Monday, November 26, 2012

អាមេរិក​បារម្ភ​ពី​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន

ភ្នំពេញៈ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ កាល​ពីម្សិលមិញ ដោយ​លើក​ឡើង​ថា ខណៈ​ដែល​ខ្លួន «គាំទ្រ​ជា​គោលការណ៍​»​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន ក្នុង​ការ​ធ្វើ​ការ​រៀប​ចំ​ជា​ច្បាប់​សិទិ្ធ​មនុស្ស សេចក្តី​ប្រកាស​សិទិ្ធ​មនុស្ស ដែល​បាន​ចុះ​ហត្ថលេខា កាល​ពី​សប្តាហ៍​មុន អាច​នឹង​ប៉ះពាល់​ដល់​គោលការណ៍​សិទិ្ធ​មនុស្ស​ដែល​មាន​ចែង​ក្នុង​សេចក្តី​ ប្រកាស​ជា​សកល។

លោក  Victoria Nuland អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា៖ «​ខណៈ​ដែល​ផ្នែក​នៃ​សេចក្តី​ប្រកាស​សិទិ្ធ​មនុស្ស​អាស៊ាន ដែល​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា អនុលោម​តាម [សេចក្តី​ប្រកាស​ជា​សកល​ ស្តីពី​សិទិ្ធ​មនុស្ស​] យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ដែល​មាត្រា និង​គោលការណ៍​ជាច្រើន​ក្នុង​សេចក្តី​ប្រកាស​សិទិ្ធ​មនុស្ស​អាស៊ាន អាច​បន្សោយ និង​ប៉ះពាល់​លើ​សិទិ្ធ​មនុស្ស​ជា​សកល និង​សេរីភាព​ជា​មូលដ្ឋាន ដែល​ចែង​ក្នុង​សេចក្តី​ប្រកាស​ជា​សកល ស្តី​ពី​សិទិ្ធ​មនុស្ស»។
លោក Nuland បាន​បន្ត​លើក​ឡើង អំពី​ក្តី​បារម្ភ​មួយ​ចំនួន ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថ្នាក់​តំបន់​ បាន​រិះគន់ ក្នុង​នោះ​ មាន «គោល​គំនិត​នៃ​វប្បធម៌​» ក្នុង​ការ​កំណត់​ការ​អនុវត្ត​សិទិ្ធ «កម្រិត​ថ្មី​នៃ​សិទិ្ធ​មនុស្ស» ​និង​ភាសា ដែល​ថា «​សិទិ្ធ​បុគ្គល​ស្ថិត​ក្រោម​សិទិ្ធ​វេតូ​របស់​ក្រុម​»។ លោក​បន្ត​ថា អាស៊ាន​ឥឡូវ​នេះ «​មាន​ឱកាស​» ពង្រឹង​សេចក្តី​ប្រកាស តាម​រយៈ​កិច្ច​សហ​ប្រតិបតិ្តការ ជាមួយ​នឹង​សង្គម​ស៊ីវិល​។
លោក នៃ វណ្ណដា អនុ​ប្រធាន​ផ្នែក​សិទិ្ធ​មនុស្ស​នៃ​អង្គ​ការ​អាដហុក បាន​លើក​ឡើង​ដូច​លោក Nuland ​ផង​ដែរ​ថា៖ «​យើង​សូម​អំពាវនាវ​ដល់ [​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទិ្ធ​មនុស្ស​] ឲ្យ​លើក​កម្ពស់​គុណភាព នៃ​ឯកសារ មុន​ពេល​ឯកសារ​នេះ ក្លាយ​ជា​អនុសញ្ញា។ មុន​ពេល​វា​ចង​កាតព្វកិច្ច​ផ្លូវ​ច្បាប់ ត្រូវ​មាន​កិច្ច​ពិគ្រោះ​យោបល់​បន្ថែម​ទៀត ជាមួយ​នឹង​សង្គម​ស៊ីវិល​»។
លោក Phil Robertson អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស បាន​ហៅ​​សេចក្តី​ថ្លែងការណ៍​របស់​សហរដ្ឋ​អាមេរិក​ថា «​ជា​សេចក្តី​ថ្លែងការណ៍​ល្អ» ដោយ​វា​កំណត់​បង្ហាញ​ពី​ក្តី​បារម្ភ​សំខាន់​របស់​អង្គការ​សង្គម​ស៊ីវិល»៕ TK

No comments: