ដោយ វណ្ណ វិចារ 2013-01-29 RFA
តំណាងរាស្ត្រគណបក្សប្រឆាំង ដាក់លិខិតទៅកាន់នាយករដ្ឋមន្ត្រី
ដោយស្នើឲ្យរាជរដ្ឋាភិបាលចាត់វិធានការចំពោះក្រុមហ៊ុនផលិតស្ករស
របស់លោកឧកញ៉ា លី យ៉ុងផាត់ ប្រើប្រាស់កម្លាំងពលកម្មកុមារ។
ការដាក់លិខិតនេះ បន្ទាប់ពីអ្នកតំណាងរាស្ត្រទាំងនោះរកឃើញថា នៅក្នុងរោងចក្រផលិតស្ករសភ្នំពេញ របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនកម្ពុជា មានទីតាំងនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានកុមារជាច្រើនកំពុងបម្រើការងារជាអ្នកកាប់អំពៅ និងមួយចំនួនទៀតជាកម្មករក្នុងរោងចក្រ។
ក្នុងលិខិតចុះហត្ថលេខាដោយតំណាងរាស្ត្រគណបក្សជំទាស់ ៦រូប ចុះថ្ងៃទី២៣ មករា ដែលផ្ញើជូននាយករដ្ឋមន្ត្រី តាមរយៈប្រធានរដ្ឋសភា បរិយាយថា រោងចក្រផលិតស្ករសឈ្មោះ ភ្នំពេញ ជាកម្មសិទ្ធិរបស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជន ប្រើប្រាស់កម្លាំងពលកម្មកុមារ ដែលមានអាយុក្រោម ១៨ឆ្នាំយ៉ាងច្រើន ដើម្បីដំណើរការផលិតកម្មរបស់ខ្លួន ហើយប្រការនេះ ផ្ទុយនឹងច្បាប់ការងារទាំងស្រុង។
អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៉ី អ្នកស្រី មូរ សុខហួរ នៅថ្ងៃទី២៩ មករា មានប្រសាសន៍ថា ឆ្លងកាត់ការស៊ើបអង្កេត និងតាមដានល្អិតល្អន់ រកឃើញថា រោងចក្រផលិតស្ករសរបស់លោក លី យ៉ុងផាត់ កំពុងប្រើប្រាស់កម្មករជាច្រើន ក្នុងនោះរួមទាំងកុមារដែលមានអាយុក្រោម ១៨ឆ្នាំផង។
អ្នកស្រីបន្តថា រាជរដ្ឋាភិបាលគួរតែអន្តរាគមន៍ឲ្យមានការបង្កើតសហជីពនៅក្នុង រោងចក្រ និងជំរុញឲ្យមានការអប់រំពីច្បាប់ការងារដល់កម្មករឲ្យបានគ្រប់ គ្នា។ អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា ក្រុមអ្នកតំណាងរាស្ត្រក៏នឹងមានគម្រោងស្នើចុះទៅពិនិត្យក្នុង រោងចក្រដែរ។
អ្នកស្រី មូរ សុខហួរ៖ «ត្រូវតែទប់ស្កាត់កុំឲ្យមានពលកម្មកុមារ តទៅទៀត។ ខ្ញុំសូមឲ្យមានការសហការរវាងក្រុមហ៊ុន និងក្រុមប្រឹក្សាឃុំអមលាំង ដើម្បីឲ្យមានការត្រួតពិនិត្យស្ថានភាពនៅក្នុងរោងចក្រនោះ។ យើងនឹងសរសេរលិខិតទៅឧកញ៉ា លី យ៉ុងផាត់ ដើម្បីឲ្យអ្នកតំណាងរាស្ត្របានចុះទៅត្រួតពិនិត្យមើលស្ថានភាពនៅ ទីនោះ»។
អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា តាមការស្រាវជ្រាវ មានកម្មករជាច្រើនដែលទៅពីខេត្តផ្សេង គឺក្រុមហ៊ុននោះមិនអនុញ្ញាតឲ្យចេញក្រៅរោងចក្រឡើយ ដូច្នេះជាប្រការគួរឲ្យព្រួយបារម្ភ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក លី យ៉ុងផាត់ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣។
ទោះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរស់នៅភូមិអមលាំង ឃុំអមលាំង ដែលសុំមិនប្រាប់ឈ្មោះ បញ្ជាក់ថា មានកុមារជាច្រើនធ្វើការក្នុងក្រុមហ៊ុនផលិតស្ករសនោះ ប៉ុន្តែកុមារជាច្រើននោះមិនធ្វើការក្នុងរោងចក្រទេ តែធ្វើក្នុងចម្ការអំពៅ ដូចជាកាត់អំពៅ លីអំពៅ ជាដើម។
កញ្ញាបន្តថា កុមារទាំងនោះត្រូវបោះបង់ការសិក្សា តាមម្តាយឪពុកស៊ីឈ្នួលនៅទីនោះ ហើយពួកគេប្រឈមច្រើនចំពោះការរំលោភបំពានកម្លាំងពលកម្ម រហូតអ្នកខ្លះរងការរំលោភផ្លូវភេទទៀតផង៖ «ក្នុងនោះមានកម្មករ អត់គ្រប់អាយុច្រើនណាស់ មាន ១២ឆ្នាំ ១៣ឆ្នាំ ១៤ឆ្នាំច្រើនណាស់ ហើយអ្នកក្រីក្រឲ្យកូនឈប់រៀនអស់ហើយ មើលទៅពិបាកភ្នែកណាស់»។
ទាក់ទងនឹងបញ្ហានេះ ប្រធានគណៈកម្មាធិការអន្តរសហជីពប្រឆាំងពលកម្មកុមារ លោក អាត់ ធន ថ្លែងថា កុមារនៅអមលាំង ពួកគេបំពេញការងារជាមួយម្តាយឪពុកជាកម្មករកាប់អំពៅ ដើម្បីចិញ្ចឹមឆ្នាំង ព្រោះដីធ្លីរបស់ពលរដ្ឋនៅទីនោះត្រូវលក់ទៅឲ្យក្រុមហ៊ុនក្នុង តម្លៃថោកបាត់អស់ទៅហើយ។
លោកបន្តថា ក្រុមហ៊ុនធ្លាប់បានចាត់វិធានការដោយកំណត់ពិន័យពលរដ្ឋដែលយកកូនចូល ក្នុងចម្ការ ក្នុង១លើកចំនួន ៥ម៉ឺនរៀល តែការពិន័យនោះរឹតតែបង្កបញ្ហាជាងមុនទៅទៀត៖ «មិនគួរមានការ អភិវឌ្ឍទៅមានពលកម្មកុមារ ឬឲ្យកុមារហ្នឹងធ្វើការតាំងពីតូចរហូតដល់ធំទេ។ តើអនាគតពួកគាត់នឹងទៅជាយ៉ាងណា? រដ្ឋាភិបាលត្រូវតែដោះស្រាយ ហើយជឿថាក្រុមហ៊ុនក៏អាចធ្វើបានដែរ។ ក្រុមហ៊ុនអាចធ្វើសាលារៀន ឲ្យឳម៉ែធ្វើការ កូនទៅរៀនទៅ»។
តំណាងរាស្ត្រគណបក្សប្រឆាំង ស្នើទៅលោកនាយករដ្ឋមន្ត្រីឲ្យចាត់វិធានការមួយចំនួន ដូចជា កែលំអចំណុចមិនប្រក្រតី ពិនិត្យយន្តការស្ថាប័នរដ្ឋពាក់ព័ន្ធឲ្យស្របនឹងច្បាប់ការងារ ស្នើឲ្យរោងចក្រមានកិច្ចសហការ ឲ្យអាជ្ញាធរមូលដ្ឋានត្រួតពិនិត្យ និងដោះស្រាយសំណងដីជូនពលរដ្ឋ និងបើកវគ្គបណ្ដុះបណ្ដាលពីការដាំអំពៅដល់ពលរដ្ឋ ឲ្យពួកគេអាចដាំអំពៅ ហើយលក់ទៅឲ្យក្រុមហ៊ុនតាមតម្លៃទីផ្សារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
អ្នកចេះតិច ថ្កើងក្នុងចំណោមអ្នកល្ងង់
Au royaume des aveugles, le borgne est roi.
In The Kingdom of the blind the one-eyed is King.
Let Vietnam control Khmer kingdom
so that all Khmer including Hun
Sen's family are equally slave of
Vietnamese, if you do not like the
idea, wake up and stand your ground
against the evil.
Post a Comment