លោកសឿង យ៉ារ៉ាត ឈរនៅក្បែរផ្ទះអ្នកភូមិដែលនៅក្បែរផ្ទះរបស់លោក។ រូបថត ជីវ័ន
- Friday, 11 January 2013
- ម៉ៃ ទិត្យថារ៉ា ភ្នំពេញប៉ុស្តិ៍
រតនគិរីៈ ជនជាតិដើមភាគតិចទំពូន ១២ គ្រួសារ នៅក្នុងឃុំកាឡែង
ស្រុកលំផាត់ ដែលបានរត់ចោលផ្ទះ បន្ទាប់ពីត្រូវបានអ្នកមានអំណាច
បានគំរាមសម្លាប់ បានដាក់ពាក្យប្តឹង ទៅតុលាការខេត្ត កាលពីថ្ងៃពុធ
ប្តឹងអ្នកដែលបានគំរាមពួកគាត់។
លោកសឿង យ៉ារ៉ាត
អាយុ៥០ឆ្នាំតំណាងឲ្យជនជាតិទំពូន
ពិការជើងស្តាំនៅក្នុងឆ្នាំ២០០៩ ដោយសារការបាញ់ប្រហារ
ពីសំណាក់បុគ្គលិកក្រុមហ៊ុន DM Group
នៅពេលដែលគាត់បដិសេធពុំព្រមទទួលយកសំណង បានឲ្យដឹងថា
ពលរដ្ឋរបស់លោកបានរត់ចោលផ្ទះសម្បែងកាលពីថ្ងៃពុធដោយសារភ័យ
ខ្លាច ពីសកម្មភាពប្រើប្រាស់អាវុធគំរាមសម្លាប់ពីសំណាក់កូនប្រុស
ម្ចាស់កសិដ្ឋាន។ លោកឲ្យដឹងថា៖ «ពួកខ្ញុំ១២
គ្រួសារភ័យក៏បានរត់រប៉ាត់រប៉ាយអស់ហើយ អត់មាននរណាហ៊ាននៅទេ
បើសិននៅគេអាចបាញ់សម្លាប់ពួកខ្ញុំ»។
លោកបានដាក់ពាក្យប្តឹងកូនម្ចាស់កសិដ្ឋាន គឺលោក គុជជូ ច័ន្ទបូណាក់
ទៅតុលាការខេត្តរតនគិរី ពីបទបំផ្លាញផលដំណាំនិងប្រើប្រាស់
អាវុធគំរាមបាញ់សម្លាប់អ្នកភូមិ។ លោកបន្តថា៖
«កាលពីមានទំនាស់ជាមួយក្រុមហ៊ុន DM Group
គេបានយកដីខ្ញុំហើយបាញ់ខ្ញុំឲ្យបាក់ជើងម្តងហើយ តែឥឡូវ
មានអ្នកថ្មីមកគំរាមបាញ់សម្លាប់ខ្ញុំទៀតថាខ្ញុំរស់នៅលើដីគេ
តែតាមពិតដីនោះ អាជ្ញាធរឃុំបានឲ្យពួកខ្ញុំចំនួន១
ហិកតាសម្រាប់១២គ្រួសាររស់នៅបន្ទាប់ពីដីពួកខ្ញុំគេយកអស់»។
ដើម្បីសុវត្ថិភាព អ្នកភូមិទាំងនេះ
បានឡើងមកភ្នំពេញកាលពីម្សិលមិញ។
លោកបន្ថែមថា
«បើគេចង់បាញ់ ឬក៏សម្លាប់មកសម្លាប់ខ្ញុំ
នៅទីក្រុងភ្នំពេញមកដើម្បីឲ្យសម្តេចនាយករដ្ឋមន្ត្រីបានដឹងផង»។
បើតាមអ្នកភូមិ ចាប់តាំងពីចុងខែធ្នូមក
កូនប្រុសម្ចាស់កសិដ្ឋានគឺលោក គុជជូ ច័ន្ទបូណាក់ និងលោក គុជជូ
ច័ន្ទគ្រឹស្នា អមជាមួយកម្មករដោយមានអាវុធមកជាមួយ
បានមកកាប់រំលំដើមឈើអ្នកភូមិ និងគំរាមបាញ់សម្លាប់
បើសិនអ្នកភូមិមិនរុះរើលំនៅដ្ឋានចេញទេនោះ។
លោក រស់ សារាំ
ព្រះរាជអាជ្ញារងខេត្តរតនគិរី បានថ្លែងថា
លោកពុំទាន់បានទទួលពាក្យបណ្តឹងនោះទេ
ប្រហែលស្ថិតនៅក្នុងដៃរដ្ឋបាលដើម្បីធ្វើការចុះបញ្ជី។
លោក
ប៉ែន ប៊ុណ្ណារ៍
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុកបានមានប្រសាសន៍ថា
អង្គការអាដហុក
បានសម្រេចផ្តល់កន្លែងស្នាក់អាស្រ័យបណ្ដោះអាសន្នជូនអ្នកភូមិនោះ។
លោកបន្តថា៖«
ពួកគាត់ភ័យខ្លាចនឹងការគំរាមកំហែងដោយឈ្មួញមានអាវុធ
គាត់ក៏បានរត់ចេញពីផ្ទះ
ដូច្នេះយើងជួយគាត់ក្នុងនាមគាត់ភៀសខ្លួនពីភូមិគាត់»។
បើតាមលោកប៉ែន ប៊ុណ្ណារ៍
អ្នកដែលបានគំរាមអាយុជីវិតជនជាតិភាគតិចទាំងនោះ
គឺជាមន្ត្រីយោធា ធ្វើការនៅក្រសួងការពារជាតិពាក់ស័ក្តិ ៤។
មន្ត្រីក្រសួងការពារជាតិ បានឲ្យពលរដ្ឋទាំងនោះ
ដាក់ពាក្យបណ្តឹងមកក្រសួង។ លោកប៉ែន ប៊ុណ្ណារ៍ បានថ្លែងទៀតថា៖ «
រឿងនេះវាអយុត្តិធម៌ណាស់សម្រាប់ពួកគាត់ ក្រុមហ៊ុនមួយ
បានយកដីគាត់ហើយបាញ់គាត់បាក់ជើង ហើយស្រាប់តែពេលនេះ
មានអ្នកផ្សេងគេមកគំរាមយកដីពួកគាត់ទៀត»។
មេឃុំកាឡែង លោក
ស៊ុត សុំ មានប្រសាសន៍ថា បន្ទាប់ពីការចុះទៅអង្កេតមកគឺរកឃើញថា
ពិតជាមានការគំរាម
និងកាប់ផលដំណាំប្រជាពលរដ្ឋមែនហើយសូម្បីតែរូបលោក
ក៏ទទួលរងនូវការគំរាមកំហែងពីគ្រួសារម្ចាស់កសិដ្ឋាននោះដែរ។
លោកបន្តថា៖ «ខ្ញុំបានប្រាប់ប្រជាជនថា មិនបាច់ចេញទៅណាទេ
បើទោះបីជាគេកាប់សម្លាប់ក៏ឲ្យសម្លាប់នៅក្នុងភូមិនេះទៅ»។
លោកគុជជូ ច័ន្ទបូណាក់ពុំអាចទំនាក់ទំនងសុំការអធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ។
ទំនាស់
ដីធ្លីដ៏រ៉ាំរ៉ៃ រវាងអ្នកភូមិជនជាតិដើមភាគតិចទំពូន១៣៦
គ្រួសារ ជាមួយក្រុមហ៊ុន DM Group លើទំហំដីសរុប ២៦០ហិកតា
បានអូសបន្លាយតាំងពីឆ្នាំ ២០០៥ មក រហូតមកដល់ពេលនេះ
នៅមិនទាន់បានដោះស្រាយជូនប្រជាពលរដ្ឋនៅឡើយទេ។
ជម្លោះដីធ្លីនេះមានមនុស្ស១៨ នាក់
ក្នុងនោះមានមន្ត្រីសិទ្ធិមនុស្ស ៣ នាក់ និងអ្នកសារពត៌មានម្នាក់
បានទទួលរងនូវការចោទប្រកាន់ពីតុលាការតាមបណ្តឹងរបស់ក្រុមហ៊ុន
តាំងពីឆ្នាំ២០០៨មក៕
4 comments:
ហេតុអ្វីក៏គេមានចិត្តអន្យតិរ្ថិយ ធ្វើបាបចំពោះអ្នកក្រីក្រ អ្នកគ្មានទីពឹង។ គ្មានចិត្តមេត្តា ករុណាអ្វីបន្តិចនៅក្នុងខ្លួនសោះនោះ។ នេះឬប្រទេសដែលកាន់ព្រះពុទ្ធសាសនា៩០%នោះ?
Poor man!
ឱ!ពុទ្ធោ!ផ្ទះរាស្ត្រខ្មែរសព្វថ្ងៃមិនស្មើនឹងទ្រុងឆ្កែនៅបរទេសផង អនិច្ចាររាស្ត្រខ្មែរវេទនាប៉ុណ្ណឹងហើយនៅ តែគេមិនឲ្យសុខទៀត ។ល្មមរករស់ដោយខ្លួនឯង ហើយ ដោយរើសយកមេដឹកនាំរស់ជាមនុស្ស កុំរស់ដួចនៅដួចសត្វបែបនេះ បើនៅបរទេសអ្នក ចិញ្ចឹមសត្វតែធ្វើបាបសត្វគឺម្ចាស់ជាប់គុកហើយ៕
;-;!!!
I remembered when I was in Wat Phnom last year. Pause and gave them 20,000 riel each (10) while they were sleeping without even bothering me.
Post a Comment