Wednesday, December 19, 2012

តែមិនចេះស៊ីសំណូក ដកចេញខ្ទេច ទោះជាមកពីបក្ស ស្រីលើកជើងក៏ដោយ

ពលរដ្ឋ​ប្រតិកម្ម​ចំពោះ​សាលា​រាជធានី​ភ្នំពេញ​ដក​តំណែង​ចៅ​សង្កាត់​ព្រែកប្រា

2012-12-18
ដោយ ទីន ហ្សាការីយ៉ា
Radio Free Asia

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​សាលា​រាជធានី​ភ្នំពេញ បាន​ទៅ​ប្រកាស​ដក​តួនាទី​ចៅ​សង្កាត់​ព្រែកប្រា ដែល​ពួក​គាត់​អះអាង​ថា ការ​ដក​តួនាទី​ចៅ​សង្កាត់​នេះ ជា​រឿង​អយុត្តិធម៌ ពីព្រោះ​ថា​ចៅ​សង្កាត់​របស់​ពួក​គាត់​មិន​មាន​ទោស​កំហុស​អ្វី​នោះ​ទេ។

ការ​បញ្ចេញ​ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ប៉ា សុជាតិវង្ស បាន​ទៅ​ប្រកាស​ផ្ទេរ​តំណែង​ចៅ​សង្កាត់​ព្រែកប្រា នៅ​ព្រឹក​ថ្ងៃ​ទី១៨ ធ្នូ ឆ្នាំ​២០១២។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៨ ធ្នូ ថា ការ​ដក​តួនាទី​ចៅ​សង្កាត់​ព្រែកប្រា ឈ្មោះ ជួប ស៊ីថា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នោះ គេ​ធ្វើ​ឡើង​ដោយ​អាថ៌កំបាំង មិន​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ជា​មុន​អំពី​មូលហេតុ​នៃ​ការ​ដក​តួនាទី​ចៅ​សង្កាត់​នេះ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ចៅ​សង្កាត់​ឈ្មោះ ជួប ស៊ីថា ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​ជូន​ចំនួន​បី​អាណត្តិ​មក​ហើយ ដោយ​សារ​លោក​បាន​បំពេញ​តួនាទី​ល្អ​ជូន​ប្រជាពលរដ្ឋ មិន​ស៊ី​សំណូក និង​ជួយ​សម្រួល​ការងារ​ជូន​ប្រជាពលរដ្ឋ​គ្រប់​ពេល តែ​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ ដក​តួនាទី​គាត់​ទៅ​វិញ។


ប្រជាពលរដ្ឋ​មួយ​រូប​ទៀត​ឈ្មោះ រស់ សំអាង បាន​លើក​ឡើង​ថា ការ​ដក​តួនាទី​ចៅ​សង្កាត់​នេះ ជា​រឿង​មិន​ប្រក្រតី ពីព្រោះ​ថា ចៅ​សង្កាត់​ព្រែកប្រា នេះ បាន​ជាប់​ឆ្នោត​ដោយ​សារ​តែ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជូន តែ​មូលហេតុ​អ្វី​បាន​ជា​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជូន​ហើយ បែរ​ជា​ថ្នាក់​លើ​មក​ដក​តួនាទី​គាត់​ទៅ​វិញ? អ្នកស្រី​អះអាង​ថា ការ​ធ្វើ​ដូច្នេះ​ជា​រឿង​អយុត្តិធម៌។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​អភិបាល​រង​រាជធានី​ភ្នំពេញ និង​អភិបាល​ខណ្ឌ​មានជ័យ បាន​ទៅ​ប្រកាស​តែង​តាំង​ជំទប់​ទី១ ឈ្មោះ ហួ ហួត ជា​ចៅ​សង្កាត់​ថ្មី​ជំនួស​លោក ជួប ស៊ីថា។ លោក ប៉ា សុជាតិវង្ស បាន​លើក​ហេតុផល​ថា លោក​ចៅ​សង្កាត់ ជួប ស៊ីថា បាន​ស្នើសុំ​លោក​លាលែង​ពី​តួនាទី​ពី​ចៅ​សង្កាត់​ជា​ច្រើន​លើក ដោយ​សារ​លោក​មាន​ជំងឺ និង​ចង់​វិល​ទៅ​អង្គភាព​ចាស់​របស់​គាត់​វិញ នៅ​កង​ពល​តូច​ង​៧០។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ អតីត​ចៅ​សង្កាត់​ព្រែកប្រា លោក ជួប ស៊ីថា បាន​បដិសេធ​ថា លោក​មិន​ដែល​ស្នើសុំ​លាលែង​ឈប់​ពី​តួនាទី​ជា​ចៅ​សង្កាត់​ទេ ហើយ​លោក​ក៏​មិន​មាន​ជំងឺ​អ្វី​ដែរ។ លោក ជួប ស៊ីថា អះអាង​ថា កន្លង​មក​លោក ប៉ា សុជាតិវង្ស បាន​ហៅ​លោក​ទៅ​ប្រជុំ​សម្ងាត់ ដោយ​បង្ខំ​ឲ្យ​លោក​លាលែង​ពី​តួនាទី។ លោក​បញ្ជាក់​ថា លោក ប៉ា សុជាតិវង្ស បាន​ប្រាប់​លោក​ថា ការ​ឲ្យ​លោក​លាលែង​ពី​តួនាទី​នេះ គឺ​មាន​ចំណា​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១២ ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ​មានជ័យ បាន​យក​លិខិត​ស្នើសុំ​លាលែង​ពី​តួនាទី​ឲ្យ​លោក​ផ្ដិត​មេដៃ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រិត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា មេ​ឃុំ ឬ​ចៅ​សង្កាត់ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​មហាផ្ទៃ និង​នៅ​ក្រោម​បក្ស ដូច្នេះ ប្រសិន​បើ​ដក​តួនាទី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ណា​មួយ​នោះ លុះត្រា​តែ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នោះ​បាន​ធ្វើ​ខុស​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។

ទាក់​ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ដឹង​អំពី​ករណី​នេះ​ទេ ដោយ​លោក​បាន​បង្វែរ​ឲ្យ​សួរ​ទៅ​លោក ឡេង វី ជា​អគ្គនាយក​អគ្គ​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​លោក ឡេង វី ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៨ ធ្នូ។

សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ព្រែកប្រា មាន​ចំនួន ៩​រូប ក្នុង​នោះ​ក្រុម​ប្រឹក្សា​សង្កាត់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៧​រូប និង​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​មក​ពី​គណបក្ស សម រង្ស៊ី ចំនួន ២​រូប។ លោក ជួប ស៊ីថា ជា​បក្ខជន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់​ព្រែកប្រា ចំនួន​បី​អាណត្តិ​មក​ហើយ៕

No comments: