Monday, November 26, 2012

ម៉ាឡេស៊ី​មិន​ពេញ​ចិត្ត​ខមួយ​ក្នុង​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស

លោក​ស្រី Najid Tun Razad ភរិយា​នាយក​រដ្ឋ​មន្ត្រី​ម៉ា​ឡេ​ស៊ី លោក Najib Razak​​។ រូបថត Reuters 

Monday, 26 November 2012 Claire Knox
www.postkhmer.com

ភ្នំពេញៈ បន្ទាប់​ពី​បាន​​អនុម័ត​ដ៏​ចម្រូង​ចម្រាស​លើ​សេចក្តី​ប្រកាស​ស្តីពី​សិទិ្ធ មនុស្ស​អាស៊ាន ភរិយា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ម៉ាឡេស៊ី Najid Tun Razak កាល​ពី​ចុង​សប្តាហ៍​មុន បាន​ចេញ​មុខ​ការពារ ការ​ទទូច​របស់​ម៉ាឡេស៊ី លើ​ការ​សិក្សា​ប្រការ «សីលធម៌​សាធារណៈ» ក្នុង​សេចក្តី​ប្រកាស ដែល​ក្រុម​អង្គការ​សិទិ្ធ​មនុស្ស បាន​ចាត់​ទុក​ថា ជា​ប្រការ​រើស​អើង​ប្រឆាំង​នឹង​ស្រ្តី និង​ក្រុម​ភេទ​ភាគ​តិច។

ក្នុងបទ ​សម្ភាស​ផ្តាច់​មុខ​ជាមួយ​នឹង ភ្នំពេញ ប៉ុស្តិ៍ លោក​ស្រី Datin Seri Paduka Rosmah Mansor បាន​ថ្លែង​ថា ប្រកាស​នេះ ជា​អ្វី​ដែល​ម៉ាឡេស៊ី «មិន ឬ​មិន​គួរ​សម្រុះ​សម្រួល ... លើ​បញ្ហា​សីលធម៌​សាធារណៈ​ឡើយ»។
លោកស្រី បាន​បន្ថែម​ថា៖ «ចំពោះ​ខ្ញុំ តើ​អ្វី​ជា​សិទិ្ធ​មនុស្ស? [សិទិ្ធ​មនុស្ស​]ជា​សិទិ្ធ​របស់​បុគ្គល ផ្អែក​លើ​អ្វីដែល​អ្នក​ជឿ​ជាក់​លើ ផ្អែកលើ​វប្បធម៌ ​និង​សាសនា​របស់​អ្នក។ អ្នក​ចង់​ទទួល​ស្គាល់ [សិទិ្ធ​មនុស្ស​ភេទ​ទី ៣] អ្នក​គិត​ថា នោះ​គឺ​ត្រឹម​ត្រូវ អ្នក​មិន​ចង់​គោរព​តាម​គម្ពីរ​សាសនា​គ្រិស្ត ខ្ញុំ​មិន​មែន​ថ្កោល​ទោស​នោះ​ទេ ខ្ញុំ​ក៏​មិន​វិនិច្ឆ័យ​អ្វី​ដែរ។ ប៉ុន្តែ នេះ​ជា​របៀប​ដែល​យើង​ចង់​គ្រប់​គ្រង​ប្រទេស។ ផ្អែក​លើ ... សីល​ធម៌​ខ្ពស់»។ លោក​ស្រី បន្ត​ថា៖ «អ្នក​ដឹង​ទេ​ថា តើ​ហេតុ​អ្វី កើត​មាន​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍។ ឥឡូវ​នេះ ចំនួន​ប្រជាជន​ឈឺ​ចាប់​ដោយ​សារ​មេរោគ​អេដស៍ មាន​ចំនួន​ច្រើន​គួរ​ឲ្យ​ភ័យ​ខ្លាច។ តើ​នេះ​ជា​អ្វី​ដែល​អ្នក​ចង់​បាន​ឬ? ​តើ​អ្នក​ចង់​អនុវត្ត​ករណី​នេះ ... ​ឬ​អ្នក​ចង់​ទប់​ស្កាត់​វា​ គឺ​នេះ​ជា​របៀប​ដែល​យើង​ទាំង​អស់​គ្នា គួរ​រស់​នៅ»។
កាលពីខែ​កញ្ញា កាសែត Sin Chew Daily និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស​ដទៃ​ទៀត ដូច​ជា Huffington Post បាន​រាយ​ការណ៍​ថា ក្រសួង​អប់​រំ​ម៉ាឡេស៊ី បាន​គាំទ្រ គោល​ការណ៍​ណែនាំ សម្រាប់​ឪពុក​ម្តាយ កំណត់​រក​កូន​ភេទ​ទី ៣ គឺជា​ការ​អះអាង​ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ច្រាន​ចោល​យ៉ាង​ខ្លាំង។ ប៉ុន្តែ លោក​ស្រី Rosmah អះអាង​ថា៖ «​អ្នក​ត្រូវ​ក្តិច​ត្រួយ [នៃ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា]»។ «ប្រសិន​បើ​អ្នក​មិន​ធ្វើ​វា​ទេ នៅ​ពេល​ដល់​ពេល​ធ្វើ ​ហើយ​អ្នក​ត្រូវ​បញ្ឈប់ [ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​] អ្នក​នឹង​ដឹង​ថា វា​ហួស​ពេល​ហើយ»។ ការ​លើក​ឡើង​របស់​លោក​ស្រី​ បាន​ធ្វើ​ឲ្យ​អង្គការ​សិទិ្ធ​មនុស្ស​នៅ​អាស៊ី​អាគ្នេយ៍​ខឹង​សម្បា​យ៉ាង​ ខ្លាំង។
សេចក្តីប្រកាស ឬ AHRD ត្រូវបាន​ចុះ​ហត្ថលេខា កាល​ពី​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា នៅ​ថ្ងៃ​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ២១ ប៉ុន្តែ ឯកសារ​នេះ មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ភ្លាមៗ ដល់​សាធារណ​ជន ឬ​អង្គការ​សិទិ្ធ​មនុស្ស​ទេ។
លោកបណ្ឌិត Yuval Ginbar ទីប្រឹក្សា​ច្បាប់ និង​អ្នក​ជំនាញ​អាស៊ាន នៅ​អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា គោល​ការណ៍​ទូទៅ​បី ក្នុង​សេចក្តី​ប្រកាស ក្នុង​នោះ​គឺ​ប្រការ «សីលធម៌​សាធារណៈ» ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​កា​រការ​ពារ​សិទិ្ធ​មនុស្ស។
អង្គការ Southeast Asia Women's Caucus on ASEAN បាន​ប្រកាស​កាល​ពី​ខែ​កញ្ញា​ថា សីលធម៌​សាធារណៈ​មិន​ត្រូវ​បាន​កំណត់​និយម​ន័យ ក្នុង​បទ​ដ្ឋាន​សិទិ្ធ​មនុស្ស​អន្តរជាតិ​ទេ ហើយ​ការ​បក​ស្រាយ​ប្រការ​នេះ ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ​អាច​ផ្អែក​លើ​របប​សាសនា វប្បធម៌ និង​នយោបាយ។
លោកស្រី Ivy Josiah នាយក​ប្រតិបតិ្ត នៃ​អង្គការ Women's Aid Organisation នៃ​ប្រទេស​ម៉ាឡេស៊ី ​បាន​ថ្លែង​ថា វា​ជា​«ការ​ខក​ចិត្ត​ ដែល​ឮ​ថា គ្រូបង្រៀន​ ត្រូវ​បាន​លើក​ទឹក​ចិត្ត ឲ្យ​ស្វែង​រក​សញ្ញា​ថា តើ​អ្នក​ណា ជា​មនុស្ស​ភេទ​ទី ៣ នេះ​គឺជា​ការ​គាំទ្រ​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម»។
ទន្ទឹម​នឹង​នេះ លោក អ៊ូ វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា បាន​ចាត់​ទុក​ការ​អត្ថា​ធិប្បាយ ​របស់​លោក​ស្រី ​Rosmah ថា «អាក្រក់»។ លោក​បន្ត​ថា​៖ «​វាជា​ឆ្នាំ ២០១២ ហើយ។ ទាំង​នេះ​ ជាការ​អះអាង​មិន​ពិត និង​រើស​អើង ប្រឆាំង​នឹង​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ​ដែល​ថា មេរោគ​អេដស៍ កើត​ឡើង​ដោយ​សារ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា។ ពិភព​លោក​ដឹង​ថា នេះ​មិន​ពិត​ទេ»។ លោក​អ៊ូ វីរៈ និយាយ​ថា៖​«ការ​ដែល​ស្រ្តី​ទី ១ នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿន​លឿន អះអាង​បែប​នេះគឺ​ជា​...រឿង​សោក​ស្តាយ។ នេះ​បញ្ជាក់​ច្បាស់ អំពី​ការ​ភ័យ​ខ្លាច​របស់​យើង អំពី​សេចក្តី​ប្រកាស គឺ​ប្រការ​ទាំង​នេះ ត្រូវ​បាន​ដាក់​បញ្ចូល ដើម្បី​ផ្តល់​លេស ដល់​រដ្ឋាភិបាល ​កុំ​ឲ្យ​គោរព​តាម​គោល​ការណ៍​សិទិ្ធ​មនុស្ស​ជា​សកល»។
លោក Ginbar បាន​ថ្លែង​ថា ស្រ្តី និ​ងក្រុម​ភេទទី ៣ ភាគ​តិច នឹង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ ទទួល​រង​ការ​រើស​អើង ហើយ​អាកប្ប​កិរិយា​របស់​ពួកគេ ត្រូវ​ចាត់​ទុក​ជា​បទ​ល្មើស។ «​ទោះ​ជា​យ៉ាង​ណា AHRD គ្រាន់​តែ​ជាសេចក្តី​ប្រកាស​នយោបាយ ហើយ​ខ្លឹម​សារ​របស់​វា ធ្វើ​ឲ្យ​វា​ពុំ​សូវ​មាន​សារៈ​សំខាន់​ខ្លាំង​នោះ​ទេ»។ លោក​បាន​បន្ថែម​ថា៖​«សញ្ញា​បត្រ​បណ្ឌិត​របស់​ខ្ញុំ គឺ​លើ​មុខ​វិជ្ជា​ច្បាប់​ ដូច្នេះ ខ្ញុំ​មិន​មែន​ជា​គ្រូ​ពេទ្យ​ទេ។ ប៉ុន្តែ មេរោគ​អេដស៍/​ជំងឺ​អេដស៍​ចម្លង​ដោយ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ផង និង​ដោយ​ការ​ស្រឡាញ់​ភេទ​ផ្ទុយ​គ្នា​ផង​ដែរ។ ការ​បន្ទោស​បុរស​ភេទ​ទី ៣ ឆ្លុះ​បញ្ជាំង​ភាព​ល្ងង់​ខ្លៅ»។
លោកស្រី Thilaga Sulathireh មក​ពី​អង្គការ ASEAN LGBT Caucus បាន​ថ្លែង​ថា ទស្សនៈ​របស់​ម៉ាឡេស៊ី​លើ​សីលធម៌​សាធារណៈ និង​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា គឺជា​ទស្សនៈ​ចាស់​គំរឹល ហើយ​បណ្តាល​មក​ពី កត្តា​នយោបាយ​និង​សេដ្ឋកិច្ច។ លោក​ស្រី​បន្ថែម​ថា៖ ​«សមាជិក​ភាព​ក្នុង​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​របស់​ម៉ាឡេស៊ី​គួរ លុប​ចោល ដោយ​សារ​ម៉ាឡេស៊ី ជំរុញ​ឲ្យ​គេ​ស្អប់​សហគមន៍​ភេទ​ទី ៣ ជា​ក្រុម​ដែល​បាត់​បង់​អំណាច​ដោយ​សារ​ការ​រើស​អើង​ជា​លក្ខណៈ​ប្រព័ន្ធ គាំទ្រ​ដោយ​រដ្ឋាភិបាល»។
ស្ថានទូតម៉ាឡេស៊ី មិន​បាន​ឆ្លើយតប​នឹង​សំណើ​​សុំ​ការ​អត្ថាធិប្បាយ​ភ្លាមៗឡើយ៕ TK


1 comment:

Anonymous said...

Madame Najid cannot smile much because her many times of facelift does not allow her to.