Friday, 21 December 2012 មាស សុខជា
www.postkhmer.com
ភ្នំពេញៈ មេដឹកនាំសមាគមអ្នកប្រជាធិបតេយ្យរបស់លោក
ម៉ម សូណង់ដូ ៣ នាក់ ត្រូវបានតែងតាំង និង ៨ នាក់ផ្សេងទៀត
នឹងត្រូវតែងតាំងជាទីប្រឹក្សារបស់រដ្ឋាភិបាល នៅពេលដែលពួកគេ
រត់ចោលលោកម៉ម សូណង់ដូ ដែលកំពុងជាប់ឃុំ
ហើយទៅចុះចូលជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។
នេះបើតាមមន្ត្រីសមាគមអ្នកប្រជាធិបតេយ្យ និងលោកញឹក ប៊ុន ឆៃ
ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច។
លោក ជា បំរ៉ុង
អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍
កាលពីម្សិលមិញថា លោកនិងសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ ៩ នាក់ទៀត
និងមេដឹកនាំ ៣៣ នាក់ ក្នុងខេត្តក្រុង១១ បានសម្រេចចិត្ត
ចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច
ដោយសារបាត់បង់ទំនុកចិត្តលើសមាគម បន្ទាប់ពីពួកគេបានព្យាយាមបម្រើ
និងខំរកគន្លឹះជួយលោក ម៉ម សូណង់ដូ ពីពន្ធនាគារ មិនបានជោគជ័យ។
លោក
បញ្ជាក់ថា៖«ខ្ញុំបានចរចាជាមួយនឹងឯកឧត្តម ញឹក ប៊ុនឆៃ ៣‑៤
ដងថាខ្ញុំចង់ចូលរួមដើរតាមមាគ៌ារបស់ព្រះមហាវីរក្សត្រ [នរោត្តម
សីហនុ]។
សមាគមបានឈានដល់ផ្លូវជាប់គាំងដែលមិនអាចទៅមុខទៀតបានទេ»។
ទោះ
ជាយ៉ាងណា លោក ជា បំរ៉ុង
បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយថាតើសមាគមអ្នកប្រជាធិបតេយ្យនឹង
បិទទ្វារឬយ៉ាងណាឡើយ។ លោកបានថ្លែងបន្តថា៖
«ខ្ញុំបានដាក់លក្ខខណ្ឌជាមួយឯកឧត្តម ញឹក ប៊ុនឆៃ។
ខ្ញុំចូលរួមដើម្បីកសាងជាតិតាមមាគ៌ាកណ្តាល។
ប្រសិនបើខ្ញុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាគេនឹងនិយាយថា
ខ្ញុំចង់បានអត្ថប្រយោជន៍។ ប្រសិនបើចូលគណបក្សប្រឆាំង
គេថាខ្ញុំប្រឆាំងរដ្ឋាភិបាល»។ លោកបន្ថែមថា លោកញឹក ប៊ុនឆៃមិន
បានសន្យាផ្តល់អត្ថប្រយោជន៍ ឬតំណែងអ្វី ដល់រូបលោក និងសហសេវិកឡើយ
ប៉ុន្តែលោកបានឲ្យដឹងថា រូបលោក និងសហសេវិកពីរនាក់ទៀត
ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល។
លោកនឹម
បានអតីតអនុប្រធានសមាគមអ្នកប្រជាធិបតេយ្យ នៅខេត្តព្រៃវែង
បានថ្លែងថា៖ «តុលាការបានកាត់ទោសលោក ម៉ម សូណង់ដូឲ្យជាប់ពន្ធនាគារ
២០ ឆ្នាំ ដូច្នេះ សមាគម មិនអាចធ្វើអ្វីបានទៀតទេ វាជាប់គាំង»។
យ៉ាង
ណាក្តី លោកស្រី ឌិន ផាណារ៉ា ភរិយាលោកសូណង់ដូ និងជាអគ្គលេខាធិការ
នៃសមាគមអ្នកប្រជាធិបតេយ្យ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍
កាលពីម្សិលមិញថា បើទោះបីជាមេដឹកនាំនិងសមាជិកទាំងនោះ
បានលាលែងពីសមាគមក៏ដោយ
ប៉ុន្តែសមាគមនឹងនៅតែបន្តដំណើរការទៅមុខដោយមិនរំលាយចោលឡើយ
រហូត ប្តីលោកស្រីចេញមកវិញ។
លោកស្រី បានលើកឡើងថា៖
«ពួកគាត់លាលែងជាសិទិ្ធរបស់ពួកគាត់។
យើងមានសមាជិកថ្មីចូលថែមទៀត វាគ្មានបញ្ហាទេ។ ខ្ញុំសង្ឃឹមថា លោក
ម៉ម សូណង់ដូ នឹងត្រូវដោះលែងនៅក្នុងពេលឆាប់ៗ»។ លោកស្រី
បានឲ្យដឹងថា ឥឡូវនេះ មានតែសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ ២
នាក់ប៉ុណ្ណោះ ដែលធ្វើការនៅក្នុងសមាគម។
លោក ញឹក ប៊ុនឆៃ
ប្រធានប្រតិបត្តិគណបក្ស ហ៊្វុនស៊ិនប៉ិច បានអះអាងថា
មានសមាជិករាប់ពាន់នាក់មកពីសមាគមលោក ម៉ម សូណង់ដូ
ចាប់ពីសមាជិកធម្មតា រហូតដល់ថ្នាក់ដឹកនាំ បានចូលរួមជាមួយគណបក្ស
ហ៊្វុនស៊ិនប៉ិច។ លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា
លោកមិនបានសន្យាផ្តល់អត្ថប្រយោជន៍ ឬតំណែងដល់ពួកគេឡើយ ប៉ុន្តែ
លោកនឹងស្នើសុំរដ្ឋាភិបាល ចេញអនុក្រឹត្យ តែងតាំងសមាជិក ៨
រូបថែមទៀត បន្ថែមពីលើសមាជិក៣រូប
ដែលបានតែងតាំងជាទីប្រក្សារដ្ឋាភិបាលរួចហើយ។
លោកអ៊ូ
វីរៈប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា
ដែលបានចូលរួមជាមួយនឹងលោក ជា បំរ៉ុង
ដើម្បីអំពាវនាវឲ្យមានការដោះលែងលោក ម៉ម សូណង់ដូ បានសម្តែងការសាទរ
ចំពោះការចូលរួមរបស់សមាជិកសមាគមអ្នកប្រជាធិបតេយ្យ ជាមួយគណបក្ស
ហ៊្វុនស៊ិនប៉ិច ដោយលោកបញ្ជាក់ថា នេះគឺជាសិទិ្ធរបស់ពួកគេ
ក្នុងការធ្វើនយោបាយ៕ TK
1 comment:
You all can see that why Khmers Ror Leas because they think only personal interest, never soldarität.
Post a Comment