Wednesday, January 09, 2013

ស.រ.អា.​ខកចិត្ត​នឹង​ការ​ដក​លោក​សម រង្ស៊ី​ចេញ​ពី​ការ​បោះឆ្នោត​

លោកស្រី​ វីកតូរីរៀ​ នូលែន​ ( Victoria Nuland)​ អ្នកនាំពាក្យ​ក្រសួងការ​បរទេស​ស.រ.អា.

08.01.2013
ដោយ សុខ ខេមរា VOA Khmer

វ៉ាស៊ីនតោន៖​ ស.រ.អា.​ខកចិត្ត​នឹង​ប្រទេស​កម្ពុជា​ចំពោះ​ការ​ផាត់​ចោល​មេដឹកនាំ​គណបក្ស​ជំទាស់​គឺលោក​សម រង្ស៊ី​ចេញពី​ដំណើរការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា។​

មន្ត្រី​ក្រសួង​ការ​បរទេស​ស.រ.អា.​សម្តែង​ការ​មិន​ពេញចិត្ត​នឹង​ប្រទេស​កម្ពុជា​ចំពោះ​ការ​លុប​ឈ្មោះ​លោក​សម រង្ស៉ី​ មេដឹកនាំ​ក្រុម​ជំទាស់​ដ៏​ធំ​ជាង​គេ​របស់​ប្រទេស​ចេញពី​បញ្ជី​បោះឆ្នោត​ ដោយ​បាន​បញ្ជាក់​ត្រង់ៗ​កាលពី​ថ្ងៃសុក្រ​ពី​ការ​ខកចិត្ត​របស់​ខ្លួន។​ នេះ​បើតាម​ការ​អះអាង​របស់​លោកស្រី​ វីកតូរីរៀ​ នូលែន​ ( Victoria Nuland)​ អ្នកនាំពាក្យ​ក្រសួងការ​បរទេស​ស.រ.អា.​ដែល​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុងពេល​សន្និសីទ​កាសែត​ប្រចាំថ្ងៃ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

«ដូច្នេះការ​ដកឈ្មោះ​មេដឹកនាំ​គណបក្ស​ជំទាស់​ធំជាង​គេ​ចេញពី​បញ្ជី​បោះឆ្នោត ​បង្កើត​ឲ្យមាន​សំនួរ​អំពី​ភាព​ស្របច្បាប់​គតិ​យុត្ត​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​ទាំងមូល​ក្នុង​ប្រទេស​កម្ពុជា។​ ដូច្នេះ​យើង​នឹង​បន្ត​​លើក​ឡើង​អំពី​បញ្ហា​នេះ»។


លោកស្រី​បាន​ថ្លែង​ថា​ លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ហ៊ីលឡឺរី គ្លីនតុន​ (Hillary Clinton)​ បាន​លើកឡើង​អំពីរឿង​ករណី​លោក​សម រង្ស៉ី​នេះ​ជាពិសេស​ ក្នុង​ជំនួប​ជាមួយ​មេ​ដឹកនាំ​កម្ពុជា​នៅពេល​លោកស្រី​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា ​កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១២។ ​លោកស្រី​បាន​បន្ថែម​ថា​ គេដឹង​ច្បាស់​ហើយ​ថា​ តើស.រ.អា.​មាន​ជំនឿ​ប៉ុណ្ណា​លើការ​បោះឆ្នោត​ប្រកប​ដោយភាព​សេរី​ និងយុត្តិធម៌​ត្រឹមត្រូវ​ ហើយ​នឹង​មាន​ការ​ចូល​រួម​ដោយ​គ្មាន​ការ​ដាក់​កម្រិត​ដល់​ក្រុម​ជំទាស់​នោះ។​

«យើង​ខកចិត្ត​ចំពោះ​ការ​ប្រកាស​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជាថ្មី​ម្តង​ទៀត​ដែល​ថា ​លោក ​សម រង្ស៉ី​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត​ជាផ្លូវការ​សម្រាប់​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣ ​ដោយ​សារ​តែ​ជាប់​​ទោស​ព្រហ្មទណ្ឌ​ដែល​អ្នក​ឃ្លាំ​មើល​ដ៏​គួរឲ្យ​ទុកចិត្ត​ជឿថា​ជា​ហេតុផល​នយោបាយ»។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ កាលពី​ខែ​វិច្ឆិកា​ បាន​សម្រេច​លុបឈ្មោះ​លោក​សម រង្ស៊ី ​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ជាផ្លូវ​ការ​ដោយ ​តម្កល់ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​សង្កាត់​បឹងរាំង​ក្រុង​ភ្នំពេញ​ហើយ​នឹង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។​

ប្រទេស​កម្ពុជា​រៀប​នឹង​ចំការ​បោះឆ្នោត​នៅថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣។​ គណបក្ស​គ្រប់គ្រង​ប្រទេស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កាន់កាប់​អំណាច​៣០​ឆ្នាំនោះ ​ត្រូវ​គេ​ចោទ​ប្រកាន់​ថា ​ព្យាយាម​រារាំង​ មិនឲ្យ​មាន​ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៉ី​ដែល​ជា​ដៃ​គូ​ប្រកួត​ប្រជែង​នយោបាយ​ដ៏​ស្មើ​ភាព​ទេ។​ លោក​សម រង្ស៉ី​ត្រូវ​ជាប់​ទោស​១២​ឆ្នាំ​ពីបទ​ដក​តម្រុយ​បង្គោល​ព្រំដែន​ និង​ក្លែង​ឯកសារ​ផែនទី​ខុស​ច្បាប់​ ដែល​លោកសម​ រង្ស៉ី​បាន​បដិសេធ ​ហើយ​និយាយ​ថា​ លោក​គ្រាន់តែ​ជួយ​ពលរដ្ឋ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ហែម ហេង ​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ​បានថ្លែង​ការ​ពារ​ប្រទេស​កម្ពុជា​ថា​ ចំណាត់ការ​លើ​លោក​សម រង្ស៉ី​គឺធ្វើទៅ​តាម​ច្បាប់​របស់​កម្ពុជា​ ដោយសារ​លោក​សម រង្ស៉ី​មាន​ពិរុទ្ធភាព​ដែល​ច្បាប់​កម្ពុជា​តម្រូវ​ឲ្យ​គ.ជ.ប.​លុប​ឈ្មោះ​លោក​សម រង្ស៉ី។​

«ហេតុនេះ​ហើយ​បាន​ជា​គ.ជ.ប.​បាន​លុបឈ្មោះ​សម រង្ស៉ី​ហ្នឹង​ចេញពី​បញ្ជី​បោះឆ្នោត។ ​ក្នុងរឿង​នេះ​មិន​មែន​មាន​ន័យ​ថា​ កម្ពុជា​គ្មាន​ប្រជាធិបតេយ្យ​ទេ»។​

លោក​ថ្លែង​ថា​ លោក​មិន​យល់​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ស.រ.អា.ទេ​ ដោយ​លើក​ឡើង​ថា​ នៅ​កម្ពុជា​មាន​គណបក្ស​ជា​ច្រើន​នឹង​ត្រូវ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ មិន​មែន​មាន​តែ​លោក​សម រង្ស៉ី​ម្នាក់​ទេ។​

បណ្តា​ប្រទេស​សំខាន់ៗ​ជាច្រើន​រួម​ទាំង​ស.រ.អា. ​សហភាព​អឺរ៉ុប ​អូស្ត្រាលី ​ហើយ​នឹង​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ផង​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​រារាំង​របស់​កម្ពុជា​ មិន​ឲ្យ​លោក​សម រង្ស៉ី​ចូលរួម​ការ​បោះឆ្នោត​ ហើយ​ព្រមាន​ថា​ការ​បោះឆ្នោត​មួយ ​ដែល​អាច​ទទួល​យក​បាន​គួរមាន​ការ​ចូលរួម​ប្រកួត​ប្រជែង​តាម​លក្ខណៈ​ស្មើភាព​ និង​មាន​គូប្រជែង​ពិត​ប្រាកដ​គឺ​លោក​ សម រង្ស៉ី។​

លោក​សម រង្ស៉ី ​និង​លោក​កឹម សុខា​ មេ​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ដែល កើត​ចេញ​ពី​ការ​រួមគ្នា​នៃ​គណបក្ស​សម​ រង្ស៉ី ​និងគណបក្ស​សិទ្ធិ​មនុស្ស​កំពុង​ស្ថិត​នៅក្នុង​ប្រទេស​អឺរ៉ុប​ដើម្បីកៀង​គរ​ការ​គាំទ្រ​នយោបាយ​បន្ថែម​ទៀត​ពី​ប្រទេស​ទាំងនោះ​ ៦ខែ​មុន​ការ​បោះឆ្នោត​សភា​ឈាន​មក​ដល់៕

No comments: