Friday, November 30, 2012

ទាហាន​ថៃ​ប្រើ​អំពើ​ហិង្សា​លើ​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ

ដោយ សួន សុផលមុន្នី  2012-11-29 RFA
ប្រជាពលរដ្ឋ​ខ្មែរ ៦​នាក់ បាន​រង​របួស និង​ជន​ជាតិ​ថៃ ម្នាក់ របួស​បែក​ក្បាល នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​មួយ រវាង​ទាហាន​ឈុត​ខ្មៅ​ថៃ និង​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់ នៅ​លើ​ខ្សែ​បន្ទាត់​ព្រំដែន​ខ្មែរ-ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ ជាប់​ខេត្ត​ស្រះកែវ ប្រទេស​ថៃ។
ការ​ផ្ទុះ​អំពើ​ហិង្សា​នេះ កើត​មាន​ឡើង​ដោយ​សារ​តែ​កង​ទាហាន​ថៃ បាន​ប្រមាថ​មើល​ងាយ​ជន​ជាតិ​ខ្មែរ ដោយ​ពួក​គេ​បាន​យក​ឈើ​ដំបង​ទៅ​វាយ​ក្បាល​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​រាប់​ចំនួន​មុន​ពេល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ឆ្លង​ដែន​ ចូល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ទឹកដី​ថៃ។

ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា​រវាង​ប្រជាពលរដ្ឋ​ខ្មែរ និង​កង​ទាហាន​ឈុត​ខ្មៅ​ថៃ បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ហើយ ក្រោយ​ពី​ភាគី​ទាហាន​ថៃ និង​កង​ការពារ​ព្រំដែន​កម្ពុជា បាន​ធ្វើ​ការ​សម្រប​សម្រួល​គ្នា​រួច​មក។ ភាគី​ថៃ បាន​សារភាព​ទទួល​កំហុស​ថា ខ្លួន​បាន​យក​ដំបង​ឈើ​វាយ​ខ្លួន និង​វាយ​ក្បាល​ជន​ជាតិ​ខ្មែរ ដើម្បី​រាប់​ចំនួន​មនុស្ស​មុន​ពេល​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន​ចូល​ទៅ​ធ្វើ​ការ​ នៅ​ក្នុង​ទឹកដី​ថៃ។
មេ​បញ្ជា​ការ​វីរ​សេនា​តូច​ការពារ​ព្រំដែន ៩១១ សូ ចាន់ណារី បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ថា កង​ការពារ​ព្រំដែន​កម្ពុជា និង​ភាគី​ថៃ បាន​ជួប​ជជែក​គ្នា​ភ្លាមៗ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៨ ក្រោយ​ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​ទាហាន​ថៃ និង​ប្រជាពលរដ្ឋ​ខ្មែរ​រួច​មក។ ភាគី​កម្ពុជា បាន​ជំរុញ​ឲ្យ​ភាគី​ថៃ បញ្ឈប់​ការ​ប្រើ​អំពី​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ៖ «ថ្ងៃ​គេ​បាន​ សន្យា​ជាមួយ​យើង​ថា ថ្ងៃ​ក្រោយ​មិន​ឲ្យ​មាន​ប៉ះពាល់​អី​ទៀត អា​ករណី​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ គឺ​អត់​មាន​ឲ្យ​អ៊ីចឹង​ទៀត​ទេ ហើយ​ទី២​ទៀត គេ​ឲ្យ​យើង​ចូល​រួម​សហការ​ជាមួយ​គេ ដើម្បី​ជួយ​រៀបចំ​សណ្ដាប់​ធ្នាប់​ឲ្យ​បង​ប្អូន​យើង​ហ្នឹង ចេញ​ទៅ​ធ្វើ​ការ​ចូល​មក​វិញ​ហ្នឹង​ឲ្យ​បាន​ស្រួល។ គេ​ក៏​សុំ​ទទួល​ស្គាល់​មាន​ការ​ខុស​ឆ្គង​អ៊ីចឹង»
កាល​ពី​ព្រឹក​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា កង​ទាហាន​ឈុត​ខ្មៅ​ថៃ បាន​យក​ដំបង​វាយ និង​ប្រើ​ដុំ​ថ្ម​គប់ និង​បាញ់​គំរាម​ចំនួន ៥​គ្រាប់​ទៅ​លើ​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​មាន​មនុស្ស​ប្រុស​ស្រី​របួស​ចំនួន ៦​នាក់។ ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​លើ​ចំណុច​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ជាប់​នឹង​ភូមិ​ព្រៃគប់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ជា​អ្នក​រស់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ពួក​គាត់​តែង​តែ​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ដី​ថៃ នៅ​ពេល​ព្រឹក វិល​មក​ដី​ខ្មែរ​វិញ​នៅ​ពេល​ល្ងាច។
ស្ត្រី​មាន​ផ្ទៃ​ពោះ ៧ខែ​ម្នាក់ ឈ្មោះ សួរ ស្រីលីន រស់​នៅ​ភូមិ​ព្រៃគប់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោកស្រី​ថ្លែង​ថា រូប​គាត់​ត្រូវ​ទាហាន​ថៃ វាយ​នឹង​ដំបង​ឈើ ជាំ​ភ្លៅ។ លោកស្រី​ថា ទាហាន​ឈុត​ខ្មៅ​ថៃ មាន​គ្នា ៤​នាក់ បាន​មើល​ងាយ​ពួក​គាត់ ដោយ​បាន​យក​ដំបង​វាយ​ក្បាល​រាប់​ចំនួន​មនុស្ស។ ដូច្នេះ​ហើយ ទើប​មាន​ការ​ផ្ទុះ​កំហឹង​រហូត​ឈាន​ដល់​ហិង្សា​គប់​គ្នា​នឹង​ដុំ​ថ្ម៖ «គេ ​តម្រង់​ជួរ​រាប់​អ៊ីចឹង វ៉ៃ​ខ្នង រាប់​ពី មួយ​ពីរ​បី​ដល់​ដប់ អ៊ីចឹង ចុង​ក្រោយ​គេ ដប់ និង​វ៉ៃ​ក្បាល​នឹង​ដំបង វ៉ៃ​បី​ដំបង។ ពេល​ឃើញ​អ៊ីចឹង​ពេក ខ្មែរ​យើង​ថា មិន​ប៉ាច់​ចាំ​ទៅ​ទេ នាំ​គ្នា​ស្ទុះ​ងើប​មក បើ​រាប់​វ៉ៃ​គ្នា​អ៊ីចឹង​នោះ។ ខ្មែរ​យើង​ក៏​ស្ទុះ​ងើប​រត់​ទាញ​ដុំ​ថ្ម​គប់។ ខ្ញុំ គេ​វ៉ៃ​១​ដំបង ហើយ​ច្រាន​រត់​ទៅ​ដួល គេ​សង្កត់​ពី​លើ​ថែម​ទៀត​ចំ​ពោះ​ផ្កាប់​មុខ»
ជន​រងគ្រោះ​ទាំង ៦​នាក់​នោះ ឈ្មោះ សួន សំណាង រង​របួស​ខ្នង ដោយ​សារ​ទាហាន​ឈុត​ខ្មៅ​ថៃ គប់​នឹង​ដុំ​ថ្ម ឈ្មោះ ស សៀក របួស​ដៃ​ស្តាំ ឈ្មោះ សួរ ស្រីលីន មាន​ផ្ទៃ​ពោះ ៧ខែ របួស​ក្បាល​ជង្គង់​ខាង​ស្តាំ និង​ត្រូវ​ថៃ វាយ​ជាំ​ភ្លៅ​ខាង​ស្តាំ ឈ្មោះ ចេង សម្បត្តិ រង​របួស​ដៃ​ស្តាំ និង​របួស​ត្រគាក ឈ្មោះ ពុទ្ធ នួន របួស​ជើង​ខាង​ឆ្វេង និង​ឈ្មោះ ឈុន ចាន់ណា ត្រូវ​ទាហាន​ថៃ គប់​នឹង​ដុំ​ថ្ម របួស​ដូច​គ្នា​ដែរ។
លោក ធឿ តិ ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេញ​ចូល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ទឹក​ដី​ថៃ នោះ បាន​ឲ្យ​ដឹង​ថា កន្លង​មក ទាហាន​ថៃ គ្រាន់​តែ​ប្រើ​ដៃ​ដើម្បី​រាប់​ចំនួន​មនុស្ស។ ការ​យក​ដំបង​ទៅ​វាយ​ក្បាល​ប្រជាពលរដ្ឋ​ខ្មែរ​នេះ គឺ​ជា​ការ​មើលងាយ ធ្វើ​ឲ្យ​ពួក​គាត់​មាន​កំហឹង​ផ្ទុះ​ឡើង៖ «ខ្សែ​ខ្ញុំ​ចូល​ទៅ​មុន​ពួក​ ហ្នឹង វា​វ៉ៃ​នឹង​ដៃ​ទេ ហើយ​ដល់​ខ្សែ​ក្រោយ​ទៀត បាន​វា​យក​ដំបង​វ៉ៃ​ឆ្អឹង​ខ្នង ខ្លះ​ហួស​ដល់​ក្បាល​ទៀត។ អ៊ីចឹង ខ្មែរ​យើង​ឈឺ​ចាប់​ពេក ក៏​នាំ​គ្នា​ស្រែក វា​មិន​គួរ​ធ្វើ​អ៊ីចឹង ថៃ ចាប់​គប់​ដុំ​ថ្ម​ដាក់​ខ្មែរ​មុន ពេល​នោះ ខ្មែរ​ខឹង គប់​វិញ ត្រូវ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ជន​ជាតិ​ថៃ ម្នាក់​បែក​ក្បាល​ខាង​ស្តាំ»
មេ​ភូមិ​ព្រៃគប់ លោក កង សុង បាន​ថ្លែង​បញ្ជាក់​ថា ជា​ធម្មតា​មាន​ប្រជាពលរដ្ឋ​ក្នុង​មួយ​ថ្ងៃៗ​ចំនួន​ជិត ១​ពាន់​នាក់ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​តាម​ច្រក​ព្រៃគប់ ទៅ​ធ្វើ​ការ​នៅ​ក្នុង​ដី​ថៃ នៅ​ពេល​ព្រឹក វិល​ល្ងាច។ អំពើ​ហិង្សា​ផ្ទុះ​ឡើង គឺ​បង្ក​ដោយ​សារ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ ដែល​បាន​ប្រមាថ​មើល​ងាយ​ប្រជាពលរដ្ឋ​ខ្មែរ៖ «ដោយ​សារ​រឿង​យក​ដំបង​វ៉ៃ​ ក្បាល​ប្រជាពលរដ្ឋ​ខ្មែរ ប្រើ​ប្រាស់​ហិង្សា ខ្មែរ​យើង​ស្ទុះ​កំហឹង​ទៅ វា​កើត​ទៅ​ជា​រឿង។ ខ្មែរ​យើង​ស្រែក​ព្រម​គ្នា​ឲ្យ​ជួយ​គ្នា កុំ​ឲ្យ​ថៃ វា​ធ្វើ​បាប​ខ្មែរ​អ៊ីចឹង​ទៀត។ ថៃ គេ​ខឹង គេ​ក៏​គប់​មក​លើ​ហ្វូង​កម្មករ​យើង​ហ្នឹង​ឯង គប់​ដុំ​ថ្ម ខ្លះ​ដំបង បាន​ជា​មាន​របួស។ ដល់​ក្រោយ​មក​ទៀត មើល​ទៅ​វា​មិន​ឈ្នះ​ខ្មែរ ក៏​វា​យក​កាំភ្លើង​មក​បាញ់​ប្រហែល ៥​គ្រាប់ បាញ់​គំរាម​មិន​ឲ្យ​យើង​ចូល​ទៅ។ ម្សិលមិញ កុំ​បាន​របង​លួស​ការពារ អ្នក​ស្រុក​ទៅ​វ៉ៃ​ងាប់ ខ្មែរ ៦០០​នាក់»
លោក ស៊ុម ច័ន្ទគា មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ថ្លែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ តែង​តែ​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​ក្នុង​ទឹក​ដី​ថៃ នៅ​ពេល​ព្រឹក ត្រឡប់​មក​វិញ​នៅ​ពេល​ល្ងាច។ នៅ​មុន​ពេល​ឆ្លង មាន​សមត្ថកិច្ច​ខ្មែរ និង​ថៃ បាន​ត្រួត​ពិនិត្យ ព្រម​ទាំង​មាន​ថៅកែ​ថៃ រង់ចាំ​ទទួល​យក​ទៅ​ធ្វើ​ការ។ ពលរដ្ឋ​ខ្លះ ទៅ​ស៊ី​ឈ្នួល​ច្រូត​ស្រូវ កាប់​អំពៅ និង​ស៊ី​ឈ្នួល​ធ្វើ​ការ​ផ្សេងៗ​ទៀត។ ទាហាន​ថៃ យក​ដំបង​វាយ​ក្បាល​ប្រជាពលរដ្ឋ​ខ្មែរ រាប់​ចំនួន​នេះ គឺ​មិន​បាន​គោរព​សេចក្ដី​ថ្លៃថ្នូរ និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។ លោក​បញ្ជាក់​ថា ប្រទេស​ថៃ ជា​ប្រទេស​មាន​ច្បាប់​ទម្លាប់​ដូច​គ្នា បើ​សិន​ជា​ខ្មែរ​ធ្វើ​ខុស​ច្បាប់ គួរ​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

In Cambodia, Hun Sen's relatives are abuse, bully, threatening, killing Cambodian people as they want and when they want, No law can stop them.

Mr Sam Rainsy, Mr Kim Soka and Cambodian people must begin Lotus Revolution to free our Nation from 30 years dictator.

Hun Sen is even worse than Gadafy and on top of Gadafy Hun Sen is a traitor giving Koh Tral, sea area and more to Vietnam.