Wednesday, January 09, 2013

អ្នក​ឃ្លាំ​មើល​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​បង្ហាញ​ចំនួន​អន្តោ​ប្រវេសន៍

សា​លា​រៀន​បណ្តែត​ទឹក​​និគមជន​វៀត​ណាមនៅ​លើ​បឹង​ទន្លេ​សាប​។ រូបថត ជី​វ័ន
ភ្នំពេញៈ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុ​ជា​ បាន​ដាក់​លិខិត​មួយ​ច្បាប់ ទៅ​លោក​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ដើម្បី​ស្នើ​សុំ​ឲ្យ​បង្ហាញ​ស្ថិតិ​ប្រជា​ ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ និង​ស្ថិតិ​ជន​អន្តោប្រវេសន៍ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​បញ្ហា​រសើប​ខាង​នយោបាយ​មួយ ខណៈ​ដែល​គណបក្ស​ប្រឆាំង តែង​តែ​លើក​ពី​បញ្ហា​នេះ ធ្វើ​ការ​រិះគន់​រដ្ឋាភិបាល​ដើម្បី​ទាក់​ទាញ​សំឡេង​ឆ្នោត។
នៅ ក្នុង​លិខិត​ ផ្ញើ​ទៅ​ក្រសួង​មហាផ្ទៃ​កាល​ពី​ម្សិលមិញ ដែល​បាន​ចុះ​ហត្ថលេខា ដោយ​លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន ​កម្ពុជា​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​របស់​លោក​សូម​ឲ្យ​ក្រសួង​មហាផ្ទៃ បង្ហាញ​ពី​ស្ថិតិ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ និង​ស្ថិតិ​ជន​អន្តោ​ប្រវេសន៍​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​ស្រប​ច្បាប់​ និង​មិន​ស្រប​ច្បាប់​ជា​សាធារណៈ ពីព្រោះ​បច្ចុប្បន្ន​នេះ​ ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​មន្ត្រី​រាជការ​ស្ទើរ​តែ​ទាំង​អស់​គ្នា​មិន​បាន​ដឹង​ច្បាស់​អំពី​ចំនួន ​ប្រជា​ពលរដ្ឋ​ខ្មែរ​ពិត​ប្រាកដ ​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​ គឺ​គ្រាន់​តែ​ដឹង​តៗ​គ្នា​ថា មាន​ចំនួន​ជាង​១៣​ លាន​នាក់​ និង​មតិ​ខ្លះ​ថា​ មាន​ជាង​១៤ លាន​នាក់​។ នៅ​ក្នុង​លិខិត​បាន​បន្ត​ទៀត​ថា​៖«ថា​តើ​ជន​អន្តោ​ប្រវេសន៍​រស់​នៅ​លើ​ទឹក​ ដី​កម្ពុជា​ ដូច​ជា​ វៀតណាម​ ចិន​ និង​ថៃ​...។ល។ រស់​នៅ​ស្រប​ច្បាប់​ និង​ខុស​ច្បាប់​មាន​ចំនួន​ប៉ុន្មាន​?»។

លោក រ៉ុង ឈុន ​បាន​ថ្លែង​ថា មូលហេតុ​ដែល​លោក​ដាក់​លិខិត​ សូម​ឲ្យ​ក្រសួង​មហាផ្ទៃ បញ្ចេញ​តួ លេខ​ពិត​ប្រាកដ​នោះ ដោយ​សារ​តែ​ពុំ​មាន​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​ បាន​ដឹង​ច្បាស់​ទេ អំពី​ចំនួន​ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង​ ក៏​ដូច​ជា​អន្តោប្រវេសន៍​ស្រប​ច្បាប់ និង​ខុស​ច្បាប់​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា៖​«ទាំង​រូប​ខ្ញុំ​ ក៏​ដូច​ជា​ពលរដ្ឋ​ផ្សេង​ទៀត ព្រម​ទាំង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​ដូច​ជា​អ្នក​នយោបាយ​នៅ ពេល​ដែល​សួរ​អំពី​ចំនួន​ប្រជាជន​ខ្មែរ​បច្ចុប្បន្ន​ គឺ​គ្រាន់​តែ​និយាយ​ថា ប្រហែល​ជា​មាន​ចំនួន​ពី​ ១៣ ទៅ ១៤​ លាន​នាក់​ប៉ុណ្ណោះ ពីព្រោះ​យើង​អត់​បាន​ដឹង​អំពី​តួលេខ​ផ្លូវ​ការ​ពិត​ប្រាកដ​»។ លោក​គិត​ថា ក្រសួង​មហាផ្ទៃ នឹង​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​លោក​ ពីព្រោះ​បញ្ហា​នេះ ពុំ​មែន​ជា​រឿង​រសើប ឬ​ក៏​ជា​រឿង​នយោបាយ​ដែល​ត្រូវ​បិទ​បាំង​នោះ​ទេ​ ដូច្នេះ​ក្រសួង​មហាផ្ទៃ ត្រូវ​តែ​បង្ហាញ​ជា​សាធារណៈ​។ លោក​ថ្លែង​ទៀត​ថា​៖ «​ប្រសិន​បើ​ក្រសួង ​មិន​ឆ្លើយ​តប​នឹង​ធ្វើ​ការ​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​មន្ទិល​សង្ស័យ​ថា​ តើ​ក្រសួង​មហាផ្ទៃ លួច​បញ្ចូល​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​កម្ពុជា​ប៉ុន្មាន​នាក់​ ក្នុង​មួយ​ថ្ងៃៗ​។ នេះ​គឺជា​កំហុស​របស់​អ្នក​គ្រប់​គ្រង​ប្រទេស​ហើយ​ ពី​ព្រោះ​ពុំ​បាន​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ »។​
លោក​ ខៀវ សុភ័គ​ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ពុំ​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ។
រីឯ លោក​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី បាន​ថ្លែង​ថា​ នេះ​គឺជា​សិទ្ធិ​របស់​​លោក​រ៉ុង ឈុន ក្នុង​ការ​ចង់​ដឹង​ វា​ពុំ​មាន​អ្វី​ដែល​ខុស​នោះ​ទេ​ ហើយ​ក្រសួង​មហាផ្ទៃ មាន​តួលេខ​ច្បាស់លាស់ ប៉ុន្តែ​តួលេខ​នោះ​ គេ​ធ្វើ​ទំនើប​កម្ម​រយៈ​ពេល​ពី​៣​ទៅ​៤​ឆ្នាំ​ម្តង​។ ​
លោក ​ថ្លែង​ថា​ ៖ «​អ្វី​ដែល​ខ្ញុំ​ដឹង ​និង​ពលរដ្ឋ​កម្ពុជា​ដឹង ​គឺ​តាម​តែ​រយៈ​របាយការណ៍​ប៉ុណ្ណោះ​ ហើយ​ច្បាប់​ខ្មែរ​យើង ពុំ​បាន​ចាប់​បង្ខំ​ថា មនុស្ស​ដែល​កើត​មក​ត្រូវ​តែ​ទៅ​ចុះ​បញ្ជី​ឈ្មោះ​នោះ​ដែរ ប៉ុន្តែ​អ្នក​ដែល​ទៅ​ចុះ​បញ្ជី​ឈ្មោះ គឺ​មាន​ប្រយោជន៍​»។
លោក​ កែម ឡី អ្នក​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ​ពី​បញ្ហា​សង្គម ​បាន​ថ្លែង​ថា បញ្ហា​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​បង្ហាញ​ពី​ចំនួន​ជន​អន្តោ​ប្រវេសន៍​ពិត ប្រាក​ដ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​វា​មាន​ការ​លំបាក​ ក្នុង​ការ​ទទួល​បាន ហើយ​ក៏​មាន​ការ​លំបាក​ផង​ដែរ ក្នុង​ការ​​រក​ស្ថាប័ន​ឯក​រាជ្យ​ពិត​ប្រាកដ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​លើ​បញ្ហា​នេះ ​ពី​ព្រោះ​បញ្ហា​នេះ មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នយោបាយ​។​ លោក​​មាន​ប្រសាសន៍​​ថា​៖​ «មិន​មែន​មាន​តែ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​មួយ​ទេ​ ដែល​ព្រួយ​បារម្ភ​រឿង​អន្តោប្រវេសន៍​នេះ គឺ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​មូល និង​មន្ត្រី​រដ្ឋាភិបាល​ក៏​ព្រួយបារម្ភ​ផង​ដែរ ដោយ​សារ​តែ​ពុំ​មាន​ស្ថិតិ​ច្បាស់​លាស់​ ហើយ​មិន​ដឹង​ថា​ តើ​ស្ថាប័ន​ណា​មួយ​ជា​អ្នក​ដោះ​ស្រាយ​បញ្ហា​នេះ​នោះ​ទេ»៕

 

2 comments:

Anonymous said...

It translates "Vietnamese school for the disadvantage children".

Anonymous said...

សម​ រង្ស៊ី ចប់គឺមកពីក្បាលរឹង ហើយមិនខ្មេះ!
ទៅមុខមិនរួច-ទៅក្រោយក៏មិនរួច!
-ព្រោះតែធ្វើនយោបោកប្រឆាំងតែនិងខ្មែរដដែលៗ,
-បោះឆ្នោតសង្គ្រោះជាតិយួនដដែលៗ....
(សំរាំង ស៊ីបិសាចយួន,ឡេឡា-ឡេមឡឺម-ឡប់ៗ) ៕