អ្នកភូមិអមលាំង លើកគ្នាឡើងមកតវ៉ានៅតុលាការខេត្តកំពង់ស្ពឺ កាលពីពេលកន្លងមក។ រូបថត ហេង ជីវ័ន |
Wednesday, 19 December 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
«ករណីនេះជាកល ល្បិចរបស់ក្រុមហ៊ុនដែលយកប្រព័ន្ធតុលាការដើម្បីរឹប អូសយកដីពីអ្នកភូមិ។ នេះ សម្តែង ឲ្យឃើញនូវភាពអយុត្តិធម៌ តាម ផ្លូវតុលាការដែលប្រើអំណាច ឆន្ទានុសិទ្ធិខុសច្បាប់»កំពង់ស្ពឺៈ សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាជាថ្មីទៀត ដោយបង្គាប់ឲ្យប្រជាពលរដ្ឋ២នាក់ ក្នុងឃុំអមលាំង ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនស្ករសភ្នំពេញ ដែលជាកម្មសិទ្ធិរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ឲ្យចូលខ្លួនទៅតុលាការដើម្បីបើកសវនាការ នៅថ្ងៃទី១៩ ខែធ្នូ ទាក់ទងទៅ នឹងបណ្ដឹងរំលោភលើអចលនវត្ថុដែលកាន់កាប់ស្របច្បាប់។
លោក ផល វណ្ណៈ តំណាងប្រជាពលរដ្ឋនៅក្នុងឃុំអមលាំងបានថ្លែងឲ្យដឹងថាតុលាការបាន បង្គាប់ឲ្យប្រជាពលរដ្ឋរបស់លោកចូលខ្លួននៅតុលាការនៅថ្ងៃទី១៩ ខែធ្នូ ដើម្បីបើកសវនាការលើបណ្ដឹងរបស់លោក ហ៊ឹម សំអឿន ដែលប្តឹងលោក ពុធ យឿន និងអ្នកស្រី ឃឹម ស្រីពៅ ដែលជាម្ចាស់ដីពីបទរំលោភលើអចលនវត្ថុដែលកាន់កាប់ស្របច្បាប់។ លោកបានឲ្យដឹងទៀតថា៖ «តាមពិតទៅក្រុមហ៊ុនជាអ្នកប្តឹង តែគេគ្រាន់តែដាក់ឈ្មោះហ៊ឹម សំអឿនតែប៉ុណ្ណោះ យើងពុំដែលស្គាល់គាត់នោះទេហើយអ្វីដែលធ្វើឲ្យពួកយើងហួសចិត្ត នោះគឺម្ចាស់ដីគ្មានប្លង់កម្មសិទ្ធិទេ តែអ្នកប្តឹងមានប្លង់កម្មសិទ្ធិដែលធ្វើតាំងពីឆ្នាំ១៩៩៦ តើប្លង់ដីនោះទាហានខ្មែរក្រហមធ្វើឲ្យគាត់ឬយ៉ាងម៉េចបើតំបន់ ពួកយើងសម័យនោះគឺជាតំបន់កាន់កាប់របស់ទាហានខ្មែរក្រហម?»។
លោកបានឲ្យដឹងទៀតថា ពលរដ្ឋរបស់លោកប្រមាណជាង១០០នាក់នឹងអមដំណើរពលរដ្ឋពីរនាក់ទៅ តុលាការដើម្បីបើកសវនាការ ហើយមូលហេតុដែលពលរដ្ឋនាំគ្នាទៅជាមួយគាត់នោះគឺដោយសារតែ ពលរដ្ឋទាំងអស់គឺជាជនរងគ្រោះដោយសារតែការអភិវឌ្ឍរបស់ក្រុម ហ៊ុនលោកឧកញ៉ាលី យ៉ុងផាត់ ទាំងអស់គ្នា។ លោក បានឲ្យដឹងថា៖ «បើចាប់គឺត្រូវតែចាប់ទាំងអស់គ្នាពីព្រោះយើងរស់នៅក្នុងតំបន់ នោះទាំងអស់គ្នា។ យើងចង់ឲ្យតុលាការផ្តល់យុត្តិធម៌ដល់យើងទាំងអស់គ្នា»។
អ្នកស្រី ឃឹម ស្រីពៅ ដែលនឹងត្រូវឡើងទៅតុលាការដើម្បីចូលរួមសវនាការនៅថ្ងៃស្អែកបាន ថ្លែងឲ្យដឹងថា អ្នកស្រីបានទទួលដីកានៅថ្ងៃទី១៣ ដែលចុះហត្ថលេខា ដោយលោក មុត តារា នោះដែលបង្គាប់ឲ្យចូលខ្លួននៅ តុលាការនៅម៉ោង៨ ព្រឹកដើម្បីបើកសវនាការទាក់ទងនឹងការរស់នៅលើដីរបស់គេដែលមានប្លង់។ អ្នកស្រីបាន ឲ្យដឹងថា៖ «ខ្ញុំមិនដឹងថាគេមានប្លង់តាមរបៀបណានោះទេ បើកាលដែលខ្ញុំមករស់នៅគឺខ្ញុំគាស់ព្រៃដើម្បីធ្វើផ្ទះហ្នឹង»។
អ្នកស្រី បានថ្លែង ឲ្យដឹងទៀតថា អ្នកស្រីក៏មានការព្រួយបារម្ភផងដែរនៅថ្ងៃឡើងសវនាការនោះដោយ ខ្លាចគេឃុំខ្លួនពីព្រោះនៅពេលកន្លងមកពលរដ្ឋឡើងមកបំភ្លឺនៅ តុលាការក៏ត្រូវបានគេចាប់ឃុំខ្លួនផងដែរ។ អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា៖ «បើតុលាការយុត្តិធម៌ ហើយធ្វើទៅតាមច្បាប់ខ្ញុំមិនខ្វល់ខ្វាយទេតែខ្ញុំខ្លាចតែតុលាការធ្វើតាមតែអ្នកមានអំណាច»។
លោក មុត តារា ព្រះរាជអាជ្ញារងខេត្តកំពង់ស្ពឺដែលចុះហត្ថលេខាលើដីកាបង្គាប់ឲ្យពលរដ្ឋឡើងតុលាការដើម្បីចូលរួមបើកសវនាការមិនអាច ទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ។
អ្នកស្រី ឈាង គឹមស៊ុន តំណាងក្រុមហ៊ុនស្ករសភ្នំពេញបានថ្លែងថា រឿងរបស់ប្រជាពលរដ្ឋប្តឹងនោះអ្នកស្រីពុំបានដឹងនោះទេ។
អ្នកស្រី បានឲ្យដឹងទៀតថា ៖ «ជម្លោះរវាងប្រជាពលរដ្ឋ ក្រុមហ៊ុនរបស់ខ្ញុំបានបញ្ចប់តាំងពីយូរណាស់មកហើយ អ្វីដែលតុលាការកោះហៅនោះវាមិនពាក់ព័ន្ធជាមួយក្រុមហ៊ុនខ្ញុំទេ»។
លោក រ័ត្ន ថាវី មន្ត្រីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុកបានថ្លែងឲ្យ ដឹងថា ទាក់ទិនទៅនឹងជម្លោះដីធ្លីនេះចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ននេះ មានពលរដ្ឋ២៩នាក់ ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ហើយតុលាការបានចេញដីកាកោះឲ្យឡើងតុលាការចំនួន១១ ដង។ នៅក្នុងនោះដែរ ពលរដ្ឋបានធ្វើការតវ៉ាប្រឆាំងជាមួយអាជ្ញាធរនិងក្រុមហ៊ុន ចំនួន៩៦ដង ដោយធ្វើការបិទផ្លូវចំនួន៣ដង។ លោកបានថ្លែងឲ្យដឹងថា៖ «ករណីនេះជាកលល្បិចរបស់ក្រុមហ៊ុនដែលយកប្រព័ន្ធតុលាការដើម្បីរឹប អូសយកដីពីអ្នកភូមិ។ នេះ សម្តែង ឲ្យឃើញនូវភាពអយុត្តិធម៌ តាម ផ្លូវតុលាការដែលប្រើអំណាច ឆន្ទានុសិទ្ធិខុសច្បាប់»
No comments:
Post a Comment