ថ្ងៃទី 8 ធ្នូ 2012 | ដោយ: រតនា
Cambodia Express News
ភ្នំពេញ: មន្ត្រីអង្គការសិទ្ធិមនុស្ស បានចាត់ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០១២នេះ គឺមានស្ថានភាពអាក្រក់បំផុត ដូចជា មានការចាប់សកម្មជនដីធ្លី និងសកម្មជនប្រជាធិបតេយ្យ ដាក់ពន្ធនាគារ និងការប្តឹងទៅតុលាការមានការប្រើអំពើហឹង្សា លើកប្រជាពលរដ្ឋ ការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាព ប្រមូលផ្តុំបាតុកម្ម ឬកូដកម្ម។ នេះជាប្រសាសន៍របស់លោក ចាន់ សុវេត មន្ត្រីផ្នែកស៊ើបអង្កេតជាន់ខ្ពស់ នៃអង្គការសិទ្ធិមនុស្ស អាដហុក កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២។
លោក ចាន់ សុវេត បានមានប្រសាសន៍បន្តថា ចំពោះបញ្ហាការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១២ កន្លងមក គឺស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដំណើរការមិន ល្អប្រសើរ សម្រាប់ការគោរពសិទ្ធិមនុស្សជាទូទៅ នៅកម្ពុជា។
លោក ចាន់ សុវេត បានបញ្ជាក់យ៉ាងនេះថា "ដោយសារតែក្នុងរយៈពេលក្នុងឆ្នាំ២០១២ កន្លងមកនេះ យើងឃើញមានព្រឹត្តការណ៍ សំខាន់ៗជាច្រើនដែលព្រឹត្តការណ៍ទាំងអស់នោះ សុទ្ធតែពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សទាំងអស់ ហើយការរំលោភសិទ្ធិមនុស្ស នៅក្នុងឆ្នាំកន្លងផុតទៅមកនេះ គឺស្តែងចេញ អំពីការព្រួយបារម្ភរបស់សង្គមស៊ីវិល ក៏ដូចជាក្រុមអង្គការអន្តរជាតិ នៃបណ្តាប្រទេសមួយចំនួន នៅលើពិភពលោកដែរ ដែលគេបានផ្តោតយកចិត្តទុកដាក់ ទៅលើការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា"។
លោក ចាន់ សុវេត បានបន្ថែមថា "អីចឹងបើយើងផ្អែកទៅលើការវាយតម្លៃជាទូទៅរបស់សហគមន៍អន្តរជាតិ និងការវាយតម្លៃរបស់លោក ស៊ូយ៉ា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហាប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា បានធ្វើការវាយតម្លៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាថា នៅមិនទាន់មានភាពល្អប្រសើរលើចំនុចមួយចំនួន ត្រូវតែមានការកែសម្រួល។ ដូចជាបញ្ហាដីធ្លី បញ្ហាប្រព័ន្ធតុលាការ និងបញ្ហាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលយើងមើលឃើញថា ស្ថានភាពនេះ នៅមិមទាន់មានភាពល្អប្រសើរនៅឡើយ”។
លោក ចាន់ សុវេត បានមានប្រសាសន៍បញ្ជាក់បន្ថែមថា "ចំពោះបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ក៏មានការវាយតម្លៃជាទូទៅ ពីបណ្តាសហគមន៍អន្តរជាតិធំៗ និងអង្គការសិទ្ធិមនុស្ស នៅក្នុងតំបន់អាស៊ី គេបានឲ្យតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាថា ហាក់បីដូចជា អត់ដើរ ទៅមុខសោះ បើប្រៀបធៀបការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ជាមួយប្រទេសវៀតណាម មានលក្ខណៈប្រហាក់ប្រហែលគ្នា។ អីចឹងមានន័យថា ស្ថានភាពគោរពសិទ្ធិមនុស្ស នៅកម្ពុជា កំពុងតែដើរថយក្រោយ"។
លោក ចាន់ សុវេត បានបញ្ជាក់ទៀតថា ចំពោះបណ្តាប្រទេសសហភាពអឺរ៉ុប ក៏បានធ្វើវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១២ នេះដែរថា បើសិនប្រទេសកម្ពុជាមិនគោរព និងមិនអនុវត្តនៅលទ្ធិប្រជាធិបតេយ្យ ឲ្យបានត្រឹមត្រូវទេនោះ ស្ថានភាពគោរពសិទ្ធិមនុស្ស ក៏អត់ដំណើរការបានល្អដែរ ដោយសហគមន៍អឺរ៉ុប បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើការកែប្រែឥរិយាបថ និងទង្វើរបស់ខ្លួន រហូតគេមើលឃើញថា ស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរឡើងវិញ។
លោក ចាន់ សុវេត បានបញ្ជាក់ផងដែរថា នៅក្នុងជំនួបរវាងលោក អូបាម៉ា ប្រធានាធិបតីអាមេរិក ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពរាជធានីភ្នំពេញ ( កាលពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១២ ) នេះគឺលោកប្រធានាធិបតីអាមេរិក បានមានប្រសាសន៍ជំរាបសម្តេចតេជោនាយករដ្ឋមន្ត្រី នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយលោកមានការព្រួយបារម្ភ អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំង និងពាក់ព័ន្ធបញ្ហាលោក ម៉ម សូណង់ដូ នឹងបញ្ហាគណបក្សនយោបាយ។
លោក ចាន់ សុវេត បានបញ្ជាក់ "សមាគមអាដហុក ក៏យើងចាត់ទុកថាឆ្នាំ២០១២ ជាឆ្នាំមួយ ដែលអាក្រក់ ស្ថានភាពគោរពសិទ្ធិមនសុ្ស ដែលអាក្រក់ជាងគេបំផុត ក្នុងការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា”។
លោក ចាន់ សុវេត បានមានប្រសាសន៍ទៀតថា "រាជរដ្ឋាភិបាល តែងតែអះអាងថាមានឆន្ទៈក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការអនុវត្តឲ្យបានពេញលេញ ប៉ុន្តែមានតែនៅក្នុងទ្រឹស្តី មិនបានយកមកអនុវត្តទេ"។
លោក សុវេត បានមានប្រសាសន៍បន្តថា អាដហុកបានរកឃើញការហាមប្រាមសិទ្ធិ មិនឲ្យប្រជាពលរដ្ឋបង្កើតសហជីព គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ពុំអាចប្រើប្រាស់សិទ្ធិស្របច្បាប់ ដើម្បីធ្វើបាតុកម្ម និងកូដកម្មអហិង្សា នៅក្នុងឆ្នាំ២០១២ កន្លងមក មិនតិចជាង ៥០០ ករណីទេ។ ជាពិសេស ដែលកើតមានច្រើនជាងគេ គឺការចាប់ខ្លួនឃាត់ខ្លួន ដោយខុសច្បាប់ និងការចោទប្រកាន់ និងចាប់ខ្លួនសកម្មជនដីធ្លី ជាដើម។
លោកបន្តថា មានសកម្មជន ដែលបានចូលរួមតវ៉ាដីធ្លី ហើយត្រូវបានតុលាការធ្វើការចោទប្រកាន់ និងចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួន មានចំនួន ៩២ នាក់ ក្នុងឆ្នាំ២០១២ នៅទូទាំងប្រទេស ហើយក្នុងបញ្ហានេះដែរ មានប្រជាពលរដ្ឋ ដែលមានបញ្ហាតវ៉ាដីធ្លី ចំនួន ១៨ នាក់ កំពុងជាប់ពន្ធនាគារ ក៏ប៉ុន្តែករណីទាំងនេះ ក៏មានជាប់ពាក់ព័ន្ធនឹងករណីចាស់ពីមុនមកដែរ ដែលភាគច្រើន ជាករណីជម្លោះដីធ្លីចាស់ ហើយទើបកក្រើកឡើងថ្មី។ ចំពោះបញ្ហាដីធ្លីនៅទូទាំងប្រទេស ដែលអាដហុករកឃើញមានជាង ២០០ ករណី នៅមិមទាន់បានដោះស្រាយ។
លោក ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២ នៅក្នុងសិក្ខាសាលាអបអរសាទរខួបលើកទី៦៤ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នៅឯព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ថា ក្នុងឋានៈជាប្រធានអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានបេជ្ញាចិត្តខ្ពស់ ដោយបានធ្វើជាអ្នកនាំមុខ និងសម្រេចបានជោគជ័យនូវការអនុម័ត “សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន” ដែលជា ឯកសារគ្រឹះ និងជាកេរ៍ដំណែល សម្រាប់ក្មេងជំនាន់ក្រោយ ក្នុងការធានា និងលើកស្ទួយការពារសិទ្ធិមនុស្ស នៅក្នុងប្រទេស ដែលជាសមាជិកអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
លោក ងួន ញ៉ិល បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជា បានប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ចាប់តាំងពីឆ្នាំ១៩៩៣ ហើយបានកសាងរដ្ឋធម្មនុញ្ញជាតិមួយ ដែលបានកំណត់យ៉ាងច្បាស់អំពីសិទ្ធមនុស្ស៕
2 comments:
លោក ងួន ញ៉ិល មុននឹងនិយាយ ត្រូវបើកខួរ
ក្បាលសិន។លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា វាមាន
នៅតែលើក្រដាស់ហើយនិងលើមាត់ក្រុមចោរហារយ
ប៉ុណ្ណោះ។ក្រុមពួកអ្នកឯងសម្លាប់ខ្មែរអស់ច្រើនណាស់
ក្នុងកំឡុងជាង៣០ឆ្នាំកន្លងមកនេះ ធ្វើខុសហើយមិន
ព្រមទទួលខ្លួន ស្ដីអំពីការរំលោភសិទ្ធិមនុស្សយ៉ាង
ធ្ងន់ធ្ងរ សូម្បីតែដំណាងពិសេសសិទ្ធិមនុស្សអង្គការ
សហប្រជាជាតិ ក៏ក្រុមពួកលោកឯង ហ៊ានប្រតិកម្ម
តបវិញដែរ ដោយគ្មានហេតុផលត្រឹមត្រូវ៕
Those police men they dare to fight vietnamese to protech our own people, but they're good at fighting women, and their own people, pigs..look like pigs, smell like pigs then they must be pigs all along..
Post a Comment