Wednesday, December 05, 2012

រដ្ឋសភា ប្រជុំ​អនុម័ត​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៣ នៅ​ថ្ងៃ​ទី​៦​ធ្នូ ខណៈ​បក្សប្រឆាំង មិន​អស់ចិត្ត​

សុន ឆ័យប្រាក់កម្ចី ដែល​រដ្ឋាភិបាល​កម្ពុជា ជំពាក់​បរទេស គឺ​មាន​តួលេខ​ច្របូកច្របល់​។   តែ​តាម​តួលេខ​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្ញើ​មក​រដ្ឋសភា បង្ហាញថា នៅ​ឆ្នាំ​២០១០ កម្ពុជា ជំពាក់​បំណុល​គេ ៣.៤៧៧ លាន​ដុល្លារ​អាមេរិក​។ ឆ្នាំ​២០១១ ចំនួន ៣.៩៨៦ លាន​ដុល្លារ​អាមេរិក និង​នៅ​ឆមាស​ទី​១ (៦ ខែ ) ក្នុង​ឆ្នាំ​២០១២ ចំនួន ៥.៤៥៣ លាន​ដុល្លារ​អាមេរិក​។ 
(ថ្ងៃទី 4 ធ្នូ 2012, ម៉ោង 03:36:PM) | ដោយ: រតនា  CEN
ភ្នំពេញ: រដ្ឋសភា បានកំណត់​ដាក់បញ្ចូល​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៣ ឬ​ហៅ​ជា​សាមញ្ញ​ថា ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៣ ចូល​ទៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​រដ្ឋសភា​ពេញអង្គ នា​ព្រឹក​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១២​។ ក៏ប៉ុន្តែ​សមាជិកសភា​គណបក្ស​ប្រឆាំង សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នៅតែ​បន្ត​ការតវ៉ា ចង់ឲ្យ​រដ្ឋសភា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កែប្រែ​មាត្រា​មួយចំនួន ពិសេស​កាត់​បន្ថយ​ការខ្ចី​បំណុល ហើយ​បង្កើន​ការប្រមូលពន្ធ ជំនួស​វិញ​។​ 
លោក ​តំណាងរាស្ត្រ ស្មាន ទៀត អនុប្រធាន​គណៈកម្មកា​រ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម របស់​រដ្ឋសភា និង​ជា​សមាជិក​សភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍ ប្រាប់ CEN នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១២ ថា ក្រោយ​ពី​គណៈកម្មការ​ជំនាញ​ទី​២ ( គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម របស់​រដ្ឋសភា ) របស់​រដ្ឋសភា បាន​ជួបប្រជុំ​ជាមួយនឹង​តំណាង​រដ្ឋាភិបាល​រួចមក គណៈកម្មការ​បាន​ប្រជុំ​សំរេច​ចុងក្រោយ​ហើយ ហើយ​បាន​ដាក់​ចូល​ទៅ​គណៈអចិន្ត្រៃយ៍ សូម​បញ្ចូល​ក្នុង​របៀបវារៈ ហើយ​ត្រូវ​ប្រជុំ ( រដ្ឋសភា​ពេញអង្គ ) នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១២​។​ 
លោក ស្មាន ទៀត បាន​បន្ថែមថា "​ការពិត​មិនមែន យើង​មិន​ទទួលបាន​សំណើ​របស់​គណបក្សប្រឆាំង​ទេ​។ គឺ​យើង​ទទួល​យក​សំណើ​នោះ មក​ប្រជុំ​ពិនិត្យ​។ ដល់​ពេល​ប្រជុំ​ពិនិត្យ​ទៅ សំណើ​របស់​គណបក្សប្រឆាំង​នោះ ពិនិត្យ​មើល​ទៅ សេចក្តីព្រាងច្បាប់ និង​សំណើសុំ​ធ្វើ​វិសោធនកម្ម​នោះ មិនមាន​អ្វី​ខុស​គ្នា​ទេ​។ តែ​ឃើញ​ផ្ទុយ​គ្នា​មួយ នៅ​កន្លែង​កម្ចី​ប្រាក់​បរទេស ៦០០ លាន SDR គឺ​គាត់​សុំ​ធ្វើ​វិសោធនកម្ម ដោយ​ដាក់​ថា ឲ្យ​ខ្ចីតែ ១៣០ លាន SDR​។ ដល់​អីចឹង គណៈកម្មការ​ទី​២ បាន​ពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល និង​ជាមួយ​នឹង​អន្តរ​គណៈកម្មការ​ទាំង ៨ របស់​រដ្ឋសភា គឺថា សំណើសុំ​កាត់បន្ថយ​នេះ គឺ​មិន​ចាំបាច់​ទេ ដោយ​សំណូមពរ​ទទូច​របស់​រដ្ឋាភិបាល ស្នើ​សុំ​ខ្ចី ៦០០ លាន SDR"​។​
​លោក​តំណាងរាស្ត្រ ស្មាន ទៀត បាន​បន្ថែមថា "​ការពិនិត្យ​មើល​ហានិភ័យ​ទៅ​ថ្ងៃក្រោយ ( លើ​ប្រាក់​បំណុល ) និង​បណ្តា​សកម្មភាព ក្នុង​ការអនុវត្ត​កម្ចី​កន្លងមក​របស់​រដ្ឋាភិបាល យើង​ឃើញថា មិន​មាន​បញ្ហា​ដែល​ថា ព្រួយបារម្ភ​ទេ​។ អីចឹង​យើង​ព្រម​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ខ្ចី ៦០០ លាន SDR"​។​

​លោក ស្មាន ទៀត បាន​បន្ថែមថា "​សំណើ​របស់​គណបក្សប្រឆាំង​ទាំងពីរ ( គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ) គឺ​ឆ្លុះបញ្ចាំង​ទៅ ត្រូវ​គ្នា​ទេ ( ដូច​នឹង​សេចក្តីព្រាងច្បាប់​របស់​រដ្ឋាភិបាល )​។ ប៉ុន្តែ​ត្រង់​ការកាត់បន្ថយ​កម្ចី​នេះ គឺ​ទាំង​គណៈកម្មការ ទាំង​អន្តរ​គណៈកម្មការ គេ​យល់​ស្រប​ទៅ​តាម​រដ្ឋាភិបាល​។ អីចឹង បានជា​ឆ្លើយតប​ទៅ បានន័យថា មិនមែន​បដិសេធ​ទេ តែ​យើង​ទទួលយក តែ​មិន​យល់ព្រម​ត្រង់​ថា កាត់បន្ថយ​នូវ​កម្ចី​នឹង​"​។​

​យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១២ គណបក្សប្រឆាំង បាន​ធ្វើ​សន្និសីទកាសែត​មួយ នៅ​ទីស្នាក់ការ​គណបក្ស​សម​រង្ស៊ី ដើម្បី​លើក​បង្ហាញ​ពី​ជំហរ នៅតែ​បន្ត​ស្នើ​ដល់​រដ្ឋសភា ឲ្យធ្វើ​វិសោធនកម្ម កែប្រែ​លើ​មាត្រា​មួយចំនួន ដោយ​ផ្តោត​លើ ៥ ចំណុច សំខាន់ៗ​។ នោះ​គឺ​ការកាត់បន្ថយ​នូវ​ការខ្ចី​បំណុល​បរទេស ហើយ​បង្កើន​សកម្មភាព​ប្រមូល​ពន្ធ​នានា​។​

​ក្នុង​សន្និសីទកាសែត លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា សំណើ​រួម​គ្នា​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដាក់​ទៅ​កាន់​លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ដែល​ទទួលបន្ទុក​ពិនិត្យ​លើ​សេចក្តីព្រាង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៣​។ ក្នុង​លិខិត​សំណើ​របស់​តំណាងរាស្ត្រ ៧ រូប បានលើកឡើង​ចំណុច​សំខាន់ ៥ យ៉ាង​៖ ទី​១-​យើង​ចង់ឲ្យ​មាន​ការពង្រឹង​នូវ​លទ្ធភាព​នៃ​ការប្រមូល​ពន្ធ ដោយ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៣ មិន​ខុស​ពី​ឆ្នាំមុនៗ​ទេ គឺ​ការប្រមូល​ពន្ធ មិន​ត្រឹមត្រូវ​។ ទី​២-​យើង​សុំឲ្យ​ប្រើប្រាស់​ថវិកាជាតិ ឲ្យមាន​ប្រសិទ្ធភាព តាមរយៈ​ការជួយ​ដល់​កសិករ និង​អ្នក​ធ្វើ​ជំនួញ ខ្នាត​តូច និង​មធ្យម ដោយ​កន្លងមក ច្បាប់​ថវិកាជាតិ មិន​បាន​ជួយ​ដល់​កសិករ​ទេ តែ​រដ្ឋាភិបាល​បាន​ជួយ​តែ​លុយ​ដល់​ថៅកែ​រោង​ម៉ាស៊ីន​កិនស្រូវ​។ ឆ្នាំ​២០១៣ មាន​ប្រមាណ ៣០ លាន​ដុល្លារ​អាមេរិក ជួយ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ ដោយ​មិន​ជួយ​កសិករ​ទេ​។ ទី​៣-​ច្បាប់​ថវិការ​នោះ ត្រូវ​ជួយ​ដល់​មន្ត្រីរាជការ​គ្រូបង្រៀន ដោយ​កន្លងមក ច្បាប់​ថវិកាជាតិ មិន​បាន​ផ្តល់​ឲ្យ​ឱកាស​ដល់​គណបក្ស​ប្រឆាំង ចូលរួម​ពិភាក្សា និង​តាក់តែង​ទេ ហើយ​នៅ​ថ្ងៃ​ខានស្អែក ប្រជុំ​សភា ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១២ ដើម្បី​ប្រជុំ​អនុម័ត ច្បាប់​ថវិកា​ឆ្នាំ​២០១៣​។ ទី​៤-​យើង​សុំ​បន្ថែម​ថវិកា​លើ​វិស័យ​អាទិភាព​មួយ​ចំនួន ដូចជា វិស័យ​អប់រំ សុខាភិបាល វិស័យ​កសិកម្ម និង​វិស័យ​អភិវឌ្ឍន៍ជនបទ​។ ទី​៥-​យើង​ទាមទារ​ឲ្យ​កាត់បន្ថយ​ការខ្ចីប្រាក់​បរទេស​។​

​ជាមួយគ្នា​ នោះ លោក សុន ឆ័យ បាន​លើកឡើង​ថា "​នៅ​ម្សិលមិញ ( ថ្ងៃទី​៣​ធ្នូ ឆ្នាំ​២០១២ ) ខ្ញុំ​បាន​ទទួល​លិខិត​ពី​ឯកឧត្តម ជាម យៀប ថា បាន​ទទួល​ហើយ និង​ថា រដ្ឋាភិបាល​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់​ហិរញ្ញវត្ថុ​និមួយៗ ហើយ​មន្ត្រី​រាជការ ក៏​ត្រូវបាន​តម្លើង​ប្រាក់ខែ ២០ % ក្នុង​មួយ​ឆ្នាំ​។ ចំណែក​ការស្នើសុំ​របស់​យើង ឲ្យ​រដ្ឋាភិបាល​ជួយ​មនុស្ស​ចាស់ ៤ ម៉ឺន​រៀល ក្នុង​មួយ​ខែ គឺថា ឯកឧត្តម ជាម យៀប គាត់​ថា ជា​ការ​ល្អ​ហើយ តែ​ថា រដ្ឋាភិបាល​មិន​មាន​លុយ​ទេ​។ ដូច្នេះ នេះ​ជា​ការឯកភាព​គ្នា​មួយ​។ ប៉ុន្តែ​គណៈកម្មការ​រដ្ឋសភា បាន​ទាត់ចោល​នូវ​សំណើ សុំ​ធ្វើ​វិសោធនកម្ម​របស់​គណបក្ស​ស​ម​រង្ស៊ី និង​សិទ្ធិមនុស្ស ដោយ​គណៈកម្មការ​ជំនាញ បាន​ដាក់​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៣ ចូល​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ហើយ​"​។​​លោក សុន ឆ័យ បាន​បន្ថែមថា ក្នុង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៣ ដែល​បាន​កំណត់​ការចំណាយ​ជិត ៣.០០០ លាន​ដុល្លារ​អាមេរិក គឺ​មាន​ទឹកប្រាក់​ប្រមាណ ៨០% បានមក​ពី​ខ្ចីបុល​គេ​។ ប្រាក់កម្ចី ដែល​រដ្ឋាភិបាល​កម្ពុជា ជំពាក់​បរទេស គឺ​មាន​តួលេខ​ច្របូកច្របល់​។ តែ​តាម​តួលេខ​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្ញើ​មក​រដ្ឋសភា បង្ហាញថា នៅ​ឆ្នាំ​២០១០ កម្ពុជា ជំពាក់​បំណុល​គេ ៣.៤៧៧ លាន​ដុល្លារ​អាមេរិក​។ ឆ្នាំ​២០១១ ចំនួន ៣.៩៨៦ លាន​ដុល្លារ​អាមេរិក និង​នៅ​ឆមាស​ទី​១ ( ៦ ខែ ) ក្នុង​ឆ្នាំ​២០១២ ចំនួន ៥.៤៥៣ លាន​ដុល្លារ​អាមេរិក​។
ក៏​ប៉ុន្តែ​លោក សុន ឆ័យ បាន​លើកយក​តួលេខ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB មក​បង្ហាញ​ថា នៅ​ឆ្នាំ​២០១០ កម្ពុជា ខ្ចី​បំណុល​បរទេស មាន​ចំនួន ៤.៦៧៦ លាន​ដុល្លារ​អាមេរិក ហើយ​រហូត​ដល់​បំណាច់​ឆ្នាំ​២០១២ បំណុល​របស់​កម្ពុជា នឹង​កើនឡើង​ដល់ ៧.៣០០ លាន​ដុល្លារ​អាមេរិក​។ នៅ​ឆ្នាំ​២០១៣ អាច​នឹង​កើន​ដល់ ៨.០០០ ទៅ ៩.០០០ លាន​ដុល្លារ​អាមេរិក​។​

​ដូច្នេះ​តាម​លោក សុន ឆ័យ បាន​គូសបញ្ជាក់ថា បំណុល​របស់​កម្ពុជា វា​នឹង​ឡើង​ស្មើនឹង ៧០ ទៅ ៨០ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប GDP ដែល IMF និង WB បានបង្ហាញ​ក្តីបារម្ភ​ថា ការ​ជំពាក់​លុយ​របស់​កម្ពុជា ដល់​ដំណាក់កាល​គ្រោះថ្នាក់​ហើយ​។​

​លោក ​តំណាងរាស្ត្រ សុន ឆ័យ បាន​បន្តថា ដូច្នេះហើយ បានជា​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ផ្តល់​យោបល់​ទៅ​កាន់​គណៈកម្មការ ឲ្យមាន​ការបន្ថយ​ការ​ខ្ចីបុល ដោយ​ឲ្យ​រដ្ឋាភិបាល រក​ប្រភព​លុយ​ជំនួស​ការ​ខ្ចីបុល ដោយ​ការប្រមូល​ពន្ធ​ឲ្យបាន​ត្រឹមត្រូវ​។​
លោក សុន ឆ័យ បញ្ជាក់ថា "​បើសិនជា​រដ្ឋាភិបាល ខិតខំ​ប្រមូល​ពន្ធ​ឲ្យបាន​ត្រឹមត្រូវ តែ ១៥ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប គឺ​នឹង​បាន​ចំណូល​ប្រមាណ ២.២៥០ លាន​ដុល្លារ​អាមេរិក​។ តែ​ក្នុង​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៣​នេះ រដ្ឋាភិបាល កំណត់​ការប្រមូល​ពន្ធ​បានតែ ១.៧០០ លាន​ដុល្លារ​ប៉ុណ្ណោះ​។ ដូច្នេះ​វា​បាត់ ៥០០ លាន​ដុល្លារ​អាមេរិក​"​។​
ក្នុង​សន្និសីទកាសែត ​នោះ លោក សុន ឆ័យ ក៏​បាន​បង្ហាញ​ពី​ប្រភព​ចំណូល​របស់​រដ្ឋាភិបាល ដោយ​អះអាង​ថា លុយ​នៅ​លើ​គោក ដែល​រដ្ឋាភិបាល​ត្រូវ​ទទួលបាន ដូចជា​៖ ទី​១-​ករណី​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច រយៈពេល ៩៩ ឆ្នាំ ដោយ​រដ្ឋាភិបាល អាច​នឹង​ទទួល​ចំណូល ១៨៩ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​។ ទី​២-​ពន្ធ​លើ​ប្រាក់​ចំណេញ​ពី​កាស៊ីណូ បន​ល្បែង គឺ​រដ្ឋាភិបាល​អាច​ទទួល​បាន​ចំណូល ៣០០ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ដែល​សព្វថ្ងៃ រដ្ឋាភិបាល​កំណត់​ថា ប្រមូល​បាន​តែ ២០ លាន​ដុល្លារ​។ ទី​៣-​ពន្ធ​ពី​ការនាំ​ចូល​ប្រេង គឺ​រដ្ឋាភិបាល​គួរតែ​ទទួលបាន ៤៨១ លាន​ដុល្លារ តែ​ច្បាប់​ថវិកា កំណត់ថា ទទួលបាន​តែ ១៦១ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​។ ទី​៤-​ពន្ធ​ប្រាក់ចំណូល ដែល​អ្នកទេសចរ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត គឺ​រដ្ឋាភិបាល​នឹង​ទទួល​យ៉ាងតិច ពី ១៤០ លាន​ដុល្លារ ទៅ ១៥០ លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​សព្វថ្ងៃ ក្រុមហ៊ុន​បង់​ចូល​រដ្ឋ ត្រឹមតែ ៤០ លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​ចំណូល​ពី​គយ និង​ពន្ធដារ ដែល​រដ្ឋាភិបាល អាច​ទទួលបាន​យ៉ាងតិច ២០០ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​។ ដូច្នេះ​គិតតែ​លើ​ចំណុច​ត្រួសៗ​នេះ រដ្ឋាភិបាល អាច​រក​បាន​ជាង ១.០០០ លាន​ដុល្លារ ដើម្បី​ដាក់ចូល​ក្នុង​ថវិកាជាតិ បាន​ដោយ​ស្រួល​។​

​លោក សុន ឆ័យ បាន​អះអាង​ថា ការលើកឡើង​របស់​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង ពី​ប្រភព​ចំណូល​របស់​រដ្ឋាភិបាល​ខាងលើនេះ គឺ​មាន​ឯកសារ និង​អំណះអំណាង​គ្រប់គ្រាន់ ដើម្បី​តតាំង​ជាមួយនឹង​លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​របស់​រដ្ឋសភា ព្រមទាំង​លោក គាត ឈ​ន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​
យ៉ាងណាក៏ដោយ ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១២ ជូន​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី​, លោក​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម របស់​រដ្ឋសភា បានបញ្ជាក់​ថា "​ការប្រើប្រាស់​ថវិកាជាតិ រាជរដ្ឋាភិបាល​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​កម្មវិធី​ច្បាប់​ស្តីពី​ ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​នីមួយៗ ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិហ​ក់​ឡើង ធ្វើឲ្យ​ជីវភាព​ប្រជាជន​មាន​ការវិវ​ត្ត​ល្អប្រសើរ​ជាង​មុន ព្រមទាំង​បង្ក​ភាពងាយស្រួល​ដល់​គ្រប់​សហគ្រាស​មធ្យម​-​តូច​។ ដោយឡែក​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាល​អាច​អនុវត្ត​តាម​យន្តការ​តំលើង​ប្រាក់ខែ ២០% ក្នុង​១​ឆ្នាំ ដែល​បន្តបន្ទាប់​ទៅ​ថ្ងៃ​អនាគត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ នឹង​ទទួលបាន​លើសពី​សំណើសុំ​របស់​ឯកឧត្តម ក្នុងករណី​សន្តិសុខ​នយោបាយ​មាន​និរន្ត​ភាព​"​។
ក្នុង​លិខិត​ដដែល​ នោះ លោក ជាម យៀប ក៏បាន​លើកឡើង​ថា "​ចំពោះ​បំណង​ចង់​ផ្តល់​ជូន​ចាស់ៗ ចំនួន ៤០.០០០ រៀល ក្នុង ១ ខែ គណៈកម្មការ​ទី​២ មាន​ការឯកភាព​ខ្ពស់ ប៉ុន្តែ​លទ្ធភាព​ថវិកាជាតិ មាន​កំរិត​នៅឡើយ ទើប​គណៈកម្មការ​ទី​២ មិន​អាច​ទទួលយក និង​ដាក់បញ្ចូល​បាន ហើយ​ការចំណាយ បន្ថែម​លើ​វិស័យ​អាទិភាព​មាន វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ គណៈកម្មការ​ទី​២ បាន​ស្វែង​យល់​ឃើញ វិស័យ​អាទិភាព​ខាងលើ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់ និង​បាន​អនុវត្ត​ក្នុងការ​បន្ថែម​នេះ បាន​ច្រើន​ឆ្នាំ​រួចមកហើយ ហើយ​ពី​នេះ​តទៅ ក៏​ធ្វើ​កិច្ចការ​នេះ​បន្ត​ទៀត​ដែរ​។ សំណូមពរ​ចុងក្រោយ ដែល​ឯកឧត្តម សុំ​កាត់បន្ថយ​ការ​ខ្ចីប្រាក់​ពី​បរទេស​ពី ៦០០.០០០.០០០ SDR មក​ត្រឹម ១៣០.០០០.០០០ SDR គណៈកម្មការ​បាន​សិក្សា​ស្រាវជ្រាវ​សព្វគ្រប់​ហើយ តែ​ពុំ​អាច​កាត់បន្ថយ​បាន​ដោយ​ជា​ភាពចាំបាច់ សម្រាប់​យក​មក​បំពេញ​ការចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ជាតិ ធានា​បាន​សន្តិសុខ ការអភិវឌ្ឍ​សំដៅ​ធ្វើ​ឲ្យ​មាតុភូមិ​សម្បូរ​រុងរឿង​"​។​
សរុបមក លោក ជាម យៀប បានបញ្ជាក់​ថា "​ខ្ញុំ​សូម​គូសបញ្ជាក់ថា សំណើសុំ​ធ្វើ​វិសោធនកម្ម​នេះ គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា ពុំ​អាច​ទទួល​បាន​ទេ ដោយហេតុ​ថា​៖ ទី​១-​គណៈកម្មការ​ទី​២ រួមជាមួយ​តំណាង​គណៈកម្មការ​ទាំង ៨ ទៀត នៃ​រដ្ឋសភា និង​អាជ្ញាធរ​សវនកម្ម​ជាតិ បាន​ប្រជុំ​ជាមួយ​តំណាង​រាជរដ្ឋាភិបាល ពិសេស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ការពិនិត្យ​បញ្ចប់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៣ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១២ និង​បាន​ស្នើសុំ​បញ្ចូល​ទៅក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា រួចហើយ​។ ទី​២-​ខ្លឹមសារ នៃ​សំណើ​វិសោធនកម្ម ពុំ​មាន​ចំណុច​ចាំបាច់​ត្រូវ​បន្ថែម​លើ​សេចក្តីព្រាងច្បាប់ ដែល​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ជូន​មក​ទេ​"៕​

3 comments:

Anonymous said...

The fund is running out; killers are still working free; and vietcongs are all over the place.

Sadly, Khmer victims of the Killing field Holocaust is dying one by one.

StillBelieveInJustice

Anonymous said...

working=walking free

Anonymous said...

...សំណូមពរចុងក្រោយ ដែលឯកឧត្តម សុំកាត់បន្ថយការខ្ចីប្រាក់ពីបរទេសពី ៦០០.០០០.០០០ SDR មកត្រឹម ១៣០.០០០.០០០ SDR គណៈកម្មការបានសិក្សាស្រាវជ្រាវសព្វគ្រប់ហើយ តែពុំអាចកាត់បន្ថយបានដោយជាភាពចាំបាច់ សម្រាប់យកមកបំពេញការចំណាយលើហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ ធានាបានសន្តិសុខ ការអភិវឌ្ឍសំដៅធ្វើឲ្យមាតុភូមិសម្បូររុងរឿង...

=Oh really? Does this mean that Cambodia must give up Angkor Wat, Koh Tral, and millions of acres in land cession to foreign companies...The next best things are that Hun Sen needs to sell his shirt on his back and his underwear just to maintain peace, stability and progress!

Take a close look at Greece in billions of dollars in debt and when a country has no more money to spend then what becomes of a country …the country will collapse! Take a close of Greece and tell me!