Thursday, February 14, 2013

តុលាការខេត្តកណ្ដាលសម្រេចរឹបអូសទ្រព្យសម្បត្តិរោងចក្រយុងវ៉ាសងកម្មករ

RFA/Leng Maly
កម្មករ​កាត់​ដេរ​រោងចក្រ​យុងវ៉ា (Yung Wah) នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ​២១ នៅ​ចំណុច​រោងចក្រ​យុងវ៉ា​ទី២ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ ដែល​សហជីព និង​កម្មករ​រោងចក្រ​យុងវ៉ា (Yung Wah) ប្រហែល ៧.០០០​នាក់ នៅ​តែ​បន្ត​ការ​ធ្វើ​កូដកម្ម​តវ៉ា​ទាម​ទារ​សំណង​ពី​ថៅកែ​រោងចក្រ​ជនជាតិ​ បរទេស ដែល​បាន​រត់​ចោល​កម្មករ​ដោយ​គ្មាន​សំណង​មួយ​រៀល។
ក៏ប៉ុន្តែ នៅ​ថ្ងៃ​ទី១៣ កុម្ភៈ ក្រុម​កម្មករ​បាន​ប្រើ​វិធី​ថ្មី ដើម្បី​បង្ខំ​ឲ្យ​ថៅកែ​ដែល​លួច​រត់​ចោល​ពួក​គេ​នោះ​ចេញ​មុខ​មក​ដោះស្រាយ​ សំណង​ជូន​កម្មករ​វិញ។
តំណាង​សហជីព និង​កម្មករ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី១៣ កុម្ភៈ សុំ​ឲ្យ​តុលាការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ថៅកែ​ដែល​នៅ​សេសសល់ ដូច​ជា​រោងចក្រ និង​ម៉ាស៊ីន​ដេរ​ជាដើម ដើម្បី​បង្ខំ​ឲ្យ​ថៅកែ​រោងចក្រ​ជនជាតិ​សិង្ហបុរី        ចេញ​មុខ​មក​ដោះស្រាយ​ប្រាក់​សំណង​ដល់​កម្មករ។
លោក អាត់ ធន់ ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ ហៅ​កាត់​ជា​ភាសា​បរទេស​ថា​ស៊ីខាវឌូ (C.CAWDU) បញ្ជាក់​ថា នៅ​ថ្ងៃ​ទី១៣ កុម្ភៈ នេះ តុលាការ​ខេត្ត​កណ្ដាល បាន​ទទួល​ពាក្យ​បណ្ដឹង​នោះ​ហើយ ហើយ​ក៏​បាន​សម្រេច​រឹប​អូស​ទ្រព្យ​សម្បត្តិ​នោះ​បន្ទាប់​ពី​ទទួល​បណ្ដឹង​នោះ ​ភ្លាម។
លោក​ថា នៅ​ថ្ងៃ​ដដែល​នោះ គណៈកម្មការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​សមាស​ភាព​តំណាង​សហជីព​កម្មករ​ ចំនួន ១១​រូប តំណាង​រដ្ឋាភិបាល មាន​មន្ត្រី​មន្ទីរ​ដោះស្រាយ​វិវាទ​ការងារ មន្ត្រី​នៃ​គណៈកម្មការ​ដោះស្រាយ​បាតុកម្ម​កូដកម្ម និង​មន្ត្រី​ប៉ូលិស រួម​ទាំង​មន្ត្រី​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល ដើម្បី​ចុះ​ទៅ​ធ្វើ​កំណត់​ហេតុ​ទ្រព្យ​សម្បត្តិ​ក្នុង​រោងចក្រ​ដែល​នឹង​ ត្រូវ​រឹប​អូស។

ទោះ​យ៉ាង​ណា មន្ត្រី​នៃ​គណៈកម្មការ​ចម្រុះ​មួយ​រូប តំណាង​ឲ្យ​សហជីព​មួយ គឺ​លោក អ៊ុំ វិសាល ដែល​កំពុង​កត់​បញ្ជី​ទ្រព្យ​សម្បត្តិ​រោងចក្រ​នោះ អះអាង​ថា មិន​មាន​ទ្រព្យ​សម្បត្តិ​អ្វី​មាន​តម្លៃ​បន្សល់​ទុក​ក្នុង​រោងចក្រ​នោះ​ទេ។
ក្រុម​មន្ត្រី​ដែល​ស្រង់​បញ្ជី​ទ្រព្យ​សម្បត្តិ​រោងចក្រ​នោះ ឲ្យ​ដឹង​ថា ថៅកែ​ជនជាតិ​សិង្ហបុរី នេះ​មាន​រោងចក្រ​ពីរ គឺ​រោងចក្រ​យុងវ៉ា១ និង​យុងវ៉ា២ ដែល​មាន​កម្មករ​សរុប​ប្រហែល ៧​ពាន់​នាក់។
លោក អាត់ ធន់ បន្ថែម​ថា ទោះ​យ៉ាង​ណា​ទ្រព្យ​សម្បត្តិ​ដែល​រឹបអូស​នោះ​គិត​ជា​តម្លៃ​តិច​ណាស់ បើ​ប្រៀបធៀប​សំណង​កម្មករ។
លោក​បញ្ជាក់​ថា តាម​ពិត​ទៅ កម្មករ និង​សហជីព​សង្ស័យ​ថា រោងចក្រ​នេះ​ចង់​បិទ​ទ្វារ​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ មក​ម្ល៉េះ។ តែ​ពេល​តំណាង​សហជីព​ទៅ​សួរ​បញ្ជាក់ បែរ​ជា​ថៅកែ​បដិសេធន៍ ថែម​ទាំង​ចង់​ប្ដឹង​បក​មក​មន្ត្រី​សហជីព​វិញ​ពី​បទ​បរិហារកេរ្តិ៍។ ស្រាប់​តែ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ពេល​កម្មករ​បើក​ប្រាក់​ខែ ទើប​ដឹង​ថៅកែ​នោះ​រត់​ចោល​កម្មករ​បាត់​ទៅ​ហើយ។ លោក អាត់ ធន់ បាន​បន្ទោស​រដ្ឋាភិបាល​ថា មិន​មាន​វិធានការ​ម៉ឺងម៉ាត់​បង្ខំ​ឲ្យ​ថៅកែ​រោងចក្រ​បរទេស​ដាក់​ទុន​ជា​ ប្រាក់​កក់​ក្នុង​ធនាគារ ដើម្បី​ការពារ​ពេល​ក្រុមហ៊ុន​ក្ស័យ​ធន ដើម្បី​យក​ប្រាក់​កក់​នោះ​មក​ទូទាត់​សំណង​ឲ្យ​កម្មករ​បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

Lotus Revolution Leaders = Coward hide their own identities from Hun Sen but provoke other = Opportunist only, their dream is to be rich like Hun Sen Once day