Monday, December 17, 2012

សកម្មជន​អន្តរជាតិ​មួយ​ក្រុម​ធ្វើ​យុទ្ធនាការ​ជា​ថ្មី​ជួយ​សង្គ្រោះ​កម្មករ​ខ្មែរ

សកម្ម​ជន​អន្តរ​ជាតិ​ធ្វើ​ពុត​​ដួល​សន្លប់​នៅ​មុខ​ហាង​សម្លៀក​បំពាក់​ H&M នៅ​ក្រុង​ប៉ា​រីសដើម្បី​ទាក់​ទាញ​​ការ​យក​ចិត្ត​ទុក​ដាក់​លើ​​កម្មករ​ខ្មែរ​ ។ រូប​ ស​ហការី

Friday, 14 December 2012
Shane Worrell
The Phnom Penh Post

ភ្នំពេញៈ ក្នុង​យុទ្ធនាការ​មួយ​ទៀត ដើម្បី​គូស​បញ្ជាក់​ អំពី​ប្រាក់​ឈ្នួល នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា យុទ្ធនាការ​សម្លៀក​បំពាក់​ស្អាត​ស្អំ (Clean Clothes Campaign) ​ដែល​ជា​ក្រុម​សកម្ម​មួយ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​ដាក់​ពង្រាយ​ក្រុម​សកម្មជន ទៅ​កាន់​ហាង​លក់​រាយ​នៅ​ទូទាំង​អឺរ៉ុប​ដើម្បី​ធ្វើ​យុទ្ធនាការ​តវ៉ា​ចំ​ពេល បុណ្យ​គ្រិស្តស្មាស។

CCC នឹង​ផ្តល់​ការ​ភ្ញាក់​ផ្អើល​ជា​ច្រើន​ ក្រោម​រូប​ភាព​ជា​សកម្មភាព ដែល​មិន​បាន​កំណត់​ជាក់​លាក់ នៅ​ហាង​ដែល​ដាក់​លក់់​ម៉ាក H&M Levi's និង Zara ដែល​ផលិត​នៅ​កម្ពុជា​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ចុង​ក្រោយ​បំផុត ដើម្បី​ជំរុញ​ក្រុមហ៊ុន​ម៉ាក​ធំៗ ឲ្យ​ដើរ​តួនាទី​សំខាន់​ ក្នុង​ការ​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា។ ​យុទ្ធនាការ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​យុទ្ធនាការ​ធ្វើ​ជាដួល​សន្លប់​ដែល​បាន​រៀប​ចំ​ឡើង​ ដោយ CCC ​ក្នុង​ខែ​កញ្ញា នៅ​ហាង​លក់​រាយ​ទូទាំង​អឺរ៉ុប។

បច្ចុប្បន្ន ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​កម្មករ​កាត់​ដេរ​រាប់​សែន​នាក់ នៅ​កម្ពុជា​គឺ ៦១ ដុល្លារ​ក្នុង​មួយ​ខែ មិន​គិត​ពី​ប្រាក់​លើក​ទឹក​ចិត្ត ​និង​ប្រាក់​រង្វាន់​ដទៃ​ទៀត។


CCC កំពុង​ជំរុញ​ឲ្យ​បង្កើន​ប្រាក់​ឈ្នួល​អប្ប​បរមា​ដល់​ ១៣១ ដុល្លារ ​ក្នុង​មួយ​ខែ ​ជា​តួ​លេខ​ ដែល​គាំទ្រ​ដោយ​សហជីព​ឯករាជ្យ ជា​ជំហាន​ទី ១ ឆ្ពោះ​ទៅ​កាន់​ប្រាក់​ឈ្នួល​រស់​នៅ​ចំនួន ២៨៣ ដុល្លារ ដូច​ដែល​បាន​គណនា​ ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រុម​សហជីព គឺ​សម្ព័ន្ធ Asia Floor Wage។

លោក Klaus Melvin Jensen អ្នក​នាំ​ពាក្យ​របស់​ CCC​ មក​ពី​ប្រទេស​ដាណឺម៉ាក បាន​ថ្លែង​ថា កម្មករ​កាត់​ដេរ​នៅ​កម្ពុជា ដែល​មាន​ប្រាក់​ឈ្នួល​អប្បបរមា​លើស​ពី​មន្រ្តី​រាជការ ទទួល​បាន​ប្រាក់​ឈ្នួល​នៃ​ភាព​ក្រីក្រ។ លោក​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «​អ្នក​ទិញ​ធំ​ ដូច​ជា H&M ​គួរ​ដឹង​អំពី​ស្ថានការណ៍​មិន​អាច​ទទួល​យក​បាន ​ក្នុង​រោងចក្រ ប៉ុន្តែ ពួក​គេ​បាន​​បដិសេធ មិន​ធានា​ឲ្យ​បាន​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​ឡើយ»។

លោក បញ្ជាក់​ថា​៖​ «​វា​សំខាន់​ដែល​​អ្នក​ប្រើ​ប្រាស់​មាន​ប្រតិកម្ម ដោយ​ប្រាប់​ក្រុម​ហ៊ុន​លក់​រាយ​ថា កង្វះ​នៃ​ចំណាត់​ការ​របស់​ពួក​គេ​គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ»​។

លោក គង់ អាទិត្យ អនុ​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ​ថ្លែង​ថា មាន​ភាព​ចាំបាច់​ជា​បន្ទាន់​ត្រូវ​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​។ «​អ្នក​លក់​រាយ ​មាន​តួនាទី​សំខាន់ ហើយ​អ្នក​ទិញ​ធំៗ ត្រូវ​ធ្វើ​ការ​រួម​គ្នា និង​ពិភាក្សា​ជាមួយ​នឹង​សហជីព​ឯករាជ្យ នៅ​កម្ពុជា ដើម្បី​បង្កើន​ប្រាក់​ឈ្នួល​»។

គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ជា​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី ពី​ការ​រួម​បញ្ចូល​គ្នា រវាង​គណបក្ស​សមរង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស ​បាន​សន្យា​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា​ ១៥០ ដុល្លារ​ក្នុង​មួយ​ខែ ដល់​កម្មករ​កាត់​ដេរ ប្រសិន​បើ​ខ្លួន​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។ ​ក្រុម​ហ៊ុន​ H&M បាន​ឲ្យ​ដឹង​ថា ខ្លួន​ប្តេជ្ញា​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ការងារ​កាន់​តែ​ល្អ​ប្រសើរ​ឡើង ក្នុង​រោង​ចក្រ​នៅ​កម្ពុជា ដែល​ខ្លួន​ទិញ​សម្លៀក​បំពាក់ ហើយ​ជឿ​ជាក់​ថា កម្មករ​មាន​ជីវភាព​ល្អ​ប្រសើរ ​ពេល​ខ្លួន​មាន​វត្តមាន ក្នុង​ទីផ្សារ​កាត់​ដេរ​នៅ​កម្ពុជា៕

No comments: