Wednesday, December 12, 2012

សហភាព​អឺរ៉ុប ស្នើ​ឲ្យ​កម្ពុជា​ទទួល​ស្គាល់​របាយការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី

(Photo: The Phnom Penh Post)
ដោយ កែវ និមល
2012-12-11 RFA

របាយការណ៍ និង​អនុសាសន៍​នានា​របស់​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា មាន​ការ​ទទួល​ស្គាល់ និង​វាយ​តម្លៃ​ខ្ពស់​ពី​មន្ត្រី​ការទូត​បរទេស​នានា​នៅ​កម្ពុជា។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ធ្វើ​សន្និសីទ​កាសែត​នៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ឆ្នាំ​២០១១។
នៅ​ក្នុង​ឱកាស​ខួប​លើក​ទី៦៤ ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ តំណាង​សហភាព​អឺរ៉ុប នៅ​កម្ពុជា បាន​លើក​ឡើង​អំពី​ភាព​ចាំបាច់​នៃ​របាយការណ៍​នោះ និង​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួល​ស្គាល់ និង​ធ្វើ​តាម​របាយការណ៍​នោះ​ផង


មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​កម្ពុជា មិន​ដែល​ទាត់​ចោល​អនុសាសន៍​នានា​របស់​លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ទេ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា មិន​ទទួល​យក​ចំណុច​ណា​ក្នុង​របាយការណ៍​ដែល​ហួស​សម័យ មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​កំពុង​កើត​មាន​នៅ​កម្ពុជា ឡើយ។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១១ ធ្នូ ថា លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា គឺ​ជា​ដៃគូ​ពិភាក្សា​របស់​រដ្ឋាភិបាល ប៉ុន្តែ​មិន​មែន​ជា​សត្រូវ​នោះ​ទេ។

ប្រសាសន៍​របស់​លោក ផៃ ស៊ីផាន លើក​ឡើង​បញ្ជាក់​មួយ​ថ្ងៃ​ក្រោយ ពេល​លោក ហ្សង់ ហ្វ្រង់ស្វ័រកូតាំង (Jean Francois Cautain) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក ហ្សង់ ហ្វ្រង់ស្វ័រកូតាំង មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ លើក​ទី៦៤ ធ្វើ​ឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដែល​មាន​មនុស្ស​ចូល​រួម​ប្រមាណ ៣​ពាន់​នាក់។
កន្លង​មក មន្ត្រី​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​ថា របាយការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី នោះ​មាន​លក្ខណៈ​លំអៀង គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។ លោក ឱម យ៉ិនទៀង ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី១០ ធ្នូ ថា រដ្ឋាភិបាល​កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការងារ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ជានិច្ច។

របាយការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ខែ​សីហា បាន​លើក​ឡើង​អំពី​ការ​រំលោភ​បំពាន​របស់​រដ្ឋាភិបាល​កម្ពុជា លើ​បញ្ហា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​លំនៅឋាន ករណី​ជម្លោះ​ដី​នៅ​បឹងកក់ និង​បុរីកីឡា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា នាំ​ឲ្យ​កើត​មាន​ជម្លោះ​ដីធ្លី​ស្ទើរ​ទូទាំង​ប្រទេស និង​អំពី​បញ្ហា​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា​ពី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន និង​ការ​តវ៉ា​ពី​គណបក្ស​ប្រឆាំង​ជាដើម

លោក សុរិយា ស៊ូប៊ែឌី ក៏​បាន​គូស​បញ្ជាក់​ក្នុង​របាយការណ៍​ថា កម្ពុជា ទទួល​បាន​អនុសាសន៍​ជាច្រើន ទាំង​ទ្វេ​ភាគី និង​ពហុភាគី ដោយ​អង្គការ​ផ្សេងៗ ប៉ុន្តែ​វា​គួរ​ឲ្យ​សោកស្ដាយ​ដែល​អនុសាសន៍​ភាគ​ច្រើន​បំផុត​ដែល​កម្ពុជា ទទួល​បាន​ដើម្បី​កែ​លំអ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ នៅ​តែ​មិន​មាន​ការ​អនុវត្ត៕

1 comment:

Anonymous said...

THE WHOLE WORLD IS SPOKEMAN FOR OPPOSITION PARTY, THAT MAKE HUN XEN FRUSTRATED AND ANGRY. WHAT A LOOSER!