- Tuesday, 22 January 2013
- ជូ លាងហាក់ ភ្នំពេញប៉ុស្តិ៍
រាស្ត្រ ខ្មែរ និងមេដឹកនាំខ្មែរទាស់គ្នា។
អ្នកនយោបាយខ្មែរទាស់គ្នា។
ពួកគេបានប្រើពាក្យសម្ដីខ្លាំងៗដាក់គ្នា។ រឿងអី?
គឺរឿងមិនសប្បាយចិត្តតែរៀងៗខ្លួន
រវាងគ្នានឹងគ្នាដោយសារបញ្ហាជីវិត បញ្ហា ជាតិ
និងរឿងអយុត្តិធម៌ជាដើម។
សម្តេច ហ៊ុន សែន បានយល់ស្រប តាមសំណេរមួយ
ផ្សាយចេញពីសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍
ស្តីពីការប្រើពាក្យពេចន៍គ្រោតគ្រាត ទ្រគោះបោះបោក
ដែលគេគួរតែលះបង់ចោលទាំងអស់គ្នា។ តែសម្តេច មានការយល់ឃើញ
ពីកម្លាំងនៃការបង្ក្រាប ឬបំបាត់ការប្រើប្រាស់ ពាក្យសំដី
ដែលគ្មានគុណធម៌ ដោយ «ការប្រើច្បាប់ផ្តន្ទាទោស» ដល់ជនណា
ដែលប្រើពាក្យពេចន៍រិះគន់ជេរប្រមាថ... ជាពិសេស ចំពោះឥស្សរជន
ក្នុងជួររដ្ឋាភិបាលខ្មែរ។ យើងដឹងអស់ហើយថា តាំងតែពីដើមរៀងមក
សម្តេចតេជោ ហ៊ុន សែន មានកម្លាំងពីរបែប សម្រាប់ប្រើ
ក្នុងការបង្ក្រាបប្រជាពលរដ្ឋណា ឬឥស្សរជនណា
ដែលបានសម្ដែងមតិឬធ្វើសកម្មភាពប្រឆាំងប្រទូសរ៉ាយនឹងរាជ
រដ្ឋាភិបាល របស់លោក។ កម្លាំងទាំងពីរនោះគឺ (១)
កងកម្លាំងប្រដាប់អាវុធ ហើយ(២) គឺតុលាការ ឬច្បាប់
ដែលកម្លាំងទាំងពីរនេះ មានគេជឿថា ជាឧបករណ៍
សម្រាប់ប្រើជាជំនួយ...ជាផលប្រយោជន៍ របស់គណបក្សប្រជាជន
ដឹកនាំដោយសម្តេច ហ៊ុន សែន។
ដូច្នោះ គេយល់ថា វាជាអំពើអយុត្តិធម៌ មិនសមស្រប
តាមរដ្ឋធម្មនុញ្ញខ្មែរ ដែលប្រព័ន្ធតុលាការ ឬក្រសួងយុត្តិធម៌
គួរតែជាស្ថាប័ន ដែលបង្កើតឡើងដើម្បីបម្រើសង្គមជាតិទាំងមូល
តែវាមិនត្រូវស្ថិតនៅក្រោមឥទ្ធិពលនៃគណបក្សនយោបាយណាមួយនោះទេ។
យើង រាល់គ្នា បានយល់ហើយថា គុណធម៌
ឬសីលធម៌នៃការប្រើពាក្យសម្ដី គឺជាដំណើរធម្មជាតិ
នៃមនុស្សគ្រប់រូប ដែលគេនឹងប្រើវា ទៅតាមការដែលភ្នែកបានឃើញ
ត្រចៀកបានឮ។ កាលណាគេខឹង គេនឹងនិយាយទៅតាមមនោសញ្ចេតនានោះ
ដែលជារឿយៗ គេនឹងប្រើពាក្យអសុរោះ ដោយសារតែទ្រាំមិនបាន
ចំពោះអ្វីដែលធ្វើឲ្យគេមួម៉ៅក្តៅក្រហាយ។
ភ្នែកនិងត្រចៀកបានដឹងហើយ គេទរហើយ... ព្រោះទ្រាំមិនបាន។
ហ្នុងជានិស្ស័យមនុស្ស ឆេវឆាវ ឆេះកន្ទុយរបស់គេជាឯកជន។
រីឯសម្តេចតេជោហ៊ុន សែន មិនដឹងជាប៉ុន្មានសិបដងដែរទេ
ដែលលោកប្រើពាក្យមិនគប្បី ក្នុងការនិយាយស្តី
ទោះជាក្នុងទីសាធារណៈ នៅចំពោះមុខមនុស្សម្នា កកកុញ
រាប់រយនាក់ក្តី។ លោកនិយាយហូរហែ កោកកាក ប៉ាតណាប៉ាតណី
ឥតសំចៃមាត់ដែរតើ! នេះជាធម្មជាតិ មិនប្រក្រតីរបស់គាត់
ក្នុងឋានៈជានាយករដ្ឋមន្ត្រី។ តែទោះយ៉ាងណា ឥឡូវហ្នឹង ស្តាប់ទៅ
ដូចជា ពីរោះពិសាគ្រាន់ជាងមុន។ មិននិយាយពន្លើសទេ...
គ្រាន់ជាងមុនបន្តិចមែន។ គឺប្រហែលជាលោកចូលចិត្តអាន
សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ ជាសារព័ត៌មានអព្យាក្រឹត
សរសេរតាមការពិត ឥតមិនរណេបរណប អែបអបអ្នកណា
ហើយលោកក៏លបកែខ្លះៗទៅតាមហ្នឹងដែរ។
សេរីភាពមតិ នៃការជេរប្រមាថ គឺប្រហែលជាគ្មានទេ
ហើយវាក៏ខុសនឹងសុជីវធម៌ នៃមនុស្សផងដែរ។
សេរីភាពមតិនៃការជេរប្រមាថនេះ ដែលជួនកាល
វាមិនមែនជាការជេរប្រមាថ ប្រហែលជាមិនសូវកើតមាន ដោយផ្ទាល់មាត់
រវាងគ្នានឹងគ្នានោះទេ
ប៉ុន្តែច្រើនតែមានក្នុងទម្រង់នៃការសរសេរ ក្នុងអត្ថបទផ្សេងៗ។
ដូច្នេះវាជាការសមហេតុសមផល ដែលយើងជាអ្នកអាន
គួរតែអានដោយប្រុងប្រយ័ត្ន ហើយចៀសវាងកុំឲ្យ«កាត់យល់ភ្លាមៗ»
នូវសេចក្តីណាមួយ ថាជាការជេរប្រមាថ ដែលតាមពិត
វាជាសេចក្តីដែលគេសរសេរ ឆ្ពោះក្នុងន័យជាទូទៅតែប៉ុណ្ណោះ។
តែបើយើងអានហើយយល់ជាក់ថាមានពាក្យជេរប្រមាថអ៊ីចឹងមែន
ក៏សូមឲ្យយល់អស់ទាំងរឿងរ៉ាវ ដែលជាប់ទាក់ទង
ដល់ការដែលឈានទៅដល់ការជេរប្រមាថនោះ។ ធម្មតាមនុស្សល្អ
គឺគ្មាននរណា មានកម្លាំងចិត្តចង់ជេរសោះទេ។
ដូចយ៉ាងពួកខ្មែរក្រហម
ដែលបានទទួលការថ្កោលទោសជេរប្រមាថពីយើងរាល់គ្នា
គឺដោយសារអំពើយង់ឃ្នងរបស់ពួកវានោះឯង។
ក្នុងចំណោមពាក្យ ពេចន៍ ដែលគេកាត់យល់ថា ជាពាក្យជេរប្រមាថ
មានពាក្យមួយ ស្តាប់ទៅមានន័យធ្ងន់ធ្ងរ ហើយដែលគ្មាននរណាហ៊ានទទួល
គឺពាក្យជេរថា «ជនក្បត់ជាតិ»។ ខ្ញុំអ្នកសរសេរហ្នឹង
ក៏ធ្លាប់បានប្រើពាក្យហ្នឹងដែរ។
តែខ្ញុំគ្រាន់តែប្រើក្នុងន័យទូទៅមិនចំពោះ ហើយការប្រើពាក្យនេះ
ប្រហែលជាបណ្តាលឲ្យឯកជនខ្លះៗ មានការរអៀសចិត្ត
រអៀសខ្លួនផងដែរ។ ខ្ញុំអាចនឹងសរសេរបញ្ជាក់ម្តងទៀតថា ជនណា
ក្នុងសញ្ជាតិណាក៏ដោយ
បើខ្លួនបានប្រព្រឹត្តអំពើផ្ទុយពីធម្មជាតិជាមនុស្ស
ដោយវាយពន្លិចជនជាតិរបស់ខ្លួនឯង ដើម្បីសារប្រយោជន៍ធំដុំ
នៃជនជាតិដទៃ នោះគឺជាជនក្បត់ជាតិឯងហើយ។
វេចបាយវេចទឹក ដើរសួរគេឯងគ្រប់ខេត្ត គ្រប់ប្រទេសមើលមើល៍
តើមាននរណាមួយ មិនយល់ស្រប ក្នុងករណីនេះ? វាជាអំពើផ្ទុយស្រឡះ
ពីធម្មជាតិនៃមនុស្សសាមញ្ញ ដែលគ្មានរោគសរសៃប្រសាទ ឬហៅថា
រោគវិកលចរិតឆ្កួតវង្វេង។ ពីព្រោះធម្មជាតិរបស់មនុស្សសាមញ្ញ
គឺគេតែងតែស្រឡាញ់ជាតិសាសន៍របស់ខ្លួន ដូចគ្រួសាររបស់ខ្លួន
នៅគ្រប់កាលៈទេសៈ។
គេលើកតម្កើងកិត្តិយសផលប្រយោជន៍គ្រួសាររបស់គេនៅគ្រប់កាលៈទេសៈ
ហើយគេនឹងមិនដែល សម្លាប់ផលប្រយោជន៍ជាតិសាសន៍ឯង
ដើម្បីលើកតម្កើង ឬជ្រោមជ្រែង ផលប្រយោជន៍ជាតិសាសន៍ដទៃនោះឡើយ។
អ្នកណាក៏ដោយ នៅក្នុងជាតិសាសន៍ណាក៏ដោយ
បើអ្នកបានធ្វើអំពើដែលផ្ទុយពីច្បាប់ធម្មជាតិដូច្នេះ
គឺបានសេចក្តីថា អ្នកបានក្បត់ជាតិសាសន៍របស់អ្នកហើយ។
ខ្ញុំយល់ថា ការប្រើពាក្យ «ជនក្បត់ជាតិ»
ក្នុងករណីសមស្របណាមួយ គឺពិតជាមិនបានរំលោភ លើគតិយុត្តិធម៌
ឬគុណធម៌ក្នុង ការប្រើពាក្យសម្ដីនោះទេ
តែវាជាការចាំបាច់ក្នុងការបកអាក្រាតនូវ «មហាកំហុស»
ដ៏មិនអាចនឹងលើកលែងទោសបានសោះឡើយ
ចំពោះជនណាដែលបានប្រព្រឹត្តអំពើក្បត់នឹងសតិសម្បជញ្ញៈរបស់ខ្លួន
ឬក៏ក្បត់នឹងជាតិសាសន៍របស់ខ្លួនផងដែរនោះ។
ព្រោះវាជារឿងអាយុជីវិតជាតិ និងប្រជារាស្ត្រ
ហើយវាទាក់ទងដល់កិត្តិយស នៃជាតិសាសន៍ ដែលមានអធិបតេយ្យអរិយធម៌
និងវប្បធម៌រុងរឿង។ ខ្ញុំយល់ទៀតថា
ភាពកំសាកឬកំសោយរបស់រាស្ត្រភាគច្រើន ក្នុងសង្គមណាមួយ
ដែលមានរដ្ឋាភិបាលមិនល្អ គឺតែងតែផលិតចេញជាសេចក្តីទុក្ខសោក
និងឱនភាពក្នុងជីវិតរាស្ត្រទាំងនោះ គឺជាឱនភាព
ដែលគេនឹងទទួលភាពអាម៉ាស់អៀនប្រៀន នៅលើឆាកអន្តរជាតិ។
គេគ្មានមុខមាត់ហ៊ឹកហ៊ាក់ ដូចមនុស្សផងទាំងពួងនោះទេ។
តែគេខ្មាសអៀន ដោយសារលក្ខណៈ នៃឱនភាពគ្រប់បែបយ៉ាងរបស់គេ។
នៅវគ្គបញ្ចប់នេះ ខ្ញុំយល់ថា ការដែលសម្តេចតេជោហ៊ុន សែន
ប្រាថ្នានឹងបង្កើតច្បាប់ថ្មី
ក្នុងការពិន័យឬដាក់ទោសអ្នកជេរប្រមាថ
គឺជាការសមហេតុផលម្យ៉ាងដែរ។ តែច្បាប់ថ្មីនោះ
ត្រូវគេអនុវត្តដោយគ្មានរើសមុខ ឬបុណ្យសក្តិសោះឡើយ
ហើយក៏ជាច្បាប់ ដែល «មិនត្រូវប្រើប្រាស់» ដោយឥស្សរជនណា
ដែលបន្ទាបខ្លួនឲ្យនៅក្រាប ទាបស្រប៉ាប នៃជនទាំងឡាយ
ដែលមានឥទ្ធិពលសោះឡើយ។ នោះបានគេហៅថា ជាច្បាប់សម្រាប់រដ្ឋ
តែមិនមែនជាច្បាប់ព្រៃផ្សៃ ដូចច្បាប់ខ្មែរក្រហម
ដែលគេប្រើដូចជាសេះចម្បាំង ជិះដេញចាប់ខ្មាំងអត់អាវុធ
នឹងការពារខ្លួននោះទេ៕
ដោយ ជូ លាងហាក់ នៅសហរដ្ឋអាមេរិក អ៊ីមែល hakchou@hotmail.com
1 comment:
មេដឹកនាំស្ទើរតែទាំងអស់ក្នុងរបបផ្កាច់ការកុម្មុយនិស្ដ
ត្រូវតែប្រើប្រាសពាក្យហ្នឹង ព្រោះអ្នកដឹកនាំកាន់តែល្ងិត
ល្ងង់ពូជអ្នកក្រ ឬចោរលួចគេ មានអំណាចកាន់តែខ្ពស់!
នេះជាធាតុពិត របស់អ្នកដឹកនាំក្នុងរបបផ្ដាច់ការកុម្មុយ
និស្ដ៕
Post a Comment