Sunday, January 27, 2013

អង្គការ​អន្តរជាតិ៖ ​សេរីភាព​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា​​​នៅ​តែ​តូច​ចង្អៀត

http://www.youtube.com/watch?v=l--3cVJmSfI&feature=youtu.be
អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ ហ្វ្រីឌឹម ហៅស៍ (Freedom House) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក រក​ឃើញ​ថា សេរីភាព​នៃ​ការ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា នៅ​តែ​រួម​តួច​ចង្អៀត​នៅ​ឡើយ។

RFA/Ratha Visal
១២-តុលា-២០១១៖ ពលរដ្ឋ​នៅ​ខេត្ត​រតនគិរី ស្ដាប់​ព័ត៌មាន​តាម​វិទ្យុ។

ហ្វ្រីឌឹម ហៅស៍ បាន​បង្ហាញ​ថា ការ​ដែល​ស្ថាប័ន​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​នានា មិន​ព្រម​ទម្លាយ​ព័ត៌មាន​ឲ្យ​ដឹង​ជា​សាធារណៈ គឺ​ជា​ហេតុផល​ដែល​ងាយ​នឹង​នាំ​ឲ្យ​កើត​មាន​អំពើ​ពុករលួយ​នៅ​តាម​ស្ថាប័ន​ រដ្ឋ។
ការ​ស្រាវជ្រាវ​មួយ​ក្នុង​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ដែល​ធ្វើ​ឡើង​ដោយ​អង្គការ ហ្វ្រីឌឹម ហៅស៍ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សេរីភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា នៅ​តែ​មាន​កម្រិត​អន់ថយ​នៅ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​នៅ​ក្នុង​តំបន់។
ក្នុង​របាយការណ៍​ស្រាវជ្រាវ​នោះ​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤​ភាគរយ (៤,៤​ភាគរយ) ក្នុង​ចំណោម ៩៨​ភាគរយ ពួកគេ​ត្រូវ​ស្ថិត​ក្រោម​ការ​គំរាមកំហែង និង​គាប​សង្កត់ នៅ​គ្រា​ពួក​គាត់​ព្យាយាម​ស្វះស្វែង​រក​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ។
របាយការណ៍​ស្រាវជ្រាវ​ក្នុង​ឆ្នាំ២០១១ ដោយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ក្រោម​កិច្ច​ផ្ដួចផ្ដើម​មូលនិធិ​ដោយ ហ្វ្រីឌឹម ហៅស៍ ឲ្យ​ដឹង​ថា សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​តែ​ជា​បញ្ហា​ប្រឈម​ខ្ពស់​នៅឡើយ បើ​ទោះ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ បាន​វិវឌ្ឍ​ខ្លួន​អស់​រយៈពេល​ជាង ២​ទសវត្សរ៍ ក្រោយ​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ​យ៉ាង​ណា​ក្ដី។
របាយការណ៍​ដែល​សិក្សា​ទៅ​លើ​តំបន់​គោលដៅ​ចំនួន ៤ ក្នុង​នោះ​មាន​ខេត្ត​ព្រៃវែង កំពង់ស្ពឺ តាកែវ និង​រាជធានី​ភ្នំពេញ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១.៥០០​នាក់ រក​ឃើញ​ថា ជាង ១៦​ភាគ​រយ (១៦,៣​ភាគរយ) ក្នុង​ចំណោម ៩៨​ភាគរយ បង្ហាញ​ថា ពួកគេ​ខ្លាច​នឹង​មាន​ការ​​គំរាមកំហែង ការ​បំភិតបំភ័យ និង​ការ​ព្រួយបារម្ភ​នៅ​ថ្ងៃ​អនាគត ព្រោះ​តែ​ការ​ស្វះស្វែង​រក​ព័ត៌មាន​ជា​សាធារណៈ ដែល​ចេញ​ផ្សាយ​ដោយ​រដ្ឋាភិបាល តាម​រយៈ​ការ​បោះពុម្ព តាម​រយៈ​ការ​និយាយ​ស្ដី និង​តាម​រយៈ​ការ​សួរ​នាំ​ជាដើម។
លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ គិត​ថា កម្ពុជា​ពិត​ជា​ត្រូវ​ធ្វើ​កំណែទម្រង់​បន្ថែម​ជា​ច្រើន​ទៀត​លើ​ផ្នែក​ សេរីភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន​នេះ ដោយ​សេរី និង​តម្លាភាព។
លោក​បន្ត​ថា បច្ចុប្បន្ន​ស្ថាប័ន​របស់​រដ្ឋ គេ​នៅ​តែ​ពុំ​អាច​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​ណា​មួយ​ជុំវិញ​ការ​វិនិយោគ ឬ​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ដើម្បី​បង្ហាញ​ជា​សាធារណៈ​នោះ​នៅ​ឡើយ​ទេ៖ «អត់ ​ទាន់​មាន​ច្បាប់​ធានា​នូវ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ហ្នឹង កាលណា​យើង​និយាយ​សិទ្ធិ​ទទួល​ព័ត៌មាន​ហ្នឹង គឺ​យើង​សំដៅ​ទៅ​លើ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​សាធារណៈ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​​ស្ថាប័ន​សាធារណៈ។ ឧទាហរណ៍​ដូចជា​កម្ចី​លុយ​បរទេស​របស់​រដ្ឋាភិបាល កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​រដ្ឋាភិបាល ឬ​ក៏​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន ទាក់​ទង​ទៅ​នឹង​កម្មវិធី​អភិវឌ្ឍន៍​អី​ផ្សេង​ៗ ឬ​ក៏​ទាក់ទង​ទៅ​នឹង​ការ​គ្រប់គ្រង​ប្រាក់​ចំណូល ចំណាយ​របស់​រដ្ឋ។ ព័ត៌មាន​ទាំង​អស់​ហ្នឹង គេ​ហៅ​ថា ព័ត៌មាន​សាធារណៈ អ៊ីចឹង​កាលណា​យើង​និយាយ​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​សាធារណៈ សិទ្ធិ​ទទួល​បាន​បែប​ហ្នឹង គឺ​យើង​សំដៅ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​សាធារណៈ​បែប​ហ្នឹង»
ក៏​ប៉ុន្តែ​លោក ទិត សុធា មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បញ្ជាក់​ថា ការ​ពិត​រដ្ឋាភិបាល​កំពុង​តែ​ពន្លឿន​​សេចក្ដី​ព្រាង​ក្នុង​ការ​តាក់តែង​ គោលនយោបាយ​នេះ ដើម្បី​ដាក់​ឲ្យ​អនុវត្ត​ក្នុង​ន័យ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ពី​ សាធារណជន​ក្នុង​ការ​ផ្ដល់​ព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។
លោក​គិត​ថា​បើ​ទោះ​​ជា​ក្នុង​​ដំណាក់​​​នេះ ជំនាញ​ពាក់ព័ន្ធ​កំពុង​​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​​នៅ​ឡើយ​យ៉ាង​ណា​ក្ដី ក៏​​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​បាន​យ៉ាង​ ទូលំទូលាយ ដែល​ដាក់​ឲ្យ​អនុវត្ត​សព្វថ្ងៃ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​សម្បូរ​បែប រួម​មាន​ប្រព័ន្ធ​អ៊ីនធឺណិត វិទ្យុ ទូរទស្សន៍ និង​កាសែត ឬ​តាមរយៈ​មន្ត្រី​អ្នក​នាំ​ពាក្យ​ជាដើម។
លោក ទិត សុធា៖ «ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ កន្លង​មក​ដូច​ជា​មាន​ការ​រៀបចំ​នៃ​ការ​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ពាក់​ ព័ន្ធ​នឹង​ករណី​នេះ។ ក៏​ប៉ុន្តែ​ការ​ធ្វើ​ច្បាប់​មួយៗ គឺ​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​ពិច័យ​អំពី​ទិដ្ឋភាព​ជាក់​ស្ដែង។ ដូច្នេះ​ខ្ញុំ​បាន​ឃើញ​ថា ការងារ​ខាង​ក្រសួង​មហាផ្ទៃ​ក្ដី ក៏​ដូច​ជា​ទំនាក់ទំនង​អធិការកិច្ច​​រដ្ឋ​សភា ព្រឹទ្ធ​សភា គឺ​គេ​បាន​ខិតខំ​ធ្វើ​កិច្ច​ការងារ​ហ្នឹង​ណាស់ ដើម្បី​នឹង​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​​បាន​ព័ត៌មាន ហើយ​និង​ប្រកប​ទៅ​ដោយ​តម្លាភាព។ ដូច្នេះ​​នេះ​គឺ​ជា​រឿង​ចាំបាច់​ដែល​កម្ពុជា យើង​ចង់​ឲ្យ​មាន ក៏ប៉ុន្តែ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​នៃ​ការ​ធ្វើ​ច្បាប់​នេះ​គឺ​វា​ទាមទារ​ពេល​ វេលា»
យ៉ាង​ណា​ក៏​ដោយ លោក ប៉ា ងួនទៀង ចាត់​ទុក​ថា មធ្យោបាយ​ទាំង​នេះ នៅ​មិន​ទាន់​អាច​រាប់​ថា​ជា​ផ្នែក​មួយ​នៃ​មធ្យោបាយ​ដែល​ជា​សេរីភាព​ពិត​ ប្រាកដ​ក្នុង​ការ​ទទួល​​បាន​ព័ត៌មាន​នៅ​ឡើយ​នោះ​ទេ៖ «តែ​ទាក់ទង​ទៅ​នឹង​ ព័ត៌មាន​ស្ដីពី​បញ្ហា​សាធារណៈ​ហ្នឹង ព័ត៌មាន​សាធារណៈ ឧទាហរណ៍​ដូច​ខ្ញុំ​ថា ឥឡូវ​ហ្នឹង​យើង​ចង់​ដឹង​​តើ​រដ្ឋាភិបាល​ផ្ដល់​ដីសម្បទាន​ឲ្យ​ក្រុមហ៊ុន​ ប៉ុន្មាន​ខ្លះ ហើយ​ក្រុមហ៊ុន​ទាំង​នោះ​កុងត្រា​ជាមួយ​រដ្ឋាភិបាល​យ៉ាង​ម៉េច? ចំណុច​ទាំង​អស់​ហ្នឹង​គឺ​​វា​ពាក់ព័ន្ធ​នឹង​ប្រយោជន៍​សាធារណៈ ហើយ​យើង​អត់​ដឹង​ទៅ​រក​ណា​ទេ ហើយ​មន្ត្រី​រដ្ឋាភិបាល​អត់​មាន​ពីណា​បើក​ទូលាយ ហើយ​យើង​បារម្ភ កាលណា​ខ្វះ​ចំណុច​ទាំង​អស់​នឹង​វា​នាំ​ឲ្យ​អំពើ​ពុករលួយ​ខ្លាំង​ទៅៗ ហើយ​វា​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរ​ការ​អភិវឌ្ឍន៍»
ការ​សិក្សា​ថ្មីៗ​ទៅ​លើ​​របាយការណ៍​របស់​អង្គការ តម្លាភាព​អន្តរជាតិ (Transparency International) ដែល​ចេញ​ផ្សាយ​ដោយ ហ្វ្រីឌឹម ហៅស៍ ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា ឈរ​លេខ​រៀង​លំដាប់​ទី​១៤ ក្នុង​ចំណោម​ប្រទេស​នៅ​លើ​ពិភពលោក ដែល​មាន​អត្រា​នៃ​អំពើ​ពុករលួយ​ខ្ពស់​ជាង​គេ​បំផុត។ របាយការណ៍​បន្ត​ថា ក្នុង​ពេល​បច្ចុប្បន្ន ប្រទេស​កម្ពុជា នៅ​តែ​ត្រូវ​គេ​រក​ឃើញ​ថា នៅ​តែ​មាន​អំពើ​ពុករលួយ​ខ្ពស់​នៅឡើយ បន្ទាប់​ពី​ប្រទេស​ភូមា បើ​ប្រៀបធៀប​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​នេះ។
របាយការណ៍​របស់​អង្គការ ហ្វ្រីឌឹម ហៅស៍ បន្ត​ថា ការ​បន្ត​​ឲ្យ​មាន​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម​កម្ពុជា ត្រូវ​គេ​ចាត់​ទុក​ថា បាន​កើត​ឡើង​ជា​ប្រព័ន្ធ​នេះ ក៏​ព្រោះ​តែ​កង្វះ​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ​សំខាន់ៗ​ដែល​មិន​ត្រូវ​បាន​គេ​ ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ ដែល​ជា​ហេតុ​ងាយ​នឹង​ជំរុញ​ឲ្យ​​កើត​មាន​អំពុក​រលួយ។
លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី ហៅ​​របាយការណ៍​របស់ ហ្វ្រីឌឹម ហៅស៍ នេះ​ថា គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បញ្ចេញមតិ​មិន​ចំ​ទិសដៅ​ទៅ​នឹង​គោលនយោបាយ​របស់​ រដ្ឋាភិបាល​ដែល​កំពុង​អនុវត្ត​បាន​នូវ​សុខ​សន្តិភាព និង​ជា​របក​គំហើញ​តែងតែ​ដើរ​បញ្ច្រាស​ទិស។
លោក ទិត សុធា៖ «យើង​មិន​អាច​ទៅ​បិទ​មាត់​ការ​រិះគន់​របស់ ហ្វ្រីឌឹម ហៅស៍ បាន​ទេ ព្រោះ​ជា​ទម្លាប់​របស់ ហ្វ្រីឌឹម ហៅស៍ គឺ​យក​ការ​រិះគន់​ជា​ជាង​ការ​ចូល​រួម​អនុវត្ត​ផ្ទាល់។ ដូច្នេះ​រាជរដ្ឋាភិបាល​មាន​កាតព្វកិច្ច​ក្នុង​ការ​ការពារ​រដ្ឋធម្មនុញ្ញ ក៏​ដូច​ជា​ការ​លើក​ស្ទួយ​នៃ​ការ​ផ្ដល់​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ។ដូច្នេះ​ រដ្ឋាភិបាល​ហ្នឹង​គឺ​ជា​រឿង​សំខាន់​ណាស់ ដែល​បាន និង​កំពុង​អនុវត្ត ដូច​នេះ​យើង​មិន​យក​អ្វី​ដែល​ជា​ការងារ​ទិស​ដៅ​របស់​រដ្ឋាភិបាល​ដែល​បាន​ កំពុង​ធ្វើ យក​ការ​រិះគន់​នោះ​ទេ។ ដូច្នេះ​គួរ​ប្រែក្លាយ​ការ​រិះគន់​នោះ​យក​មក​ចូល​រួម​ប្រសើរ​ជាង»
លោក កែម ឡី អ្នក​វិភាគ​សង្គម និង​ជា​អ្នក​ស្រាវជ្រាវ​ឯករាជ្យ មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​​​ព័ត៌មាន​មួយ​ចំនួន​ដែល​ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ តាម​រយៈ​គេហទំព័រ​យ៉ាង​ណា​ក៏ដោយ ក៏ប៉ុន្តែ​លោក​អះអាង​ថា នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​ស្ថាប័ន​រដ្ឋ​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​ឲ្យ​ បាន​ពេញលេញ​នៅ​ឡើយ​ទេ ពាក់ព័ន្ធ​ប្រយោជន៍​សាធារណៈ និង​កង្វះ​ព័ត៌មាន​នៅ​តាម​មូលដ្ឋាន​ជាដើម។
លោក​បន្ត​ថា៖ «ក៏​ប៉ុន្តែ​អ្វី​ដែល​គេ​មិន​ចង់​ប្រាប់ អ្វី​ដែល​គេ​មិន​ចង់​ឲ្យដឹង​ហ្នឹង គឺ​មិន​មាន​ការ​ផ្សព្វផ្សាយ​ទេ ហើយ​បើ​យើង​ទៅ​សុំ​ទៅ​រក​ថ្មីៗ​ហ្នឹង ក៏​មិន​មាន​ដែរ​ទាក់ទង​ទៅ​នឹង​ចំណូល​ចំណាយ។ ប៉ុន្តែ​យើង​នៅ​ក្នុង​ហ្នឹង គឺ​មាន​ការ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ថវិកា អំពី​ច្បាប់​ផែនការ​ថវិកា​មួយ​ឆ្នាំៗ​ដាក់​ចូល​ទៅ​ក្នុង​គេហទំព័រ​ ហិរញ្ញវត្ថុ​ដែរ​ណា។ ក៏​ប៉ុន្តែ​បើ​យើង​ទៅ​មើល​ជាក់លាក់​រឿង​បច្ចេកទេស​នៅ​ក្នុង​ហ្នឹង គឺ​មាន​ការ​លំបាក អា​ហ្នឹង​ជា​ចំណុច​ដែល​យើង​រក​ឃើញ»
ទោះ​ជា​បែប​ណា កាល​ពី​ថ្ងៃ​ទី​២២ មករា គណៈកម្មការ​នៃ​រដ្ឋ​សភា និង​ជំនាញ ៨ ផ្សេង​ទៀត បាន​បដិសេធ​មិន​ទទួល​យក​សេចក្ដី​ព្រាង​នៃ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ សេរីភាព​ក្នុង​ការ​ទទួល​ព័ត៌មាន​របស់​គណបក្ស​ប្រឆាំង សម រង្ស៊ី ទេ ដោយ​ចាត់​ទុក​សំណើ​នេះ​ថា មាន​ឃ្លា និង​ពាក្យពេចន៍​មួយ​ចំនួន​មាន​ភាព​ចម្រូងចម្រាស និង​ពុំ​ត្រឹមត្រូវ​ ដែល​ពុំ​​ចាំបាច់​តម្រូវ​ឲ្យ​លើក​យក​ទៅ​ពិភាក្សា​ក្នុង​របៀបវារៈ​នៃ​សម័យ​ ប្រជុំ​ពេញអង្គ​នៃ​រដ្ឋ​សភា​នោះ​ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: