ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី នុត សាខន ដែលជាជនរងរបួសម្នាក់ក្នុងចំណោមជនរងរបួសបីនាក់ នៅតែជឿជាក់ថា លោក ឈូក បណ្ឌិត គឺជាជនដៃដល់ បាញ់ប្រហារមកលើរូបនាង ហើយសម្ដែងក្តីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារតុលាការសម្រេចលើកលែងចោទ៖ «ព្រោះអីគាត់បាញ់ខ្ញុំពី ក្រោយ ខ្ញុំអត់បានឃើញទេ ប៉ុន្តែកម្មកររាប់ពាន់នាក់គេបានឃើញថាគាត់បាញ់អីចឹង។ ប៉ុន្តែពួកខ្ញុំមិនបានឃើញ ព្រោះពួកខ្ញុំត្រូវទាំង ៣នាក់ សុទ្ធត្រូវពីក្រោយទាំងអស់»។
http://www.youtube.com/watch?v=vCvFAMyJfTc&feature=youtu.be
ដោយ អ៊ុក សាវបូរី 2012-12-22 RFA
ក្រុមអ្នកឃ្លាំមើលការគោរពសិទ្ធិមនុស្សនៅកម្ពុជា
បានសម្ដែងការជិនណាយនឹងនិទ្ទណ្ឌភាពដែលកាន់តែញាំញីខ្លាំងឡើងនៅ
ក្នុងសង្គមកម្ពុជា។
ប្រតិកម្មនេះ បានធ្វើឡើងនាពេលថ្មីៗនេះ បន្ទាប់ពីតុលាការខេត្តស្វាយរៀង បានចេញដីកាលើកលែងការចោទប្រកាន់អតីតអភិបាលក្រុងបាវិត គឺលោក ឈូក បណ្ឌិត ដែលជាប់សង្ស័យថាបានបាញ់រះលើកម្មការនីបីនាក់អោយរងរបួស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ នៅរោងចក្រកៅវ៉េ (Kaoway) នៃខេត្តស្វាយរៀង។
កម្មការិនីរោងចក្រស្បែកជើងកៅវ៉េ ដែលជាជនរងគ្រោះនៃការបាញ់រះ ដែលគេសង្ស័យថាជាអំពើប្រព្រឹត្តរបស់លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បានដាក់ពាក្យប្ដឹងឧទ្ធរណ៍ទាមទាររកយុត្តិធម៌ បន្ទាប់ពីដឹងថាជនសង្ស័យរូបនេះត្រូវតុលាការខេត្តស្វាយរៀង រកឃើញថា ជាមនុស្សស្អាតស្អំពុំបានប្រព្រឹត្តបទល្មើសអ្វីទាំងអស់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២។
កម្មការិនីដែលរបួសខ្នងធ្លាយមកដៃស្តាំ ក្រោមអំពើបាញ់រះនាពេលនោះ គឺអ្នកស្រី នុត សាខន ថ្លែងនៅថ្ងៃទី២១ ធ្នូ ថា តុលាការខេត្តស្វាយរៀង មិនផ្តល់យុត្តិធម៌ជូនគាត់ទេ ទើបគាត់ដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍៖ «មិនយុត្តិធម៌សម្រាប់ពួក ខ្ញុំ ព្រោះថាពួកខ្ញុំជាប្រជារាស្ត្រតូចតាច ហើយម្យ៉ាង ឈូក បណ្ឌិត គាត់ជាអ្នកមានលុយមានអីចឹង គាត់អាចទិញទឹកចិត្តខាងតុលាការខេត្តស្វាយរៀង បាន ដូចថាគាត់មិនយុត្តិធម៌ដល់ពួកខ្ញុំអីចឹង»។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង លោក ហ៊ីង ប៊ុនជា ថ្លែងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ ថា លោក ឈូក បណ្ឌិត ដែលជាជនសង្ស័យក្នុងការប្រើអាវុធបាញ់រះលើកម្មករឲ្យរបួសកាលពី ថ្ងៃទី២០ កុម្ភៈ គឺតុលាការរកមិនឃើញកំហុសទេ ទើបត្រូវលើកលែងការចោទប្រកាន់។ ប៉ុន្តែព្រះរាជអាជ្ញាដដែលនេះ ធ្លាប់បានចោទលោក ឈូក បណ្ឌិត ថាបានប្រើអាវុធបាញ់រះលើកម្មករដោយអចេតនា៖ «អីចឹងបានក្នុងការ កំណត់របស់ខ្ញុំ ខ្ញុំថាមិនមែនជាអំពើរបស់គាត់ទេ នៅមានជនផ្សេងទៀតដែលខ្ញុំត្រូវធ្វើការស៊ើបអង្កេតបន្ត»។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី នុត សាខន ដែលជាជនរងរបួសម្នាក់ក្នុងចំណោមជនរងរបួសបីនាក់ នៅតែជឿជាក់ថា លោក ឈូក បណ្ឌិត គឺជាជនដៃដល់ បាញ់ប្រហារមកលើរូបនាង ហើយសម្ដែងក្តីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារតុលាការសម្រេចលើកលែងចោទ៖ «ព្រោះអីគាត់បាញ់ខ្ញុំពី ក្រោយ ខ្ញុំអត់បានឃើញទេ ប៉ុន្តែកម្មកររាប់ពាន់នាក់គេបានឃើញថាគាត់បាញ់អីចឹង។ ប៉ុន្តែពួកខ្ញុំមិនបានឃើញ ព្រោះពួកខ្ញុំត្រូវទាំង ៣នាក់ សុទ្ធត្រូវពីក្រោយទាំងអស់»។
កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១២ គឺប្រមាណជាងមួយសប្ដាហ៍បន្ទាប់ពីព្រឹត្តិការណ៍បាញ់ប្រហារលើកម្មករ រោងចក្រកៅវ៉េ អោយរបួសបីនាក់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា លោក ឈូក បណ្ឌិត ជាអភិបាលក្រុងបាវិត ជាជនសង្ស័យតែម្នាក់ក្នុងការបាញ់រះមកលើក្រុមកម្មករដែលកំពុង ធ្វើកូដកម្ម ដោយលោកបញ្ជាក់ថា អាជ្ញាធរប៉ូលិសមិនប្រើអាវុធបង្ក្រាបបាតុកម្ម ឬកូដកម្មនោះទេ។
ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២០ ខែធ្នូ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ថ្លែងថា តុលាការខេត្តស្វាយរៀង ធ្លាប់និយាយជាចំហថា លោក ឈូក បណ្ឌិត បានសារភាពថា គាត់ជាអ្នកបាញ់ទៅលើក្រុមកម្មករទាំងនោះ។ ប៉ុន្តែជិត១ឆ្នាំក្រោយការបាញ់ឲ្យកម្មករមានរបួស តុលាការបែរជាលើកលែងការចោទប្រកាន់ជនជាប់ចោទ លោក ឈូក បណ្ឌិត ទៅវិញ៖ «តែក្នុងហ្នឹង លោក ឈូក បណ្ឌិត ខ្លួនឯងទៀតបានសារភាពជាមួយនឹងមន្ត្រីស៊ើបអង្កេតតុលាការថាខ្លួន បានបាញ់មែន ហើយបាញ់ហើយដើរចេញពីតុលាការៗអត់ទាំងហ៊ានឃាត់ខ្លួនផង»។
ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី នោះដែរ ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ថ្លែងថា តុលាការបានកាឡៃរឿងក្តីលោក ឈូក បណ្ឌិត ពីសទៅខ្មៅ ផ្ទុយពីអង្គហេតុខាងដើម ព្រោះក្នុងការស៊ើបអង្កេតរបស់លោក សាក្សីជាច្រើនបានអោយលោកដឹងថា ពួកគេបានឃើញលោក ឈូក បណ្ឌិត ដើរចូលទៅក្នុងបរិវេណរោងចក្រ ហើយដកកាំភ្លើងបាញ់ទៅលើកម្មការិនីទាំងបី។ ប៉ុន្តែឥឡូវនេះ តុលាការបែរជាទម្លាក់កំហុសទៅលើមន្ត្រីប៉ូលិស លោក ស ចាន់ថា ដែលជាអ្នកនៅការពាររោងចក្រស៊ីកូ ចម្ងាយប្រមាណ ៥០០ម៉ែត្រពីរោងចក្រស្បែកជើងកៅវ៉េ ទៅវិញ៖ «អីចឹងយើងឃើញថា រឿងនេះរឿងមិនប្រក្រតីកើតឡើងដែលយើងគិតថាហាក់ដូចជាមើលទៅឃើញ សហើយនិងខ្មៅតែម្តង អត់មានពណ៌អីព្រាលដែលយើងពិបាកស្មានទេ»។
នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុខ សំអឿន ថ្លែងថា អ្នករបួសទាំងបីនាក់សុទ្ធតែត្រូវគ្រាប់ពីក្រោយខ្នង ដូច្នេះអ្នកបាញ់ គឺមិនអាចថាគ្មានចេតនាបាញ់ឲ្យគេរបួស ឬបាញ់ចង់ការពារខ្លួននោះទេ។ ការប្រើកាំភ្លើង គឺប្រើកម្លាំងបញ្ជាក់ការស្លាប់ និងរស់។ ដូច្នេះ ស្នាមរបួសជាសាក្សីនៃការចោទទៅលើអ្នកបាញ់ គឺមានចេតនាក្នុងអំពើឃាតកម្ម៖ «ពីព្រោះគ្រាប់ធ្វើឲ្យរបួស សុទ្ធតែចូលពីក្រោយខ្នង។ បើសិនជាវាចូលពីមុខ វាអាចមានការតតាំងគ្នាអី យើងអាចនិយាយថា អ្នកបាញ់ៗការពារខ្លួនជាដើមនោះ វាអាចដោះសារប្រថុយនឹងនោះដែរ។ ដូច្នេះ បើយើងមើលពីទិដ្ឋភាពអ្នកប្រើកាំភ្លើង មានន័យថាអ្នកប្រើកាំភ្លើងមានចេតនាច្បាស់លាស់»។
លោកមេធាវីបន្តថា ប្រសិនបើមានភស្តុតាងដាក់បន្ទុកច្បាស់លាស់ ហើយតុលាការខេត្តស្វាយរៀង បែរជាលើកលែងការចោទប្រកាន់ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ មានសិទ្ធិពិនិត្យសើរើមើលថា តើការសម្រេចរបស់ព្រះរាជអាជ្ញាខេត្តស្វាយរៀង ដែលលើកលែងចោទប្រកាន់ក្នុងករណីបែបនេះ សមស្របតាមច្បាប់ដែរឬទេ។
អ្នកស្តាប់ពីខេត្តបាត់ដំបង លោក មាស សុភ័គ្រ លើកសំណួរមកកាន់វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី ក្នុងរាត្រីនោះថា បើតុលាការមិនអាចរកយុត្តិធម៌ជូនពលរដ្ឋរងគ្រោះបាន តើពលរដ្ឋរងគ្រោះកម្ពុជា ត្រូវធ្វើដូចម្តេច?
អ្នកស្តាប់ពីខេត្តតាកែវ ឈ្មោះ ហេង សួរឡើងថា តុលាការខេត្តស្វាយរៀង ធ្វើការយ៉ាងម៉េច បើមានការបាញ់មនុស្សហើយ បែរជាលើកលែងទោសអ្នកបាញ់បែបនេះ។ លោកថា ប្រជាជនអាចរស់នៅបានសុខទេ បើចំណាត់ការតុលាការបែបនេះ៖ «តុលាការ លីលា គេមានកំហុសយ៉ាងគ្រប់គ្រាន់ មិនកាត់ទោសជនល្មើស បែរជាលើកលែងទោស ហើយជនរងគ្រោះ គ្នានៅតែភិតភ័យទៅមុខទៅ។ ជនល្មើសបាញ់ប៉ុន្មាននាក់ទៀត ក៏តុលាការនៅតែលើកលែងទោសរហូត»។
ឆ្លើយតបនឹងអ្នកស្តាប់ លោក អ៊ូ វីរៈ ថ្លែងថា មានច្បាប់មួយចំនួនទៀតអាចធ្វើឲ្យតុលាការឯករាជ ប៉ុន្តែគណបក្សកាន់អំណាចមិនឲ្យសភាអនុម័ត ព្រោះចង់ឲ្យតុលាការនៅក្រោមគំនាបនយោបាយ ដោយមិនអោយតុលាការប៉ះពាល់អ្នកធំ អ្នកមានអំណាចនៃគណបក្សកាន់អំណាចបានទេ៖ «ចៅក្រមទាំងអស់នៅក្រោម ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានក្រុមស៊ើបអង្កេតនៅក្នុងហ្នឹង ហើយក្រុមស៊ើបអង្កេតហ្នឹងនៅក្រោមក្រសួងយុត្តិធម៌។ ក្រសួងយុត្តិធម៌ ជាផ្នែកមួយនៃរដ្ឋាភិបាលនៅក្រោមនាយករដ្ឋមន្ត្រី ហើយធ្វើម៉េចឲ្យគាត់ឯករាជ បើនាយករដ្ឋមន្ត្រីស៊ើបអង្កេតចៅក្រមហើយ»។
ទាក់ទងនឹងការលើកលែងការចោទប្រកាន់លើអតីតអភិបាលក្រុងបាវិត គឺលោក ឈូក បណ្ឌិត ដែលគេជឿថាបានបាញ់រះលើកម្មការនីបីនាក់អោយរងរបួសនេះ សហជីពកម្មករនានាបានគំរាមថា នឹងធ្វើកូដកម្មដើម្បីសម្ដែងការតវ៉ា បើមិនមានដំណោះស្រាយប្រកបដោយយុត្តិធម៌ទេ។
កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១២ កម្មកររោងចក្រផលិតស្បែកជើងកៅវ៉េ ប្រមាណ ៦.០០០នាក់ បានធ្វើកូដកម្មនៅមុខរោងចក្រ សុំថៅកែដំឡើងប្រាក់ធ្វើដំណើរ និងថ្លៃអាហារឲ្យបាន ១០ដុល្លារក្នុង១ខែ។ នៅខណៈកូដកម្មកំពុងប្រព្រឹត្តទៅ សាក្សីជាច្រើនបានឃើញលោក ឈូក បណ្ឌិត អភិបាលក្រុងបាវិត ប្រើអាវុធបាញ់មកលើក្រុមកម្មករ បណ្ដាលអោយការិនីបីរូបរងរបួស។ ជនរងគ្រោះទាំងបីនាក់មានឈ្មោះ អ្នកស្រី នុត សាខន រងរបួសខ្នងខាងស្តាំធ្លាយទៅដៃស្តាំ។ អ្នកស្រី ប៊ុន ចិន្តា របួសក្រោមក្លៀកធ្លាយសួតធ្លាយទៅដៃ និងអ្នកស្រី កែវ នៀរ ត្រូវគ្រាប់របួសដៃ។
តាមការអះអាងរបស់អ្នកស្រី នុត សាខន អាយុ ២៣ឆ្នាំ ខណៈស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង មានតំណាងរាស្ត្រ ដួង វណ្ណា ពីគណបក្សប្រជាជនកម្ពុជា បានយកប្រាក់ចំនួន ៥០០ដុល្លារ ទៅឲ្យ ដោយបង្ខំអោយអ្នកស្រីដែលមិនបានយល់ខ្លឹមសារអ្វីទាំងអស់ ដោយប្រាប់ថា កុំដាក់ពាក្យប្ដឹងលោក ឈូក បណ្ឌិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
4 comments:
បើយើងស្តាប់ទៅនៅស្រុកខ្មែរតុលាការនឹងមេដឹកនាំខ្មែរសុទ្ធតែជាមនុស្ស និយាយបាតដៃខ្នងដៃហើយបើនិយាយឲ្យចំទៀតគឺឡប់តែម្តង។ បើមេដឹកនាំឡប់តុលាការឡប់ម្តងចោទម្តងលេងតើយល់យ៉ាងណា? ថាគួរបន្តគំទ្រតទៅទៀតឬយ៉ាងណា?អ្វីដែលគេពន្យាពេលគឺគេរកគន្លិះដោះស្រាយ ដើម្បីបំភាន់នូវភស្តុតាងពិតឲ្យទៅជាស្រពិចស្រពិលហើយដោះសារយករួចខ្លួនតែម្តង។
មិនត្រូវខ្លាចអាជនពាលនេះទេ បើវាហ៊ានធ្វើអ្វី
ទៀតក្របែលវាចោលទៅ ទាំងពួកតុលាការ
បើដាច់ប៉ែក ប្រដៅវាលេងទៅ ព្រោះពួកវា
សុទ្ធតែចោរដែលធ្វើបាបយើង ។
ខ្មែរយើងច្រើននិយាយថា មានមោទនភាពណាស់ បានកើតមកជាខ្មែរ តែចំពោះយើងវិញយល់ ថាជំនាន់មុនទេ។សម័យនេះខ្មែរមានឈ្មោះតែអាប់យស់ ព្រោះមានអាឡប់មេធុនខ្វាក់មួយនេះ៕
អាឈូក បន់ឌិតគំនិតថោក វាមានយស់សក្តិ៍វាចង់
បាញ់កម្មករខ្មែរតាមអំពើចិត្ត,វាអាងខ្នងគ្មានគិតពី
តម្លៃអាយុជីវិតមនុស្សទេ វាបាញ់ខ្មែរចង់បង្ហាញពី
ឥទ្ធិពលនិងអំណាច វាពុំបានគិតពីប្រយោជន៍មុខ
មាត់ប្រទេស ធ្វើឲ្យអ្នកទិញប្តូរចិត្តឈប់ចង់ទិញទំ
និញពីស្រុកខ្មែរពួកក្រុមវាសំឡាប់ខ្លួនដោយខ្លួនឯង
(នេះបានចំជាឈាមស្រែកស្បែកហៅមែន)៕
Post a Comment