Sunday, November 18, 2012

សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ?

របាយការណ៍​ឃ្លាំមើល​នៃ​អំពើ​និទណ្ឌភាព​ក្រោម​កណ្ដាប់​ដៃ​លោក ហ៊ុន សែន ក្នុង​រយៈ​ជាង ២០​ឆ្នាំ របស់​អង្គការ Human Rights Watch ដែល​មាន​ចំណង​ជើង​ថា “ប្រាប់​ពួក​គេ​ថា​ខ្ញុំ​ចង់​សម្លាប់​ពួក​គេ” បង្ហាញ​ថា អ្នក​សារព័ត៌មាន មន្ត្រី​បក្ស​ប្រឆាំង និង​សកម្មជន​នយោបាយ​ប្រមាណ ៣០០​នាក់ ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩១ ហើយ​ជន​សង្ស័យ​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​សម្លាប់​រង្គាល មិន​ត្រឹម​តែ​រដ្ឋាភិបាល​មិន​បាន​នាំ​មក​កាត់​ទោស​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ដំឡើង​បុណ្យស័ក្ដិ និង​តួនាទី​ក្នុង​វិស័យ​យោធា​ថែម​ទៀត
http://www.youtube.com/watch?v=E_nuxX0x8gM&feature=youtu.be
ដោយ តាំង សារ៉ាដា 2012-11-18 RFA
សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ជា​ពិសេស​កម្ពុជា ធ្វើ​យ៉ាង​ណា​ផ្អាក​ផែនការ​ចេញ​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន ដោយ​ពួកគេ​អះអាង​ថា ខ្លឹមសារ​នៃ​សេចក្ដី​ប្រកាស​នេះ​មិន​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​មហាជន​នៃ​សាមី​ ប្រទេស​បាន​ចូល​រួម​ផ្ដល់​យោបល់។
ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា សេចក្ដី​ព្រាង​ស្ដីពី​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​ នេះ បាន​រឹតត្បិត​ដល់​សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ គឺ​ជា​ឆន្ទៈ​របស់​រដ្ឋាភិបាល​នីមួយៗ ដែល​ឈរ​លើ​ប្រយោជន៍​ជាតិ​ជា​ធំ។
សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ថា ផែនការ​ចេញ​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជាតិ​នៃ​បណ្ដា​ប្រទេស​នីមួយៗ​ដែល ​ជា​សមាជិក​អាស៊ាន​នោះ​ទេ។
សង្គម​ស៊ីវិល​នៅ​កម្ពុជា សម្ដែង​ការ​ព្រួយ​បារម្ភ​ថា សេចក្ដី​ប្រកាស​នេះ​អាច​នាំ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​រវាង​រដ្ឋធម្មនុញ្ញ សេចក្ដី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​កិច្ច​ព្រមព្រៀង​ស្ដីពី​សិទ្ធិ​មនុស្ស​អន្តរជាតិ។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន ធ្វើ​ឡើង​មិន​បាន​ឈរ​លើ​មូលដ្ឋាន​នៃ​តម្រូវការ​របស់​ពលរដ្ឋ។ លោក​បន្ត​ថា សេចក្ដី​ប្រកាស​នេះ អាច​ផ្ដល់​លទ្ធភាព​ធំធេង​ដល់​រដ្ឋាភិបាល​ក្នុង​ការ​រឹតត្បិត​ដល់​សិទ្ធិ​ ស្ត្រី សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​ប្រើប្រាស់​កម្លាំង​សន្តិសុខ​ដើម្បី​ទប់ទល់​ជាមួយ​ក្រុម​អ្នក​តវ៉ា និង​ការ​កាត់​ក្តី​មិន​ឯករាជ្យ។
មាត្រា ២៦ នៃ​សេចក្ដី​ព្រាង​សិទ្ធិ​មនុស្ស​អាស៊ាន​ចែង​ថា រដ្ឋ​ជា​សមាជិក​នៃ​សេចក្ដី​ប្រកាស​រួម​នេះ ត្រូវ​មាន​ភារកិច្ច និង​កាតព្វកិច្ច​គោរព​សិទ្ធិ​មនុស្ស​នៃ​ពលរដ្ឋ​របស់​សាមី​ប្រទេស ហើយ​ឲ្យ​ស៊ី​សង្វាក់​គ្នា​ជាមួយ​នឹង​តម្រូវការ​នៃ​សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ ការ​ការពារ​សុខុមាលភាព និង​សីលធម៌​សាធារណៈ និង​ការ​ការពារ​សិទ្ធិ​សេរីភាព​ក្នុង​សង្គម​ប្រជាធិបតេយ្យ។
ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ព្រួយ​បារម្ភ​ថា ការ​ប្រើ​ឃ្លា​បច្ចេកទេស​ច្បាប់​ទាំង​នេះ អាច​នាំ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​សាមី​យក​ទៅ​បក​ស្រាយ​ដើម្បី​រំលោភ​សិទ្ធិ ​ជា​មូលដ្ឋាន​នៃ​ពលរដ្ឋ​របស់​ពួកគេ​ដោយ​ស្រប​ច្បាប់។
ប្រទេស​ទាំង ១០ ដែល​ជា​សមាជិក​អាស៊ាន​នេះ មិន​មែន​សុទ្ធ​តែ​ជា​ប្រទេស​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ​និយម​សេរី​ទាំង​ អស់​នោះ​ទេ។ ប្រទេស​ខ្លះ​ប្រកាន់​នូវ​របប​កុម្មុយនិស្ត ខ្លះ​ប្រកាន់​នូវ​របប​ផ្ដាច់ការ ហើយ​ខ្លះ​ទៀត​ប្រកាន់​របប​យោធា​និយម​ជាដើម។ ដោយសារ​ហេតុផល​នេះ​ហើយ ទើប​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មាន​ការ​ព្រួយ​បារម្ភ​ថា សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​គ្រាន់​តែ​ជា​យន្តការ​មួយ​ ដើម្បី​ស្របស្រួល​អំណាច និង​ផល​ប្រយោជន៍​នៃ​ក្រុម​មេដឹកនាំ​របស់​ប្រទេស​នីមួយៗ​ប៉ុណ្ណោះ។
ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ អ្នក​វិភាគ​មួយ​ចំនួន​បាន​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ថា កម្ពុជា​គួរ​រក្សា និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​យន្តការ​អន្តរជាតិ​ដ៏​រឹង​ម៉ាំ សំរាប់​ធានា​នូវ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម​ដែល​មាន​ស្រាប់​នោះ​វិញ ជា​ជាង​ការ​ចេញ​ច្បាប់​ថ្មី​ផ្សេង​ដែល​អាច​នាំ​ឲ្យ​មាន​ភាព​ច្របូកច្របល់​ ក្នុង​ការ​អនុវត្ត​នៅ​ពេល​ខាង​មុខ។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា សម្រាប់​បរិបទ​កម្ពុជា​វិញ គឺ​មិន​ចាំបាច់ និង​មិន​ត្រូវ​ការ​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន ដែល​លោក​ហៅ​ថា គ្មាន​ស្តង់ដារ ឬ​និយាម​អន្តជាតិ​នោះ​ទេ ពីព្រោះ​ច្បាប់​ថ្មី​នេះ​អាច​មក​បន្សាប និង​ធ្វើ​ឲ្យ​ភ័ន្តច្រឡំ​ដល់​ដំណើរ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ ប្រទេស។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ មិន​មែន​ជា​ច្បាប់​សំរាប់​អនុវត្ត​រួម​គ្នា​នៃ​បណ្ដា​ប្រជាជាតិ​អាស៊ាន​នោះ​ ឡើយ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​យន្តការ​ថ្មី​មួយ ដើម្បី​ប្រមូល​នូវ​ឯកភាព​អាស៊ាន​ក្នុង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ។
ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​អាស៊ាន កំពុង​មាន​វិបត្តិ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​បរិបទ​គោរព​សិទ្ធិ​ មនុស្ស។ កម្ពុជា​ល្បី​រន្ទឺ​ខាង​ការ​រំលោភ​សិទ្ធិ​ដីធ្លី សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ចូល​រួម​ប្រជុំ។ ប្រទេស​វៀតណាម មាន​ការ​រឹតត្បិត​ខ្លាំង​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ចូល​រួម​ប្រជុំ សិទ្ធិ​ចូល​រួម​ឆាក​នយោបាយ វប្បធម៌ និង​ជំនឿ​សាសនា។ ម៉ាឡេស៊ី ញាំញី​ដោយ​ការ​រំលោភ និង​រើសអើង​សិទ្ធិ​ស្ត្រី។ សិង្ហបុរី រឹតត្បិត​ដល់​សេរីភាព​ក្នុង​ការ​និយាយ​ស្ដី​ក្រោម​អំណាច​ច្បាប់​សន្តិសុខ មាតុភូមិ ហើយ​ភូមា ឬ​មីយ៉ាន់ម៉ា គ្រប់គ្រង​ដោយ​អំណាច​ផ្ដាច់ការ​យោធា​និយម។
មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ គួរ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន ដោយ​យោង​ទៅ​តាម​គោលការណ៍​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ អាច​ឈាន​ទៅ​ដល់​ការ​បង្កើត​ធម្មនុញ្ញ​អាស៊ាន​នៅ​អនាគត។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ផង​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ វិច្ឆិកា ថា សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន មិន​មែន​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​សង្គម​ស៊ីវិល​ណា​មួយ​នោះ​ឡើយ។ លោក​បន្ត​ថា សេចក្ដី​ប្រកាស​នេះ​គឺ​កម្លាំង​ចលករ​ដ៏​ធំ​ដើម្បី​ឈ្មោះ​ទៅ​រក​ការ​គោរព​ សិទ្ធិ​មនុស្ស​ក្នុង​តំបន់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។
ទោះ​បី​ជា​មាន​ការ​អះអាង​ពី​សំណាក់​មន្ត្រី​ការទូត​ជាន់​ខ្ពស់​របស់​ រដ្ឋាភិបាល​រូប​នេះ​ក៏ដោយ ក៏​សកម្មភាព​រំលោភ​អំណាច និង​រំលោភ​សិទ្ធិ​មនុស្ស វប្បធម៌​និទណ្ឌភាព និង​អំពើ​ពុករលួយ​នៅ​កម្ពុជា បាន​លាត​ត្រដាង​ពេញ​ឆាក​អន្តរជាតិ​ទៅ​ហើយ។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​សុក្រ ទី​១៦ វិច្ឆិកា បាន​ដក​ស្រង់​សំដី​អ្នកស្រី សាម៉ាន់ថា ផៅវរ៍ (Samantha Power) ថា បច្ចុប្បន្ន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បង្កើន​ការ​រំលោភ​បំពាន​លើ​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល។
អ្នកស្រី​អះអាង​​ថា បច្ចុប្បន្ន​គ្មាន​សញ្ញា​ណា​មួយ​ដែល​កម្ពុជា អាច​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ឡើយ។ អ្នកស្រី សាម៉ាន់ថា បន្ថែម​ថា ជំហរ​របស់​សហរដ្ឋ​អាមេរិក គឺ​ចង់​ឃើញ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ការ​បញ្ឈប់​ទន្ទ្រាន​យក​ដី​ពលរដ្ឋ​ដោយ​ខុស​ច្បាប់ និង​ការ​ការពារ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស។ សហរដ្ឋ​អាមេរិក​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ក្តី​កង្វល់​នេះ​ឲ្យ​បាន​ហ្មត់ចត់ នឹង​មិន​ត្រូវ​បន្ត​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទៀត​ឡើយ។
ជុំវិញ​បញ្ហា​នេះ​ផង​ដែរ នាយក​ប្រតិបត្តិ​ខាង​ផ្នែក​ច្បាប់​នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី លោក បាស៊ីល ហ្វឺណាន់ដូ (Basil Fernando) មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​តែ​មួយ​គត់​ដើម្បី​អាច​ឈាន​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ ទោះ​មាន​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​ក៏ដោយ គឺ​លុះ​ត្រា​តែ​រដ្ឋាភិបាល​ឈប់​លូក​ដៃ ឬ​ជ្រៀតជ្រែក​អំណាច​តុលាការ ហើយ​ត្រូវ​លើក​តម្កល់​ស្ថាប័ន​តុលាការ​នេះ​ឲ្យ​មាន​ភាព​ឯករាជ្យ។
លោក បាស៊ីល ហ្វឺណាន់ដូ៖ «អ្វី​ដែល​សំខាន់ និង​ចាំបាច់​នោះ ថា​តើ​ចៅក្រម​កម្ពុជា ហ៊ាន​បើក​សវនាការ ឬ​កាត់​ទោស​រដ្ឋាភិបាល​ដែរ​ទេ? តើ​ដែល​មាន​សាលក្រម​ណា​មួយ​ដែល​ថា ទង្វើ​របស់​រដ្ឋាភិបាល​ខុស​ច្បាប់​ដែរ​ទេ? ដូច្នេះ​បញ្ហា​ពិត​ប្រាកដ​នោះ គឺ​ថា តើ​តុលាការ​ហ៊ាន​លាត​ត្រដាង​ដែរ ឬ​អត់? តាម​ទស្សនៈ​របស់​ខ្ញុំ ដើម្បី​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ទៅ​បាន​លុះ​ត្រា​តែ​មាន​ស្ថាប័ន​នៅ​ឲ្យ​ឯករាជ្យ ទី​មួយ គឺ​ស្ថាប័ន​តុលាការ ហើយ​ទី​ពីរ គឺ​ស្ថាប័ន​នគរបាល»
របាយការណ៍​ឃ្លាំមើល​នៃ​អំពើ​និទណ្ឌភាព​ក្រោម​កណ្ដាប់​ដៃ​លោក ហ៊ុន សែន ក្នុង​រយៈ​ជាង ២០​ឆ្នាំ របស់​អង្គការ Human Rights Watch ដែល​មាន​ចំណង​ជើង​ថា “ប្រាប់​ពួក​គេ​ថា​ខ្ញុំ​ចង់​សម្លាប់​ពួក​គេ” បង្ហាញ​ថា អ្នក​សារព័ត៌មាន មន្ត្រី​បក្ស​ប្រឆាំង និង​សកម្មជន​នយោបាយ​ប្រមាណ ៣០០​នាក់ ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩១ ហើយ​ជន​សង្ស័យ​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​សម្លាប់​រង្គាល មិន​ត្រឹម​តែ​រដ្ឋាភិបាល​មិន​បាន​នាំ​មក​កាត់​ទោស​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ដំឡើង​បុណ្យស័ក្ដិ និង​តួនាទី​ក្នុង​វិស័យ​យោធា​ថែម​ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

សមមុខទេមេអាស៊ាន ?
កុំយកស្លឹកកណ្ដប់ គ្របគម្រង់!
ល្មមសារភាពថា ពួកយើងជា
ឃាតក ហើយ !