Wednesday, January 09, 2013

អាមេរិក​ជំរុញ​ឲ្យ​កម្ពុជា​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​និង​កសាង​នីតិរដ្ឋ

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ថត (William E.Todd) (RFA/Mom Sophon)

ដោយ វណ្ណ វិចារ
2013-01-08 RFA

សហរដ្ឋ​អាមេរិក បាន​ជំរុញ​ជា​ថ្មី​ម្ដង​ទៀត​ ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និង​កសាង​នីតិរដ្ឋ

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ថត (William E.Todd) មាន​ប្រសាសន៍​នៅ​ក្នុង​ការ​ទស្សនា​ការ​រាប់​សន្លឹក​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នា​ស្ថានទូត​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

សំណើ​នេះ​ធ្វើ​ឡើង​ដោយ​ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក វីល្លៀម ថត (William E. Todd) តាម​រយៈ​ទំព័រ​ពិភាក្សា​នឹង​ពលរដ្ឋ​កម្ពុជា ជុំវិញ​របាយការណ៍​អង្គការ​សង្គម​ស៊ីវិល​ស្ដីពី​ពី​ដំណើរ​ការ​កាត់​ទោស​របស់​តុលាការ​កម្ពុជា កាល​ពី​ឆ្នាំ​២០១២។

ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ថត ថ្លែង​ថា សាលក្រម​របស់​តុលាការ​កម្ពុជា កាល​ពី​ចុង​ឆ្នាំ​២០១២ ធ្វើ​ឲ្យ​អ្នក​សង្កេតការណ៍​ជា​ច្រើន មាន​ការ​ព្រួយ​បារម្ភ និង​ថា ការ​សម្រេច​ក្តី​ទាំង​នេះ​មាន​លក្ខណៈ​នយោបាយ និង​ខ្វះ​តម្លាភាព


ប្រការ​នេះ​នាំ​ឲ្យ​ពលរដ្ឋ​មាន​មន្ទិល​សង្ស័យ​ពី​ឯករាជភាព​ប្រព័ន្ធ​តុលាការ និង​ខ្វះ​ការ​ជំនឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ។ លោក​បន្ត​ថា សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ជំនួយ​នានា​ក្នុង​គោលបំណង​ជំរុញ​មន្ត្រី​ច្បាប់​កម្ពុជា មាន​តម្លាភាព ឯករាជ្យភាព និង​ដំណើរ​ការ​ក្ដី​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​យុត្តិធម៌​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​៧ ខែ​មករា ឆ្នាំ​២០១៣។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មិន​ដែល​ទទួល​ស្គាល់​ថា តុលាការ​កម្ពុជា​សម្រេច​ក្តី​លាយ​ឡំ​រឿង​នយោបាយ ឬ​ស្ថិត​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ​នោះ​ទេ។

យ៉ាង​ណា​ក៏ដោយ ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ក្នុង​សុន្ទរកថា​អបអរ​សាទរ​ថ្ងៃ​៧ មករា ប្រកាស​ថា គណបក្ស​កាន់​អំណាច​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​កែ​ទម្រង់​វិន័យ​នានា ដើម្បី​ធានា​កំណើន​អភិវឌ្ឍន៍ ក្នុង​នោះ​ក៏​មាន​ការ​កែ​ទម្រង់​លើ​ប្រព័ន្ធ​តុលាការ​ដែរ។ប៉ុន្តែ​លោក​មិន​បាន​លំអិត​ឲ្យ​ច្បាស់​នោះ​ទេ។

លោក ហេង សំរិន៖ «ការ​បន្ត​ជំរុញ​ទៅ​មុខ​លើ​ការ​បន្ត​កំណែ​ទម្រង់​ដ៏​ស៊ី​ជម្រៅ​នានា រួម​មាន​កំណែ​ទំរង់​រដ្ឋបាល​សាធារណៈ ការ​ប្រឆាំង​អំពើ​ពុករលួយ កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​ធានា​អភិបាលកិច្ច​ល្អ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកប​ដោយ​ចិរភាព»។

ទោះ​យ៉ាង​ណា​ក្តី ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ការ​លើក​ឡើង​របស់​ភាគី​អាមេរិក ព្រោះ​ថា ដើម្បី​ឲ្យ​ប្រទេស​មាន​ការ​គោរព​ច្បាប់ ឬ​នីតិរដ្ឋ​បាន លុះ​ត្រា​តែ​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ។

លោក​បន្ត​ថា កម្ពុជា​ត្រូវការ​ច្បាប់​ដែល​ជំរុញ​ឲ្យ​ព្រះរាជអាជ្ញា ចៅក្រម ធ្វើការ​ដោយ​ឯករាជ្យ ដូច​នេះ​មាន​តែ​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ ដែល​អាច​ជំរុញ​ឯករាជភាព​តុលាការ​បាន​តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។

លោក អ៊ូ វីរៈ បញ្ជាក់​ថា បច្ចុប្បន្ន​គណបក្ស​កាន់​អំណាច​កំពុង​ឆ្លៀត​យក​ប្រព័ន្ធ​តុលាការ​ដើម្បី​គាប​សង្កត់​សិទ្ធិ​សេរីភាព​ទូទាំង​ប្រទេស៖ «ច្បាប់​ដែល​គោល​សំខាន់ៗ ធ្វើ​ឲ្យ​តុលាការ​ឯករាជ្យ និង​ទទួល​ខុស​ត្រូវ​មួយ​ចំពោះ​ប្រជាពលរដ្ឋ ហើយ​ច្បាប់​ទាំង​អស់​គណបក្ស​កាន់​អំណាច​ដឹង​ដែរ និង​សន្យា​ទៀត ដល់​ពេល​នេះ​ហើយ​អត់​ទាន់​អនុម័ត​ទៀត ទោះ​ឯក​អគ្គរដ្ឋទូត​អាមេរិក ចង់​និយាយ​ម៉េច​ក៏​ដោយ គឺ​ខ្ញុំ​មើល​ទៅ​មាន​តែ​ឆន្ទៈ​នយោបាយ និង​ពលរដ្ឋ​ខ្មែរ​ទេ ដែល​មាន​អំណាច​ជំរុញ​ឲ្យ​មាន​ឆន្ទៈ​នយោបាយ​ហ្នឹង»។

កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ រឿង​ក្ដី​ដែល​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក រិះគន់​តុលាការ​កម្ពុជា ថា​កាត់​ក្ដី​ក្រោម​ឥទ្ធិពល​នយោបាយ​នោះ មាន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ ការ​ដាក់​ទោស​ស្ត្រី​បឹង​កក់ រឿង​ក្ដី​សម្លាប់ ជា វិជ្ជា និង​ការ​សម្រេច​ដោះ​លែង​លោក ឈូក បណ្ឌិត ជាដើម៕

No comments: