Tuesday, December 25, 2012

លោក ហ៊ុន សែន ឡកឡឺយ​ដាក់​លោក កឹម សុខា ថា​ដើរ​ឃោសនា​បោក​ប្រាស់​ពលរដ្ឋ

ជា​ថ្មី​ម្ដង​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឡកឡឺយ​ដាក់​លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស ថា បាន​ដើរ​ឃោសនា​បោក​ប្រាស់​ប្រជាពលរដ្ឋ។
ក្នុង​សារ​នយោបាយ​ដែល​លោក ហ៊ុន សែន មិន​បាន​និយាយ​ចំ​ឈ្មោះ តែ​គេ​ដឹង​ថា​សំដៅ​លើ​លោក កឹម សុខា នោះ លោក ហ៊ុន សែន បាន​រិះគន់​ថា បក្ស សិទ្ធិ​មនុស្ស បាន​សន្យា​ថា​នឹង​ជូន​ប្រាក់​ខែ​ដល់​មនុស្ស​ចាស់​ជរា ប្រសិន​បក្ស​នេះ​ឈ្នះ​ឆ្នោត។ ការ​សន្យា​បែប​នេះ​ហើយ ដែល​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា ជា​រឿង​មិន​អាច​ធ្វើ​ទៅ​បាន។ ក៏ប៉ុន្តែ លោក កឹម សុខា ឆ្លើយ​ថា លោក​អាច​ធ្វើ​បាន​ដោយ​ងាយ គឺ​គ្រាន់​តែ​បំបាត់​អំពើ​ពុក​រលួយ​តែ​ប៉ុណ្ណោះ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ទី២៥ ធ្នូ ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ធ្វើ​ជី​កសិកម្ម​នៅ​ខេត្ត​កណ្ដាល ថា មាន​អ្នក​នយោបាយ​ខ្លះ​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា បើ​សិន​ជា​ខ្លួន​ឈ្នះ​ឆ្នោត នឹង​បើក​ប្រាក់​ខែ​ឲ្យ​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់​ពី ៦៥​ឆ្នាំ​ឡើង​ទៅ ក្នុង​១ខែ ៤ម៉ឺន​រៀល​លុយ​ខ្មែរ ឬ​ប្រហែល ១០​ដុល្លារ​អាមេរិក។ លោក ហ៊ុន សែន បាន​និយាយ​ថា ពាក្យ​សន្យា​នោះ​ជា​ពាក្យ​សន្យា​ដែល​មិន​អាច​ធ្វើ​បាន។

លោក ហ៊ុន សែន បាន​និយាយ​ទៀត​ថា ក្នុង​នាម​លោក​ជា​នាយក​រដ្ឋមន្ត្រី​នោះ លោក​ក៏​ចង់​បើក​ប្រាក់​ខែ​ឲ្យ​មនុស្ស​ចាស់​នៅ​កម្ពុជា ដែរ ប៉ុន្តែ​រដ្ឋ​វា​គ្មាន​លុយ ដូច្នេះ​មិន​ដឹង​បាន​ប្រាក់​ពី​ណា​មក​ចែក​ឲ្យ​មនុស្ស​ចាស់​នៅ​កម្ពុជា នោះ។
ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គឺ​ឆ្លើយ​តប​ចំពោះ​មតិ​លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស ដែល​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត ខណ្ឌ​នានា លោក​តែង​តែ​លើក​ឡើង​ថា សុំ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស សិទ្ធិ​មនុស្ស ហើយ​បើ​សិន​ជា​គណបក្ស សិទ្ធិ​មនុស្ស ឈ្នះ​ឆ្នោត នឹង​រៀបចំ​ឲ្យ​មាន​ថវិកា​ជាតិ​ជួយ​ទ្រទ្រង់​មនុស្ស​ចាស់​ចាប់​ពី​អាយុ ៦៥​ឆ្នាំ​ឡើង​ទៅ ក្នុង​១ខែ ៤​ម៉ឺន​រៀល​លុយ​ខ្មែរ ឬ​ប្រហែល ១០​ដុល្លារ​អាមេរិក។
ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នេះ លោក កឹម សុខា សមាជិក​សភា និង​ជា​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ពី​ប្រទេស​បារាំង ឲ្យ​ដឹង​ថា ការ​ជួយ​ផ្គត់ផ្គង់​មនុស្ស​ចាស់ ជា​គោល​នយោបាយ​គណបក្ស​លោក ហើយ​លុយ​ជួយ​ទាំង​នោះ​បាន​មក​ពី​ថវិកា​ជាតិ។
លោក កឹម សុខា បន្ថែម​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ទាក់​ទង​ការ​ជួយ​មនុស្ស​ចាស់​នេះ ដោយ​សារ​លោក ហ៊ុន សែន មាន​ការ​ព្រួយ​បារម្ភ​ថា ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ដែល​លោក កឹម សុខា ដឹក​នាំ ហើយ​ម៉្យាង​ទៀត ដោយ​សារ​លោក ហ៊ុន សែន កាន់​អំណាច​ជា​យូរ​មក​ហើយ តែ​មិន​ដែល​បាន​គិតគូរ​ជួយ​មនុស្ស​ចាស់​សោះ។
ការ​មាន​មតិ​រិះគន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​លើ​លោក កឹម សុខា អំពី​កម្មវិធី​នយោបាយ​នានា​ក្នុង​ពេល​នេះ ដោយ​សារ​ការ​បោះ​ឆ្នោត​រើស​សមាជិក​រដ្ឋសភា​អាណត្តិ​ទី៥ នៅ​ថ្ងៃ​ទី២៨ កក្កដា កាន់​តែ​ឈាន​ជិត​មក​ដល់​ហើយ។ បច្ចុប្បន្ន​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី មិន​ទាន់​អាច​ចូល​មក​ក្នុង​ប្រទេស​បាន និង​ត្រូវ​អាជ្ញាធរ​លុប​ឈ្មោះ​ចេញ​មិន​ឲ្យ​មាន​សិទ្ធិ​បោះ​ឆ្នោត​ឡើយ ដូច្នេះ​នៅ​សល់​តែ​លោក កឹម សុខា ជា​បេក្ខជន​ម្នាក់​គត់​ដែល​មាន​សក្ដានុពល​អាច​ប្រជែង​តំណែង​នាយក​ រដ្ឋមន្ត្រី​ជាមួយ​លោក ហ៊ុន សែន បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

nis heuy chear CHAREITH dorr AH KROKK CHORLL MASHIET ROBORSS NEAK DEIK NORMM KHMER, AH,KDORR NA KOR DAUCH AH KDHOR NA DAI,

Anonymous said...

មិនបាច់ឆ្លើយតបនឹងអាខ្វាក់នេះទេ គ្រាន់តែ
សួរវាវិញថា ហេតុអិបានជាឲ្យយួនចូលស្រុក
ច្រើនម្ល៉េះ ? គេគិតខ្មែរ គេនិយាយពីខ្មែរ អា
ឆ្កែនេះនិយាយថាមិនបាន វាមានគំនិតស្រឡាញ់
ជាតិខ្លួនឯងឬទេ?