ដោយ ទេព សុរ៉ាវី 2013-02-13 RFA
ក្រុមនិយោជិតប្រមាណ ២០០នាក់ ធ្វើការនៅទូរគមនាគមន៍កម្ពុជា
ដែលជាសហគ្រាសសាធារណៈចំណុះរដ្ឋាភិបាល ស្ថិតក្នុងសង្កាត់បឹងរាំង
ខណ្ឌ៧មករា រាជធានីភ្នំពេញ ធ្វើកូដកម្មអហិង្សាមួយនៅព្រឹកថ្ងៃទី១៣
ខែកុម្ភៈ។
ក្រុមនិយោជិតទាំងនោះ បានទាមទារឲ្យអគ្គនាយកទូរគមនាគមន៍កម្ពុជា ចុះចេញពីតំណែង និងស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយចុះស៊ើបអង្កេតនៅស្ថាប័ន នេះ បន្ទាប់ពីមានការសង្ស័យពីការប្រព្រឹត្តអំពើពុករលួយរបស់ថ្នាក់ ដឹកនាំ។
ក្រុមនិយោជិកប្រមាណ ២០០នាក់ ក្នុងចំណោមនិយោជិតជាង ៦០០នាក់ ដែលធ្វើការនៅទូរគមនាគមន៍កម្ពុជា (Telecom Cambodia) បានពហិការមិនចូលធ្វើការ និងឈរលើកបដាទាមទារនៅខាងមុខសហគ្រាសដើម្បីស្នើសុំឲ្យអគ្គនាយក របស់ពួកគេ ឈ្មោះ ឡៅ សារឿន ចុះចេញពីតំណែង ដោយហេតុផលថា អគ្គនាយករូបនោះដឹកនាំមិនមានការរីកចំរើន មានបក្សពួកនិយម និងប្រព្រឹត្តអំពើពុករលួយ៖ «យកហិង្សាមកប្រើជាមួយកូនចៅទាំងអស់ អត់មានសម្រុះសម្រួលរួបរួមគ្នាបម្រើការងារអត់មាន។ ទាំងអស់គ្នាឲ្យគាត់ចុះចេញ និងសូមឲ្យអង្គភាពប្រឆាំងអំពើពុករលួយមកស្រាវជ្រាវពីពុករលួយនៅ អង្គភាព ធីស៊ី (ទូរគមនាគមន៍) យើងហ្នឹង នៅទីនេះប្រាកដជាមានអំពើពុករលួយនៅក្នុងអាណត្តិដែលគាត់កាន់កាប់ ហ្នឹង»។
វិស្វករទទួលបន្ទុកផ្នែកបណ្ដាការប្រកាសនៅទូរគមនាគមន៍កម្ពុជា លោក មុំ រិន បញ្ជាក់ថា ការគ្រប់គ្រងរបស់លោក ឡៅ សារឿន នាពេលកន្លងមកមិនបានធ្វើឲ្យទូរគមនាគមន៍កម្ពុជា ជាសហគ្រាសសាធារណៈចម្រុះឲ្យរដ្ឋមួយនេះរីកចំរើននោះទេ។
ក្រុមបុគ្គលិកត្រូវការជ្រើសរើសអគ្គនាយកថ្មីតាមការតែងតាំងរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្របពេលដែលអគ្គនាយកចាស់រូបនោះ ដល់អាយុចូលនិវត្តន៍។ ម្យ៉ាងបុគ្គលិកភាគច្រើនមិនមានទឹកចិត្តធ្វើការក្រោមការដឹកនាំ របស់លោក ឡៅ សារឿន តទៅទៀត ដោយសារតែការដឹកនាំរបស់គាត់អនុវត្តតាមបែបផ្ដាច់ការ និងមើលងាយដល់និយោជិត៖ «ទូរគមនាគមន៍ត្រូវចូលផ្សារភាគហ៊ុនតាំង ពីឆ្នាំ២០១២ ដូចជារដ្ឋាករទឹកស្វយ័តអ៊ីចឹង តើមូលហេតុអីបានជាចូលផ្សារភាគហ៊ុនមិនបាន?»។
ក្រុមនិយោជិតក៏បានទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេតបន្ទាន់នៅក្នុងទូរគមនាគមន៍ បន្ទាប់ពីពួកគេឃើញភាពមិនប្រក្រតីជាច្រើនក្នុងសហគ្រាសនេះ រួមទាំងការដោះដូរ ឬលក់ដីជាកម្មសិទ្ធិគ្រប់គ្រងរបស់ទូរគមនាគមន៍ទៅឲ្យក្រុមហ៊ុនឯកជន ដោយស្ងាត់ៗ។
ទាក់ទិនទៅនឹងការតវ៉ាទាមទាររបស់ក្រុមនិយោជិតនេះ វិទ្យុអាស៊ីសេរីព្យាយាមជួបសម្ភាសន៍ផ្ទាល់ដល់បន្ទប់ធ្វើការរបស់ លោក ឡៅ សារឿន ជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ប៉ុន្តែត្រូវអ្នកបើកបររបស់គាត់បដិសេធមិនឲ្យជួប ដោយបញ្ជាក់ថា លោក ឡៅ សារឿន កំពុងជាប់រវល់។
តាមព្រះរាជក្រឹត្យដែលមានចុះព្រះហស្តលេខាព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ បានត្រាស់បង្គាប់ឲ្យលោក ឡៅ សារឿន ជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា ក្នុងអាណត្តិទី៣ បន្តធ្វើជាអគ្គនាយកមួយអាណត្តិទៀត។
ភ្លាមៗបន្ទាប់ពីមានកូដកម្មរបស់ក្រុមនិយោជិត ប្រធានក្រុមប្រឹក្សាភិបាលនៃទូរគមនាគមន៍កម្ពុជា និងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ លោក កុយ ពុំ បញ្ជាក់ថា គាត់មិនទាន់អាចធ្វើអ្វីបានទាំងអស់ ចំពោះការទាមទាររបស់ក្រុមនិយោជិត។ ប៉ុន្តែលោកស្នើសុំឲ្យនិយោជិតដែលតវ៉ាទាំងនោះ រក្សាភាពស្ងប់ស្ងាត់ រំសាយកូដកម្ម និងត្រូវធ្វើលិខិតមួយជាផ្លូវការទៅក្រសួងប្រៃសណីយ៍ដើម្បីឲ្យ ដោះស្រាយនូវការទាមទាររបស់ពួកគេ៖ «ឲ្យបងប្អូនយើងស្ងប់ស្ងាត់ទៅ ខ្ញុំនឹងដោះស្រាយបញ្ហាហ្នឹងនៅក្រសួង»។
តែទោះជាយ៉ាងណា ក្រុមនិយោជិតបញ្ជាក់ថា ពួកគាត់នឹងធ្វើលិខិតទៅរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ទៅអង្គភាព ប្រឆាំងអំពើពុករលួយ និងទីស្ដីការគណៈរដ្ឋមន្ត្រី។ ប៉ុន្តែបដិសេធមិនបញ្ឈប់ការធ្វើកូដកម្មទាមទាររបស់ខ្លួនរហូតដល់ មានដំណោះស្រាយ ឬមានការដោះដូរអគ្គនាយកជាផ្លូវការ។
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី យល់ឃើញថា ការធ្វើកូដកម្មរបស់ក្រុមបុគ្គលិកទូរគមនាគមន៍ជាការទុំជោរនៃ បញ្ហា។ លោកបញ្ជាក់ថា ប្រសិនបើរឿងល្មមៗនោះ មិនដែលបុគ្គលិកហ៊ានធ្វើកូដកម្មស្នើសុំឲ្យអគ្គនាយកចេញពីតំណែង នោះទេ។
លោកស្នើសុំឲ្យរដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការស៊ើបអង្កេតពីករណីនេះឲ្យបានច្បាស់ ជាពិសេសជុំវិញការលក់ដូរ ឬជួលដីរបស់ទូរគមនាគមន៍ឲ្យទៅក្រុមហ៊ុន និងពិនិត្យឡើងវិញនូវច្បាប់ស្ដីពីនិវត្តន៍ជន ព្រោះកន្លងមកគេឃើញមានមន្ត្រីរាជការជាច្រើនដែលមានអាយុចូល និវត្តន៍ ប៉ុន្តែត្រូវបន្តតួនាទី ឬតំណែងរបស់ខ្លួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
Lotus Revolution Leaders = Coward hide their own identities from Hun Sen but provoke other = Opportunist only, their dream is to be rich like Hun Sen Once day
Post a Comment