Friday, December 21, 2012

គណបក្សប្រឆាំង ចាត់ទុក​ប្រព័ន្ធតុលាការ​អយុត្តិធម៌ ដោយសារ​ករណី​លោក ឈូក បណ្ឌិត​

ថ្ងៃទី 21 ធ្នូ 2012 | ដោយ: លី សិលា 
Cambodia Express News




ភ្នំពេញ: អស់ពី​អង្គការ​សិទ្ធិមនុស្ស មហាជន និង​សហជីព​កម្មករ នៅពេលនេះចូល​ដល់​គណបក្ស​ប្រឆាំង​វិញ​ម្តង​។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួបរួមរ​វាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សមរង្ស៊ី បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​ចាត់ទុកថា តុលាការ​នៅ​កម្ពុជា ជា​ប្រព័ន្ធ​អយុត្តិធម៌ តាមរយៈ​តុលាការខេត្ត​ស្វាយរៀង បាន​លើកលែង​ការចោទប្រកាន់លើ​លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ដែល​បាន​បាញ់ស្ត្រី​កម្មករ ៣ នាក់ ឲ្យ​រងរបួស​ធ្ងន់ កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២​។​
​សេចក្តីថ្លែងការណ៍ ដែល​មាន​ចំណងជើង​ថា "​ប្រព័ន្ធ​អយុត្តិធម៌​នៅ​ស្រុក​យើង​" ចុះ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១២ គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា "​គណបក្ស​សង្គ្រោះ​ជាតិ យល់​ច្បាស់​ជា​ង​ពេលណាៗ​ទាំងអស់ ថា​ត្រូវ​ប្តូរ​ប្រព័ន្ធ​អយុត្តិធម៌ នៅ​ស្រុក​យើង​ចេញ ព្រោះ​មហាជន​យើង​ទទួលយក​លែង​បាន​ហើយ​នូវ​អំពើ​អយុត្តិធម៌ គ្មាន​សីលធម៌​បែបនេះ​។ គណបក្ស​សង្គ្រោះ​ជាតិ សង្ឃឹមថា នៅពេលដែល​មាន​រឿង​មួយ​កើតឡើង ប៉ះ​ចំ​លើ​ក្រុមគ្រួសារ​របស់​គេ ជា​ម្តាយ ជា​ប្រពន្ធ ជា​បងស្រី ជា​ប្អូនស្រី ជា​កូនស្រី អ្នកពាក់ព័ន្ធ​ទាំងអស់នោះ នឹង​ទទួលបាននូវការកាត់ក្តី​ដូច​ករណី​នេះ​ដែរ ហើយ​មនសិការ​របស់​គេ នឹង​មិនបាន​សុខ ឬស្ងប់ក្នុងចិត្តឡើយ ​។ គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​វាចា​នឹង​ថ្លែង ពីព្រោះ​វា​ហួស​និស្ស័យដែល​គួរឲ្យ​ជឿ​បាន​។ នេះហើយប្រព័ន្ធ​អយុត្តិធម៌​នៅ​ស្រុក​យើង​"​។​


សេចក្តីថ្លែងការណ៍​របស់​គណបក្សប្រឆាំង​ដូច្នេះ បាន​ធ្វើឡើងខណៈ​ដែល​តុលាការ​ខេត្ត​ស្វាយរៀង បាន​សម្រេច​លើកលែង​ការចោទប្រកាន់លើ​លោក ឈូក បណ្ឌិត អភិបាលក្រុង​បាវិត ដែល​ត្រូវបាន​ប៉ូលិស និង​ជនរងគ្រោះ បានបញ្ជាក់​ថា ជា​អ្នកបាញ់ ឲ្យ​ស្ត្រីក​ម្មករ ៣ នាក់ រងរបួស​ធ្ងន់ ស្ទើរតែ​ស្លាប់ កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ ខណៈពេល​ដែល​ក្រុម​កម្មករ បាន​ផ្ទុះ​ការតវ៉ានៅ​រោងចក្រ​កៅ​វ៉េ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហា​ធេន នៅ​ទីក្រុង​បាវិត ជាប់​ព្រំដែន​វៀតណាម​។​
​ក៏​ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១២​ ព្រះរាជអាជ្ញា​តុលាការខេត្ត​ស្វាយរៀង លោក ហ៊ឹ​ង ប៊ុន​ជា ដែល​បាន​ស្ងាត់ស្ងៀម​យូរថ្ងៃ​មកហើយ បាន​ថ្លែង​ការពារ​ខ្លួន ចំពោះ​ការសម្រេច​របស់​លោក លើ​ការលើកលែង​ការចោទប្រកាន់ លោក ឈូក បណ្ឌិត​។​
​លោក ហ៊ឹ​ង ប៊ុន​ជា បាន​ការពារ​ខ្លួនចំពោះ​មុខ​អ្នកកាសែត ថា ការសម្រេច​របស់​លោក គឺ​មិនមែន​ពាក់ព័ន្ធ​ជាមួយ​រឿង​នយោបាយ ឬក៏​មាន​គំនាប​ពី​អ្នកធំ​ណា​ទេ​។ មួយវិញទៀត រឿងក្តី​នោះ បើសិន​ជា​ភាគី​ណាមួយ មិន​សុខចិត្ត គឺ​អាច​ប្តឹង​ជំទាស់ ទៅកាន់​តុលាការ​សាលាឧទ្ធរណ៍ តាម​បែប​បទ​ច្បាប់​។​
​លោក​ព្រះរាជអាជ្ញា ហ៊ឹ​ង ប៊ុន​ជា ក៏​បាន​ច្រានចោល​នូវ​រាល់​មតិ​រិះគន់​ពី​មហាជន និង​អង្គការ​សង្គម​ស៊ីវិល​សហជីព ហើយ​ថា លោក​ធ្វើ​សេចក្តីសម្រេច​នោះ តាម​តែ​ផ្លូវ​ច្បាប់ និង​ហ៊ាន​ទទួលខុសត្រូវ បើសិន​ជា​តុលាការ​សាលាឧទ្ធរណ៍សម្រេច​ដាក់​ពិន័យ​លើ​រូប​លោក​៕

1 comment:

Anonymous said...

សង្រ្គោះ ........(CPP)យួន
បំរើ.............អាមេអបគមន៍ហ៊ុន សែន!
ការពារ..........អាយួនយៀកកុងក្នុងប្រទេសខ្មែរ!