលបានប្រកាសពីវិធានការដំឡើងប្រាក់ខែមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតនាពេលខាងមុខ ដោយហៅផែនការនេះថា «រដូវនៃការសន្យា» របស់មេដឹកនាំគណបក្សប្រឆាំងដើម្បីស្វែងរកសំឡេងឆ្នោត។
នៅ ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ ៥ នៅក្នុងខណ្ឌឫស្សីកែវកាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា លោកមិនអាចខ្ចីប្រាក់ពីបរទេសដើម្បីដំឡើងប្រាក់ខែឲ្យមន្រ្តីរាជ ការ និងកងកម្លាំងប្រដាប់អាវុធបាននោះទេ ប៉ុន្តែលោកបានទទួលស្គាល់ថា លោកយល់ស្រប ចំពោះការខ្ចីប្រាក់បរទេសដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ឬសម្រាប់ការពង្រីកកំណើនសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្រ្តី ថ្លែងថា៖ «ប្រសិនបើ[យើង]ខ្ចីប្រាក់គេ មកសាងសង់ផ្លូវ ប្រព័ន្ធទឹក អគ្គិសនី និងដើម្បីកសាងអ្វីដែលជាការជំរុញកំណើនសេដ្ឋកិច្ច[យើង]អាចមានលទ្ធភាពខ្ចី ប៉ុន្តែប្រសិនបើខ្ចីយកមកដំឡើងប្រាក់ខែ វាគ្មានផ្លូវទេ។ គ្មាននរណាម្នាក់ឲ្យយើងខ្ចីប្រាក់មកធ្វើក្នុងរឿងនេះទេ»។
លោក បន្តថា៖ «ឥឡូវនេះ រដូវសន្យាដំឡើងប្រាក់ខែ បានមកដល់ម្តងទៀតហើយ ហើយវាគ្មានអ្វីថ្មីទេ»។ លោកបន្ថែមថា អ្វីដែលអ្នកនយោបាយទាំងនោះសន្យា វាបានកើតមានតាំងពីការឃោសនាឆ្នាំ១៩៩៣ ហើយរហូតមកដល់ពេលនេះ មេដឹកនាំគណបក្សនយោបាយ បានប្រើយុទ្ធសាស្រ្តនេះ ជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងគ្រូបង្រៀន។
លោក ហ៊ុន សែន បានប្រាប់អ្នកចូលរួមទាំងអស់ថា វាមានការលំបាក ចំពោះការដំឡើងប្រាក់ខែ សម្រាប់គ្រូបង្រៀន មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅពេលប្រជាជនចំនួន ១៤ លាននាក់ កំពុងត្រូវការផ្លូវថ្នល់ ស្ពាន ប្រឡាយ ដោយលោកអះអាងថា ប្រសិនបើលោកដំឡើងប្រាក់ខែសម្រាប់អ្នកទាំងនោះ ហើយបោះបង់ប្រជាជនចំនួន ១៤លាននាក់ តើឲ្យលោកដោះស្រាយយ៉ាងម៉េច?
ប៉ុន្តែយ៉ាងណាក្តី លោក ហ៊ុន សែន បានចង្អុលបង្ហាញថា ដើម្បីមានប្រាក់ដំឡើងប្រាក់ខែដល់គ្រូបង្រៀន មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ រដ្ឋាភិបាលប្រហែលជាមិនអាចចៀសពីការយកពន្ធពីដីស្រែចម្ការ របស់កសិករនោះទេ។ លោកបានបន្ថែមថា ប្រសិនបើរដ្ឋាភិបាល មិនយកពន្ធ តើរដ្ឋាភិបាល មានប្រាក់ពីណាមក សម្រាប់ការដំឡើងប្រាក់ខែ។ លោកក៏លើកឡើងផងដែរថា វាមិនងាយស្រួលទេ ដើម្បីកម្ចាត់អំពើពុករលួយ និងការយកប្រាក់ពីការពុករលួយ ដើម្បីបង្កើនប្រាក់ខែ សម្រាប់មន្រ្តីរាជការ ពីព្រោះអ្នកពុករលួយ មិនដែលប្រាប់យើងថា ពួកគេពុករលួយទេ។
ប៉ុន្តែអ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោកយឹម សុវណ្ណបានអះអាងថា លោក សម រង្ស៊ី និងលោក កឹម សុខា ជាប្រធាន និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ពិតជាអាចធ្វើបានតាមការសន្យា ដោយគ្រាន់តែយកលុយរាប់លានដុល្លារ ដែលបានបាត់បង់ដោយសារអំពើពុករលួយ ដូចជាប្រាក់ចំណូល ដែលបានបាត់បង់យ៉ាងច្រើន ពីតំបន់ទេសចរណ៍អង្គរវត្ត និងផ្នែកផ្សេងៗជាច្រើនទៀត។ លោកសុវណ្ណ ថ្លែងបន្តថា៖«បច្ចុប្បន្ននេះចំណូលដែលប្រមូលចូលថវិកាជាតិ គឺមានប្រហែលតែ ១១‑១២ ភាគរយ នៃផលិតកម្មក្នុងស្រុក ដូច្នេះមានន័យថា យើងនឹងបង្កើនប្រសិទ្ធភាព ក្នុងការប្រមូលប្រាក់ចំណូលឲ្យបានពី១៦‑២០ ភាគរយ ហើយនៅពេលនោះ យើងគ្រាន់តែទប់ស្កាត់កុំឲ្យមានអំពើពុករលួយ យើងអាចធ្វើវាបាន»។
លោកបានបន្តទៀតថា៖ «ពិតណាស់ យើងមិនយកពន្ធពីប្រជាជន ផ្ទុយពីគណបក្សកាន់អំណាច ដែលយកពន្ធពីប្រជាជន។ សូមប្រជាជនទាំងអស់ ព្យាយាមស្វែងយល់ឲ្យបានច្រើនពីរឿងនេះ ប្រសិនបើយើងមិនអាចធ្វើបានតាមការសន្យា ទេ នៅអាណត្តិបន្ទាប់ កុំបោះឆ្នោតឲ្យ[គណបក្សប្រឆាំង]ទៀត»។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលតែងតែទាមទារឲ្យរដ្ឋាភិបាល ដំឡើងប្រាក់ខែឲ្យគ្រូបង្រៀននោះ បានថ្លែងថា លោក ហ៊ុន សែន បានឆ្លើយតបដូចនេះ មានន័យថា គាត់មិនយកចិត្តទុកដាក់ ចំពោះគ្រូ មន្រ្តីរាជការទេ ហើយលោកថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី មិនអាចដំឡើងប្រាក់ខែសម្រាប់គ្រូ និងមន្រ្តីរាជការបាន គាត់គួរតែចុះចេញពីតំណែង ដោយទុកឲ្យអ្នកដទៃ ដែលគេអាចធ្វើបាន។ លោក រ៉ុង ឈុន បន្តថា៖«ប្រសិនបើយើងបូកសរុបលុយរបស់យើងទាំងអស់ គឺច្រើនណាស់ ប៉ុន្តែគ្រាន់តែពួកគេ មិនអនុវត្ត ពួកគេទុកលុយនេះ ចូលក្នុងហោប៉ៅបក្ខពួកខ្លួន ហើយទម្លាក់លុយនោះ មកសាងសង់សាលាមួយ ឬពីរ ដើម្បីបិទបាំង»។ លោកបន្ថែមថា មានលុយច្រើនណាស់ ដែលទទួលបានពីការកាប់ឈើ ការរុករករ៉ែ ចំណូលពីទេសចរចូលទស្សនាអង្គរវត្ត ប៉ុន្តែភាគច្រើនបំផុតនៃលុយទាំងនោះ ធ្លាក់ចូលហោប៉ៅរបស់មន្រ្តីជាន់ខ្ពស់។
នៅក្នុងកិច្ចប្រជុំ ជាមួយក្រុមអ្នកគាំទ្រ កាលពីសប្តាហ៍មុន តាមវីដេអូខន់ ហ្វឺរិន ពីទីក្រុងបារីស នៅទីស្នាក់ការគណបក្សសិទ្ធិមនុស្ស លោក សម រង្ស៊ី និង លោក កឹម សុខា បានសន្យាថា ប្រសិនបើគណបក្សប្រឆាំងឈ្នះការបោះឆ្នោតឆ្នាំ ២០១៣ រដ្ឋាភិបាលរបស់ពួកលោក នឹងដំឡើងប្រាក់ខែសម្រាប់កម្មករ និយោជិតគ្រប់ផ្នែកទាំងអស់ យ៉ាងហោចណាស់ ១៥០ ដុល្លារ សម្រាប់ម្នាក់ៗ និងសម្រាប់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំនួនយ៉ាងហោចណាស់ ២៥០ ដុល្លារ។
លោក សម រង្ស៊ី បានថ្លែងថា គណបក្សប្រឆាំង បានរៀបចំបង្កើតច្បាប់ សម្រាប់ដំឡើងប្រាក់ខែ មន្រ្តីរាជការរួចហើយ ហើយលោក កឹម សុខា បានសន្យាថា លោកនឹងធ្វើវារហូតដល់ជោគជ័យ ដូចការសន្យានៅក្នុងការបោះឆ្នោតឃុំសង្កាត់ ដែលលោកនឹងផ្តល់រថយន្តសម្រាប់សេវាសុខភាពប្រជាជន និងសម្ភារផ្សេងៗ សម្រាប់ធ្វើការងារ នៅគ្រប់កន្លែងដែលគណបក្សសិទ្ធិមនុស្សឈ្នះឆ្នោត៕
3 comments:
រដូវសន្យានេះ គឺវាមានប្រភពចេញពីហ៊ុនសែន
តែម្ដងទើបរាលដល់គណបក្សប្រឆាំង ព្រោះអ្វី
ព្រោះ មុនបោះឆ្នោត ហ៊ុនសែន សន្យាថា
ឈប់ប្រគល់ដីសម្បទាសម្រាប់ការអភិវឌ្ឈន៍
តែក្រោយមកកាន់តែខ្លាំងលើសមុន៕
Hun Xen can never reduce his men from corruption, because he is the leader of the corruption.
I remember, rainsy said years ago that he would raise salary by
curbing corruption not by loaning as sen said.
Post a Comment