Tuesday, January 22, 2013

សូម​ស្វែងយល់​ឲ្យ​អស់​រឿង​រ៉ាវ​ចំពោះ​ដើម​ហេតុ​ឈាន​​​ដល់ការ​ប្រើ​ពាក្យ​អសុរោះ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ពេល​អញ្ជើញ​ជា​អធិប​តី នៅ​ក្នុង​ពិធី​មួយ​កាល​ពី​ពេល​កន្លង​មក​​​។ រូបថត ហេង ជីវ័ន
រាស្ត្រ ខ្មែរ និង​មេ​ដឹក​នាំ​ខ្មែរ​ទាស់​គ្នា​។ អ្នក​នយោបាយ​ខ្មែរ​ទាស់​គ្នា​។ ពួក​គេ​បាន​ប្រើ​ពាក្យ​សម្ដី​ខ្លាំងៗ​ដាក់​គ្នា​។ រឿង​អី? ​គឺ​រឿង​មិន​សប្បាយ​ចិត្ត​តែ​រៀងៗ​ខ្លួន រវាង​គ្នា​នឹង​គ្នា​ដោយ​សារ​បញ្ហា​ជីវិត បញ្ហា ជាតិ និង​រឿង​អយុត្តិធម៌​ជាដើម។
សម្តេច ហ៊ុន សែន បាន​យល់​ស្រប​ តាម​សំណេរ​មួយ ផ្សាយ​ចេញ​ពី​សារ​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ ស្តី​ពី​ការ​ប្រើ​ពាក្យ​ពេចន៍​គ្រោត​គ្រាត ទ្រ​គោះ​បោះ​បោក​ ដែល​គេ​គួរ​តែ​លះ​បង់​ចោល​ទាំង​អស់​គ្នា​។ តែ​សម្តេច​ មាន​ការ​យល់​ឃើញ ពី​កម្លាំង​នៃ​ការ​បង្ក្រាប​ ឬ​បំបាត់​ការ​ប្រើ​ប្រាស់ ពាក្យ​សំដី​ ដែល​គ្មាន​គុណធម៌ ដោយ «ការ​ប្រើ​ច្បាប់​ផ្តន្ទាទោស» ដល់​ជន​ណា​ ដែល​ប្រើ​ពាក្យ​ពេចន៍​រិះ​គន់​ជេរ​ប្រមាថ... ជា​ពិសេស ចំពោះ​ឥស្សរជន ក្នុង​ជួរ​រដ្ឋាភិបាល​ខ្មែរ​។ យើង​ដឹង​អស់​ហើយ​ថា តាំង​តែ​ពី​ដើម​រៀង​មក សម្តេច​តេជោ ហ៊ុន សែន មាន​កម្លាំង​ពីរ​បែប សម្រាប់​ប្រើ​ ក្នុង​ការ​បង្ក្រាប​ប្រជា​ពលរដ្ឋ​ណា ​ឬ​ឥស្សរជន​ណា ដែល​បាន​សម្ដែង​មតិ​ឬ​ធ្វើ​សកម្មភាព​ប្រឆាំង​ប្រទូស​រ៉ាយ​នឹង​រាជ​ រដ្ឋាភិបាល របស់​លោក។ កម្លាំង​ទាំង​ពីរ​នោះ​គឺ (១)​ កង​កម្លាំង​ប្រដាប់​អាវុធ ហើយ​(២) គឺ​តុលា​ការ​ ឬ​ច្បាប់ ដែល​កម្លាំង​ទាំង​ពីរ​នេះ មាន​គេ​ជឿ​ថា​ ជា​ឧបករណ៍ សម្រាប់​ប្រើ​ជា​ជំនួយ...ជា​ផល​ប្រយោជន៍ របស់​គណបក្ស​ប្រជាជន ដឹក​នាំ​ដោយ​សម្តេច ហ៊ុន សែន។
ដូច្នោះ​ គេ​យល់​ថា វា​ជា​អំពើ​អយុត្តិធម៌ មិន​សម​ស្រប​ តាម​រដ្ឋ​ធម្មនុញ្ញ​ខ្មែរ ដែល​ប្រព័ន្ធ​តុលាការ ឬ​ក្រសួង​យុត្តិធម៌ គួរ​តែ​ជា​ស្ថាប័ន​ ដែល​បង្កើត​ឡើង​ដើម្បី​បម្រើ​សង្គម​ជាតិ​ទាំង​មូល តែ​វា​មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។

យើង រាល់​គ្នា​ បាន​យល់​ហើយ​ថា គុណ​ធម៌​ ឬ​សីល​ធម៌នៃ​ការ​ប្រើ​ពាក្យ​សម្ដី គឺ​ជា​ដំណើរ​ធម្ម​ជាតិ​ នៃ​មនុស្ស​គ្រប់​រូប​ ដែល​គេ​នឹង​ប្រើ​វា ទៅ​តាម​ការ​ដែល​ភ្នែក​បាន​ឃើញ ត្រចៀក​បាន​ឮ។ កាល​ណា​គេ​ខឹង គេ​នឹង​និយាយ​ទៅ​តាម​មនោសញ្ចេតនា​នោះ​ ដែល​ជា​រឿយៗ គេ​នឹង​ប្រើ​ពាក្យ​អសុរោះ ដោយ​សារ​តែ​ទ្រាំ​មិន​បាន ចំពោះ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​មួម៉ៅ​ក្តៅ​ក្រហាយ។ ភ្នែក​និង​ត្រចៀក​បាន​ដឹង​ហើយ គេ​ទរ​ហើយ... ព្រោះ​ទ្រាំ​មិន​បាន​។ ហ្នុង​ជា​និស្ស័យ​មនុស្ស ឆេវ​ឆាវ ឆេះ​កន្ទុយ​របស់​គេ​ជា​ឯកជន​។ រីឯ​សម្តេច​តេជោ​ហ៊ុន សែន មិន​ដឹង​ជា​ប៉ុន្មាន​សិប​ដង​ដែរ​ទេ ដែល​លោក​ប្រើ​ពាក្យ​មិន​គប្បី​ ក្នុង​ការ​និយាយ​ស្តី​ ទោះ​ជា​ក្នុង​ទី​សាធារណៈ នៅ​ចំពោះ​មុខ​មនុស្ស​ម្នា កក​កុញ រាប់​រយ​នាក់​ក្តី​។ លោក​និយាយ​ហូរ​ហែ កោកកាក​ ប៉ាត​ណា​ប៉ាត​ណី ឥត​សំចៃ​មាត់​ដែរ​តើ​! នេះ​ជា​ធម្មជាតិ មិន​ប្រក្រតី​របស់​គាត់ ក្នុង​ឋានៈ​ជា​នាយក​រដ្ឋ​មន្ត្រី​។ តែ​ទោះ​យ៉ាង​ណា ឥឡូវ​ហ្នឹង​ ស្តាប់​ទៅ ដូច​ជា​ ពីរោះ​ពិសា​គ្រាន់​ជាង​មុន​។ មិន​និយាយ​ពន្លើស​ទេ... គ្រាន់​ជាង​មុន​បន្តិច​មែន​។ គឺ​ប្រហែល​ជា​លោក​ចូល​ចិត្ត​អាន សារ​ព័ត៌​មាន​ភ្នំពេញ ប៉ុស្តិ៍ ជា​សារ​ព័ត៌មាន​អព្យាក្រឹត​ សរសេរ​តាម​ការ​ពិត ឥត​មិន​រណេប​រណប អែប​អប​អ្នក​ណា ហើយ​លោក​ក៏​លប​កែ​ខ្លះៗ​ទៅ​តាម​ហ្នឹង​ដែរ។
សេរី​ភាព​មតិ នៃ​ការ​ជេរ​ប្រមាថ​ គឺ​ប្រហែល​ជា​គ្មាន​ទេ​ ហើយ​វា​ក៏​ខុស​នឹង​សុជីវធម៌​ នៃ​មនុស្ស​ផង​ដែរ។ សេរីភាព​មតិ​នៃ​ការ​ជេរ​ប្រមាថ​នេះ ដែល​ជួន​កាល វា​មិន​មែន​ជា​ការ​ជេរ​ប្រមាថ ​ប្រហែល​ជា​មិន​សូវ​កើត​មាន ដោយ​ផ្ទាល់​មាត់​ រវាង​គ្នា​នឹង​គ្នា​នោះ​ទេ ប៉ុន្តែ​ច្រើន​តែ​មាន​ក្នុង​ទម្រង់​នៃ​ការ​សរសេរ ក្នុង​អត្ថបទ​ផ្សេងៗ​។ ដូច្នេះ​វា​ជា​ការ​សម​ហេតុ​សមផល ដែល​យើង​ជា​អ្នក​អាន គួរ​តែ​អាន​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​ចៀស​វាង​កុំ​ឲ្យ«កាត់​យល់​ភ្លាមៗ​» នូវ​សេចក្តី​ណា​មួយ ថា​ជា​ការ​ជេរ​ប្រមាថ ដែល​តាម​ពិត វា​ជា​សេចក្តី​ដែល​គេ​សរសេរ​ ឆ្ពោះ​ក្នុង​ន័យ​ជា​ទូទៅ​តែ​ប៉ុណ្ណោះ​។ តែ​បើ​យើង​អាន​ហើយ​យល់​ជាក់​ថា​មាន​ពាក្យ​ជេរ​ប្រមាថ​អ៊ីចឹង​មែន ក៏​សូម​ឲ្យ​យល់​អស់​ទាំង​រឿង​រ៉ាវ ដែល​ជាប់​ទាក់ទង ដល់​ការ​ដែល​ឈាន​ទៅ​ដល់​ការ​ជេរ​ប្រមាថ​នោះ​។ ធម្មតា​មនុស្ស​ល្អ គឺ​គ្មាន​នរណា មាន​កម្លាំង​ចិត្ត​ចង់​ជេរ​សោះ​ទេ​។ ដូច​យ៉ាង​ពួក​ខ្មែរ​ក្រហម ដែល​បាន​ទទួល​ការ​ថ្កោល​ទោសជេរ​ប្រមាថ​ពី​យើង​រាល់​គ្នា គឺ​ដោយ​សារ​អំពើ​យង់​ឃ្នង​របស់​ពួក​វា​នោះ​ឯង។
ក្នុង​ចំណោម​ពាក្យ​ ពេចន៍​ ដែល​គេ​កាត់​យល់​ថា ជា​ពាក្យ​ជេរ​ប្រមាថ មាន​ពាក្យ​មួយ​ ស្តាប់​ទៅ​មាន​ន័យ​ធ្ងន់ធ្ងរ ហើយ​ដែល​គ្មាន​នរណា​ហ៊ាន​ទទួល គឺ​ពាក្យ​ជេរ​ថា «ជន​ក្បត់​ជាតិ​»។ ខ្ញុំ​អ្នក​សរ​សេរ​ហ្នឹង ក៏​ធ្លាប់​បាន​ប្រើ​ពាក្យ​ហ្នឹង​ដែរ​។​ តែ​ខ្ញុំ​គ្រាន់​តែ​ប្រើ​ក្នុង​ន័យ​ទូទៅ​មិន​ចំពោះ ហើយ​ការ​ប្រើ​ពាក្យ​នេះ ប្រហែល​ជា​បណ្តាល​ឲ្យ​ឯក​ជន​ខ្លះៗ​ មាន​ការ​រអៀស​ចិត្ត​ រអៀស​ខ្លួន​ផង​ដែរ​។ ខ្ញុំ​អាច​នឹង​សរសេរ​បញ្ជាក់​ម្តង​ទៀត​ថា ជន​ណា ក្នុង​សញ្ជាតិ​ណា​ក៏ដោយ បើ​ខ្លួន​បាន​ប្រព្រឹត្ត​អំពើ​ផ្ទុយ​ពី​ធម្មជាតិ​ជា​មនុស្ស ដោយ​វាយ​ពន្លិច​ជន​ជាតិ​របស់​ខ្លួនឯង​ ដើម្បី​សារ​ប្រយោជន៍​ធំ​ដុំ នៃ​ជន​ជាតិ​ដទៃ​ នោះ​គឺជា​ជន​ក្បត់​ជាតិ​ឯង​ហើយ​។​
វេចបាយ​វេច​ទឹក ដើរ​សួរ​គេ​ឯង​គ្រប់​ខេត្ត​ គ្រប់​ប្រទេស​មើល​មើល៍ តើ​មាន​នរណា​មួយ ​មិន​យល់​ស្រប ក្នុង​ករណី​នេះ​? វា​ជា​អំពើ​ផ្ទុយ​ស្រឡះ ពី​ធម្មជាតិ​នៃ​មនុស្ស​សាមញ្ញ ដែល​គ្មាន​រោគ​សរសៃ​ប្រសាទ ឬ​ហៅ​ថា​ រោគ​វិកល​ចរិត​ឆ្កួត​វង្វេង​។ ពីព្រោះ​ធម្មជាតិ​របស់​មនុស្ស​សាមញ្ញ គឺ​គេ​តែង​តែ​ស្រឡាញ់​ជាតិ​សាសន៍​របស់​ខ្លួន ដូច​គ្រួសារ​របស់​ខ្លួន​ នៅ​គ្រប់​កាលៈ​ទេសៈ​។ គេ​លើក​តម្កើង​កិត្តិយស​ផល​ប្រយោជន៍​គ្រួសារ​របស់​គេ​នៅ​គ្រប់​កាលៈ​ទេសៈ ​ហើយ​គេ​នឹង​មិន​ដែល ​សម្លាប់​ផល​ប្រយោជន៍​ជាតិ​សាសន៍​ឯង ដើម្បី​លើក​តម្កើង​ ឬ​ជ្រោម​ជ្រែង​ ផល​ប្រយោជន៍​ជាតិ​សាសន៍​ដទៃ​នោះ​ឡើយ​។ អ្នក​ណា​ក៏​ដោយ នៅ​ក្នុង​ជាតិ​សាសន៍​ណា​ក៏​ដោយ ​បើ​អ្នក​បាន​ធ្វើ​អំពើ​ដែល​ផ្ទុយ​ពី​ច្បាប់​ធម្មជាតិ​ដូច្នេះ​ គឺ​បាន​សេចក្តី​ថា អ្នក​បាន​ក្បត់​ជាតិ​សាសន៍​របស់​អ្នក​ហើយ​។
ខ្ញុំ​យល់​ថា ការ​ប្រើ​ពាក្យ​ «ជន​ក្បត់​ជាតិ» ក្នុង​ករណី​សម​ស្រប​ណា​មួយ គឺ​ពិត​ជា​មិន​បាន​រំលោភ លើ​គតិ​យុត្តិ​ធម៌​ ឬ​គុណធម៌​ក្នុង ​ការ​ប្រើ​ពាក្យ​សម្ដី​នោះ​ទេ តែ​វា​ជា​ការ​ចាំបាច់​ក្នុង​ការ​បក​អាក្រាត​នូវ​ «មហា​កំហុស» ដ៏​មិន​អាច​នឹង​លើក​លែង​ទោស​បាន​សោះ​ឡើយ ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​នឹង​សតិ​សម្បជញ្ញៈ​របស់​ខ្លួន ឬក៏​ក្បត់​នឹង​ជាតិ​សាសន៍​របស់​ខ្លួន​ផង​ដែរ​នោះ។ ព្រោះ​វា​ជា​រឿង​អាយុ​ជីវិត​ជាតិ និង​ប្រជារាស្ត្រ ហើយ​វា​ទាក់ទង​ដល់​កិត្តិយស នៃ​ជាតិ​សាសន៍ ដែល​មាន​អធិបតេយ្យ​អរិយធម៌ និង​វប្បធម៌​រុង​រឿង​។ ខ្ញុំ​យល់​ទៀត​ថា ភាព​កំសាក​ឬ​កំសោយ​របស់​រាស្ត្រ​ភាគ​ច្រើន ក្នុង​សង្គម​ណា​មួយ ដែល​មាន​រដ្ឋាភិបាល​មិន​ល្អ គឺ​តែង​តែ​ផលិត​ចេញ​ជា​សេចក្តី​ទុក្ខ​សោក និង​ឱនភាព​ក្នុង​ជីវិត​រាស្ត្រ​ទាំង​នោះ​ គឺ​ជា​ឱនភាព ដែល​គេ​នឹង​ទទួល​ភាព​អាម៉ាស់​អៀន​ប្រៀន នៅ​លើ​ឆាក​អន្តរជាតិ​។ គេ​គ្មាន​មុខ​មាត់​ហ៊ឹកហ៊ាក់ ដូច​មនុស្ស​ផង​ទាំង​ពួង​នោះ​ទេ​។ តែ​គេ​ខ្មាសអៀន ដោយ​សារ​លក្ខណៈ​ នៃ​ឱនភាព​គ្រប់​បែប​យ៉ាង​របស់​គេ។
នៅ​វគ្គ​បញ្ចប់​នេះ​ ខ្ញុំ​យល់​ថា ការ​ដែល​សម្តេច​តេ​ជោ​ហ៊ុន សែន​ ប្រាថ្នា​នឹង​បង្កើត​ច្បាប់​ថ្មី ក្នុង​ការ​ពិន័យ​ឬ​ដាក់​ទោស​អ្នក​ជេរ​ប្រមាថ គឺជា​ការ​សម​ហេតុ​ផល​ម្យ៉ាង​ដែរ។ តែ​ច្បាប់​ថ្មី​នោះ ត្រូវ​គេ​អនុវត្ត​ដោយ​គ្មាន​រើស​មុខ ឬ​បុណ្យ​សក្តិ​សោះ​ឡើយ​ ហើយ​ក៏​ជា​ច្បាប់ ដែល «មិន​ត្រូវ​ប្រើ​ប្រាស់​» ដោយ​ឥស្សរ​ជន​ណា ដែល​បន្ទាប​ខ្លួន​ឲ្យ​នៅ​ក្រាប​ ទាប​ស្រប៉ាប នៃ​ជន​ទាំង​ឡាយ​ ដែល​មាន​ឥទ្ធិពល​សោះ​ឡើយ​។ នោះ​បាន​គេ​ហៅ​ថា ជា​ច្បាប់​សម្រាប់​រដ្ឋ តែ​មិន​មែន​ជា​ច្បាប់​ព្រៃ​ផ្សៃ ​ដូច​ច្បាប់​ខ្មែរ​ក្រហម ដែល​គេ​ប្រើ​ដូច​ជា​សេះ​ចម្បាំង ជិះ​ដេញ​ចាប់​ខ្មាំង​អត់​អាវុធ ​នឹង​ការ​ពារ​ខ្លួន​នោះ​ទេ​៕
ដោយ ជូ លាងហាក់ នៅ​សហរដ្ឋ​អាមេរិក អ៊ីមែល hakchou@hotmail.com

1 comment:

Anonymous said...

មេដឹកនាំស្ទើរតែទាំងអស់ក្នុងរបបផ្កាច់ការកុម្មុយនិស្ដ
ត្រូវតែប្រើប្រាសពាក្យហ្នឹង ព្រោះអ្នកដឹកនាំកាន់តែល្ងិត
ល្ងង់ពូជអ្នកក្រ ឬចោរលួចគេ មានអំណាចកាន់តែខ្ពស់!
នេះជាធាតុពិត របស់អ្នកដឹកនាំក្នុងរបបផ្ដាច់ការកុម្មុយ
និស្ដ៕