Saturday, November 24, 2012

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​៖ រដ្ឋាភិបាល គ្រប់គ្រង​តម្លៃ​ប្រេងសាំង មិន​បាន​ទេ

គ្រាន់តែរឿងកំប៉ិចកំប៉ុកតម្លៃប្រេងសាំងគ្រប់ គ្រងមិនបានផង តើដឹកនាំប្រទេសរ​បៀ​ប​ម៉េចទៅ សែន ?
(ថ្ងៃទី 24 វិច្ឆិកា 2012, ម៉ោង 12:03:PM) | ដោយ: លី សិលា
ភ្នំពេញ: ​រាជរដ្ឋាភិបាល មិន​អាច​គ្រប់គ្រង​តម្លៃ​ប្រេង​សាំង​បាន​ទេ ខណៈ​ដែល​រាជរដ្ឋាភិបាល បន្ត​ចំណាយ​ជាង ២០ លាន​ដុល្លារ ក្នុង​មួយ​ខែៗ ដើម្បី​ទប់ កុំឲ្យ​ប្រេងសាំង ឡើងថ្លៃ​ខ្ពស់ជាង​​ពេល​សព្វ​ថ្ងៃ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​។​
លោក គាត ឈ​ន់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​យ៉ាង​ដូច្នេះ ទៅកាន់​អ្នកកាសែត ក្រោយពី​ជួប​ប្រជុំ​នឹង​គណៈកម្មការ​ជំនាញ​រដ្ឋសភា ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រង​ហិរញ្ញវត្ថុ ឆ្នាំ​២០១៣ ឬ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១២ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​រដ្ឋសភា​។​


​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ បាន​មានប្រសាសន៍ថា "​អ្វី​ដែល​យើង​គ្រប់គ្រង​មិន​បាន គឺ​ថ្លៃ​ប្រេង​។ យើងខ្ញុំ​តាម​រាល់​សប្តាហ៍ ហើយ​ចរចា​រាល់​សប្តាហ៍ ឲ្យ​ចុះ ឲ្យ​ចុះ​!​។ ប៉ុន្តែ​យើង​សេដ្ឋកិច្ច​ទីផ្សារ បង្ខំ​គេ​ឲ្យ​ចុះ គឺ​យើង​មាន​ហេតុផល​។ ឧបមា​ថា យើង​ឃើញ​តម្លៃ​នាំ​ចូល​មក​ចុះ យើង​ថា លោក​ឯង​ត្រូវតែ​ចុះ ពីព្រោះ​លោក​ឯង ប្រើ​ស្តុក​អស់ហើយ​។ ប្រើ​ស្តុក​អា​ថ្លៃ គេ​ក៏​ចុះ​តាម​។ ដល់​វា​ឡើង​វិញ ឥឡូវ​ដូច​សប្តាហ៍​កន្លងទៅ វា​ឡើង​វិញ ដល់​អីចឹង ពួក​ថ្លៃ​ប្រេង នាំចូល វា​ឡើង ៣%​។ តម្លៃ​គយ ឃើញថា ឡើង ៣%​។ តែ​គាត់​ប្រើ​អា​ស្តុក​ចាស់ មិនទាន់​អស់ គាត់​មិន​ទាន់​តម្លើង​ថ្លៃ​ប្រេង​លក់​ចេញ​ទេ​"​។​

​លោក​ ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ បាន​គូសបញ្ជាក់ថា "​អ្វី​ដែល​យើង​គ្រប់គ្រង​មិន​បាន គឺ​តម្លៃ​ប្រេង​។ ឯ​តម្លៃ​ស្បៀង គឺ​រាល់ថ្ងៃ​ដោយ​យើង​មាន​សកលភាវូបនីយកម្ម វា​មាន​ឡើង វា​មាន​ចុះ តាម​គ្នា​។ ដូច​នៅ សហរដ្ឋអាមេរិក មាន​ពោត​ពីរ​យ៉ាង​។ ពោត​ម្យ៉ាង​សម្រាប់​អាហារ​។ ពោត​ម្យ៉ាងទៀត សម្រាប់ ធ្វើ​ស្រា ដើម្បី​លាយ​ជាមួយ​សាំង ធ្វើ​ប្រេងឥន្ធនៈ​ចាក់​ឡាន​។ ដល់​ពោត​ឡើងថ្លៃ​ទៅ អ្វី​ក៏​ឡើង​ទាំងអស់​"​។

​ ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ បាន​លើកឡើង​ថា "​រាជរដ្ឋាភិបាល ត្រូវ​គ្រប់គ្រង​លើ​អតិផរណា ( ទំនិញ​ឡើងថ្លៃ ) ឲ្យ​ក្រោម ៥% ហើយ​នៅ​ឆ្នាំ​២០១២​នេះ អតិផរណា មាន​កម្រិត​ត្រឹមតែ ២,៨% នៅ​ឆ្នាំ​២០១២​។​
​នេះ​ជា​លទ្ធផល​បានមក​ពី​នយោបាយ​មួយ​ដ៏​សំខាន់ ដែល​សម្តេច​តេជោ លោក​ធ្វើ គឺ​បដិវត្ត​ជលផល​។ ត្រី​ចុះថ្លៃ ទាញ​សាច់ជ្រូក ចុះ​ដែរ ហើយ​អ្វី​ហូបចុក ក៏​ចុះ​ដែរ​"​។​

​យ៉ាងណាក៏ដោយ លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ បាន​មានប្រសាសន៍ថា "​ជោគជ័យ​របស់​កម្ពុជា គឺ​នៅ​ពេល​វិបត្ត​ហិរញ្ញវត្ថុ​ពេញទំហឹង យើង​គ្រប់គ្រង​បាន​។ តែ​វា​ឆ្លង​តែ​អតិផរណា​បន្តិចបន្តួច​។ ជោគជ័យ​របស់​យើង តាមរយៈ​ការបង្កើន​ទុន​តាម​ធានា​ពាណិជ្ជ ជាដើម​"​។​

​ចំពោះ​បញ្ហា​ តម្លៃ​ប្រេងសាំង នាពេល​បច្ចុប្បន្ន ក៏​ត្រូវ​បាន​សមាជិកសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម របស់​រដ្ឋសភា បាន​លើកឡើង​ថា រាជរដ្ឋាភិបាល បាន​ចំណាយលុយ​ជាង ២០ លាន​ដុល្លារ ក្នុង​មួយ​ខែៗ លើ​បញ្ហា​ប្រេងសាំង បើ​មិន​ដូច្នោះ​ទេ ប្រេងសាំង នឹង​ត្រូវ​ឡើងថ្លៃ​ខ្ពស់​ជាង​សព្វថ្ងៃ​ទៅទៀត​។​

​ក្នុង​វេទិកា​យុវជន ស្តីពី "​ការយល់ដឹង​របស់​យុវជន ទៅលើ​កាលានុវត្តភាព​របស់​កម្ពុជា ក្នុង​ការធានា​ពី​តម្លាភាព ចំណូល​ពី​វិស័យ​ឧស្សាហកម្ម និស្សា​រណកម្ម​" កាលពី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ជិត​វិមានឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ លោក​តំណាងរាស្ត្រ ជាម យៀប បាន​មានប្រសាសន៍ថា "​បើ​តាម​តម្លៃ​ប្រេង​បច្ចុប្បន្ន គឺ​នៅ​កម្ពុជា​យើង ប្រេងសាំង ស៊ុប​ពែរ នឹង​អាច​ឡើងដល់ ២,៨ ដុល្លារ ក្នុង​មួយ​លីត្រ តែ​ឥឡូវ​យើង​លក់​តែ ១,៣៥ ដុល្លារ​ទេ​។ រដ្ឋាភិបាល បាន​បញ្ចេញ​លុយ​ជាង ២០ លាន​ដុល្លារ ក្នុង​មួយ​ខែៗ ដើម្បី​ទប់​លើ​ការ​ឡើងថ្លៃ​ប្រេង លើ​ទីផ្សារ ដើម្បី​រំលែក​ទុក្ខ​ក្រីក្រ​របស់​ប្រជាជន​យើង​"​។​

​ជាមួយនឹង​ ប្រសាសន៍​ដូច្នេះ លោក ជាម យៀប បាន​បន្ថែមថា បើសិនជា ប្រទេស​កម្ពុជា ទទួលបាន​ប្រេង ពី​សមុទ្រ​មក ក៏​តម្លៃ​ប្រេងសាំង សព្វថ្ងៃ អាច​ចុះថ្លៃ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ដំបូង​ឡើយ ការរុករក​ប្រេង គ្រោង​នឹង​បូម​យក​នៅ​ចុងឆ្នាំ​២០១២​នេះ តែ​ត្រូវបាន​ក្រុមហ៊ុន​ប្រេង​អាមេរិក Chevron បាន​ពន្យារពេល រហូតដល់​ឆ្នាំ​២០១៦ ខណៈ​ដែល​ការសិក្សា​រុករក និង​ខួប​អណ្តូង​ប្រេង បាន​ធ្វើឡើង ចាប់តាំងពី​ឆ្នាំ​២០០៤​។​

​លោក​តំណាងរាស្ត្រ ជាម យៀប បាន​ពន្យល់​ពី​ហេតុផល ដែល​តម្លៃ​ប្រេង អាច​ចុះ​ទាប​តិចតួច នៅពេល​កម្ពុជា បាន​បូម​ប្រេង​ដោយ​ខ្លួនឯង នោះ​គឺ​មក​ពី​តម្រូវការ​ប្រើប្រាស់​ប្រេងសាំង របស់​សហគ្រាស​រោងចក្រ មាន​ច្រើន​ជាង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​ លោក ជាម យៀប បាន​ថ្លែងថា "​នៅ​កម្ពុជា មាន​សហគ្រាស​ធុន​តូច និង​មធ្យម ចំនួន ៥៤៨ រោងចក្រ សហគ្រាស ដែល​កំពុង​ធ្វើ​អាជីវកម្ម ហើយ​មាន​សហគ្រាស​តូចៗ មាន​ជាង ២ ម៉ឺន​ទៀត ដែល​កំពុង​ប្រើប្រាស់​ប្រេងឥន្ធនៈ​។ សព្វថ្ងៃ យើង​នាំ​ចូល​ប្រេង ១០០%​។ អីចឹង​បើ​ប្រៀបធៀប​នឹង​កសិករ​យើង ដែល​កំពុង​ប្រើ​ប្រេង សព្វថ្ងៃ និង​សហគ្រាស​រោងចក្រ គឺ​សហគ្រាស​រោងចក្រ ប្រើប្រាស់​ប្រេង​ច្រើនជាង រហូតដល់ ៧៥%​។ ដូច្នេះ​បើ​សិន​ជា យើង​ចុះថ្លៃ​ទៅ គឺ​សហគ្រាស​រោងចក្រ ជា​អ្នក​សប្បាយចិត្ត​"​។​

​លោក ជាម យៀប បាន​បន្ថែមថា "​អីចឹង​យើង​សុខចិត្ត យកលុយ​ពី​សហគ្រាស​រោងចក្រ ដើម្បី​យក​មក​ជួយ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​យើង​វិញ​"​។​

​ សូមបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១២ តម្លៃ​ប្រេងសាំង នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​នានា នៅ​ភ្នំពេញ គឺ​ប្រេងសាំង ស៊ុប​ពែរ មួយ​លីត្រ ថ្លៃ ៥.៥៥០ រៀល​, ប្រេងសាំង ធម្មតា មួយ​លីត្រ ថ្លៃ ៥.៣៥០ រៀល និង​ប្រេង​ម៉ា​សូត មួយ​លីត្រ ថ្លៃ ៥.១០០ រៀល​។

ចំណែកតម្លៃប្រេងឆៅ លើទីផ្សារអន្តរជាតិ នៅថ្ងៃទី២៣វិច្ឆិកា ឆ្នាំ២០១២ មានតម្លៃ ៨៨.២៦ ដុល្លារ ក្នុងមួយបារ៉ែល ( Barrel )។ ១ បារ៉ែល ស្មើនឹង ១៥៨.៩៩ លីត្រ៕

1 comment:

Anonymous said...

The Gaz price is hight because of general corruption: under state the real quantity, bribe the officials......If you go to the station and to fill 30liters, OK....

But if you 30liters Cylinder to fill it.....No they refuse...

The way way for Electricity, Water.....សីលើក្បាលប្រជារាស្ត្រ......

The Gaz sation owner have bribed a lot of Dollars to get their permission to get the licence.

and they make the deal to supply
Fuel, Rice.. to the Police and Military ....They become millionnaire......AH, AH....