Wednesday, December 26, 2012

ប៉ូលិស​បិទផ្លូវ រីឯ​អ្នក​ភូមិ​បឹងកក់ និង​បូរី​កីឡា រួមទាំង​អ្នក​ម៉ូតូឌុប ប្រមូលផ្តុំ​គាំទ្រ និង​ប្រឆាំង នៅ​តុលាការក្រុង​ភ្នំពេញ

អ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់​មុន្នី ត្រូវបាន​ផ្តល់​នាម ជា​អ្នកទោស​មនសិការ ដោយ​អង្គការ​លើក លែងទោស​អន្តរជាតិ​។ ស្ត្រី​ទាំង​ពីរ ប្រឈមមុខ​នឹង​ទោស​ជាប់ពន្ធនាគារ ពី ៦ ខែ ទៅ ៥ ឆ្នាំ​​
ប៉ូលិស​បិទផ្លូវ រីឯ​អ្នក​ភូមិ​បឹងកក់ និង​បូរី​កីឡា រួមទាំង​អ្នក​ម៉ូតូឌុប ប្រមូលផ្តុំ​គាំទ្រ និង​ប្រឆាំង នៅ​តុលាការក្រុង​ភ្នំពេញ
(ថ្ងៃទី 26 ធ្នូ 2012, ម៉ោង 02:27:PM) | ដោយ: រតនា CEN
ភ្នំពេញ: ផ្លូវ​នៅ​មុខ​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវបាន​ប៉ូលិស ដាក់រ​បាំងបិទ ចាប់ពី​ភ្លើងស្តុប អាងទឹក រហូត​ដល់​ភ្លើងស្តុប នាង​គ​ង្ហី​ង​។ តុលាការក្រុង​ភ្នំពេញ នៅ​រសៀល​ម៉ោង ២ ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ បើក​សវនាការ​កាត់ក្តី លើ​ស្ត្រី​អ្នក​តវ៉ា​ដីធ្លី​នៅ​បឹង​កក់ អ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់​មុន្នី អ្នក​តវ៉ា​ដីធ្លី នៅ​បុរី​កីឡា​។​ ​នៅមុខរ​បាំង​ រាំងផ្លូវ នៅ​ខាង​ភ្លើងស្តុប​នាង​គ​ង្ហី​ង មាន​ក្រុម​ប្រជាពលរដ្ឋ​បឹងកក់ និង​បូរី​កីឡា ជាច្រើន​នាក់ បាន​ប្រមូលផ្តុំ​លើក​បដា ស្រែក​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់​មុនី​។ ចំណែក​នៅ​ខាង​ភ្លើងស្តុប​អាងទឹក គឺ​ក្រុម​អ្នករត់​ម៉ូតូឌុប​រាប់​សិប​នាក់ បាន​ប្រមូលផ្តុំ លើក​បដា ទាមទារ​ឲ្យ​តុលាការ ផ្តន្ទាទោស លើ​អ្នកស្រី យ៉ោម បុប្ផា ដោយ​ពួកគេ​សំអាងថា ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ជា​អ្នកចូលរួម វាយ​ទៅលើ​អ្នក​រត់​ម៉ូតូ​ពីរ​នាក់ ឲ្យ​រងរបួស​។​ ក្រុម​អ្នក​ភូមិ​ បឹងកក់ និង​បុរី​កីឡា បាន​រុញច្រាន​ជាមួយនឹង​ក្រុម​ប៉ូលិស​បង្ក្រាប​បាតុកម្ម ដែល​បាន​ឈរ​រាំងផ្លូវ មិន​ឲ្យ​អ្នកភូមិ ចូល​ទៅ​កាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីមុន​ម៉ោង ២ រសៀល​នេះ​។ តែ​មិន​មាន​អំពើហិង្សា​កើតឡើង​ទេ​។​ ​ប៉ូលិស​ក៏​មិន​អនុញ្ញាត​ឲ្យ​ ក្រុម​ប្រជាពលរដ្ឋ​បឹងកក់ និង​អ្នក​បូរី​កីឡា ចូល​ទៅ​ស្តាប់​តុលាការ​កាត់ទោស​លើ​ស្ត្រី​បឹងកក់ និង​បូរី​កីឡា​ឡើយ​។ ក្នុងនោះ សូម្បីតែ​លោក​ស្រី មូរ សុខ​ហួរ អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ដែល​បាន​ចុះ​ទៅ​ជួប​ក្រុម​ស្ត្រី​បឹងកក់ និង​បូរី​កីឡា ដែល​បាន​ប្រមូលផ្តុំ​នៅ​មុខ​របាំង​ប៉ូលិស នៅ​ខាង​ភ្លើងស្តុប​នាង​គ​ង្ហី​ង ក៏​ប៉ូលិស​រារាំង មិនឲ្យ​លោក​ស្រីតំណាងរាស្ត្រ មូរ សុខ​ហួរ ចូល​ទៅ​កាន់​តុលាការ​ឡើយ​។​


​សូម​រម្លឹកថា តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​បើក​សវនាការ ដាច់ដោយឡែក​ពីគ្នា នៅ​រសៀល​ម៉ោង ២ ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ ដើម្បី​ជំនុំជម្រះ លើ​ករណី​ស្ត្រី​អ្នក​ភូមិ​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់​មុនី អ្នក​រស់នៅ​សហគមន៍​បុរី​កីឡា ដែល​មាន​ជម្លោះ​ដីធ្លី​។

​ ស្ត្រី​សកម្មជន​តវ៉ា​ដីធ្លី​ទាំង​ពីរ​នាក់ ត្រូវបាន​ចោទប្រកាន់ និង​ចាប់ខ្លួន ក្នុង​បទល្មើស​ព្រហ្មទណ្ឌ ដាច់ដោយឡែក​ពីគ្នា ដែល​អង្គការ​សិទ្ធិមនុស្ស អះអាងថា កើតចេញ​ពី​ការតវ៉ា​ដីធ្លី និង​ការពារ​ផ្ទះសម្បែង​របស់​ពួកគេ នៅ​បឹង​កក់ និង​នៅ​បូរី​កីឡា​។​

​ អ្នកស្រី យ៉ោម បុប្ផា និង​អ្នកស្រី ទឹម សាក់​មុន្នី ត្រូវបាន​ផ្តល់​នាម ជា​អ្នកទោស​មនសិការ ដោយ​អង្គការ​លើកលែងទោស​អន្តរជាតិ​។ ស្ត្រី​ទាំង​ពីរ ប្រឈមមុខ​នឹង​ទោស​ជាប់ពន្ធនាគារ ពី ៦ ខែ ទៅ ៥ ឆ្នាំ​។​

​អ្នកស្រី យ៉ោម បុប្ផា មាន​អាយុ ២៩ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២​។ អ្នកស្រី ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ប្រើ​អំពើហិង្សា ដោយ​ចេតនា តាមរយៈ​ការ​វាយ​លើ​បុរស​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​។ អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ( មណ្ឌល​អប់រំ​កែប្រែ​ទី​២ )​។

​ចំណែក​អ្នកស្រី ទឹម សាក់​មុន្នី អាយុ ៦៤ ឆ្នាំ អ្នក​រស់នៅ​សហគមន៍​បុរី​កីឡា ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២​។ អ្នកស្រី ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ផាន​អ៊ី​ម៉ិច ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​ផ្ទះល្វែង នៅ​បុរី​កីឡា​៕​ 

No comments: