Wednesday, January 30, 2013

បក្ស​ប្រឆាំង​ស្នើ​នាយក​រដ្ឋមន្ត្រី​ចាត់​វិធាន​ការ​ក្រុមហ៊ុន​ប្រើ​កម្លាំង​ពលកម្ម​កុមារ

RFA/Sok Serey
២៨-តុលា-២០០៩: លោកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​នៅ​តុលាការ​សាលា​ឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ។
តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ដាក់​លិខិត​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី ដោយ​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ចាត់​វិធានការ​ចំពោះ​ក្រុមហ៊ុន​ផលិត​ស្ករស​ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ។

ការ​ដាក់​លិខិត​នេះ បន្ទាប់​ពី​អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ​រក​ឃើញ​ថា នៅ​ក្នុង​រោងចក្រ​ផលិត​ស្ករស​ភ្នំពេញ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ទីតាំង​នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ មាន​កុមារ​ជាច្រើន​កំពុង​បម្រើ​ការងារ​ជា​អ្នក​កាប់​អំពៅ និង​មួយ​ចំនួន​ទៀត​ជា​កម្មករ​ក្នុង​រោងចក្រ។
ក្នុង​លិខិត​ចុះ​ហត្ថលេខា​ដោយ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ ៦​រូប ចុះ​ថ្ងៃ​ទី២៣ មករា ដែល​ផ្ញើ​ជូន​នាយក​រដ្ឋមន្ត្រី តាម​រយៈ​ប្រធាន​រដ្ឋសភា បរិយាយ​ថា រោងចក្រ​ផលិត​ស្ករស​ឈ្មោះ ភ្នំពេញ ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ ដែល​មាន​អាយុ​ក្រោម ១៨​ឆ្នាំ​យ៉ាង​ច្រើន ដើម្បី​ដំណើរ​ការ​ផលិតកម្ម​របស់​ខ្លួន ហើយ​ប្រការ​នេះ ផ្ទុយ​នឹង​ច្បាប់​ការងារ​ទាំង​ស្រុង។

អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី អ្នកស្រី មូរ សុខហួរ នៅ​ថ្ងៃ​ទី២៩ មករា មាន​ប្រសាសន៍​ថា ឆ្លង​កាត់​ការ​ស៊ើប​អង្កេត និង​តាម​ដាន​ល្អិតល្អន់ រក​ឃើញ​ថា រោងចក្រ​ផលិត​ស្ករស​របស់​លោក លី យ៉ុងផាត់ កំពុង​ប្រើប្រាស់​កម្មករ​ជាច្រើន ក្នុង​នោះ​រួម​ទាំង​កុមារ​ដែល​មាន​អាយុ​ក្រោម ១៨​ឆ្នាំ​ផង។
អ្នកស្រី​បន្ត​ថា រាជ​រដ្ឋាភិបាល​គួរ​តែ​អន្តរាគមន៍​ឲ្យ​មាន​ការ​បង្កើត​សហជីព​នៅ​ក្នុង​ រោងចក្រ និង​ជំរុញ​ឲ្យ​មាន​ការ​អប់រំ​ពី​ច្បាប់​ការងារ​ដល់​កម្មករ​ឲ្យ​បាន​គ្រប់​ គ្នា។ អ្នកស្រី មូរ សុខហួរ បញ្ជាក់​ថា ក្រុម​អ្នក​តំណាង​រាស្ត្រ​ក៏​នឹង​មាន​គម្រោង​ស្នើ​ចុះ​ទៅ​ពិនិត្យ​ក្នុង​ រោងចក្រ​ដែរ។
អ្នកស្រី មូរ សុខហួរ៖ «ត្រូវ​តែ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ពលកម្ម​កុមារ​ ត​ទៅ​ទៀត។ ខ្ញុំ​សូម​ឲ្យ​មាន​ការ​សហការ​រវាង​ក្រុមហ៊ុន និង​ក្រុម​ប្រឹក្សា​ឃុំ​អមលាំង ដើម្បី​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ស្ថានភាព​នៅ​ក្នុង​រោងចក្រ​នោះ។ យើង​នឹង​សរសេរ​លិខិត​ទៅ​ឧកញ៉ា លី យ៉ុងផាត់ ដើម្បី​ឲ្យ​អ្នក​តំណាង​រាស្ត្រ​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​មើល​ស្ថានភាព​នៅ​ ទី​នោះ»
អ្នកស្រី មូរ សុខហួរ បញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ មាន​កម្មករ​ជាច្រើន​ដែល​ទៅ​ពី​ខេត្ត​ផ្សេង គឺ​ក្រុមហ៊ុន​នោះ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​រោងចក្រ​ឡើយ ដូច្នេះ​ជា​ប្រការ​គួរ​ឲ្យ​ព្រួយ​បារម្ភ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​លោក លី យ៉ុងផាត់ និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី២៩ ខែ​មករា ឆ្នាំ​២០១៣។
ទោះ​យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​អមលាំង ឃុំ​អមលាំង ដែល​សុំ​មិន​ប្រាប់​ឈ្មោះ បញ្ជាក់​ថា មាន​កុមារ​ជាច្រើន​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ផលិត​ស្ករស​នោះ ប៉ុន្តែ​កុមារ​ជាច្រើន​នោះ​មិន​ធ្វើ​ការ​ក្នុង​រោងចក្រ​ទេ តែ​ធ្វើ​ក្នុង​ចម្ការ​អំពៅ ដូច​ជា​កាត់​អំពៅ លី​អំពៅ ជាដើម។
កញ្ញា​បន្ត​ថា កុមារ​ទាំង​នោះ​ត្រូវ​បោះ​បង់​ការ​សិក្សា តាម​ម្តាយ​ឪពុក​ស៊ី​ឈ្នួល​នៅ​ទីនោះ ហើយ​ពួក​គេ​ប្រឈម​ច្រើន​ចំពោះ​ការ​រំលោភ​បំពាន​កម្លាំង​ពលកម្ម រហូត​អ្នក​ខ្លះ​រង​ការ​រំលោភ​ផ្លូវ​ភេទ​ទៀត​ផង៖ «ក្នុង​នោះ​មាន​កម្មករ​ អត់​គ្រប់​អាយុ​ច្រើន​ណាស់ មាន ១២​ឆ្នាំ ១៣​ឆ្នាំ ១៤​ឆ្នាំ​ច្រើន​ណាស់ ហើយ​អ្នក​ក្រីក្រ​ឲ្យ​កូន​ឈប់​រៀន​អស់​ហើយ មើល​ទៅ​ពិបាក​ភ្នែក​ណាស់»
ទាក់​ទង​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មាធិការ​អន្តរ​សហជីព​ប្រឆាំង​ពលកម្ម​កុមារ លោក អាត់ ធន ថ្លែង​ថា កុមារ​នៅ​អមលាំង ពួក​គេ​បំពេញ​ការងារ​ជាមួយ​ម្តាយ​ឪពុក​ជា​កម្មករ​កាប់​អំពៅ ដើម្បី​ចិញ្ចឹម​ឆ្នាំង ព្រោះ​ដី​ធ្លី​របស់​ពលរដ្ឋ​នៅ​ទីនោះ​ត្រូវ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ តម្លៃ​ថោក​បាត់​អស់​ទៅ​ហើយ។
លោក​បន្ត​ថា ក្រុមហ៊ុន​ធ្លាប់​បាន​ចាត់​វិធានការ​ដោយ​កំណត់​ពិន័យ​ពលរដ្ឋ​ដែល​យក​កូន​ចូល ​ក្នុង​ចម្ការ ក្នុង​១​លើក​ចំនួន ៥​ម៉ឺន​រៀល តែ​ការ​ពិន័យ​នោះ​រឹត​តែ​បង្ក​បញ្ហា​ជាង​មុន​ទៅ​ទៀត៖ «មិន​គួរ​មាន​ការ​ អភិវឌ្ឍ​ទៅ​មាន​ពលកម្ម​កុមារ ឬ​ឲ្យ​កុមារ​ហ្នឹង​ធ្វើ​ការ​តាំង​ពី​តូច​រហូត​ដល់​ធំ​ទេ។ តើ​អនាគត​ពួក​គាត់​នឹង​ទៅ​ជា​យ៉ាង​ណា? រដ្ឋាភិបាល​ត្រូវ​តែ​ដោះ​ស្រាយ ហើយ​ជឿ​ថា​ក្រុមហ៊ុន​ក៏​អាច​ធ្វើ​បាន​ដែរ។ ក្រុមហ៊ុន​អាច​ធ្វើ​សាលារៀន ឲ្យ​ឳ​ម៉ែ​ធ្វើ​ការ កូន​ទៅ​រៀន​ទៅ»
តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ស្នើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ឲ្យ​ចាត់​វិធានការ​មួយ​ចំនួន ដូច​ជា កែលំអ​ចំណុច​មិន​ប្រក្រតី ពិនិត្យ​យន្តការ​ស្ថាប័ន​រដ្ឋ​ពាក់ព័ន្ធ​ឲ្យ​ស្រប​នឹង​ច្បាប់​ការងារ ស្នើ​ឲ្យ​រោងចក្រ​មាន​កិច្ច​សហការ ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រួត​ពិនិត្យ និង​ដោះ​ស្រាយ​សំណង​ដី​ជូន​ពលរដ្ឋ និង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ពី​ការ​ដាំ​អំពៅ​ដល់​ពលរដ្ឋ ឲ្យ​ពួក​គេ​អាច​ដាំ​អំពៅ ហើយ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​តាម​តម្លៃ​ទីផ្សារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

អ្នកចេះតិច ថ្កើងក្នុងចំណោមអ្នកល្ងង់
Au royaume des aveugles, le borgne est roi.
In The Kingdom of the blind the one-eyed is King.

Anonymous said...

Let Vietnam control Khmer kingdom
so that all Khmer including Hun
Sen's family are equally slave of
Vietnamese, if you do not like the
idea, wake up and stand your ground
against the evil.