Sunday, November 18, 2012

HRW៖ អូបាម៉ា គួរ​ថ្កោល​ទោស​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន

ដោយ វោហារ ជាតិ 2012-11-18 RFA
សេចក្ដី​ប្រកាស​ព័ត៌មាន​ចំនួន​ពីរ​ទំព័រ ក្រោម​ចំណង​ជើង​ថា «អូបាម៉ា គួរ​បរិហារ​ការ​រំលោភ​សិទ្ធិ។ រដ្ឋាភិបាល ហ៊ុន សែន រំលោភ​បំពាន​រឹត​តែ​ខ្លាំង​ឡើង ឆ្ពោះ​ទៅ​កាន់​ប្រទេស​មួយ បក្ស​នយោបាយ​តែ​មួយ» របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch (HRW) ចេញ​នៅ​ថ្ងៃ​១៨ វិច្ឆិកា ​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា ថា​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​យ៉ាង​ធ្ងន់ធ្ងរ​។

អង្គការ​សិទ្ធិ​មនុស្ស ​Human Rights Watch បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា ចំនួន​​បី​ចំណុច​​សំខាន់ គឺ គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច បាន​ប្រើ​អំពើ​ហិង្សា គំរាម​កំហែង​ប្រជាពលរដ្ឋ​ឯង អ្នក​នយោបាយ និង​ប្រើ​ប្រព័ន្ធ​តុលាការ​វាយ​ប្រហារ​សមាជិក​មន្ត្រី​បក្ស​ប្រឆាំង ​និង​អ្នក​រិះគន់​រដ្ឋាភិបាល។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នេះ ​បាន​ចេញ​ផ្សាយ​រិះគន់​អ្នក​ដឹកនាំ​រដ្ឋាភិបាល​រយៈ​ពេល​មួយ​ថ្ងៃ មុន​ពេល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) មក​ចូល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ លោក ប្រេដ អាដាម (Brad Adams) នាយក​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​ មនុស្ស។ លោក​បាន​​ជំរុញ​លោក​ប្រធានាធិបតី​អាមេរិក ដាក់​គំនាប​លើ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស ​និង​រំលោភ​ដី​ធ្លី។
«អូបាម៉ា គួរ​ប្រាប់ ហ៊ុន សែន ចំ​ៗ​តែ​ម្ដង​ថា ប្រទេស​ផ្ដល់​ជំនួយ​អាច​បន្ត​ទៀត​បាន លុះ​ត្រា​ណា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​កម្ពុជា បាន​ប្រសើរ​ឡើង​ជាបន្ទាន់។ អូបាម៉ា គួរ​និយាយ​ជា​សាធារណៈ និង​និយាយ​ត្រង់​ៗ​ទៅ​កាន់​ប្រជាពលរដ្ឋ​កម្ពុជា​ថា សហរដ្ឋអាមេរិក​ឈរ​នៅ​ខាង​ពួក​គាត់​ប្រឆាំង​នឹង​ការ​រំលោភ​ខាង​នយោបាយ ប្រឆាំង​នឹង​ការ​ត្រឡប់​មក​វិញ​នូវ​ប្រទេស​មួយ​ដែល​មាន​បក្ស​តែ​មួយ។ គាត់​គួរ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ថា បើ​គ្មាន​ការ​កែប្រែ​ប្រព័ន្ធ​នេះ​ទេ សហរដ្ឋអាមេរិក​​នឹង​ចាត់​ទុក​ថា ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​នេះ នឹង​មិន​មាន​តម្លៃ​អ្វី​ទេ»
ក្រៅ​ពី​នេះ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​សុំ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ជួយ​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រៀប​ចំ​ការ​បោះ​ឆ្នោត​ក្នុង​បរិយាកាស​សេរី និង​ត្រឹមត្រូវ ហើយ​សុំ​ឲ្យ​ដោះលែង​អ្នក​ទោស​ខ្មែរ​​ដែល​ជាប់​បាក់​ព័ន្ធ​រឿង​នយោបាយ​ទាំង​ អស់ រួម​ទាំង​​សុំ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ចេញ​ពី​ពន្ធនាគារ និង​ឲ្យ​លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន អាច​វិល​ចូល​រួម​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ បាន។
«អូបាម៉ា មិន​គួរ​ស្ទាក់​ស្ទើរ​ថ្កោល​ទោស ហ៊ុន សែន ដែល​វាយប្រហារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ដែល​គាត់​ប្រឹង​ប្រែង​ធ្វើ​ខ្លួន​កាត់​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​អស់​ មួយ​ជីវិត​នោះ​ទេ។ ភាព​ស្ងៀមស្ងាត់​ក្នុង​វេទិកា​សាធារណៈ ឬ​ការ​ជំរុញ​ដោយ​កាយវិការ​ទន់ភ្លន់ នឹង​អាច​ក្លាយ​ជា​សារ​មួយ​ថា សហរដ្ឋអាមេរិក មិន​បាន​រៀន​មេ​រៀន​បះបោរ​នៅ​អារ៉ាប (Arab) ទេ ហើយ​នឹង​បន្ត​ធ្វើ​ពាណិជ្ជកម្ម ជាមួយ​អ្នក​កាន់​អំណាច​ និង​រដ្ឋាភិបាល​​ផ្ដាច់​ការ​ដូច​សព្វ​មួយ​ដង​ដដែល»
លោក ប្រេដ អាដាម បាន​រំលឹក​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ ថា រដ្ឋាភិបាល​កម្ពុជា បាន​ប្រើ​កងកម្លាំង​ប្រដាប់​អាវុធ​វាយ​ធ្វើ​បាប ធ្វើ​ឲ្យ​បួស និង​ស្លាប់ ឬ​ចាប់​ដាក់​គុក​អ្នក​តវ៉ា​ក្នុង​រឿង​ទំនាស់​ដីធ្លី សកម្មជន​ការពារ​សិទ្ធិ​មនុស្ស សកម្មជន​ការពារ​ព្រៃឈើ រួម​ទាំង​អ្នក​កាសែត​ផង។
ដូច​សព្វ​មួយ​ដង​ដែរ មន្ត្រី​រដ្ឋាភិបាល​បាន​បដិសេធ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​លោក ប្រេដ អាដាម ដែល​នៅ​ក្នុង​អំឡុង​ពេល​មួយ​ខែ​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ប្រហាក់​ប្រហែល​គ្នា​នេះ​ពីរ​ដង​ហើយ​នោះ​ថា បម្រើ​ប្រយោជន៍​ឲ្យ​បក្ស​ប្រឆាំង និង​ចង់​បំបាក់​មុខមាត់​មេ​ដឹក​នាំ​ខ្មែរ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ លោក​ឆ្លើយ​ថា របាយការណ៍​នេះ មិន​បច្ចុប្បន្ន​ភាព ហើយ​លោក​បញ្ជាក់​ទៅ​លោក ប្រេដ អាដាម វិញ​ថា កំពុង​ឆ្លៀត​ឱកាស​បង្កើន​ប្រជាប្រិយ​ភាព​ខ្លួន​ឯង​ផ្ទាល់​ផង និង​កេរ្តិ៍​ឈ្មោះ​អង្គការ​សិទ្ធិ​មនុស្ស​ផង ក្នុង​ពេល​​​មាន​វត្តមាន​មេ​ដឹក​នាំ​ពិភព​លោក​ល្បី​ចូល​រួម​ប្រជុំ​នៅ​ កម្ពុជា។
ទោះ​យ៉ាងណា សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ ​​បាន​ប៉ាន​ប្រមាណ​ថា មាន​ប្រជាពលរដ្ឋ​​ខ្មែរ​ប្រហែល ៤​សែន​នាក់​ ត្រូវ​បាន​ផ្លាស់​ទីលំនៅ ដោយសារ​ផល​ប៉ះពាល់​ក្នុង​រឿង​ជម្លោះ​រិប​អូស​យក​ដីធ្លី តាំង​ពី​ឆ្នាំ​២០០៣ មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

We have no lands to farm any more President Obama! Please help us!

We have no house to live any more President Obama! Please help us!

Our love one was murdered by Hun Sen! Please help us Mr President!

Cambodia justice system kill the poor and serve the rich only, We have never been treat as human being in the court! Mr President!

Please help Khmers! we think you are the living God!

We are living under bullying and threatening from Hun Sen's relatives and friends. They can kill us at any time!

From the Voices of khmer Victims to President Obama!