លោក ជូង ជូងី មេធាវីការពារក្តី ឲ្យគណបក្សសម រង្ស៊ី នាពេលកន្លងមក។ រូបថត ហេង ជីវ័ន
Tuesday, 25 December 2012
មាស សុខជា ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សាលាឧទ្ធរណ៍ បានបើកសវនាការ លើពាក្យបណ្តឹងឧទ្ធរណ៍
របស់គណបក្សប្រឆាំង កាលពីម្សិលមិញ
បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសឲ្យគណបក្សនេះ
បង់ពិន័យជាប្រាក់ចំនួន ៣ លានរៀល
ដោយសារយឺតយ៉ាវក្នុងការបញ្ជូនរបាយការណ៍ប្រចាំឆ្នាំ
ទៅក្រសួងមហាផ្ទៃ។
លោក ជូង ជូងី មេធាវីការពារគណបក្សសម រង្ស៊ី
បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា
លោកបានប្រាប់សាលាឧទ្ធរណ៍ថា
ការកាត់ទោសដោយសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យគណបក្សសម
រង្ស៊ី បង់ប្រាក់ ៣ លានរៀល ទៅឲ្យក្រសួងមហាផ្ទៃ គឺជារឿងអយុតិ្តធម៌
ព្រោះគណបក្ស សម រង្ស៊ី បានផ្ញើរបាយការណ៍ប្រចាំឆ្នាំ
ទៅឲ្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែធ្នូ ប៉ុន្តែពីថ្ងៃទី៣០
ខែធ្នូ ដល់ថ្ងៃទី១ ខែមករា
គឺជាថ្ងៃឈប់សម្រាកជាហេតុធ្វើឲ្យរបាយការណ៍ផ្ញើដល់ក្រសួងនៅ
ថ្ងៃទី២ ខែមករា នោះជាមូលហេតុនៃការបញ្ជូនរបាយការណ៍យឺតយ៉ាវ។
ទោះជាយ៉ាងណា ក្រសួងមហាផ្ទៃ ដែលជាដើមបណ្តឹង
ពុំបានចូលខ្លួននៅតុលាការទេ។
លោក ជូង ជូងី បានថ្លែងថា៖ «
ខ្ញុំថា ការកាត់ទោសនេះ មិនត្រឹមត្រូវទេ។ ការពិត គណបក្ស
មិនដែលខកខានមិនបញ្ជូនរបាយការណ៍ទៅក្រសួងមហាផ្ទៃឡើយ»។
លោកបានបន្ថែមថា លោកបានស្នើសុំឲ្យលើកលែងទោសរបស់គណបក្ស សម រង្ស៊ី
និងអនុញ្ញាតឲ្យធ្វើសេចក្តីសន្និដ្ឋានការពារក្តី។
ក្រសួង
មហាផ្ទៃ បានចោទប្រកាន់គណបក្ស សម រង្ស៊ី ថា បានយឺតយ៉ាវ
ក្នុងការបញ្ជូនរបាយការណ៍ឆ្នាំ២០០៦ របស់ខ្លួន មកក្រសួង
ហើយក្រសួង បានដាក់ពាក្យបណ្តឹង ទៅសាលាដំបូងរាជធានីភ្នំពេញ
ក្នុងឆ្នាំ ២០០៧ ប៉ុន្តែរឿងក្តីនេះ ត្រូវបានបើកសវនាការ នៅឆ្នាំ
២០១១ ដោយសាលាដំបូង ដែលកាត់ទោសឲ្យគណបក្ស សម រង្ស៊ី បង់ប្រាក់ ៣
លានដុល្លារអាមេរិក ដល់ក្រសួងមហាផ្ទៃ។
ជាគោលការណ៍ ក្រសួងមហាផ្ទៃ
បានបង្គាប់គណបក្សនយោបាយទាំងអស់
ឲ្យបញ្ជូនរបាយការណ៍របស់ខ្លួនមកក្រសួងរៀងរាល់ខែធ្នូ
ដើម្បីឲ្យក្រសួង អាចដឹងអំពីសកម្មភាព
និងការចំណាយរបស់គណបក្សនីមួយៗ។
លោក ខៀវ សុភ័គ
អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនបានថ្លែងលំអិតទេ គ្រាន់តែនិយាយថា
លោកមិនបានដឹងអំពីកម្មវិធីសវនាការទេ ប៉ុន្តែថា
វាមិនចាំបាច់ត្រូវមានវត្តមាន របស់ក្រសួងមហាផ្ទៃឡើយ
ឲ្យតែមានព្រះរាជអាជ្ញា ក្នុងសវនាការទៅបានហើយ។
លោកចៅក្រម
ញូង ធុល មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
ប៉ុន្តែផ្អែកតាមលោក ជូង ជូងី សាលក្រមនឹងប្រកាសនៅថ្ងៃទី១៧
ខែមករា៕ TK
No comments:
Post a Comment