Tuesday, December 25, 2012

តុលាការ​សាលាឧទ្ធរណ៍ បើកសវនាការ លើ​ករណី​អតីត​មេ​អង្គរក្ស​សម្តេច ជា ស៊ីម​

តើក្រុម ជា ស៊ីម រស់បានដល់ពេលណា ?  ក្រុម ជា ស៊ីម កុំថាឡើយដល់ប្រព្រិត្ត​បទ​ឧក្រិដ្ឋ សូម្បី​តែដក​ដង្ហើមរាងឭបន្តិច ក៏ ហ៊ុន សែន ចាប់​ដាក់​គុករាប់សិបជាតិដែរ តែ បើក្រុម ហ៊ុន សែន វិញ សម្លាប់មនុស្ស​អស់រាប់សិបនាក់ក៏គ្មានទោសអីដែរ  ជាក់​ស្តែង ឈូក បណ្ឌិត ។
តុលាការ​សាលាឧទ្ធរណ៍ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​បើក​សវនាការ លើ​សំណុំរឿង​ក្តី​អតីត​មេ​អង្គរក្ស​សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា លោក ឈឿន ចាន់ថន ហៅ ម៉ៅ​ 
(ថ្ងៃទី 25 ធ្នូ 2012, ម៉ោង 11:05:AM) | ដោយ: រតនា CEN
ភ្នំពេញ: តុលាការ​សាលាឧទ្ធរណ៍ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​បើក​សវនាការ លើ​សំណុំរឿង​ក្តី​អតីត​មេ​អង្គរក្ស​សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា លោក ឈឿន ចាន់ថន ហៅ ម៉ៅ​។ សវនាការ​នៅ​ព្រឹក​នេះ គឺ​តុលាការ​សាលាឧទ្ធរណ៍ លើកយក​ករណី​បណ្តឹង​នៅ​តុលាការ​យោធា និងតុលាការ​ស៊ីវិល មក​ជំនុំជម្រះបន្តបន្ទាប់ពីគ្នា។ ក្នុង​សំណុំរឿងក្តី នៅតុលាការយោធា ចោទប្រកាន់ ៥ បទល្មើស ដែល​តុលាការយោធា បាន​ផ្តន្ទាទោសដាក់​ពន្ធនាគារ​លើ​លោក ឈឿន ចាន់ថន ចំនួន ២៦ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​ជាង ៣ លាន​ដុល្លារ កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១២​។​


រីឯសំណុំរឿងក្តី នៅតុលាការស៊ីវិល នៅតុលាការ សាលាដំបូងរាជធានីភ្នំពេញ មាន​បទល្មើសចំនួន ៤ បទល្មើស ហើយតុលាការ សម្រេច​ផ្តន្ទាទោសដាក់​ពន្ធនាគារ​ចំនួន ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥ លាន​រៀល បង់​ចូល​ថវិការដ្ឋ។

​បន្ទាប់​ពី​សួរដេញដោល​សាក្សី មេធាវី និង​ជនជាប់ចោទ លោក ឈឿន ចាន់ថន រួច​មក ក្នុងសវនាការនៅតុលាការសាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០១២ លោក​ចៅក្រម សេង ស៊ី​វុត្ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានប្រកាសថា សាលដីកា​លើ​សំណុំរឿង​ក្តី​ទាំងពីរនេះ នឹង​ត្រូវ​ប្រកាស ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៣​។​

​ក្នុង​សវនាការ នៅ​តុលាការ​សាលាឧទ្ធរណ៍ កាលពី​ព្រឹក​ថ្ងៃទី​២៥​ធ្នូ លោក ពុធ ធា​វី មេធាវី​​ការពារ​ក្តី​លោកឈឿន ចាន់ថន បាន​លើក​អំណះអំណាង​ការពារ​អតី​តមេ​អង្គរក្ស​​សម្តេច ជា ស៊ីម ហើយ​ស្នើសុំ​ឲ្យ​តុលាការ​អញ្ជើញសម្តេច ជា ស៊ីម មក​ធ្វើជា​សាក្សី ក្នុង​សំណុំរឿង​ក្តី​នោះ​។ លោក​មេធាវី ក៏​បាន​ស្នើសុំ​ឲ្យ​ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ ចេញ​សាលដីកា​ថ្មី ដោយ​ច្រានចោល​នូវ​សេចក្តីសម្រេច​របស់​តុលាការ​យោធា មកលើ​លោក ឈឿន ចាន់ថន​។​

​ រីឯ​លោក ឈឿន ចាន់ថន ក្នុង​សវនាការ ក៏​បាន​ច្រានចោល​រាល់​ការចោទប្រកាន់ និង​ស្នើសុំ​ដល់​ក្រុមប្រឹក្សា​ជំនុំជម្រះ​របស់​តុលាការ​សាលាឧទ្ធរណ៍ ឲ្យ​លើកលែង​ការចោទ​ប្រកាន់​លើ​រូបលោក​។​

​ក៏​ប៉ុន្តែ​មេធាវី​ ដើមបណ្តឹង ដែលជា​ក្រសួង​ការពារជាតិ លោក ណា​ច ទ្រី បានទាមទារ​ឲ្យ​ចៅក្រមរក្សា​ការចោទប្រកាន់ និង​ផ្តន្ទាទោស​អតីត​មេបញ្ជាការ​អង្គរក្ស​សម្តេច ជា ស៊ីម ដូច​អ្វី​ដែល​តុលាការយោធា​បានសម្រេច​កន្លងមក​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​១៥​កុម្ភៈ ឆ្នាំ​២០១២ លោក ឈឿន ចាន់ថន ត្រូវបាន​តុលាការ​យោធា បើក​សវនាកា​រលើ​សំណុំរឿង​ចោទប្រកាន់ ៥ ករណី​។ ក្នុង​សវនាការ​កាល​នោះ លោក​មេធាវី ណា​ច ទ្រី មេធាវី​របស់​ក្រសួង​ការពារជាតិ និង​ជា​មេធាវី​របស់​លោក យឹម លាង មេ​អង្គរក្ស​សម្តេច ជា ស៊ីម ជា​ដើមបណ្តឹង បាន​ស្នើ​ដល់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​តុលាការ​យោធា ដោយ​ទាមទារ​ឲ្យ​ជនជាប់ចោទ ឈឿន ចាន់ថន សង​ប្រាក់​​ចំនួន ២.៥៦០.០០០ ដុល្លារ ជូន​ទៅ​សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ស្នើ​ទាមទារ​ឲ្យ​ជនជាប់ចោ​ទបង់​សំណង​ជំងឺ​ចិត្ត ចំនួន ៥០ ម៉ឺន​ដុល្លារ​ផងដែរ​។​

​តុលាការយោធា បាន​ចោទប្រកាន់​លើ​លោក ឈឿន ចាន់ថន ចំពោះ ៥ បទល្មើស រួមមាន​៖ ទី​១-​បទ​រំលោភ​លើ​ទុកចិត្ត​។ ទី​២-​បំផ្លិចបំផ្លាញ​សម្ភារៈ​បម្រើ​ការប្រយុទ្ធ ដោយ​ចេតនា​។ ទី​៣-​កេង​បំបាត់​ដោយ​ទុច្ចរិត​។ ទី​៤-​លក់ដូរ ចែកចាយ​អាវុធ សម្ភារៈ​យោធា សម្រាប់​បម្រើការប្រយុទ្ធ និង​ទី​៥-​ខ្វះ​ស្មារតី​ទទួលខុសត្រូវក្នុង​ការដឹកនាំ​គ្រប់គ្រង​អង្គភាព ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ឆ្នាំ​២០០៧​។ បទល្មើស​ទាំងនោះ ត្រូវ​ផ្តន្ទាទោសតាម​បញ្ញត្តិ​មាត្រា ​៦០១ មាត្រា​៤៤៧ មាត្រា​៣៩៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០១០ មាត្រា ២០ ច្បាប់ស្តីពីការគ្រប់គ្រង​អាវុធ​គ្រឿង​ផ្ទុះ​និង​គ្រាប់​រំ​សេវ​ឆ្នាំ​២០០៥ និង​មាត្រា​៩ នៃ​ក្រឹត្យ​ច្បាប់​លេខ​០៤ ឆ្នាំ​១៩៨១​។

​រហូត​ដល់​ ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ លោក ប៉ោ​ក ប៉​ន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការយោធា បាន​ប្រកាស​សាលក្រមចំពោះ​មុខ​លោក ឈឿន ចាន់ថន ដោយ​ផ្តន្ទាទោសដាក់ពន្ធនាគារ ២៦ ឆ្នាំ គិតពី​ថ្ងៃ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១១ និង​ពិន័យ​ជា​ប្រាក់​សរុប ជាង ៣ លាន​ដុល្លារ​អាមេរិក ព្រមទាំង​រឹបអូស​ទ្រព្យសម្បត្តិជាច្រើន​ទៀតរបស់លោក ឈឿន ថា​ន់​ថន​។​

​ សូម​រម្លឹកថា អតីត​ឧត្តមសេនីយ៍​ផ្កាយ​បី លោក ឈឿន ចាន់ថន ក៏​ត្រូវបាន​ចៅក្រម​តុលាការសាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ប្រកាស​សាលក្រម សម្រេច​ផ្តន្ទាទោសដាក់​ពន្ធនាគារ​ចំនួន ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥ លាន​រៀល បង់​ចូល​ថវិការដ្ឋ​។ កាលណោះ តុលាការ ក៏​សម្រេច​រឹបអូស​វត្ថុតាង រួមមាន​៖ កាំភ្លើង និង​សម្ភារៈ​មួយចំនួនទៀត ជូន​កង​អង្គរក្ស​សម្តេច ជា ស៊ីម វិញ​ផង​ដែរ​។​

​នៅ​តុលាការ​ស៊ីវិល សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឈឿន ចាន់ថន ហៅ ម៉ៅ អតីត​ឧត្តមសេនីយ៍ឯក អាយុ ៤១​ឆ្នាំ គឺ​ជា​អតីត​ប្រធាន​កង​អង្គរក្ស​សម្តេច ជា ស៊ីម និង​ជា​នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវបាន​ចោទប្រកាន់​ពី ៤ បទល្មើស គឺ​ទី​១-​បទ​កាន់កាប់​អាវុធ និង​គ្រាប់ ដោយ​គ្មាន​ការអនុញ្ញាត​។ ទី​២-​ចេញ​អាជ្ញាប័ណ្ណ​ឲ្យប្រើ​ប្រាស់​អាវុធ និង​គ្រាប់​ដល់​បុគ្គលដែល​មិនមែន​ជា​សមត្ថកិច្ច​។ ទី​៣-​បទ​ក្លែង​លិខិត​សាធារណៈ និង​ទី​៤-​ប្រើប្រាស់​លិខិត​ក្លែង​សាធារណៈ​។​

​ លោក ឈឿន ចាន់ថន ហៅ ម៉ៅ ត្រូវបាន​ប៉េអឹមចាប់ខ្លួនកាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១១ រួមជាមួយ​នឹង​អង្គរក្ស ៣​នាក់ នៅ​នឹង​លំនៅដ្ឋាន​លោក ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​បាន​រឹបអូស​យក​អាវុធ និង​គ្រាប់​ជាច្រើន រួម​ជាមួយ​សម្លៀកបំពាក់ និង​សម្ភារៈ​យោធា​ជាច្រើននៅក្នុង​ផ្ទះ​របស់​លោក​។

សូមរម្លឹកថា ក្នុងសវនាការ នៅតុលាការសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ ក៏លេចមានពាក្យបណ្តឹងពីធនាគារ UCB បានប្តឹងទាមទារលុយចំនួន ២ លានដុល្លារអាមេរិក ដែលលោក ឈឿន ចាន់ថន បានខ្ចី កាលពីនៅមានអំណាច និងបុណ្យស័ក្តិ៕​ S

1 comment:

Anonymous said...

Nothing is new! Peal c Peal!

One day in the future, good and Nationalist members in CPP will stand against DICK-Tator a Kwack Hoon Xen/Xok An

Khmeng Watt Botum