Thursday, January 03, 2013

សហគមន៍​ចារ៉ាយ​និង​អាដហុក ប្តឹង​ក្រុម​វៀតណាម​កាប់​ឈើ​ប្រណីត

គំនរ​ឈើ​ប្រណីតជាច្រើន​ដើម​ ត្រូវ​បាន​គេ​​​ប្រទះ​ឃើញ​នៅ​ក្នុង​ដី​សម្ប​ទាន​ក្រុម​ហ៊ុន​វៀត​ណាមនៅ​​ ខេត្ដ​រត​នគិរី​​​ កាលពីថ្ងៃ​ទី​១​ មករា។ រូបថត សហ​ការី
រតនគិរីៈ ប្រជា​សហគមន៍​ចារ៉ាយ ខេត្ត​រតនគិរី​ និង​សមាគម​សិទ្ធិ​មនុស្ស​អាដហុក គ្រោង​នឹង​ដាក់​លិខិត​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​ ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​បទល្មើស​ព្រៃ​ឈើ​ដ៏​ធ្ងន់​ធ្ងរ​មួយ បន្ទាប់​ពី​គេបាន​រក​ឃើញ​ឈើ​ប្រណីត​រាប់​ពាន់​ដើម​ថ្មី​ទៀត​ត្រូវ​គេ​  កាប់​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម។
លោក ឆាយ ធី​ អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង កាល​ពី​ថ្ងៃ​ពុធ​ថា ប្រភេទ​ឈើ​ប្រណីត​ប្រមាណ​ជា​៣​ពាន់​ដើម​ថ្មី​ទៀត ត្រូវ​បាន​ប្រទះ​ឃើញ​​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ក្នុងទី​តាំង​១០​កន្លែង ​របស់​ក្រុម​ហ៊ុន​វៀតណាម ដាយ​ដុង​យឿង​ មាន​ទី​តាំង​នៅ​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ាដាវ។

លោក ឆាយ ​ធី​ បាន​បញ្ជាក់​ថា៖ «​ប្រជា​សហគមន៍​ជាង​១០​នាក់​ បាន​នាំ​យើង​ទៅ​កាន់​ទី​តាំង​១០​នោះ។ យើង​បាន​ឃើញ​ឈើ​គគីរ​ ពពេល សុក្រំ ក្វាវ ផ្ចិក​ និង​ស្រឡៅ...។ ឈើ​ទាំង​នោះ​ ក្នុង១​ដើមៗ​ មាន​ប្រវែង​ចាប់​ពី​៩​ទៅ​២៥​ម៉ែត្រ​ ដែល​គេ​អាច​កាត់​បាន​២​ទៅ​៣​កំណាត់ និង​មាន​មុខ​កាត់ ទំហំ​ចាប់​ពី​៤០​ទៅ​៧០​សង់​ទី​ម៉ែត្រ»។
លោក ​ឆាយ ​ធី​ បាន​បន្ថែម​ថា ​នៅ​សល់​ទី​តាំង​ចំនួន​២០​ទៀត ​ដែល​មិន​ទាន់​ត្រូវ​បាន​ចុះ​ទៅ​ដល់ ​ព្រោះ​វា​ស្ថិត​នៅ​ក្នុង​ព្រៃ​ជ្រៅ​និង​ចៀស​វាង​ការ​ប្រឈម​ណា​មួយ​ជា​មួយ​ នឹង​ក្រុម​ហ៊ុន។
លោក ​ឆាយ ធី ជឿ​ថា៖​«យ៉ាង​ហោច​​ក៏​មាន​ឈើ​ពី​៥​ទៅ​៦​ពាន់​ដើម​ទៀត ​នៅ​ក្នុង​ជំរំ​ក្រុម​ហ៊ុន​ដែល​មិន​បាន​ទៅ​ដល់​»។ លោក​ចាត់​ទុក​ថា​ នេះ​ជា​«បទ​ល្មើស​ព្រៃ​ឈើ​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​ក្នុង​ដី​សម្បទាន សេដ្ឋកិច្ច​ ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ឯកជន»។
លោក​ រម៉ាស់ ឆ្វាង តំណាង​សហគមន៍​ភូមិ​ឡំ​ ឃុំ​ប៉ក់​ញ៉ៃ ​ស្រុក​អូរ​យ៉ាដាវ​បាន​ឲ្យ​ដឹង​បន្ទាប់​ពី​បាន​ចុះ​ទៅ​ដល់​ទីតាំង​ទាំង ១០​កន្លែង​នោះ​ថា លោក​មាន​ការ​សោក​ស្តាយ​ខ្លាំង​និង​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ព្រៃ បន្ទាប់​ពី​ឃើញ​ដើម​ឈើ​ប្រណីតៗ​រាប់ពាន់​ដើម​ត្រូវ​បាន​គេ​កាប់​រំលំ​បែប​ នេះ។
លោក រម៉ាស់ ឆ្វាង បាន​និយាយ​ផង​ដែរ​ថា«​យើង​ឃើញ​ផ្លូវ​ខូង​ជម្រៅ​ជិត​មួយ​ម៉ែត្រ​។ វា​ជា​ស្នាម​ដែល​គេ​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ទៅ​វៀតណាម​ចាប់​តាំង​ពីរ​ដូវ​វស្សា​ មក។ យើង​ជា​បង​ប្អូន​ភាគ​តិច សូម​សំណូមពរ​ឲ្យ​មាន​ការ​ទប់​ស្កាត់​បទល្មើស​នេះ»។
កាល ពី​ចុង​ខែ​ធ្នូ​កន្លង​មក​នេះ​ ជន​ជាតិ​វៀត​ណាម​ចំនួន​៧​នាក់​ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន នៅ​ពន្ធនាគារ ​បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លង​ដែន​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​ដើម្បី​កាប់​ឈើ ខុស​ច្បាប់។
ក្រុមហ៊ុន​ដាយ​ដុង​យឿង​បាន​ទទួល​ដី​សម្បទាន សេដ្ឋកិច្ច​ប្រមាណ​ជា​៤​ពាន់​ហិកតា​ពី​រដ្ឋាភិបាល​កម្ពុជា​និង​បាន​កំពុង ដាំ​ដំណាំ​កៅស៊ូ​បាន​ប្រហែល​ជា​៧​រយ​ហិកតា​ហើយ។
លោក ឆាយ ធី គូស​បញ្ជាក់​ថា​អាដហុក​បាន​នឹង​កំពុង​ចង​ក្រង​របាយការណ៍ ហើយ​នឹង​ចេញ​សេច​ក្តី​ថ្លែង​ការ​មួយ​ពី​បញ្ហា​នេះ​នឹង​គ្រោង​ដាក់​លិខិត​ សុំ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​នៅ​ក្នុង​សប្តាហ៍​នេះ ដើម្បី​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​បទ​ល្មើស​ព្រៃ​ឈើ​ដែល​កំពុង​កើត​មាន​ ផ្ទុយ​ពី​លក្ខន្តិកៈ​ដី​សម្បទាន​សេដ្ឋកិច្ច។
លោក ដក ស អភិបាល​ស្រុក​អូរ​យ៉ាដាវ​បាន​អះអាង​ថា ឈើ​ដែល​ក្រុមហ៊ុន​ដាយ​ដុង​យឿង​បាន​កាប់​នោះ​មិន​មែន​ជា​ប្រភេទ​ឈើ​ល្អ​អី ទេ ហើយ​អះអាង​ថា​ក្រុម​ហ៊ុន​ដាយ​ដុង​យឿង​ ក៏​មាន​ច្បាប់​សម្រាប់​កែច្នៃ​ឈើ​ផង​ដែរ។
លោក ដក ស បាន​បញ្ជាក់​ថា៖ «​ព្រៃ​ឈើ​នោះ​ជា​ព្រៃ​សេស​សល់​ទេ។ កាល​ពី​សម័យ​រដ្ឋ​កម្ពុជា​ព្រៃ​នេះ​ត្រូវ​គេ​កាប់​ម្តង​ហើយ​។ អ៊ីចឹង​វា​អស់​ឈើ​ល្អៗ​ហើយ»៕


1 comment:

khmer ក្នុងស្រុក said...

Thai has a fierce penalty for the forest destroyer, Hun
Sen help the criminal clear up the forest. Way to go
Croc!!!

ដល់ពេលខ្មែរពឹងថៃហើយ ឬក៏ចាំខ្មែររលាយសិន គឺរលាយទាំងពូជ រលាយ
ទាំងព្រៃឈើ រលាយទាំងទឹកដីសិន។ ល្មមភ្ញាក់ខ្លួនហើយ ខ្មែរអើយ ទោះបី
អស់ដី 4km2 ក៏គ្រាន់បើជាងអស់ដីមួយនគរ។