|
ស្លាកស្នាមនៅលើដងខ្លួនជនរងគ្រោះដែលត្រូវក្រុមអន្ធពាលកាប់នៅក្នុងវង់ផឹកស៊ីក្នុងក្រុងតាខ្មៅ។ រូបថត សហការី |
Thursday, 13 December 2012
ជុំ ច័ន្ទដារិន
The Phnom Penh Post
រឿងរ៉ាវ ការចាប់រំលោភសេពសន្ថវៈ រវាងឪពុក និងកូន គ្រូចាប់រំលោភសិស្ស កូនកាប់ឪពុក ប្តីវាយប្រពន្ធ គ្រូពេទ្យមិនព្រមព្យាបាលអ្នកជំងឺដោយបណ្តោយទុកឲ្យឈឺរហូតដល់ ស្លាប់ ការធ្វើអត្តឃាត។ល។ ត្រូវបានបង្ហាញតាមសារព័ត៌មានជាភាសាខ្មែរ ស្ទើរតែជារៀងរាល់ថ្ងៃ។ តើនេះជាសញ្ញានៃការធ្លាក់ចុះ នៃសីលធម៌សង្គមមួយគួរឲ្យព្រួយបារម្ភដែរឬទេ?
បើតាមយោបល់ខ្ញុំ វាជាការធ្លាក់ចុះនៃសីលធម៌សង្គមមួយដ៏គួរឲ្យបារម្ភ។ វាជាការគ្រោះថ្នាក់មួយ សម្រាប់សង្គមជាតិ ពីព្រោះថា ដើម្បីរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនា មនុស្សត្រូវតែចេះគោរពស្រឡាញ់ និងរាប់អានគ្នា ទៅវិញទៅមក មនុស្សត្រូវទុកចិត្តគ្នានិងនិយាយដោះស្រាយបញ្ហាជាមួយគ្នាដោយ សន្តិវិធី។ ចុះបើមនុស្សលែងចេះនិយាយស្តាប់គ្នាហើយលែងមានការទុកចិត្តគ្នាហើយ និងលែងចេះជួយយកអាសាគ្នាហើយ តើមនុស្សខ្មែរ អាចរស់ដោយសុខដុមរមនាយ៉ាងមេចកើត? តើនេះបណ្តាលមកពីអ្វី? តើកត្តាអ្វីខ្លះ ដែលធ្វើឲ្យសីលធម៌ខ្មែរដែលធ្លាប់តែរុងរឿង ធ្លាក់ចុះមកយ៉ាងដុនដាបបែបនេះ?
សីលធម៌ សម្គាល់ទៅលើទ្រឹស្តី ឬពាក្យទូន្មាន ឬក៏ទង្វើទាំងឡាយណា ដែលដឹកនាំទៅរកផ្លូវល្អ និងចៀសវាង ផ្លូវអាក្រក់ ក្នុងជីវិតរស់នៅ។ និយាយដោយសច្ចៈមនុស្សមានសីលធម៌ គឺជាមនុស្សដែលរស់នៅប្រកបដោយអំពើល្អ ទាំងសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ សម្រាប់វិជ្ជាជីវៈ និងសម្រាប់សង្គម។ បើយើងពិនិត្យមើលសង្គមខ្មែរបច្ចុប្បន្ន សីលធម៌ក្នុងការរស់នៅ ហាក់ដូចជាធ្លាក់ចុះរហូត ដែលអាចឲ្យគេសនិ្នដ្ឋានបានថា មនុស្សខ្មែរមិនមែនកំពុងរស់នៅប្រកបដោយភាពសុខសាន្តតាមផ្លូវកាយ និងផ្លូវចិត្តនោះឡើយ។
ទស្សនវិទូក្រិក នៅសតវត្សរ៍ទី ៥មុនគ្រិស្តសករាជ សូក្រាត បានឲ្យនិយមន័យសីលធម៌ទៅលើការកសាងកុសលដើម្បីឲ្យបានសម្រេចនូវ សុភមង្គល ប៉ុន្តែគាត់ក៏បានបញ្ជាក់ដោយមិនត្រូវយល់ថាសុភមង្គល ស្ថិតនៅលើទ្រព្យសម្បត្តិ អំណាចនិងកិត្តិយសជាដាច់ខាត។ ដើម្បីមានសុភមង្គលតាមផ្លូវចិត្តគឺវាចាំបាច់ទាមទារឲ្យបុគ្គល មានពុទ្ធិនៅក្នុងខ្លួនដើម្បីទទួលបានការអប់រំខ្លួនឯងឲ្យចេះដឹង ហើយចៀសផុតពីអំពើអាក្រក់ទាំងឡាយ។ ភាពល្ងិតល្ងង់ឬអវិជ្ជាពិតជាពុំអាចធ្វើឲ្យមនុស្សយល់ពីតម្លៃ សីលធម៌ឡើយ។ ចុះបើយើងក្រឡេកមើលវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន តើសាលា ធ្វើឲ្យមនុស្សខ្មែរអាចទទួលបានការអប់រំខ្លួន បានល្អឬទេ?
អំពើ ពុករលួយ បានបំផ្លាញគំនិតល្អៗទាំងឡាយដែលបានបង្កប់នៅក្នុងវិស័យអប់រំ។ តាំងពីថ្នាក់បឋម រហូតដល់ឧត្តម អំពើពុករលួយ បានស្តែងចេញតាមគ្រប់រូបភាព។ គ្រូត្រូវបង្ខំចិត្តយកលុយពីសិស្ស។ សិស្សត្រូវទិញពិន្ទុគ្រូ។ គ្រូត្រូវលក់នំ ក្នុងម៉ោងបង្រៀនដែលធ្វើឲ្យសិស្សមិនឲ្យតម្លៃដល់គ្រូ។ គ្រូមិនមានពេលស្រាវជ្រាវក្នុងការបង្រៀន ពីព្រោះតែរវល់ធ្វើការងារបន្ថែមពីរ ឬក៏បីដូចជា ទៅរត់ម៉ូតូឌុប ឬក៏ធ្វើស្រែដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ។ ឯសិស្សភាគច្រើន ក៏ត្រូវបង្ខំចិត្តឲ្យរៀនមហាវិទ្យាល័យលើសពីមួយ ក្នុងពេលតែមួយដែរ ដោយសារតែខ្លាចមិនមានការងារធ្វើ ហើយបានប្រាក់ខែមិនគ្រប់គ្រាន់បន្ទាប់ពីរៀនចប់។ បើនិយាយពីក្រសួងអប់រំវិញ ទទួលបានថវិកាតិចតួចពីខ្ទង់ថវិកាជាតិ។ យោងតាមរបាយការណ៍ធនាគារពិភពលោកឆ្នាំ២០១២ ថវិកាចាយទៅលើវិស័យអប់រំ មានតែ១,៦ ភាគរយតែប៉ុណ្ណោះ។ បើពិនិត្យពីថវិកា ដែលចំណាយទៅលើឧត្តមសិក្សាវិញ មានចំនួន០,០៥ ភាគរយតែប៉ុណ្ណោះ។ ថវិកាដ៏តិចតួចនេះ បានធ្វើឲ្យគុណភាពវិស័យអប់រំ នៅមានកម្រិត។ ទាំងសាលារដ្ឋ និងឯកជន មិនបានយកចិត្តទុកដាក់ដើម្បីជំរុញឲ្យសិស្សចេះស្រាវជ្រាវ និងបង្កើតចំណេះដឹងថ្មីៗឡើយ។ សិស្សត្រូវបានរំពឹងទុកឲ្យតែទទួលបន្តនូវចំណេះដឹងអ្វីដែលគ្រូ មាន ហើយព្យាយាមទន្ទេញចាំមាត់ដូចសេកដោយមិនមានការលើកទឹកចិត្ត ឲ្យចេះគិតពិចារណា ស្រាវជ្រាវ ឬក៏បំបែកជាចំណេះដឹង ថ្មីអ្វីសោះ។ មនុស្សខ្មែរសព្វថ្ងៃ កំពុងតែអភិវឌ្ឍតែផ្នែករូបរាងខាងក្រៅរបស់ខ្លួនតាមរយៈសម្ភារ និយមហួសហេតុ ប៉ុន្តែគេមិនបានអភិវឌ្ឍចំណេះដឹងផ្នែកខាងក្នុងឲ្យបានល្អឡើយ។ តើគេអាចរំពឹងថា វិស័យអប់រំនេះ នឹងអាចជួយលើកស្ទួយឲ្យមនុស្សខ្មែរមានចំណេះដឹងក្នុងខ្លួនដើម្បី ឲ្យពួកគេចេះស្វែងយល់ពីសុភមង្គលប្រកបដោយសីលធម៌ទេ?
ទស្សន វិទូប្លាតុង ដែលជាកូនសិស្សរបស់សូក្រាត បានឲ្យតម្លៃសីលធម៌ ទៅលើភាពយុត្តិធម៌នៅក្នុងសង្គម។ ប្លាតុងបានពន្យល់ថា ដើម្បីរស់នៅប្រកបដោយសីលធម៌មនុស្សត្រូវរស់នៅប្រកបដោយវិចារណញ្ញាណ ដោយការមើលឃើញល្អថាល្អ អាក្រក់ថាអាក្រក់។
ដើម្បីរស់នៅប្រកបដោយសីលធម៌ មនុស្សត្រូវមានសេចក្តីក្លាហានហើយដើម្បីរស់នៅប្រកបដោយសីលធម៌ មនុស្សត្រូវមានចំណង់ចំណូលចិត្ត ក៏ប៉ុន្តែមិនមែនជាការលោភលន់ហួសប្រមាណនោះទេ ។ បើពិនិត្យមើលលក្ខខណ្ឌទំាងបី គេហាក់ដូចជាពិបាកនឹងថា ឃើញឬមិនឃើញថា វាកំពុងកើតមាននៅក្នុងសង្គមខ្មែរសព្វថ្ងៃណាស់។ រីឯវប្បធម៌មិនទទួលយកការពិត មិនក្លាហានក្នុងការទទួលយកការរិះគន់ស្ថាបនាទាំងឡាយនិងមិនហ៊ាននិយាយការពិត បាននិងកំពុងកើតមានក្នុងពេលបច្ចុប្បន្ននេះ។
ឧទាហរណ៍នៅក្នុងឆ្នំា ២០១២ថ្មីៗនេះ អង្គការតម្លាភាពអន្តរជាតិ នៅតែបានដាក់ចំណាត់ថ្នាក់ឲ្យប្រទេសកម្ពុជា ជាប្រទេសដែលពុករលួយជាទីបំផុត។ ដូចគ្នានេះដែរ របាយការណ៍របស់អង្គការយុត្តិធម៌ពិភពលោក ក៏បានចាត់ទុកការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅកាន់នីតិរដ្ឋក្នុងចំណាត់ថ្នាក់លេខ ៩៤ នៅក្នុងចំណោមប្រទេស ៩៧។ មានន័យថា ដំណើរឆ្ពោះទៅកាន់នីតិរដ្ឋ គឺនៅអន់ថយខ្លាំងណាស់។ ផ្ទុយទៅវិញ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលបានចាត់ទុករបាយការណ៍ទាំងនោះថា មិនឆ្លុះបញ្ចាំងពីភាពពិតនៅកម្ពុជាទៅវិញ។ តើភាពពិតនៅកម្ពុជានោះ វាយ៉ាងដូចម្តេច?
តើអំពើពុករលួយ មានដក់ជាប់នៅក្នុងផ្នត់គំនិត របស់ខ្មែរដែរឬទេ?
តើវិស័យយុត្តិធម៌ និងសមធម៌ ក្នុងវិស័យតុលាការ មានឬទេ?
តើការព្យាយាមក្នុងការកាត់បន្ថយអំពើពុករលួយ ដែលរដ្ឋាភិបាលកំពុងធ្វើនេះ ឆ្លុះបញ្ចាំងពីសុច្ឆន្ទៈពិតប្រាកដដែរឬទេ?
សរុបមក អំពើពុករលួយ នៅក្នុងវិស័យអប់រំ និងវិស័យយុត្តិធម៌សង្គម មានឥទ្ធិពលយ៉ាងខ្លាំងទៅលើសីលធម៌សង្គម។
អំពើពុករលួយ បានបំផ្លាញការគិតរបស់មនុស្ស និងធ្វើឲ្យមនុស្សលោភលន់ហួសប្រមាណ។
ជាងនេះទៅទៀត បើប្រព័ន្ធយុត្តិធម៌សង្គម ត្រូវបានគ្របដណ្តប់ ដោយអំពើពុករលួយ ហើយមនុស្សមិនជឿជាក់ទៅលើប្រព័ន្ធនេះទៀត សីលធម៌សង្គម ពិតជាធ្លាក់ដុនដាបខ្លាំងណាស់។ ប្រជារាស្រ្តខ្មែរប្រាកដជារស់នៅមិនមានភាពសុខដុមរមនា ទាំងផ្លូវកាយ និងផ្លូវចិត្តឡើយ បើសិនជារាជរដ្ឋាភិបាល មិនប្រញាប់រកវិធីទប់ស្កាត់អំពើពុករលួយក្នុងវិស័យទាំងពីរខាង លើនោះទេ៕
ដោយ ជុំ ច័ន្ទដារិន
រាជធានីភ្នំពេញ
5 comments:
គ្មានអ្វីពិបាកយល់ទេ បើមេដឹកនាំប្រទេសល្អប្រកប
ព្រហ្មវិហារធម៌ និងគុណធម៌សម្រាប់ការរស់នៅ
សង្គមនោះប្រាកដ នឹងមានសេចក្តីសុខ ក្សេមក្សាន្ត។
រឿងសីលធម៌នៅស្រុកខ្មែរមិនបាច់រៀបរាប់ពី
ទ្រឹស្ដីទស្សនវិទូបរទេសទេ ព្រោះស្រុកខ្មែរ
មានសាសនាដ៏ល្អសម្រាប់គោរពអនុវត្តហើយ
តែមកពីមនុស្សជាពិសេសមេដឹកនាំពាល អវិជ្ជា
ខ្វាក់ ជាមោហជន មូឡ្ហជន ដូចនៅស្រីលង្កា
នៅនេប៉ាល់ និងឥណ្ឌានៅភូមិភាគខ្លះមានព្រះ
ពោធិព្រឹក្ស មានព្រះពុទ្ធរូប មុនចូលរៀនគេធ្វើ
ការនមស្សការព្រះរតនត្រ័យសិន តែចំពោះខ្មែរ
វិញ គ្រូមិនមានប្រាក់ខែគ្រប់គ្រាន់ដើម្បីរស់
ទាំងក្រសួងអប់រំមិនមានការពិសោធន៍ក្នុងសង្គម
ចុះស្រុកខ្មែរមានបណ្ឌិតច្រើស្អេកស្កះ តើបណ្ឌិត
អស់នោះចេះស្អីដែរក្នុងការកសាងធនធានមនុស្ស
លោកបណ្ឌិតខ្លាចគោរពតែមនុស្សពាល ដូចជា
ហ៊ុន សែននេះជាដើម ។
the cause of immorality:
love of power by leaders.
they do evil thing for power.
to solve:
change leader and reorganize the
government.
Low education + lawless country
Ah Hun Sen is a role model for stupid Khmers.
Post a Comment