Monday, November 19, 2012

តារា​ហូលីវូដ​ជាប់​ឈាម​ជ័រ​ខ្មែរ​ថ្លែង​ពី​​មនោសញ្ចេតនា​ផ្សារ​ភ្ជាប់​​កម្ពុជា

នាង បេរេនីស ម៉ាឡូហ៍
Monday, 19 November 2012
David Boyle
The Phnom Penh Post


ភ្នំពេញ : ខណៈ​ដែល​ខ្សែ​ភាពយន្ត​ហូលីវូដ​ចារបុរស​ស៊ើប​អង្កេត Skyfall ទើប​តែ​សម្ពោធ​ចាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្មីៗ​នេ ប្រិយមិត្ត​ពិត​ជា​ចង់​ដឹង​ថា តើ​កញ្ញា បេរេនីស ម៉ាឡូហ៍ (Berenice Marlohe) ដែល​ដើរ​តួជា​នាង សេវើរីន (Severine) ក្នុង​រឿង ០០៧ ថ្មី​បំផុត​នេះ​មាន​ទំនាក់​ទំនង​យ៉ាង​ណា​ដែរ​ជាមួយ​នឹង​ទឹក​ដី​ដែល​បាន​ ផ្សារ​ភ្ជាប់​ទៅ​នឹង​កំណើត​របស់​នាង​នោះ។ វា​ពិត​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​ណាស់​ដែល​តារា​កូន​កាត់​ខ្មែរ​ បារាំង​ ចិន វ័យ​៣៣​ឆ្នាំ​រូប​នេះ​បាន​លេច​មុខ​ក្នុង​ខ្សែ​ភាព​យន្ត​ដ៏​ល្បី​នៅ​ហូលីវូដ។

តើ​កញ្ញា​មាន​អារម្មណ៍​ដូច​ម្ដេច​ដែរ​ ក្នុង​នាម​ជា​តារា​ហូលីវូដ​មួយ​រូប​ដែល​មាន​ឈាម​ជ័រ​ជា​ខ្មែរ​ដូច្នេះ?
ជា​ការ​ពិត​ណាស់ ខ្ញុំ​ពិត​ជា​មាន​មោទនភាព ណាស់​ដែល​ជា​កូន​កាត់​អាស៊ី និង​មាន​ឈាម​ជ័រ​ខ្មែរ​នៅ​ក្នុង​ខ្លួន។ ខ្ញុំ​ក៏​រីក​រាយ​ដែរ​ ដែល​ខ្ញុំ​អាច​រក្សា​ដើម​កំណើត​របស់​ខ្ញុំ​ ទោះ​បីជា​ខ្ញុំ​កំពុង​សម្ដែង​ខ្សែ​ភាព​យន្ត​ក្ដី ព្រោះ​មិន​មាន​តារា​អាស៊ី​ច្រើន​ទេ​ដែល​លេច​មុខ​នៅ​ក្នុង​ភាពយន្ត​ហូលីវូដ។ ខ្ញុំ​ចង់​ពាំ​នាំ​ឈុត​ឆាក​នៅ​ក្នុង​ខ្សែ​ភាពយន្ត​នេះ​ឲ្យ​ប្រិយមិត្ត​នៅ ស្រុក​ខ្មែរ​បាន​ទស្សនា។

ព័ត៌មាន​ទាក់ទិន​នឹង​សាវតារ​របស់​កញ្ញា​ហាក់​មិន​សូវ​ត្រូវ​បាន​បញ្ចេញ​ច្រើន​នោះ​ទេ។ តើ​កញ្ញា​ធ្លាប់​មក​លេង​ប្រទេស​កម្ពុជា​ដែរ​ឬទេ?
ខ្ញុំ ​ធ្លាប់​មក​ស្រុក​ខ្មែរ​បាន​ម្ដង គឺ​កាល​ពី​៣​ឆ្នាំ​មុន។ កាល​នោះ​ខ្ញុំ​ពិត​ជា​រីករាយ​ណាស់ ព្រោះ​ខ្ញុំ​កើត​នៅ​ស្រុក​បារាំ និង​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដូច​ប្រជាជន​អឺរ៉ុប​ដទៃ​ទៀត​ដែរ ដូច្នេះ​ខ្ញុំ​តែង​មាន​អារម្មណ៍​ថា ជីវិត​របស់​ខ្ញុំ​ហាក់​មាន​ការ​ខ្វះ​ចន្លោះ​ផ្នែក​ណាមួយ នៅ​ពេល​ដែល​ខ្ញុំ​ចម្រើន​វ័យ​កាន់​តែ​ធំ ខ្ញុំ​កាន់​តែ​មាន​អារម្មណ៍ ចង់ផ្សារ​ភ្ជាប់​ទៅ​នឹង​ដើម​កំណើត​ ​របស់​ខ្ញុំ វា​ពិត​ជា​ពេលវេលា​ដ៏​សំខាន់​ណាស់​ក្នុង​ជីវិត​របស់​ខ្ញុំ ដែល​ខ្ញុំ​អាច​ឈាន​ជើង​ចូល​ទៅ​ក្នុង​ទឹក​ដី​បុព្វបុរស​របស់​ខ្ញុំ

តើ​កញ្ញា​ចេះ​និយាយ​ខ្មែរ​ទេ?
អត់ទេ (សើច)។ ខ្ញុំ​ចេះ​តែ​និយាយ​ថា «ញ៉ាំបាយ» «អរគុណច្រើន» (សើច) និង «ឆាប់ៗ» តែ​ប៉ុណ្ណឹង។


កញ្ញា​ធំធាត់​នៅ​ស្រុក​បារាំង​អ៊ីចឹង តើ​មាន​បាន​ស្វែង​យល់​ប៉ុន​ណា​ពី​ខ្មែរ? ចុះ​មាន​រាប់​អាន​ពួក​ម៉ាក​ខ្មែរ​ទេ?
ខ្ញុំ ធំ​ដឹង​ក្ដី​នៅ​ទឹក​ដី​អឺរ៉ុប​ក៏ពិត​មែន ប៉ុន្តែ​ខ្ញុំ​មាន​អ្នក​មីង និង​បង​ប្អូន​ជីដូន​មួយ ដែល​សុទ្ធ​តែ​និយាយ​ខ្មែរ។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព និង​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​ឈាម​ជ័រ​អាស៊ី​ណាស់។ ដូច្នេះ​ហើយ ទោះបីជា​ខ្ញុំ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ក្នុង​បរិស្ថាន​បែប​បស្ចិម​ប្រទេស​ ក្ដី ក៏​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ក៏​មាន​ឫសគល់​ជា​ប្រជាជន​អាស៊ី​មួយ​រូប​ផង​ដែរ។

តើ​កញ្ញា​ស្គាល់​តារា​ហូលីវូដ អេនជឺ​លីណា ជោលីទេ? នាង​ជា​តារា​ហូលីវូដ​ដែល​បាន​ធ្វើ​កិច្ចការ​ច្រើន​នៅ​ប្រទេស​កម្ពុជា។
ចាស ខ្ញុំ​មិន​ធ្លាប់​បាន​ជួប​ អេនជឺលី​ណា​ ជោលី ទេ។ ប៉ុន្តែ​ ខ្ញុំ​ពិត​ជា​ចាប់​អារម្មណ៍​ចង់​ជួប​គាត់​​នៅ​ថ្ងៃ​ណា​មួយ ដោយ​សារ​តែ​គាត់​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ធ្វើ​កិច្ចការ​សប្បុរស​ ច្រើន។ ខ្ញុំ​ដឹង​ថា គាត់​ក៏​មាន​កូន​ប្រុស​ម្នាក់​ជា​ខ្មែរ​ដែរ។ ពិត​ណាស់ ខ្ញុំ​ពិត​ជា​ចង់​ជួប​គាត់ និង​ជជែក​ជាមួយ​គាត់​ពី​កិច្ចការ​ជា​ ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ផង​ដែរ។ ខ្ញុំ​ដឹង​ថា​គាត់​មាន​មនោសញ្ចេតនា​ច្រើន​ជាមួយ​ស្រុក​ខ្មែរ ដូច្នេះ​អាច​ថា​គាត់​និង​ខ្ញុំ​ហាក់​មាន​ចំណុច​អ្វីមួយ​ដែល​ដូច​គ្នា។

បច្ចុប្បន្ន ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​រយៈ​ពេល​កាន់ទុក្ខ​អតីត​ព្រះ​មហាវីរ​ ក្សត នរោត្តម សីហនុ។ តើ​កញ្ញា​មាន​ប្រតិកម្ម​ដូចម្ដេច​ដែរ ពេល​បាន​ឮ​ដំណឹង​ដ៏​សោយសោក​នេះ?
ខ្ញុំ​មាន​អារម្មណ៍​ថា នេះ​គឺ​ជា​ពេល​វេលា​ដ៏​មិន​អាច​បំភ្លេច​បាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ ខ្ញុំ​គិត​ថា ខ្ញុំ​ត្រូវ​តែ​ធ្វើ​ជា​សំឡេង​មួយ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា​ ព្រោះ​ក្នុង​នាម​ខ្ញុំ​ជា​តារា​ហូលីវូដ​ម្នាក់ ខ្ញុំ​ត្រូវ​តែ​ធ្វើ​កិច្ចការ​ច្រើន​ និង​អស់​លទ្ធភាព ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ក្នុង​ពិភពលោក​ឲ្យ​ងាក​មក​ចាប់ អារម្មណ៍​ប្រទេស​កម្ពុជា​ខ្លាំង​ឡើង។

តើ​កញ្ញា​អាច​ធ្វើ​កិច្ចការ​នេះ​ដោយ​មធ្យោបាយ​ដូចម្ដេច​ទៅ?
ខ្ញុំ កំពុង​តែ​ពិភាក្សា​ជាមួយ​អង្គការ​នៅ​ទីក្រុង​ឡុងដ៍ ដើម្បី​ស្វែង​រក​មធ្យោបាយ ទាក់ទាញ​ចំណាប់​អារម្មណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក បាញ់​ឆ្ពោះ​ទៅ​រក​ប្រទេស​កម្ពុជា។ ខ្ញុំ​ចង់​ជួបជុំ​ជាមួយ​អ្នក​ជំនាញ​ខាង​ផ្សព្វផ្សាយ​ និង​អាច​ជួយ​ខ្ញុំ​ឲ្យ​សម្រេច​គោល​ដៅ​នេះ​បាន។ ថ្វី​ដ្បិត​តែ​ខ្ញុំ​មមាញឹក​ខ្លាំង​ក៏​ពិត​មែន ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ព្យាយាម​រក​មធ្យោបាយ​លៃលក​ពេលវេលា​យ៉ាង​ណា​ឲ្យ កិច្ចការ​នេះ​បាន​សម្រេច​ប្រកប​ដោយ​ប្រសិទ្ធភាព។

អ្វី​ដែល​ធ្វើ​ឲ្យ​កញ្ញា​សម្រេច​ចិត្ត​ធ្វើ​ជា​តារា​សម្ដែង​ដូច្នេះ?
ដំបូង ឡើយ ខ្ញុំ​មាន​បំណង​ប្រាថ្នា​ធ្វើ​ជា​វិចិត្រករ និង​តន្ត្រីករ​ម្នាក់។ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ក្លាយ​ជា​តារា​សម្ដែង​ដូច្នេះ? កាល​នោះ ដោយ​សារ​តែ​មាន​ទី​ភ្នាក់​ងារ​មួយ​ទាក់ទង​ខ្ញុំ។ គាត់​មិន​បាន​ធ្វើ​ការ​សម្ភាស​ស្ទាបស្ទង់​សមត្ថភាព​ខ្ញុំ​អ្វី​ទេ ក៏​ស្រាប់​តែ​លើក​ខ្ញុំ​ឲ្យ​ចូល​វិស័យ​សម្ដែង​តែ​ម្ដង។ ប្រឡូក​ក្នុង​អាជីព​នេះ​បន្តិច​ម្ដងៗ ខ្ញុំ​ក៏​ស្រាប់​តែ​ចាប់​ផ្ដើម​ចូល​ចិត្ត​ការងារ​សម្ដែង ព្រោះ​វា​ផ្សារ​ភ្ជាប់​ជីវិត​ពិត​ ទៅ​នឹង​សារ​ជាតិ​របស់​មនុស្ស​យើង​តែ​ម្ដង។ ការ​ក្លាយ​ជា​តារា​សម្ដែង​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់។ ការ​សម្ដែង​គឺ​ជា​ភាព​ច្នៃ​ប្រឌិត​គួប​ផ្សំ​នឹង​បទ​ពិសោធ​បង្កើត​ជា​សិល្បៈ។

បន្ទាប់ពី​រឿង Skyfall តើ​កញ្ញា​មាន​គម្រោង​ថត​រឿង​អ្វី​ទៀត​ដែរ?
សព្វ ថ្ងៃ ខ្ញុំ​កំពុង​តែ​ធ្វើ​កិច្ចការ​ជាមួយ​ផលិតករ ធើរ៉ាន់ ម៉ាលីក (Terrance Mallick)។ ខ្ញុំ​បាន​ឆ្លៀត​ទៅ​ក្រុង​ឡូស អេនជឺលេស ដើម្បី​សម្ភាស​សាក​ល្បង​សមត្ថភាព។ ខ្ញុំ​ក៏​ទទួល​បាន​តំណែង​ជា​តួ​ក្នុង​រឿង​ថ្មី​របស់​គាត់ ដែល​មិន​ទាន់​ដឹង​ចំណង​ជើង​នៅ​ឡើយ​ទេ៕ 

No comments: