Sunday, January 27, 2013

អ្នក​វិភាគ​សេដ្ឋកិច្ច៖ លទ្ធភាព​ដំឡើង​ប្រាក់​ខែ​គោល​ដល់​កម្មករ គឺ​អាច​ធ្វើ​ទៅ​បាន

http://www.youtube.com/watch?v=TbRRc9awe3M&feature=youtu.be 
អ្នក​សេដ្ឋកិច្ច​បាន​រក​ឃើញ​ថា លទ្ធភាព​ដំឡើង​ប្រាក់​ខែ​គោល​ដល់​កម្មករ គឺ​អាច​ធ្វើ​ទៅ​បាន។ ហេតុ​ផល គឺ​រោងចក្រ​កាត់​ដេរ​កម្ពុជា មាន​ផល​ចំណេញ​ច្រើន​ពី​ការ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ ដែល​មាន​កំណើន​ខ្លាំង​ទៅ​ទីផ្សារ​អន្តរជាតិ។

ប៉ុន្តែ ការ​ដំឡើង​ប្រាក់​ខែ​នោះ​ត្រូវ​ពិនិត្យ​មើល​ពី​ស្ថានភាព​ប្រាក់​គោល​នៅ​ ប្រទេស​ជិត​ខាង​ផង​ដែរ ព្រោះ​កត្តា​នេះ​អាច​ទាក់​ទង​នឹង​ការ​បិទ​ទ្វារ​រោងចក្រ ដោយ​សារ​តែ​តម្លៃ​ពលកម្ម​ខ្ពស់។ ផ្ទុយ​ទៅ​វិញ រោងចក្រ​ត្រូវ​ដំឡើង​ប្រាក់​គោល​ដែរ ដើម្បី​ជៀសវាង​បាត់​បង់​កម្លាំង​ពលកម្ម​តាម​រយៈ​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ បរទេស ប្រសិន​បើ​ប្រាក់​ខែ​គោល​នៅ​កម្ពុជា តិច​ជាង​ប្រទេស​ជិត​ខាង​នោះ។

ចំនួន​អ្នក​ធ្វើ​តវ៉ា​របស់​កម្មករ​រោងចក្រ​កាត់​ដេរ មាន​ការ​កើន​ឡើង​នៅ​រយៈពេល​ចុង​ក្រោយ​នេះ។ លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ជាច្រើន គឺ​ក្រុម​អ្នក​តវ៉ា​ទាម​ទារ​ចង់​បាន​នោះ គឺ​ការ​ដំឡើង​ប្រាក់​ខែ។
ការ​សិក្សា​ជាច្រើន​បាន​រក​ឃើញ​ថា មូលហេតុ​ប្រាក់​ខែ​តិច ធ្វើ​ឲ្យ​កម្មករ​មិន​អាច​រស់​នៅ​បាន​នៅ​ពេល​ដែល​តម្លៃ​ស្បៀង​អាហារ​កាន់​តែ​ កើន​ខ្ពស់​នោះ ហើយ​មាន​កម្មករ​ជាង ៧០% មាន​ភាព​ស្គមស្គាំង និង​ស្លេកស្លាំង។ បញ្ហា​នេះ ក៏​ជា​បញ្ហា​ផ្ទាល់​សំខាន់ ធ្វើ​ឲ្យ​មួយ​ចំនួន​កម្មករ​សន្លប់​កំឡុង​ពេល​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ។
របាយការណ៍​ចុង​ក្រោយ​នៃ​កម្មវិធី​រោងចក្រ​កាន់​តែ​ប្រសើរ​របស់​អង្គការ​ អន្តរជាតិ​ខាង​ការងារ (ILO) បាន​កត់​សម្គាល់​ចំនួន​រោងចក្រ​ជាង ១៦០​រោងចក្រ ថា​មាន​កម្មករ​សន្លប់​នៅ​ក្នុង ៩​រោងចក្រ។ មូលហេតុ​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​កម្មករ​សន្លប់ គឺ​បណ្ដាល​មក​ពី​កង្វះ​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​គាំទ្រ​ផ្នែក​សុខភាព​ ចំនួន ៥​ដុល្លារ​ក៏​ដោយ។ របាយការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា ទឹក​ប្រាក់​ដែល​ផ្ដល់​ឲ្យ​នេះ មិន​អាច​ទូទាត់​ទៅ​នឹង​ការ​ឡើង​ថ្លៃ​យ៉ាង​គំហុក​នៃ​ម្ហូប​អាហារ និង​ការ​ស្នាក់​នៅ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​សិក្សា​អំពី​ទស្សនៈ​យល់​ឃើញ​របស់​អ្នក​គ្រប់គ្រង​រោងចក្រ​វិញ ដែល​ជួយ​គាំទ្រ​ដោយ​កម្មវិធី​រោងចក្រ​កាន់​តែ​ប្រសើរ បាន​បង្ហាញ​ថា មាន​ប្រមាណ ៥២% នៃ​អ្នក​គ្រប់គ្រង​រោងចក្រ ថា​កង្វះ​អាហារូបត្ថម្ភ​ជះ​ឥទ្ធិពល​ដល់​ផលិតភាព​ការងារ មាន ៣៣% យល់​ថា កម្មករ​បាន​ទទួល​ទាន​ចំណី​អាហារ​គ្រប់គ្រាន់ ហើយ ៧៧% ផ្សេង​ទៀត មិន​ច្បាស់​ថា​កម្មករ​ទទួល​ទាន​ចំណី​អាហារ​គ្រប់គ្រាន់ ឬ​យ៉ាង​ណា​នោះ​ទេ។
ការ​សិក្សា​នោះ បាន​រក​ឃើញ​ទៀត​ថា កម្មករ​បាន​ចំណាយ​លុយ​សម្រាប់​អាហារ​ពេល​ព្រឹក​ប្រមាណ ១.៥០០​រៀល និង​ការ​ចំណាយ​អាហារ​ពេល​ថ្ងៃ និង​ល្ងាច ប្រមាណ ៤​ពាន់​រៀល​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​ក្នុង​មួយ​ថ្ងៃ មាន​ន័យ​ថា កម្មករ​ម្នាក់ៗ​ចំណាយ​លើ​ចំណី​អាហារ​ប្រមាណ​ជាង ៤០​ដុល្លារ​ក្នុង​មួយ​ខែ។
សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា បាន​អះអាង​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល ២០% ពិត​ជា​គ្មាន​បញ្ហា​ទេ ដែល​អាច​ដំឡើង​ពី ៦១​ដុល្លារ​ទៅ ៧៣​ដុល្លារ​អាមេរិក ប៉ុន្តែ​សហជីព​ផ្សេងៗ​ចង់​បាន​រហូត​ដល់ ១៥០​ដុល្លារ​អាមេរិក។ ប៉ុន្តែ​សមាគម​រោងចក្រ​កាត់​ដេរ បាន​កត់​សម្គាល់​ឃើញ​ថា កម្មករ​អាច​ទទួល​ប្រាក់​ខែ​ជា​មធ្យម​ប្រមាណ ១០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​នា​ពេល​បច្ចុប្បន្ន ដោយ​សារ​តែ​បទ​ពិសោធន៍​ការងារ ផលិត​ភាព​ខ្ពស់ និង​ការ​ធ្វើ​ការ​ថែម​ម៉ោង​របស់​កម្មករ​ទាំង​នោះ។
អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ខ្មែរ​សហប្រតិបត្តិការ និង​សន្តិភាព លោក ជៀក ច័ន្ទសម្ផស្ស មាន​ប្រសាសន៍​ថា ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​យ៉ាង​តិច​បំផុត គឺ​ប្រមាណ ៧០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​អាច​រស់​នៅ​បាន​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា កត្តា​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​កម្មករ​ជួប​ប្រទះ​ខ្វះ​ខាត គឺ​ការ​ផ្ញើ​ប្រាក់​ដែល​ខ្លួន​បាន​ធ្វើ​ការងារ ទៅ​ឲ្យ​អាណាព្យាបាល​នៅ​តាម​បណ្ដា​ខេត្ត។
អ្នក​វិភាគ​សេដ្ឋកិច្ច លោក ហេង ឌីណា មាន​ប្រសាសន៍​ថា ក្រៅ​ពី​ប្រាក់​ខែ រោងចក្រ​អាច​មាន​យន្តការ​ផ្សេងៗ​ដែល​ជួយ​លើក​កម្ពស់​ជីវភាព​កម្មករ គឺ​ការ​ជួយ​សម្រួល​តម្លៃ​ស្បៀង​អាហារ​នៅ​កន្លែង​ធ្វើ​ការ ការ​ជួយ​សម្រួល​តម្លៃ​ផ្ទះ ឬ​កន្លែង​ស្នាក់​នៅ ឬ​ម្ចាស់​រោងចក្រ​ធានា​ផ្ដល់​ចំណី​អាហារ​ដល់​កម្មករ។ ការ​ធ្វើ​បែប​នេះ នឹង​ជួយ​ឲ្យ​ជីវភាព​កម្មករ​ប្រសើរ​ឡើង ហើយ​អាច​ជំរុញ​ឲ្យ​ផលិត​ភាព​ការងារ​កើន​ឡើង​ដែរ ដែល​អាច​ជួយ​ដល់​ប្រាក់​ចំណេញ​របស់​រោងចក្រ។
ការ​បន្ថយ​បន្ទុក​​ចំណាយ​កម្មករ ដូច​ជា​ការ​ផ្ញើ​ប្រាក់​ទៅ​ផ្គត់ផ្គង់​គ្រួសារ គឺ​ជា​ផ្នែក​មួយ​សំខាន់​ដែល​ធ្វើ​ឲ្យ​កម្មករ​អាច​សល់​លុយ​សម្រាប់​រស់​នៅ​ កំឡុង​ពេល​ធ្វើ​ការ។ ការ​ជួយ​នេះ អាច​សម្រេច​ដោយ​រដ្ឋាភិបាល លើក​កម្ពស់​ជីវភាព​គ្រួសារ​របស់​កម្មករ​នៅ​ជនបទ ឲ្យ​មាន​ភាព​ធូរធារ តាម​រយៈ​ការ​លើក​កម្ពស់​ផលិត​ភាព​កសិកម្ម សេវា​សុខាភិបាល អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​សម្រាប់​ការ​ដាំដុះ។ ស្រប​ពេល​នេះ រដ្ឋាភិបាល និង​វិស័យ​ឯកជន​ក៏​ដូច​ជា​សង្គម​ស៊ីវិល និង​សហជីព ត្រូវ​សហការ​គ្នា ដើម្បី​ជួយ​លើក​ហ្វឹកហ្វឺន​លើក​តម្កើង​សមត្ថភាព​បច្ចេកទេស ដើម្បី​អោយ​សមស្រប​ប្រាក់​បៀវត្ស​ខ្ពស់។
ម៉្យាង​វិញ​ទៀត លោក ហេង ឌីណា មាន​ប្រសាសន៍​បន្ថែម​ថា ការ​កាត់​បន្ថយ​ការ​ចំណាយ​ច្រើន​សម្រាប់​រោងចក្រ ដូច​ជា​ថ្លៃ​ដឹក​ជញ្ជូន ការ​យក​កម្រៃ​ក្រៅ​ផ្លូវ​ការ​ផ្សេង ក៏​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​ម្ចាស់​រោងចក្រ​លៃលក​ផ្ទេរ​ការ​ចំណាយ​នោះ​ សម្រាប់​ដំឡើង​ប្រាក់​បៀវត្សរ៍​ដែរ​ដល់​កម្មករ។
ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា លោក វ៉ាន់ ស៊ូអៀង មាន​ប្រសាសន៍​ថា ទំហំ​ទឹក​ប្រាក់​ដែល​កម្មករ​ទទួល​បាន​ជា​មធ្យម​ចន្លោះ​ពី ៨០ ទៅ ១០០​ដុល្លារ គឺ​អាច​រស់​នៅ​បាន ដោយ​លោក​បញ្ជាក់​ថា ការ​ឡើង​ប្រាក់​ខែ​នេះ គឺ​ឡើង​ទៅ មាន​តម្លៃ​អតិផរណា និង​ផលិត​ភាព​ការងារ ហើយ​មិន​មែន​ឡើង​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​នយោបាយ​ទេ។
អ្នក​វិភាគ​សេដ្ឋកិច្ច បាន​អះអាង​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល​ចំពោះ​កម្មករ​នេះ​អាច​ធ្វើ​ទៅ​បាន មាន​ន័យ​ថា អាច​ដំឡើង​ដល់​លើស ១០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ។ ការ​ប្រមូល​ឯកសារ​ដែល​ចេញ​ផ្សាយ​កន្លង​ទៅ​ដោយ​អ្នក​វិភាគ​សេដ្ឋកិច្ច អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​នៃ​ឧស្សាហកម្ម​កាត់​ដេរ ដែល​ចង​ក្រង​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​ថា ការ​នាំ​ចេញ​សរុប​នៃ​វិស័យ​កាត់​ដេរ មាន​ទឹក​ប្រាក់​ច្រើន​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១២។
ការ​នាំ​ចូល​វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិត​នៅ​កម្ពុជា វិញ មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១.៧០០​លាន​ដុល្លារ​អាមេរិក។ ការ​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​មាន​ទឹក​ប្រាក់​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ការ​ទូទាត់​ចំណាយ​ទាំង​នេះ​ចេញ រោងចក្រ​កាត់​ដេរ​ទាំង​អស់​មាន​ទឹក​ប្រាក់​ដែល​នៅ​សល់​សរុប​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក គឺ​ទុក​សម្រាប់​ចំណាយ​លើ​កម្រៃ​ផ្សេងៗ​ទាក់​ទង​នឹង​ការ​គ្រប់គ្រង​ការ​ចំណាយ ​ប្រតិបត្តិការ និង​ផល​ចំណេញ។
ក្រុម​អ្នក​សេដ្ឋកិច្ច និង​សហជីព​កម្មករ បាន​រក​ឃើញ​ថា រោងចក្រ​កាត់​ដេរ​ទាំង​អស់​ទទួល​បាន​ប្រាក់​ចំណេញ​ខ្លាំង​ពី​ឧស្សាហកម្ម​ កាត់​ដេរ​នៅ​កម្ពុជា។
លោក ហេង ឌីណា មាន​ប្រសាសន៍​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល គឺ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​ត្រូវ​មើល​អំពី​ស្ថានភាព​ប្រទេស​ជិត​ខាង​ដែរ និង​ផលិត​ភាព​កម្មករ​ខ្មែរ ដែល​ជះ​ឥទ្ធិពល​ដល់​ការ​បិទ​ទ្វារ​រោងចក្រ និង​ផ្លាស់​ទៅ​ប្រទេស​ដទៃ។ ផ្ទុយ​ទៅ​វិញ ការ​ដំឡើង​ប្រាក់​ខែ​គោល​នេះ ម្ចាស់​រោងចក្រ​ក៏​ត្រូវ​តែ​ដំឡើង​ដែរ ដើម្បី​ទាក់​ទាញ​កម្លាំង​កម្មករ និង​ដំឡើង​ផលិត​ភាព​របស់​កម្មករ និង​ដើម្បី​ជៀស​វាង​កម្លាំង​ពលកម្ម​របស់​កម្ពុជា ធ្វើ​ការ​ចំណាក​ស្រុក​ទៅ​បរទេស នៅ​ពេល​ដែល​ប្រាក់​ខែ​គោល​នៅ​ប្រទេស​កម្ពុជា តិច​ជាង​ប្រទេស​ជិត​ខាង​នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: