Wednesday, December 19, 2012

ដុល្លាការ​លើកលែង​ការ​ចោទប្រកាន់​លើ​អតីត​អភិបាលក្រុង​បាវិត​ ក្នុង​រឿង​បាញ់​ស្ត្រីកម្មករ ​របួសធ្ងន់​ ៣​ នាក់​

ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត


តុលាការ​​សាលា​ដំបូង​​ខេត្ត​ស្វាយរៀង​ បាន​​សម្រេច​​លើក​លែង​​ការចោទ​ប្រកាន់​​អតីត​​អភិបាល​​ក្រុង​​បាវិត​ លោក​ ឈូក​ បណ្ឌិត​ ក្នុង​​សំណុំរឿង​​បាញ់​​​​លើ​​ស្ត្រី​​កម្មករ​ ៣​ នាក់​ បណ្តាល​​អោយ​​​រង​​របួស​​ធ្ងន់​ កាលពី​ខែ​កុម្ភៈ។ លោក​ ឈូក​ បណ្ឌិត​ ភ្លាម​នោះ​ ត្រូ​វ​បាន​ដក​តំណែង​ និង​ត្រូវ​​បាន​​តុលាការ​ ​ចោទ​ប្រកាន់​​ពីបទ​ បង្ក​​របួសស្នាម​​ដោយ​​អ​ចេតនា​​ តែ​​មិន​​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ទេ។​

18/12/2012
សេចក្តី​រាយការណ៍​របស់​ លី​​ ម៉េង​ហួរ
Radio France Internationale

ព្រះរាជអាជ្ញា​ អម​​សាលា​ដំបូង​ ខេត្ត​​ស្វាយរៀង​​ ​លោក​ ហ៊ីង​ ប៊ុន​ជា​​ ​បាន​​ប្រាប់​​​អ្នក​​កាសែត​ កាលពី​ថ្ងៃ​​ទី​​១៨​ ខែ​​ធ្នូ​ ឆ្នាំ​​២០១២​ ថា​​ ​តាម​រយៈ​​ការ​​​ស៊ើប​​អង្កេត​របស់​តុលាការ​ និង​​វត្ថុតាង​ ពុំ​​មាន​គ្រប់គ្រាន់​ ដើម្បី​​ដាក់​​សំអាង​ចោទ​​លើ​​លោក​ ឈូក​​ ​បណ្ខិត​ ទេ។ ដូច្នេះ​​លោក​​បាន​​សំរេច​​លើកលែង​​ការ​ចោទប្រកាន់​​លើ​​អតីត​​អភិបាល​ក្រុង​​បាវិត​ កាល​​ពី​​សបា្តហ៍​​មុន។​

ដំណឹង​នៃ​ការ​លើកលែង​ចោទប្រកាន់​លើ​អតីត​អភិបាល​ក្រុង​បាវិត​ លោក​ ឈូក​ បណ្ឌិត​ ដែល​​ជា​​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រចាំ​តំបន់​ជាប់​ព្រំដែន​វៀតណាម​ ក៏​ត្រូវបាន​មេធាវី​​ស្ត្រី​ជន​រងគ្រោះ​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ ទើបតែ​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក​​ មឿន​​ តុលា​​​ ប្រធាន​​​ផ្នែក​​​សិទ្ធិ​​​ការងារ​​ របស់​​​មជ្ឈមណ្ឌល​​​អប់​រំ​​​ច្បាប់​​ សម្រាប់​​​សហគមន៍​​ បាន​​​សម្តែង​​​ការ​​ភ្ញាក់ផ្អើល​​ និង​​​ហួសចិត្ត​។​ សកម្មជន​សិទ្ធិមនុស្ស​ បញ្ជាក់​ថា​ ​បើ​​ក្នុង​ករណី​​តុលាការ​លើកលែង​​ការ​ចោទ​ប្រកាន់​លើ​លោក​ ឈូក​ បណ្ឌិត​ ​ពិត​ប្រាកដ​​មែន​ វា​​ជា​​រឿង​​មួយ​​ចម្លែក​​ខ្លាំង​​មែន​ទែន​ ហើយ​លោក​គិត​ថា​ វា​​មាន​​រឿង​​​មិន​​ប្រក្រតី​​ច្រើន​​កើត​ឡើង​ ក្នុង​​រឿង​​ក្តី​នោះ។


លោក មឿន តុលា ក៏បានអំពាវនាវឲ្យតុលាការ ខេត្តស្វាយរៀង ពិចារណាឡើងវិញ។ រីឯអង្គភាព​ប្រឆាំងអំពើពុករលួយ ក៏គួរតែបើកការស៊ើបអង្កេត លើភាពមិនប្រក្រតី នៅ​តុលាការ​ ក្នុង​សំណុំ​រឿង​ដ៏​រសើប​នោះ​ ដើម្បី​បំបាត់​វប្បធម៌​​និរទណ្ឌភាព​ និង​ស្តារ​កេរ្តិ៍​ឈ្មោះ​ ព្រម​​ទាំង​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​បញ្ជា​ទិញ​សម្លៀក​បំពាក់​កាត់ដេរ​ ពី​កម្ពុជា។

ជា​ការ​កត់​​សម្គាល់​ ក្រោយ​​ពី​​ប៉ូលិស​​ក្រសួង​មហាផ្ទៃ​ បាន​​បញ្ជូន​​សំណុំ​រឿង​​ទៅ​កាន់​​តុលាការ​ ខេត្ត​​ស្វាយ​រៀង​ តុលាការ​​ក៏​​បាន​​ចោទ​ប្រកាន់​​លោក​ ឈូក​ បណ្ឌិត​ ពី​​បទ​​បង្ក​​របួស​ស្នាម​ ដោយ​​អ​ចេតនា។ តែ​​លោក​ ឈូក​ បណ្ឌិត​ មិន​ត្រូវ​បាន​ចាប់​ខ្លួន​ទេ។

លោក​ ឈូក​ បណ្ឌិត​ អតីត​អភិបាល​ក្រុង​​បាវិត​ ជាប់​ចោទ​​ក្នុង​​រឿង​​បាញ់​​ស្ត្រី​កម្មករ​ ៣​ នាក់​ ឲ្យ​​របួសធ្ងន់​ នៅ​ពេល​​ក្រុម​កម្មករ​ ផ្ទុះ​​ការ​តវ៉ា​​ក្នុង​​តំបន់​​សេដ្ឋកិច្ច​​ពិសេស​ មេន​​ហាត​​ធេន​ នៅ​​ទីក្រុង​​បាវិត​ ជាប់​​ព្រំដែន​​វៀតណាម​ កាល​ពី​​ថ្ងៃ​​ទី​​២០​ ខែ​​កុម្ភៈ​ ឆ្នាំ​​២០១២​៕

2 comments:

Anonymous said...

បើគ្មានភស្តុតាងសម្រាប់ចោទប្រកាន់អញ្ចឹង អ្នករងគ្រោះបីនាក់ហ្នឹងប្រហែលជាត្រូវឈូក ទណ្ឌិត
ប្តឹងបកវិញ ពីបទផ្តល់ពត៌មានមិនពិត និងបរិហាកេរ្ត៍ ។  ចោររួចខ្លួន ម្ចាស់ជាប់គុក ?

Anonymous said...

បើ($$$$$$$$$ការ)កាត់ក្តី ,មិនខ្មេះ!
មានតែពលរដ្ឋខ្មែរ នាំគ្នាទៅ(កាត់ក្ត)
អាឈូក បណ្ឌិត វិញម្តង!