Friday, December 14, 2012

អ្នកធ្វើការឲ្យគណៈកម្មាធិការ​បន្លំ​សន្លឹក​ឆ្នោតត្រូវមេបន្លំប្រាក់ខែ

ទេព នីថា (Photo: The Phnom Penh Post)
មន្ត្រី​កិច្ចសន្យា​របស់​គ.ជ.ប​មិន​ទាន់​បាន​បើក​ប្រាក់​ខែ​ខណៈ​ជិត​ផុត​កិច្ចសន្យា

ដោយ អ៊ុក សាវបូរី
2012-12-12
Radio Free Asia

មន្ត្រី​ជាប់​កិច្ចសន្យា​ធ្វើ​ការងារ​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស មិន​ទាន់​ទទួល​បាន​ប្រាក់​ខែ​ចាប់​ពី​ខែ​តុលា មក​ដល់​បច្ចុប្បន្ន​នៅ​ឡើយ​ទេ។ បញ្ហា​នេះ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បំភ្លឺ​ថា ជា​រៀងរាល់​ចុង​ឆ្នាំ មន្ត្រី​ធ្វើ​ការងារ​បោះ​ឆ្នោត​តែងតែ​យឺតយ៉ាវ​ក្នុង​ការ​បើក​បាន​ប្រាក់​ខែ​ទាំង​អស់​គ្នា។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា ធ្វើ​សន្និសីទ​កាសែត នា​ទីស្ដីការ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២។

មន្ត្រី​ជាប់​កិច្ចសន្យា​ជាង ២០០​នាក់ កំពុង​ធ្វើ​ការ​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ត្អូញ​ថា ពួក​គាត់​ជិត​ផុត​កំណត់​កុងត្រា ៣​ខែ​ហើយ មិន​ទាន់​បើក​ប្រាក​ខែ​ទេ។
មន្ត្រី​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​អះអាង​ថា គាត់​ជា​មន្ត្រី​រាជការ​ដែល​ធ្លាប់​ជួយ​ធ្វើ​ការ​ជាមួយ គ.ជ.ប ច្រើន​ឆ្នាំ​មក​ហើយ។ ​ប៉ុន្តែ​នៅ​ឆ្នាំ​២០១២ គាត់​ជា​មន្ត្រី​កិច្ចសន្យា​រយៈពេល​ខ្លី ៣​ខែ។ គាត់​ចូល​ធ្វើ​ការ​ពី​ថ្ងៃ​១៨ ខែ​តុលា ដល់​ថ្ងៃ​១៧ ខែ​ធ្នូ នឹង​ត្រូវ​ផុត​កុងត្រា។ តាំង​ពី​ចូល​ធ្វើ​ការ​រហូត​ជិត​ផុត​កុងត្រា គាត់​មិន​ទាន់​បាន​ទទួល​ប្រាក់​ខែ ៨២​ម៉ឺន​រៀល​ដែល គ.ជ.ប សន្យា​ផ្ដល់​ឲ្យ​ក្នុង ១​ខែ​នោះ​ទេ។

ប្រភព​មិន​បញ្ចេញ​ឈ្មោះ៖ «ពិបាក​ដែរ ព្រោះ​អត់​ប្រាក់​ខែ​អ៊ីចឹង។ ប៉ុន្តែ​មិន​ដឹង​ថា នៅ​ខាង​លើ​គេ​ចេះ​តែ​ថា នៅ​មិន​ទាន់​បើក។ ខ្ញុំ​មិន​ដឹង​ថា ថ្នាក់​ណា​កំណត់​ថា បើក ឬ​មិន​បើក​ទេ។ និយាយ​រួម​ការ​បើក​ពី​រតនាគារ គេ​បើក... អ៊ីចឹង​ខ្ញុំ​មិន​ដឹង​ទេ​រឿង​ថវិកា​នោះ ប៉ុន្តែ​វា​មាន​ការ​យឺតយ៉ាវ​ជា​ទូទៅ អ៊ីចឹង​រដ្ឋ​ក៏​អ៊ីចឹង​ដែរ ជួនណា ២​ខែ​ឯ​ណោះ»


មន្ត្រី​មួយ​រូប​ទៀត​បន្ថែម​ថា អ្នក​ចូល​ធ្វើ​ការ​នៅ គ.ជ.ប ក្នុង​កុងត្រា​ខ្លី​នេះ ព្រោះ​សង្ឃឹម​ថា​នឹង​បាន​ទទួល​ប្រាក់​ជាង ៨២​ម៉ឺន ក្នុង ១​ខែ ដែល​ច្រើន​ជាង​ប្រាក់​គាត់​ធ្វើ​ការ​នៅ​ការងារ​រដ្ឋ​ដទៃ​ទៀត។ ប៉ុន្តែ​ការ​យឺត​បើក​ឲ្យ​នេះ ជា​បញ្ហា​ចោទ​ចំពោះ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​ដែរ។

លោក​សង្ឃឹម​ថា នៅ​ពេល​ផុត​កុងត្រា នៅ​ថ្ងៃ​១៧ ខែ​ធ្នូ ឆ្នាំ​២០១២ ខាង​មុខ គ.ជ.ប នឹង​ហៅ​គាត់​ទៅ​បើក​ប្រាក់​បំរើ​ការងារ​រយៈពេល​ខ្លី​នេះ៖ «ខ្ញុំ​មិន​គិត​ថា គេ​បោកប្រាស់​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​យឺត យឺត​យូរ​ទៅ​វា​ពិបាក​ក្នុង​ជីវភាព ព្រោះ​អ្នក​ធ្វើ​នោះ​សុទ្ធ​តែ​លំបាក​ក្នុង​ជីវភាព»

ឆ្លើយ​តប​នឹង​ក្ដី​បារម្ភ​មិន​ទាន់​បាន​បើក​ប្រាក់ខែ​របស់​មន្ត្រី​ជាប់​កិច្ច​សន្យា​រយៈពេល​ខ្លី អគ្គលេខាធិការ​នៃ គ.ជ.ប លោក ទេព នីថា ថ្លែង​ថា មិន​ថា​តែ​មន្ត្រី​ជាប់​កិច្ចសន្យា ២១៦​នាក់ ដែល​ធ្វើ​ការងារ​ផ្នែក​កុំព្យូទ័រ​នៅ គ.ជ.ប នោះ​ទេ ដែល​មិន​ទាន់​បាន​បើក​ប្រាក់​ខែ គឺ​មន្ត្រី​ធ្វើ​ការ​ផ្នែក​បោះ​ឆ្នោត​ទាំង​អស់ មិន​ទាន់​បើក​ប្រាក់​ខែ​ចាប់​ពី​តែ​តុលា មក។

លោក ទេព នីថា៖ «ហើយ​ដូច​ជា​ខែ​នេះ​យើង​អត់​ទាន់​បាន​ទទួល​ប្រាក់​កម្រៃ​ពី​ខែ​មុន​ផង ហើយ​យើង​កំពុង​តែ​ទំនាក់ទំនង​ក្រសួង ព្រោះ​ថា​ថវិកា​យឺតយ៉ាវ​នៅ​ចុង​ឆ្នាំ អាច​ថា វា​មាន​ស្ទើរ​រាល់​ឆ្នាំ មាន​ការ​យឺតយ៉ាវ​បន្តិច ក៏​ប៉ុន្តែ​នៅ​ពេល​យើង​បើក​បាន យើង​នឹង​បើក​ផ្ដល់​ជូន​ទាំង​អស់​ហើយ»

មន្ត្រី​រដ្ឋបាល​នៃ គ.ជ.ប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​១២ ខែ​ធ្នូ ឆ្នាំ​២០១២ ថា មន្ត្រី​កំពុង​បម្រើ​ការងារ​បោះ​ឆ្នោត​នៅ គ.ជ.ប ក្នុង​ខែ​ធ្នូ ទាំង​អ្នក​ជាប់​កិច្ចសន្យា​ដែល​មាន​ក្រុម​និស្សិត និង​មន្ត្រី​ផង​នោះ សរុប​មាន​ចំនួន ៦៩៨​នាក់៕

3 comments:

Anonymous said...

POUK AH CHOY Marai Kon Chao Arch Kdor Ah Chkae Hun Sen ,Soth Ter Chhleung Chun Chuk Chheam reas.

Anonymous said...

មកពីពួកវាស៊ុំគ្រលំបង្កើតគណៈកម្មការនេះដោយ
គ្នាវា ម៉្លោះហើយគេឈប់ជួយលុយទៅ ម៉េចត្រូវ
ត្រដរខ្យល់ហើយឬ? ម៉េចមិនពូកែទៀតទៅ ។

Anonymous said...

អាហ្នឹងហើយដែលពលរដ្ឋខ្មែរ ទាំងក្នុងនិងទាំងក្រៅ
រំពឹងចង់បាន ព្រោះអាពួកអស់នេះ គឺអាក្រុមអាចោរ
ហារយ រស់បានតែដោយសារការបន្តក់ទឹកសន្សើម
ពីបរទេស។ យើងខ្ញុំ យល់ថា ការបញ្ឈប់ជំនួយ
ដល់អារបបផ្ដាច់ការ តើអាចត្រដររស់បានដោយ
របៀបណា? អាខុមហ្រ្វែល ល្អតែឈ្មោះ តែបែ
ជាលក់ខួក្បាលឱ្យយួននិងបរិវារទាំងស្រុង៕