Monday, December 24, 2012

ទាហានពីភ្នំពេញ ដើរបំផុសអ្នកខេត្តស្ទឹងត្រែង ឲ្យកាប់ឈើប្រណីតលក់

គំនរ​ឈើ​ប្រណីត ដែល​មេព្រៃ​បង្ក្រាបបាន​កន្លងមក​។ (​រូប​៖ គឹម​សាន​)​ 
(ថ្ងៃទី 24 ធ្នូ 2012, ម៉ោង 04:19:PM) | ដោយ: ចិត្របុរី CEN
ស្ទឹងត្រែង: កម្លាំង​មេព្រៃ នៃ​រដ្ឋបាល​ព្រៃឈើ​អធិការ​មេគង្គ ជាច្រើន​នាក់ បាន​ប្រមូលផ្តុំ​ដើម្បី​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ពេល​ដែលមាន​ក្រុម​ទាហាន​ពី​ភ្នំពេញ បាន​បំផុស​ប្រជាពលរដ្ឋ​នៅ​ស្រុក​សេសា​ន និង​ស្រុក​សៀម​ប៉ាង ឱ្យចូល​កាប់​ឈើ​ប្រណីត​ពី​ក្នុង​ឧទ្យាន​ជាតិ​វីរ​ជ័យ យកមក​លក់​ឲ្យ​ពួកគេ ដោយ​ក្រុម​ទាហាន​ទាំង​បាន​អះអាងថា ពួកគេ​មាន​លិខិតអនុញ្ញាត​ពី​មេ ឲ្យ​ដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​ចំនួន ១៥០ ម៉ែត្រគូប យកមក​ធ្វើ​បន្ទាយ​ទាហាន​អង្គភាព​របស់​ពួកគេ​នៅ​ភ្នំពេញ​។​
ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​អធិការ​មេគង្គ បានឱ្យដឹងថា ក្រុម​ទាហាន​ទាំងនោះ ត្រូវបាន​គេ​ដឹងថា បានធ្វើ​សកម្មភាព​បំផុស​ប្រជាពលរដ្ឋ ឲ្យ​កាប់​ឈើ​ប្រណី​ខុសច្បាប់​យកមក​លក់​ឲ្យ​ពួកគេ ដោយសារតែ​គេ​មាន​លិខិតអនុញ្ញាត ពី​មេបញ្ជាការ​របស់​ពួកគេ ឲ្យ​ដើរ​ទិញ​ឈើ​ប្រណីត​ធ្នង់ យកមក​សង់​បន្ទាយ​។ សកម្មភាព​របស់​ក្រុម​ទាហាន ដែល​ដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​ខុសច្បាប់​នាពេលនេះ បានធ្វើ​ឡើង​ចំ​ពេលដែល​កម្លាំង​សមត្ថកិច្ច​មេព្រៃ បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ឈើ​ប្រណីត នៅក្នុង​ភូមិសាស្ត្រ​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី យ៉ាង​ក្តៅគគុក​។​

​បច្ចុប្បន្ន កម្លាំង​មេព្រៃ​កំពុង​រុករក​ឈើ​ប្រណីត​ទាំងនោះ ដែល​គេ​សង្ស័យថា ក្រុម​ទាហាន​ទាំងនោះ ប្រមូល​មក​ទុក​នៅតាម​ផ្លូវ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ហ្គ្រី​ន​ស៊ី និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច សុក ហេង តាម​មាត់​ទន្លេសេកុង និង​ទន្លេសេសាន នៅ​ឃុំ​ស្រែ​សាមី និង​ឃុំ​ស្រែគរ ក្នុងស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ទាហាន​ទាំងនោះ ក្រៅពី​លិខិត​ពី​មេ​របស់គេ​ឲ្យ​ដើរ​ទិញ​ឈើ​ប្រណីត​ចំនួន ១៥០ ម៉ែត្រគូប​នោះ ពុំមាន​លិខិតអនុញ្ញាត​ច្បាប់​ត្រឹមត្រូវ ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឬក៏​គោលការណ៍​ពី​ក្រសួងការពារជាតិ ឬ​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះទេ​។​

​គួររម្លឹកថា កាលពី​សប្តាហ៍​មុន កម្លាំង​សមត្ថកិច្ច​មេព្រៃ បាន​បើក​យុទ្ធនាការ​បង្ក្រាប​ចាប់​ឈើ​ប្រណីត ដែល​ឈ្មួញ​លាក់ទុក​នៅតាម​ផ្លូវ​ក្រុមហ៊ុន ហ្គ្រី​ន​ស៊ី និង​ក្រុមហ៊ុន សុក ហេង បាន​ប្រមាណ​ជិត ៤០០ កំណាត់​៕ J


No comments: