Thursday, December 13, 2012

លោក​ស៊ូប៊ែរឌី​ចង់​ដឹង​ពី​ការ​ទុក​ចោល​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​កម្ពុជា

លោក​សូរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេស​ផ្នែក​សិទ្ធិមនុស្ស​ របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។ រូបថត ហេង ជី​វ័ន​

Thursday, 13 December 2012
Bridget Di Certo
The Phnom Penh Post

ភ្នំពេញៈសេចក្តី​ព្រាង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម រចនា​សម្ព័ន្ធ​ប្រព័ន្ធ​តុលាការ និង​កំណែ​ទម្រង់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ត្រូវ​បាន​ទុក​ចោល​អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ​មក​ហើយ​ ធ្វើ​ឲ្យ​លោក សូរិយា ស៊ូប៊ែរឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា-​ជាតិ​ចង់​ដឹង​អំពី​មូលហេតុ ។

លោក​សាស្រ្តាចារ្យ​ច្បាប់​នៃ​សាកល​វិទ្យាល័យ Leeds រូប​នេះ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «​ប្រព័ន្ធ​តុលាការ​ជា​បញ្ហា​សំខាន់​[នៅ​កម្ពុជា]​។ អ្វី​គ្រប់​យ៉ាង​ស្ថិត​នៅ​លើ​ប្រព័ន្ធ​តុលាការ​ ដូច្នេះ បញ្ហា​នោះ ​ត្រូវ​ដោះ​ស្រាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​។ គឺ​មិន​ត្រឹម​តែ​ឯក​រាជភាព​នៃ​ប្រព័ន្ធ​តុលាការ​ទេ គឺ​ថែម​ទាំង​សមត្ថភាព​របស់​ប្រព័ន្ធ​តុលាការ​ផង​ដែរ»

របាយការណ៍​ ទី១​នៃ​របាយការណ៍​បួន​របស់​លោក ស៊ូប៊ែរឌី ស្តីពី​ស្ថានការណ៍​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា បាន​ពិនិត្យ​លើ​ប្រព័ន្ធ​តុលាការ និង​ស្នើ​អនុសាសន៍​ចំនួន​៣៦ ដល់​រដ្ឋាភិបាល​។ លោក ស៊ូប៊ែរឌី បាន​ថ្លែង​ថា៖ «​អនុសាសន៍​ទាំង​នេះ​គួរ​ធ្វើ​តាម មិន​មែន​សុទ្ធ​តែ​ទាំង​អស់​ទេ​ដែល​ត្រូវ​ការ​ពេល​វេលា​នោះ​។ ប៉ុន្តែ ឧទាហរណ៍ ច្បាប់​ស្នូល​ទាំង​បី​នេះ​មិន​ត្រូវ​ឲ្យ​មាន​ធនធាន​បន្ថែម​ច្រើន​ទេ ព្រោះ​វា​ជា​ផ្នែក​នៃ​កម្មវិធី​ច្បាប់​របស់​រដ្ឋាភិបាល​»។ «​ខ្ញុំ​ចង់​ស្វែង​យល់​ថា​តើ​អ្វី​ជាការ​លំបាក មូល​ហេតុ​អ្វី​បាន​ជា​មាន​ភាព​យឺត​យ៉ាវ ហើយ​តើ​ខ្ញុំ​អាច​ជួយ​[រដ្ឋាភិបាល​]ដោយ​របៀប​ណា ដើម្បី​ដាក់​អនុវត្ត​[ច្បាប់​ទាំង​នេះ]»។


កាល​ពី២​ឆ្នាំ​មុន ការ​ពិភាក្សា​របស់​លោក ស៊ូប៊ែរឌី ជាមួយ​នឹង​រដ្ឋាភិបាល​ស្តីពី​ច្បាប់​ដែល​នឹង​បង្កើត​ជា​ក្រប​ខ័ណ្ឌ​សម្រាប់​ ប្រព័ន្ធ​តុលាការ​កាន់​តែ​រឹងមាំ មាន​ឯករាជ្យ និង​ប្រសិទ្ធភាព​ថែម​ទៀត បាន​បង្ហាញ​ជា​សញ្ញា​ថា ​សេចក្តី​ព្រាង​ច្បាប់​អាយុ ២០ ឆ្នាំ​ទាំង​នេះ​កំពុង​ដំណើរ​ការ​ទៅ​មុខ។ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ​ មិន​ត្រូវ​បាន​ដាក់​ក្នុង​របៀប​វារៈ​នៅ​ចំពោះ​មុខ​រដ្ឋ​សភា​ទេ។

លោក ស៊ូប៊ែរឌី បាន​បន្ត​ថា ជា​ប្រទេស​អភិវឌ្ឍន៍ ការ​ផ្តោត​របស់​កម្ពុជា​គឺ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។ «ប៉ុន្តែ មនុស្ស​ច្រើន​ថែម​ទៀត​នឹង​ចង់​វិនិយោគ​យក​ជា​ការ​ ប្រសិន​បើ​ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រព័ន្ធ​យុតិ្ត​ធម៌ ​ដែល​មាន​ប្រសិទ្ធភាព មិន​លម្អៀង ឆាប់​រហ័ស រឹង​មាំ និង​មាន​ឯក​រាជ្យ​។ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​គឺជា​ផ្នែក​នៃ​កញ្ចប់​តែ​មួយ»។

លោក បាន​បន្ថែម​ថា ប្រព័ន្ធ​តុលាការ ​ត្រូវ​តែ​មាន​ប្រសិទ្ធ​ភាព​មាន​ជំនឿ​ជឿ​ជាក់ និង​ទំនុក​ចិត្ត​ពី​ប្រជាជន​។ «​ក្នុង​ករណី​ខ្លះ មនុស្ស​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​យប់​ថ្ងៃ​សុក្រ ហើយ​ផ្តន្ទាទោស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ។ នោះ​មិន​មែន​ជា​ការ​ល្អ​ទេ»។

វប្បធម៌​និទ្ទណ្ឌ​ភាព ​និង​ការ​គោរព​អ្នក​មាន​និង​អ្នក​មាន​អំណាច​គឺជា​ឧបសគ្គ​មួយ​ទៀត ​ចំពោះ​ការ អភិវឌ្ឍ​ដែល​ចាំបាច់​ត្រូវ​ដោះ​ស្រាយ។ ​លោក​បាន​លើក​ឡើង​ថា៖ «​ប្រសិន​បើ​ចៅក្រម​សម្រេច​សេចក្តី​ថ្ងៃ​នេះថា​មិន​ប្រឆាំង​នឹង​អ្នក​មាន និង​អ្នក​មាន​អំណាច ​ចៅក្រម​ត្រូវ​តែ​ដេក​លក់​ស្រួល​ ដោយ​ដឹង​ថា ការងារ​របស់​ពួក​គេ​នឹង​មាន​សុវត្ថិភាព​នៅ​ថ្ងៃ​ស្អែក​»។

លោកស៊ូប៊ែរឌី ​បាន​ថ្លែង​ថា ក្នុង​អំឡុង​បេសកកម្ម​ស្វែងរក​ការ​ពិត​សម្រាប់​របាយការណ៍​ឆ្នាំ ២០១០ ​ស្តីពី​កំណែ​ទម្រង់​តុលាការ លោក​បាន​ជួប​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ហើយ​បាន​ពិនិត្យ​បញ្ជី​រឿង​ក្តី​ជាច្រើន​ដែល​លោក​បាន​ប្រមូល​ផ្តុំ ដែល​មិន​ត្រូវ​បាន​ស៊ើប​អង្កេត​ដោយ​ត្រឹមត្រូវ​។​ «​គេ​បាន​ធានា​ចំពោះ​ខ្ញុំ​ថា ​រឿង​ក្តី​ទាំង​នេះ​ បាន​ស៊ើប​អង្កេត​យ៉ាង​ត្រឹម​ត្រូវ​ ហើយ​ប្រសិន​បើ​ចាំបាច់​នឹង​ទទួល​បាន​ជំនួយ​មួយ​ចំនួន​ពី​ FBI ឬ​ស្ថាប័ន​អន្តរជាតិ​ដទៃ​ទៀត​»។ វា​គឺជា​ការ​ធានា​របស់​រដ្ឋាភិបាល​ដែល​លោក ស៊ូប៊ែរឌី មាន​បំណង​តាម​ដាន​ក្នុង​អំឡុង​បេសកកម្ម​របស់​លោក​មក​កម្ពុជា​ក្នុង​សប្តាហ៍​ នេះ​។

ខណៈ​ដែល​លោក ស៊ូប៊ែរឌី ថា លោក​ចង់​ឃើញ​កិច្ច​សហ​ប្រតិបតិ្តការ​ថែម​ទៀត​ពី​រដ្ឋាភិបាល លោក​បាន​ថ្លែង​ថា​ វា​ឆាប់​ពេក​ហើយ​ក្នុង​សប្តាហ៍​នេះ ​ក្នុង​ការ​និយាយ​អំពី​កិច្ច​សហប្រតិបតិ្តការ​របស់​រដ្ឋាភិបាល។ ​លោក ស៊ូប៊ែរឌី ​បន្ថែម​ថា៖ «​មាន​ឡើង និង​ចុះ​។ មាន​ពេល​ខ្លះ ខ្ញុំ​មាន​ទំនាក់​ទំនង​ល្អ ហើយ​ពេល​ខ្លះ​ទៀត ទំនាក់​ទំនង​មិន​ល្អ​»។ លោក​បន្ថែម​ថា លោក​មិន​បាក់​ទឹក​ចិត្ត​ទេ។ ​​លោក​គូស​បញ្ជាក់​ថា​៖​ «​ទាក់​ទង​នឹង​ការ​រិះគន់​ខ្ញុំ​ថា​ ជា​សំឡេង​របស់​ក្រុម​ប្រឆាំង នេះ​គ្រាន់​តែ​ជា​បុគ្គល​ប៉ុណ្ណោះ ​រដ្ឋាភិបាល​ផ្ទាល់​បាន​អញ្ជើញ​ខ្ញុំ​ លើក​នេះ​។ ខ្ញុំ​នៅ​ទីនេះ​ជា​ភ្ញៀវ​របស់​រដ្ឋាភិបាល»៕

No comments: