Saturday, December 22, 2012

ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់ ចោទ​មន្ត្រី​បក្ស​ប្រជាជន​ថា​រើសអើង​នយោបាយ

នេះ​គឺ​ជា​ទឹក​ទេវតា គឺ​បក្ស​ប្រជាជន​កម្ពុជា
ដោយ មណ្ឌល កែវ
2012-12-21 RFA

ស្រែ​ស្រូវ​ប្រាំង​ជាច្រើន​ហិកតារ នៅ​ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ កំពុង​ស្លោក​ក្រៀម ហើយ​ងាប់​ជា​បណ្ដើរៗ​ដោយ​សារ​ខ្វះ​ទឹក​ស្រោចស្រព។ (RFA/Mondul Keo)
អ្នក​ភូមិ​ដែល​ជា​សមាជិក​គណបក្ស​ផ្សេង​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ត្រឹម​ឈរ​សម្លឹង​មើល​ទឹក តែ​មិន​អាច​បូម​ដាក់​ស្រែ​បាន នៅ​ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០១២។

អ្នក​ភូមិ​បាន​ចោទ​ប្រកាន់​ថា មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​រើសអើង​មិន​ឲ្យ​គាត់​បូម​ទឹក​ពី​ប្រឡាយ​មក​ដាក់​ក្នុង​ស្រែ ទើប​បណ្ដាល​ឲ្យ​ស្រូវ​គាត់​ងាប់ ព្រោះ​ពួក​គាត់​មិន​មែន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រជាពលរដ្ឋ ២៥​គ្រួសារ នៅ​ភូមិ​ពោធិ៍អណ្ដែត ឃុំ​កញ្ជរ បាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ចំពោះ​មន្ត្រី​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ហាម​ឃាត់​មិន​ឲ្យ​គាត់​បូម​ទឹក​ពី​ប្រឡាយ​មក​ដាក់​ស្រែ ធ្វើ​ឲ្យ​ស្រូវ​គាត់​ខ្វះ​ទឹក​ក្រៀម​ស្លោក និង​ងាប់​ស្រូវ​ជា​បណ្ដើរៗ។


ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ឈាង នី អាយុ ៤១​ឆ្នាំ នៅ​ភូមិ​ពោធិ៍អណ្ដែត ឃុំ​កញ្ជរ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២១ ធ្នូ ថា ស្រូវ​គាត់​ជិត​មួយ​ហិកតារ​កំពុង​ក្រៀម​ស្វិត ព្រោះ​ខ្វះ​ទឹក​ស្រោច​ស្រព​ជិត​មួយ​ខែ​ហើយ។ គាត់​ថា ទឹក​ក្នុង​ប្រឡាយ​មិន​ខ្វះ​នោះ​ទេ តែ​មន្ត្រី​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​កណ្ដៀង គឺ​លោក សំរិទ្ធ ជា មិន​ឲ្យ​គាត់​បូម​ដាក់​ស្រែ ព្រោះ​តែ​គាត់​មិន​មែន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ ស្ត្រី​រូប​នេះ​សំណូម​ពរ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គាត់​បាន​បូម​ទឹក​ពី​ប្រឡាយ​មក​សង្គ្រោះ​ស្រូវ​ផង៖ «គេ​អត់​ឲ្យ​បូម​ទេ ព្រោះ​គណបក្ស​ខុស​គ្នា ឲ្យ​គណបក្ស​ឯង​រក​ម៉ាស៊ីន​មក​បូម​ទៅ។ ទាល់​តែ​យើង​ចុះ​ចូល​នឹង​គេ បាន​គេ​ឲ្យ​បូម។ ឥឡូវ​ស្រូវ​ខ្ញុំ​ខូច​អស់​ហើយ»

បុរស​អ្នក​ភូមិ​ឈ្មោះ ស្រី រី អាយុ ៦៣​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ពោធិ៍អណ្ដែត បន្ថែម​ថា ស្រូវ​គាត់​ជាង ១ហិកតារ ក៏​កំពុង​ក្រៀម​ខ្លោច​ព្រោះ​ខ្វះ​ទឹក។ គាត់​ថា គាត់​ជា​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​គេ​មិន​ឲ្យ​បូម​ដែរ៖ «គេ​ប្រកាន់​គណបក្ស​ណា៎​បង។ គេ​ថា​អ្នក​ណា​ជា​គណបក្ស​ប្រជាជន ទើប​គេ​ឲ្យ​បូម។ ចំណែក​ខ្ញុំ​ជាប់​និន្នាការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​គេ​អត់​ឲ្យ​បូម​ដែរ»

លោក សំរិទ្ធ ជា អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ស្រុក​កណ្ដៀង បាន​បំភ្លឺ​ចំពោះ​បញ្ហា​នេះ​ថា ពិត​ជា​មាន​បញ្ហា​ដូច្នេះ​មែន ព្រោះ​ទឹក​ដែល​កំពុង​មាន​ក្នុង​ប្រឡាយ​នោះ គឺ​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ស្រុក​កណ្ដៀង បាន​ប្រើ​ម៉ាស៊ីន​ផ្ទាល់​ខ្លួន និង​ទិញ​ប្រេង​ដោយ​ចំណាយ​លុយ​របស់​គណបក្ស​បូម​ដាក់​ក្នុង​ប្រឡាយ ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​របស់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ឃុំ​នេះ។

យ៉ាង​នេះ​ក្ដី លោក​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​ណា​ដែល​ចង់​បាន​ទឹក​បញ្ចូល​ស្រែ សូម​ជួយ​បង់​ប្រាក់​ថ្លៃ​ប្រេង ហើយ​កុំ​និយាយ​អះអាង​ថា​ខ្លួន​ជា​សមាជិក​គណបក្ស​ណា​នោះ គឺ​អាច​បូម​ទឹក​នោះ​បាន៖ «អា​ទឹក​ប្រឡាយ​ដែល​បាន​ពី​ទឹក​ភ្លៀង ឬ​ទឹក​ទន្លេ​នោះ អ្នក​ណា​បូម​ក៏​បាន​ដែរ។ ប៉ុន្តែ​នេះ​គឺ​ជា​ទឹក​ទេវតា គឺ​បក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ចេញ​ម៉ាស៊ីន​ចេញ​ប្រេង​បូម​ដោយ​ខ្លួន​ឯង។ តែ​ម្សិលមិញ​នេះ តាម​ប្រជាជន​គេ​ប្រាប់​ខ្ញុំ​ថា ជំទាវ មូរ សុខហួរ និយាយ​ថា​ទឹក​ក្នុង​ប្រឡាយ​នេះ គឺ​ជា​ទឹក​សាធារណៈ នរណា​បូម​ក៏​បាន​ដែរ។ ខ្ញុំ​គិត​ថា​ប្រហែល​ជា​លោក​ជំទាវ​ទទួល​ព័ត៌មាន​ខុស​ពី​សមាជិក​គណបក្ស​គាត់​ហើយ ទើប​គាត់​មាន​ប្រសាសន៍​ដូច្នេះ»

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ពោធិ៍សាត់ គឺ​លោក អេង ឈុនហាន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ប្រញាប់​រក​មធ្យោបាយ​ជួយ​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ជា​បន្ទាន់ ដោយ​មិន​ត្រូវ​គិត​ពី​និន្នាការ​នយោបាយ​នោះ​ទេ។ លោក​ថា សមាជិក​គណបក្ស​ណា​ក៏​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​ក្រោម​ការ​គ្រប់គ្រង​របស់​រាជ​រដ្ឋាភិបាល​ដែរ។ លោក​ថា ទង្វើ​របស់​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ស្រុក​កណ្ដៀង អាច​នាំ​ឲ្យ​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​បោះ​ឆ្នោត​សកល នា​ឆ្នាំ​២០១៣ ខាង​មុខ ដោយ​សារ​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​កំពុង​មាន​ទុក្ខ​លំបាក​នោះ​មិន​ស្មើ​ភាព​គ្នា៕

1 comment:

Anonymous said...

YEAH I LIKE THIS PICTURE OF VIET BITCH UPSIDE DOWN. PLEASE KEEP USING THIS UPSIDE DOWN IMAGE. THANK YOU.