កម្មការិនី
ចំនួនបីនាក់បានរងរបួសក្នុងនោះពីរនាក់របួសធ្ងន់ដោយត្រូវគ្រាប់ពី
ខាងក្រោយខ្នងធ្លាយទៅទ្រូងនិងធ្លាយទៅដៃខាងស្តាំ។
ភ្នំពេញ៖ ការលើកលែងការចោទប្រកាន់ពីបទឧក្រិដ្ឋលើសំណុំរឿងព្រហ្មទណ្ឌ
ដ៏ល្បីល្បាញរបស់អតីតចៅហា្វយក្រុងបាវិតលោកឈូក បណ្ឌិត
ទំនងបានក្លាយជាដំណក់ប្រេងមួយទៀតជួយបញ្ឆេះអ្វីមួយលើប្រព័ន្ធ
តុលាការដែលកំពុងទទួលរងការរិះគន់ និងការជ្រៀតជ្រែករបស់អំណាចសា
ធារណៈលើប្រព័ន្ធយុត្តិធម៌បង្កឲ្យមានការភ័យខ្លាចដល់ក្រុមកម្មករ។
កាលពីខែកុម្ភៈឆ្នាំ២០១២កម្មករប្រមាណ១.០០០នាក់ នៃរោងចក្រកៅវ៉េបាន
តវ៉ាទាមទារលក្ខខណ្ឌការងារល្អប្រសើរក្នុងរោងចក្រ
ក្នុងពេលនោះកម្មការិនីវ័យក្មេងចំនួនបីនាក់ ត្រូវខ្មាន់កាំភ្លើងបាន
ដកកាំភ្លើងខ្លីបាញ់ពីក្រោយខ្នងបាតុករ។
កម្មការិនីចំនួនបីនាក់បានរងរបួសក្នុងនោះពីរនាក់របួសធ្ងន់ដោយត្រូវ
គ្រាប់ពីខាងក្រោយខ្នងធ្លាយទៅទ្រូងនិងធ្លាយទៅដៃខាងស្តាំ។
លុះក្រោយមកលោក ស ខេង
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់
អ្នកកាសែតថាខ្មាន់កាំភ្លើងគឺជាអភិបាលក្រុងបាវិតនៅពេលនោះ គឺលោកឈូក
បណ្ឌិត។
ប៉ុន្តែសាលាដំបូងខេត្តស្វាយរៀងចោទប្រកាន់លោក ឈូក បណ្ឌិត ត្រឹមតែការបង្ករបួសស្នាមដោយអចេតនាតែប៉ុណ្ណោះ។
ដោយមិនបានឆ្លងកាត់ការកាត់ទោស
តុលាការបានលើកលែងការចោទប្រកាន់នេះ ទៅវិញកាលពីថ្ងៃសុក្រទី១៤ខែធ្នូ
នេះ ដោយសំអាងថាតុលាការពុំបានរកឃើញភស្តុតាងដែលចង្អុលថាលោកឈូក
បណ្ឌិត ជាប់ពាក់ព័ន្ធក្នុងរឿងព្រៃផ្សៃនេះ។
លោកធន់ សារ៉ាយ ប្រធានអង្គការការពារសិទ្ធិមនុស្សដ៏ធំមួយនៅប្រទេសកម្ពុជាឈ្មោះថា អាដហុកចាត់ទុកថាការបោះបង់ចោលការចោទប្រកាន់ទៅលើលោកឈូក បណ្ឌិតគឺជារឿងអាក្រក់មួយសម្រាប់សង្គមកម្ពុជា។
«បាញ់បោះនៅក្នុងកណ្តាលហ្វូងមហាជនច្រើនយ៉ាងនេះហើយ មានសាក្សីរហូតទៅដល់ក្រសួងមហាផ្ទៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបានប្រសាសន៍ពីបញ្ហាហ្នឹងទៀត។
ដូច្នេះយើងមានជំនឿថាមិនល្អសោះ ពីព្រោះប្រទេសយើងនៅពេលដែលតុលាការមួយមិនបានចាត់វិធានការឲ្យបាន ត្រឹមត្រូវតាមច្បាប់របស់ប្រទេសយើងទប់ទល់នឹងការរំលោភបំពានលើច្បាប់ ហ្នឹង សិទ្ធិមនុស្សនៅកម្ពុជានេះ»។
ដោយមិនបកស្រាយចំៗពីឥទ្ធិពលនៅពីក្រោយខ្នងលោកឈូក បណ្ឌិត លោក ធន សារ៉ាយ បានស្តីបន្ទោសដល់អ្នកកាន់កាប់ចង្កូតនយោបាយកម្ពុជាដែលបណ្តោយឲ្យ រូបភាពអាក្រក់នេះបន្តកើតឡើងក្នុងសង្គមខ្មែរ។
«វាសំខាន់នៅត្រង់អ្នកដឹកនាំនយោបាយយើងដែរ ត្រូវតែហ៊ានកាត់ចិត្តខ្លះដើម្បីការគ្រប់គ្រងប្រទេសមួយឲ្យបានល្អ ប្រសើរ។ យើងមិនអាចគិតតែពីរឿងមនោសញ្ចេតនាគ្រួសារតែឯកឯងបានទេ! យើងត្រូវមានការគិតគូរដល់បញ្ហាគ្រប់គ្រងរដ្ឋជារួម។ ការដែលបានអំណាចដែលប្រជាពលរដ្ឋផ្តល់ឲ្យនេះ គឺមិនមែនសម្រាប់តែមកការពារគ្រួសារជិតដិតរបស់ខ្លួនទេ ឬក្រុមបក្សពួករបស់ខ្លួនទេ គឺត្រូវយកអំណាចនេះមកគ្រប់គ្រងប្រទេសឲ្យមានលក្ខណៈយុត្តិធម៌ ស្មើភាពគ្នា។ នេះទើបអាចប្រទេសជាតិរីកចម្រើនបាន»។
ការលើកលែងការចោទប្រកាន់ដោយសាលាដំបូងខេត្តស្វាយរៀងបានធ្វើឲ្យមានការ មន្ទិលពីការឃុបឃិតក្នុងបទល្មើសយ៉ាងអាថ៌កំបាំងហើយជាការលាតត្រដាង មួយបន្ថែមទៀតពីប្រព័ន្ធការពារនិទណ្ឌភាព ឬភាពដែលមិនផ្តន្ទាទោសលើបទល្មើសដែលទទួលរងការរិះគន់ជាលក្ខណៈ អន្តរជាតិមកលើប្រទេសកម្ពុជា។
ក្រោយពីការបាញ់ប្រហារដោយបើកមុខលើហ្វូងកម្មករ មានតំណាងរាស្ដ្រពីខាងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច និងឧបនាយករដ្ឋមន្ដ្រីមួយរូបក្នុងគណបក្សដដែលរួមទាំងប៉ូលិសមូលដ្ឋាន បានព្យាយាមជួយសម្រួលដល់ការបញ្ចុះបញ្ចូលឲ្យជនរងគ្រោះទាំងបីបោះបង់ គំនិតប្តឹងប្រឆាំងនឹងលោកឈូក បណ្ឌិតជាថ្នូរទៅនឹងលុយនិងម៉ូតូមួយគ្រឿង។ នេះបើផ្អែកទៅតាមប្រភពជនរងគ្រោះ។
អ្នកស្រីនុត សាខន អាយុ២៣ឆ្នាំ គឺជាជនរងគ្រោះម្នាក់ដែលត្រូវគ្រាប់ពីខ្នងធ្លាយទៅដៃខាងស្តាំ។
«តុលាការខេត្តស្វាយរៀងធ្វើយ៉ាងហ្នឹង មិនយុត្តិធម៌ដល់ពួកខ្ញុំទាំងបីនាក់ ព្រោះថាពួកខ្ញុំជារាស្ត្រធម្មតា ហើយគិតថាការជំរិតគេជាអ្នកមានអីចឹង។ គេថាគេមានលុយ គេអាចធ្វើអ្វីៗបានទាំងអស់អីចឹង ពីព្រោះពួកខ្ញុំវាគ្មានលុយសម្រាប់សូកដល់តុលាការ»។
ដោយឡែកអ្នកស្រី ប៊ុន ចិន្តា អាយុ២១ឆ្នាំដែលជាជនរងគ្រោះម្នាក់ទៀតត្រូវគ្រាប់ពីក្រោយខ្នងធ្លាយទៅ ដើមទ្រូង។ នាងនិយាយដោយសំឡេងខ្សោយៗ ថានាងមានការភ័យខ្លាច និងឈឺចាប់ក្រោយពីតុលាការលើកលែងការចោទប្រកាន់ទៅលើអតីតអភិបាលក្រុង បាវិត។
ជាមួយគ្នានេះវាហាក់ដូចជាការបំបាក់ស្មារតីដល់កម្មកររោងចក្រដទៃផ្សេងទៀតក្នុងប្រទេសកម្ពុជាដែលធ្លាប់ធ្វើការតវ៉ា។
អ្នកស្រីណៅ ស្រីនី កម្មការិនីម្នាក់នៅរោងចក្រHoyear Cambodia Garment Ltd នៅក្នុងក្រុងភ្នំពេញកំពុងឈរនៅចិញ្ចើមផ្លូវពីមុខរោងចក្រ។ នាងតក់ស្លុតពេលទទួលដំណឹងពីសំណុំរឿងលោកឈូក បណ្ឌិត។
«កម្មករឮអីញ្ចឹង វាឲ្យតក់ស្លុត ភ័យខ្លាចដោយអំពើគាត់ធ្វើ»។
នៅប្រទេសកម្ពុជា ជារឿយៗកម្មកររោងចក្រកាត់ដេរដែលតំណាងឲ្យការនាំចេញដ៏ច្រើនលើសលប់ សម្រាប់សេដ្ឋកិច្ចកម្ពុជាធ្វើការតវ៉ាដោយសន្តិវិធី ប៉ុន្តែឃាតកម្មមកទៅលើមេដឹកនាំកម្មករនិងតំណាងសហជីពជាច្រើនកន្លងមក មិនត្រូវបានវែកមុខឃាតករនោះទេ។
លោកសូរិយា ស៊ូបែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅ កម្ពុជាដែលលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន រិះគន់ដោយប្រយោលថាជាបុគ្គលមិនមានតម្លៃសម្រាប់ជំនួបជាមួយលោក។ លោកស៊ូបែឌី បានលើកឡើងកាលពីសប្តាហ៍មុនថាលោកមានការព្រួយបារម្ភជាខ្លាំងចំពោះ និទណ្ឌភាពក្នុងប្រទេសកម្ពុជា។ ការលើកឡើងនេះធ្វើឡើងពីរថ្ងៃប៉ុណ្ណោះមុននឹងតុលាការខេត្តស្វាយរៀង លើកលែងការចោទប្រកាន់ប្រឆាំងទៅនឹងលោកឈូក បណ្ឌិត។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) បកស្រាយថាការទម្លាក់បទចោទប្រឆាំងលោកឈូក បណ្ឌិត មិនត្រឹមតែជាការបំបាក់ស្មារតីកម្មកររោងចក្រកាត់ដេរនៅកម្ពុជាទេ ប៉ុន្តែគឺជាការលើកទឹកចិត្តដល់ឧក្រិដ្ឋជន។
«យើងកំពុងតែឆ្ងល់ថាតើ វាមានរឿងអីបានជាមានឥទ្ធិពលទៅដល់ការកាត់ក្តីរឿងនេះ។ រឿងកើតឡើងបែបហ្នឹងហើយ បែរជាគ្មានទោសវិញអីចឹង។ វាធ្វើឲ្យកម្មករបស់យើងមានការបាត់ស្បាត ហើយវាធ្វើឲ្យជនល្មើស និងអ្នកប្រព្រឹត្តផ្សេងៗទៀត គឺកាន់តែបានដៃ ធ្វើសង្គមយើងអសន្តិសុខតែម្តង»។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃចាត់ទុកថាហេតុការខាងលើគឺជាសិទ្ធិឯករាជ្យ ក្នុងការសម្រេចរបស់តុលាការដែលរដ្ឋាភិបាល និងក្រសួងមហាផ្ទៃមិនអាចលូកដៃមិនបានទេ។
«តុលាការលោកសម្រេចទៅតាមនីតិវិធីច្បាប់ ដែលជាតុលាការឯករាជ្យដែលក្រសួងមហាផ្ទៃ និងរដ្ឋាភិបាល ជាអង្គការនាយកប្រតិបត្តិ ដែលជាសេចក្តីសម្រេចរបស់តុលាការ។ ក្រៅពីការលើកលែងការចោទប្រកាន់ តុលាការនឹងចោទប្រកាន់ម្នាក់មួយទៀត»។
សាលាដំបូងខេត្តស្វាយរៀងបានចោទប្រកាន់លោកស ចន្ថា ប្រធានការិយាល័យព្រហ្មទណ្ឌក្រុងបាវិតជាជំនួសលោកឈូក បណ្ឌិតវិញ ដែលក្រុមមន្ដ្រីសង្គមស៊ីវិលចំអកថានោះគឺជារឿង«កំប្លែង»។
យ៉ាងណាក៏ដោយស្ត្រីរងគ្រោះទាំងបីនាក់បានសម្រេចដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចរបស់តុលាការខេត្ត។
លោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញាដែលកាន់សំណុំរឿងនេះ
មិនអាចទាក់ទងបានទេដោយភរិយារបស់លោកប្រាប់ថាលោកអញ្ជើញទៅព្យាបាល
ជំងឺនៅប្រទេសវៀតណាម៕
No comments:
Post a Comment