Monday, December 17, 2012

លោក​​ស៊ូប៊ែឌី​​ពន្យល់​​ពី​​តួនាទី​​និង​​បន្ត​​លើក​​ឡើង​​ពី​​ការ​​រំលោភ​​សិទ្ធិ​​មនុស្ស​​នៅ​​កម្ពុជា

លោក ស៊ូរីយា​ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អសបទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

ថ្ងៃ សុក្រ 14 ធ្នូ 2012
ដោយ លី ម៉េងហួរ
Radio France Internationale

អាច​​ថា​​ជា​​ការ​​ឆ្លើយ​​តប​​ទៅ​​កាន់​​ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា​គឺ​​នៅ​​ថ្ងៃ​​សុក្រ​​នេះ​​លោក​ស៊ូរិយា​ ប្រាសាទ​ស៊ូប៊ែឌី ​បាន​​បញ្ជាក់​​ជា​​ថ្មី​​ពី​​តួនាទី​​របស់​​លោក​ដែល​​ក្រុម​​ប្រឹក្សា​​សិទ្ធិ​មនុស្ស ​អង្គការ​​សហ​ប្រជាជាតិ​​ប្រគល់​​ឲ្យ​​គឺ​​លោក​​ត្រូវ​​តាម​​ឃ្លាំមើល​​ស្ថានភាព​​សិទ្ធិ​​មនុស្ស​នៅ​​ក្នុង​​ប្រទេស​​និង​​រាយការណ៍​​ជា​​សាធារណៈ​​ទៅ​​ក្រុម​​ប្រឹក្សា​​សិទ្ធិ​​មនុស្សវិញ។​ ចំណែក​​អនុសាសន៍​​របស់​​លោក​​គ្រាន់តែ​​លោក​​ចង់​​ឲ្យ​​ស្ថានភាព​​សិទ្ធិ​​មនុស្ស​​នៅ​​កម្ពុជា​ បាន​​ប្រសើរ​​ប៉ុណ្ណោះ។​ លោក​ ស៊ូប៊ែឌី ​ក៏​​បាន​​សម្តែង​​ការ​​ភ្ញាក់​​ផ្អើល​​និង​​មិន​​យល់​​ពី​​ហេតុផល​​អ្វី​បាន​​ជា​​ប្រមុខ​​រដ្ឋាភិបាល​​លោក​​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ប្រតិកម្ម​​នឹង​​អនុសាសន៍​​របស់​​លោក​ហើយ​​មិន​​ជួប​​រូប​​លោក។​យ៉ាង​ណា​ក៏ដោយក្នុង​​បេសកកម្ម​លើក​​នេះ ​លោក​​ស៊ូប៊ែឌី ​បន្ត​​លើក​​ឡើង​​ពី​​បញ្ហា​​ដីធ្លី​ ប្រព័ន្ធ​​តុលាការ​​​​មិន​​ឯករាជ្យ​ ប្រព័ន្ធ​​បោះ​ឆ្នោត​ រួម​​ទាំង​​ព្រួយ​​បារម្ភ​​ពី​​សេរីភាព​​បញ្ចេញ​​មតិ​នៅ​​កម្ពុជា។​
ចាប់តាំងពីទទួលបានការតែងតាំងពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុង​ខែ​មីនា​ឆ្នាំ​២០០៩​លោក ស៊ូរិយា ប្រាសាទ ស៊ូប៊ែឌី បានធ្វើរបាយការណ៍សំខាន់ធំៗចំនួនបួន ដោយ​​បានធ្វើការវិភាគជាលំអិតអំពីស្ថានភាពសិទ្ធិមនុស្សនិងបញ្ហាប្រឈមដែល​ប្រទេស​កម្ពុជា​​ជួបប្រទះ​ទាក់ទងនឹងការការពារ​និងការលើកស្ទួយសិទ្ធិមនុស្ស។
របាយការណ៍ប្រចាំឆ្នាំរបស់លោកស៊ូប៊ែឌីដាក់ជូនក្រុមប្រឹក្សាសិទ្ធិ
មនុស្សអង្គការ​សហប្រជា​ជាតិ បានផ្តោតជាសំខាន់លើប្រព័ន្ធយុតិ្តធម៌ រដ្ឋសភា និង កំណែទម្រង់ប្រព័ន្ធបោះឆ្នោត និង ផលប៉ះពាល់ លើសិទ្ធិមនុស្ស ដោយសម្បទានគោលដៅសេដ្ឋកិច្ច និងសម្បទាន​ដទៃផ្សេង​ទៀត


ក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃសុក្រនេះ ដែលពេលបិទបញ្ចប់បេសកកម្ម រយៈពេល​មួយ​សប្តាហ៍ ចាប់ពីថ្ងៃទី៨ធ្នូ លោក ស៊ូប៊ែឌី បានប្រកាសថា អាណត្តិការងារសំខាន់ដែល​ក្រុម​ប្រឹក្សា​​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ប្រគល់ឲ្យលោកគឺការឃ្លាំមើលស្ថានភាព​សិទ្ធិ​មនុស្ស​នៅក្នុងប្រទេសកម្ពុជា និងរាយការណ៍ជាសាធារណៈទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស
លោក ស៊ូប៊ែឌី ជឿជាក់ថាការសន្ទនាគឺជាមធ្យោបាយមួយដ៏សំខាន់ ឆ្ពោះទៅមុខ ហើយ​លោក​​បានបញ្ជាក់ម្តងហើយម្តងទៀតអំពីសារៈសំខាន់ នៃការសន្ទនានេះ ជាមួយដៃគូពាក់ព័ន្ធ​ទាំង​អស់​ហើយជាពិសេសរដ្ឋាភិបាល។
លោក ស៊ូប៊ែឌី អះអាងថា លោកបានប្រកាន់ភ្ជាប់នូវគោលការណ៍សន្ទនាក្នុងន័យស្ថាបនា ក្នុង​​ការបំពេញអាណត្តិការងាររបស់លោក ហើយនឹងបន្តធ្វើដូចនេះតទៅទៀត។ គោលដៅ​របស់​លោក គឺការផ្តល់ប្រឹក្សាយោបល់ សម្រាប់អនាគត នៃប្រទេសកម្ពុជា មានសុខសន្តិភាព ប្រជាធិបតេយ្យ ស្ថិរភាព និងនិរន្តរភាព ហើយអនុសាសន៍របស់លោក ធ្វើឡើង ដើម្បីផ្តល់ជូន​ជា​ដំណោះស្រាយ ចំពោះបញ្ហាប្រឈមមួយចំនួនខាងសិទ្ធិមនុស្ស ក្នុងប្រទេសនេះ

លោក ស៊ូប៊ែឌី ក៏បានសម្តែងការសោកស្តាយជាខ្លាំងដែលលោកមិន​បានជួប​ប្រាស្រ័យ​ទាក់​ទង​​ជាមួយដៃគូពិភាក្សាក្នុងជួររដ្ឋាភិបាលនាពេលនេះ។អ្នករាយការណ៍ពិសេសក៏បាន​​ប្រកាស​​​ថា
លោកមិនដឹងច្បាស់ទេថា ហេតុអ្វីបានជាស្ថានភាពទំនាក់ទំនងរវាងលោក និង​រដ្ឋាភិបាល កើតឡើងយ៉ាងដូច្នេះ ហើយតើមកពីហេតុអ្វី?
លោក ស៊ូប៊ែឌី ក៏បានបង្ហាញការភ្ញាក់ផ្អើល ដោយបានឮប្រតិកម្មចំពោះ អនុសាសន៍​មួយ​ចំនួន​របស់លោក។ តែលោកអរគុណរដ្ឋាភិបាលដែលបានអញ្ជើញរូបលោកមកប្រទេស​កម្ពុជា និងមិនធ្វើឲ្យមានការរាំងស្ទះដំណើររបស់លោកជួបនឹងជនរងគ្រោះដោយអំពើ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស

ក្នុងដំណើរការបេសកកម្មលើកនេះ លោក ស៊ូប៊ែឌី បានសំរេចចិត្ត ផ្តោតលើការឃ្លាំមើល​ស្ថាន​ភាព​សិទ្ធិមនុស្ស នៅកម្ពុជា និងតាមដានការអនុវត្តអនុសាសន៍ទាំងឡាយ ដែលមាន​នៅ​ក្នុង​របាយការណ៍លើកមុនៗ របស់លោក។លោកស៊ូប៊ែឌី បានបន្តលើកឡើងថា កម្ពុជាបន្ត​អនុវត្ត​បាន​ល្អលើសូចនាករជាច្រើនក្នុងវិស័យ​សេដ្ឋកិច្ចគាំទ្រដោយស្ថិរភាពនយោបាយ។ ក៏​ប៉ុន្តែ​លោក ​ស៊ូប៊ែឌី មើលឃើញថាដោយ​សារ​តែកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ សិទ្ធិលើដីធ្លី បាន​ក្លាយ​ជា​បញ្ហា​ដ៏ធំមួយ ក្នុង​ប្រទេសកម្ពុជា។លោកស៊ូប៊ែឌី បាន​ធ្វើ​ការ​អំពាវនាវ​សូម​ឲ្យ​ពន្លឿន​ការ​អនុវត្ត​កម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី​ប្រកប​​ដោយភាពត្រឹមត្រូវនិងតម្លាភាព ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា។ ​លោកក៏មានកង្វល់ជាច្រើន​អំពីការ​អនុវត្តកម្មវិធីផ្តល់ប័ណ្ឌកម្មសិទ្ធិដីធ្លី ដូចជា កង្វះ​តម្លា​ភាព ផលប៉ះពាល់របស់កម្មវិធីនេះ ទៅ​លើជនជាតិដើមភាគតិច និង​អំពី​របៀប​ជ្រើស​រើស​សហគមន៍​ដែលត្រូវផ្តល់ប័ណ្ណកម្ម​សិទ្ធិ​ដីធ្លី។
លោក ស៊ូប៊ែឌី ជាថ្មីម្តងទៀត បានជំរុញឲ្យគ្រប់ភាគីទាំងអស់ និងគណៈកម្មាធិការជាតិ​រៀប​ចំ​ការបោះឆ្នោត ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី យុត្តិធម៌ និងសន្តិវិធីអំពីឯករាជ្យ​ភាព និងសមត្ថភាពនៃប្រព័ន្ធតុលាការ ក៏ត្រូវអ្នករាយការណ៍លើកឡើងដែរ។ ក្នុងនោះ លោក ស៊ូប៊ែឌី ក៏នៅតែមានការព្រួយបារម្ភជាខ្លាំងអំពីវប្បធម៌និទណ្ឌភាព នៅកម្ពុជា ដែលមិនមាន​ជន​ល្មើស ត្រូវបាននាំខ្លួនមកតុលាការ ដើម្បីផ្តន្ទា​ទោស​ឡើយ។លោក ស៊ូប៊ែឌី ក៏បាន​បញ្ជាក់​ថា លោកពិតជាមានការព្រួយបារម្ភជាខ្លាំងអំពីសេរីភាពក្នុង​ការ​បញ្ចេញមតិនៅកម្ពុជា​ ដូច​ជា​ករណី​មួយចំនួន ទាក់ទងនឹង​ការគំរាម​កំហែង និងការធ្វើទុក្ខបុក​ម្នេញ​ដល់អ្នក ដែល​បំពេញ​ការងារ​ក្នុងវិស័យព័ត៌មាន និងតស៊ូមតិផ្នែក​សិទ្ធិមនុស្ស នៅ​កម្ពុជា ជាដើម។

តាមលោក ស៊ូប៊ែឌី អនុសាសន៍ទាំងឡាយរបស់លោក ដែលលើកឡើង អំពីមធ្យោបាយ​ក្នុង​ការដោះស្រាយបញ្ហាប្រឈមទាំងនេះ គឺគ្រាន់តែដាក់ជូនរាជរដ្ឋាភិបាល ដើម្បីធ្វើការ​ពិចារណា​តែប៉ុណ្ណោះ។ លោកគោរពទាំងស្រុង ចំពោះអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​សំរេចចិត្ត​ដើម្បី​ផល​ប្រយោជន៍​ជាតិ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសមិន​ទទួល​ជួប​លោក ​ស៊ូប៊ែឌី ដែល​ទំនងជាលោកនាយករដ្ឋមន្ត្រីចង់ថា​លោក ស៊ូប៊ែឌី រំលោភលើ​អធិបតេយ្យ​ភាពរបស់កម្ពុជា៕

1 comment:

Anonymous said...

ក្នុងរបបខ្មែរក្រហម គេនិយាយថាអង្គការភ្នែកម្នាស់ របស់ខ្មែរក្រហម សម្រាប់តាមដានប្រជាពលរដ្ឋ។តែពេលនេះខុសពីរបបមុន ដោយមានអង្គការសង្គមស៊ីវិល ជាតិនឹងអន្តរជាតិជួយឃ្លាំមើលរដ្ឋាភិបាលច្រើន ប៉ុណ្ណឹងហើយនៅមានអំពើហឹង្សា ខ្លះរបួសនឹងខ្លះស្លាប់ទៀតផង។ដោយមានអំពើហឹង្សានឹងការលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរនៅកម្ពុជា ប្រព័ន្ធតុលាការមិនយុត្តិធម៍ គ ជ ប មិនឯករាជ្យទើបអង្គការសហប្រជាជាតិ បញ្ជូនអ្នកតំណាងមកត្រួតពិនិត្រ បើគ្មានអង្គការនាៗនៅក្នុងប្រទេសទេ វាសនារាស្ត្រខ្មែរមិនខុសពីរបប ប៉ុល ពត ទេ។រាជរដ្ឋាភិបាលបានត្រូវរងការចោទប្រកាន់ប៉ុណ្ណឹងហើយ នៅតែរួញក្បាលមិនជួបជាមួយតំណាងពិសេសរបស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយនូវទង្វើរទាំងឡាយ ដែលត្រូវបានចោទប្រកាន់នោះទេ ដោយយកលេសយ៉ាងនេះយ៉ាងនោះ ព្រោះទង្វើរដែលរដ្ឋាភិបាលបាន ប្រព្រឹត្តកន្លងមកដូចការចោទប្រកាន់មែនឬ? ទើបចេះតែគេច បើយើងពិតជាស្អាតស្អំមែនគួរជួបជាជាងគេចវេះ។