កប៉ាល់កំពុងបូមខ្សាច់នៅទន្លេមេគង្គ កាលពីពេលកន្លងមក។ ជាញឹកញាប់ប្រជាជនតែងតែតវ៉ាថា ការបូមខ្សាច់ធ្វើឲ្យបាក់ច្រាំងទន្លេ។ រូបថត ជីវ័ន |
Wednesday, 19 December 2012
មាស សុខជា
The Phnom Penh Post
កំពង់ចាមៈ ក្រុមហ៊ុនបូមខ្សាច់ បានច្រានចោល ការតវ៉ារបស់ប្រជាជនជាង ១៦០ គ្រួសារ ក្នុងស្រុកកងមាស ដោយនិយាយថា មានការគាំទ្រគម្រោងបូមខ្សាច់របស់ខ្លួន ច្រើនជាងការតវ៉ា។
ប្រជាពលរដ្ឋជាង១៦០គ្រួសារ ក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស បានធ្វើការតវ៉ា កាលពីថ្ងៃចន្ទ ប្រឆាំងនឹងក្រុមហ៊ុនឯកជនមួយ ដោយចោទប្រកាន់ថា ការបូមខ្សាច់របស់ក្រុមហ៊ុននេះ កំពុងបង្កឲ្យវត្តព្រះពុទ្ធសាសនាក្នុងភូមិ បាក់ធ្លាក់ចូលទៅក្នុងទន្លេ ដែលកំពុងរីកធំជាងមុន។ ពួកគេបាននិយាយថា ច្រាំងទន្លេ បានរីកជិតដល់របងវត្តហើយ ហើយបើមិនបញ្ឈប់សកម្មភាពបូមខ្សាច់នេះទេ នៅពេលខាងមុខ វត្តនេះ នឹងបាក់ធ្លាក់ចូលទៅក្នុងទន្លេ។
លោក លីវ រស់ តំណាងអ្នកតវ៉ា បានថ្លែងថា កាលពីមុន ការបូមខ្សាច់ចាប់ផ្តើមឡើង ដីពីរបងវត្ត ទៅទន្លេ គឺមានចម្ងាយប្រវែងប្រមាណ ៣០ ម៉ែត្រ។ តាំងពីឆ្នាំមុន ប្រវែងនេះបានរួញបន្តិចម្តងៗ រហូតដល់ប្រហែល១០ ទៅ ១៥ម៉ែត្រ។
យ៉ាងណាក្តី អ្នកស្រី ជោគ សុខជា ម្ចាស់ក្រុមហ៊ុនបូមខ្សាច់នេះ បានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ ដោយអះអាងថា អ្នកតវ៉ាទាំងអស់នោះ គ្រាន់តែច្រណែននឹងក្រុមហ៊ុនរបស់អ្នកស្រីប៉ុណ្តោះ។ ផ្ទុយទៅវិញ អ្នកស្រីបានថ្លែងថា មានប្រជាជនជាច្រើន បានគាំទ្រការបូមខ្សាច់របស់ក្រុមហ៊ុនអ្នកស្រី។ អ្នកស្រីបានបន្តថា៖ «ប្រសិនបើលោកមិនជឿខ្ញុំ សូមមកសួរប្រជាជនទាំងនោះ»។ «មិនមានការបាក់ច្រាំងទន្លេទេ»។
អ្នក ស្រីបានបន្ថែមថា បន្ទាប់ពីបិទបានកន្លះឆ្នាំ អាជីវកម្មរបស់អ្នកស្រី បានបើកឡើងវិញ ក្រោយពីមានការស្នើសុំពីប្រជាជន ពីព្រោះពួកគេ មានការលំបាកចំពោះការដឹកខ្សាច់ សម្រាប់សំណង់ដោយខ្លួនពួកគេ។ អ្នកស្រីបានអះអាងទៀតថា មានប្រជាពលរដ្ឋចំនួន១៨១គ្រួសារបានគាំទ្រអាជីវកម្មរបស់អ្នក ស្រី។
លោក មឿន ផា អភិបាលរងស្រុក កងមាស បានបញ្ជាក់កាលពីថ្ងៃចន្ទថា មានប្រជាជនមួយចំនួន បានគាំទ្រសកម្មភាពបូមខ្សាច់នេះ ហើយលោក កំពុងធ្វើការសម្រុះសម្រួលរវាងអ្នកតវ៉ាជាមួយនឹងក្រុមហ៊ុន និងអ្នកគាំទ្រ។
កាល ពីសប្តាហ៍មុន អ្នកភូមិនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ក៏បានធ្វើការតវ៉ាប្រឆាំងក្រុមហ៊ុនបូមខ្សាច់ផងដែរដោយសារ ការបូមខ្សាច់ធ្វើឲ្យបាក់ច្រាំងទន្លេ៕
No comments:
Post a Comment