Thursday, February 14, 2013

កូដកម្មរបស់កម្មករជិត ២ ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង និងមេនហាធេន នៅបាវិត នឹងប្រជុំដោះស្រាយ ថ្ងៃទី១៤កុម្ភៈ


(ថ្ងៃទី 13 កុម្ភៈ 2013, ម៉ោង 06:12:PM) | ដោយ: សុខ ភក្តី CEN

ភ្នំពេញ: កូដកម្មរបស់ក្រុមកម្មកររោងចក្រកាត់ដេរ រោងចក្រផលិតកង់ ពូក និងអគ្គិសនី នៅតំបន់សេដ្ឋកិច្ចពិសេស តាយ សេង និងតំបន់សេដ្ឋកិច្ចពិសេស មេនហាធេន ដែលមានរោងចក្រសរុបជាង ៣០ រោងចក្រ និងមានកម្មករសរុបជិត ២ ម៉ឺននាក់ នឹងប្រជុំដោះស្រាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤កុម្ភៈ ឆ្នាំ២០១៣។ នេះបើតាមប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀង។
លោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀង បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ ថា កូដកម្មរបស់ក្រុមកម្មករនោះ បានកើតឡើងយូរថ្ងៃមកហើយ ដែលកើតឡើងនៅរោងចក្រ Best Way ដែលជារោងចក្រតម្លើងកង់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាធេន នៅទីក្រុងបាវិត ដោយក្រុមកម្មករទាមទារតម្លើងប្រាក់ខែពី ១២០ ទៅ ១៥០ ដុល្លារ ព្រមទាំងលក្ខខណ្ឌការងារមួយចំនួន ដូចជា ធ្វើការថែមម៉ោង ត្រូវធ្វើដោយគោលការណ៍ស្ម័គ្រចិត្ត ជាដើម។ នៅតំបន់សេដ្ឋកិច្ចពិសេសនោះ ក៏មានកម្មកររោងចក្រ ឡុងប្រាយ ដែលផលិតអំពូលភ្លើង ក៏បានតវ៉ាផងដែរ។


លោកប្រធានមន្ទីរការងារ ក៏បានបន្ថែមថា ក្រុមកម្មករដែលតវ៉ាទាំងនោះ នៅព្រឹកថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០១៣ បានអុកឡុក ដល់រោងចក្រផ្សេងទៀត នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន និងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ដោយរារាំងមិនឲ្យកម្មករ ចូលធ្វើការ រហូតដល់ថៅកែរោងចក្រចិន និងជប៉ុនទាំងនោះ ហួសចិត្ត និងអនុញ្ញាតឲ្យកម្មករ ឈប់សម្រាក ពេញមួយថ្ងៃនេះ។ ក្រុមកម្មករទាំងនោះ ក៏បានគប់ដុំថ្ម លើអគាររោងចក្រផងដែរ។ តែអាជ្ញាធរ មិនបានបង្ក្រាប ឬចាប់ខ្លួនកម្មករអ្វីទេ គ្រាន់តែការពារសន្តិសុខរោងចក្រប៉ុណ្ណោះ។

លោក ហាស់ ប៊ុនធី ក៏បានបន្ថែមថា នៅថ្ងៃស្អែក ( ថ្ងៃទី១៤កុម្ភៈ ) នឹងមានការជួបប្រជុំដោះស្រាយ ដោយមានមន្ត្រីទៅពីក្រសួងការងារ អាជ្ញាធរខេត្ត ខាងសមាគមរោងចក្រកាត់ដេរ តំណាងអភិបាលខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត ដើម្បីជួបប្រជុំដោះស្រាយបញ្ហាកូដកម្មតវ៉ារបស់កម្មករនៅតំបន់សេដ្ឋកិច្ចពិសេស តាយ សេង និងមេនហាតធេន នៅទីក្រុងបាវិត។

ជាកូដកម្ម ដែលលោកប្រធានមន្ទីរ អះអាងថា ជាបញ្ហាក្តៅគគុក ៤ ទៅ ៥ ថ្ងៃហើយ ដែលមន្ត្រីមន្ទីរការងារ ក៏ដូចជាអាជ្ញាធរ ដែនដីព្យាយាមសម្របសម្រួល តែមិនសះជា ដោយសារតែក្រុមកម្មករ ទាមទារហួសហេតុ លើសច្បាប់ការងារ ដូចជា ប្រាក់ថែមម៉ោង រួមទាំងការតម្លើងប្រាក់ខែ។ រីឯថៅកែរោងចក្រ មានជំហររឹងផ្អឹងផងដែរ។

ដោយឡែក កាលពីព្រឹកថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០១៣ កម្មកររោងចក្រ ឡុងប្រាយ ដែលផលិតអំពូលអគ្គិសនី មានចំនួនជាង ៦០០ នាក់ បានលើកគ្នា ទៅកាន់ទីរួមខេត្តស្វាយរៀង ដើម្បីស្នើសុំអភិបាលខេត្តស្វាយរៀង ឲ្យជួយអន្តរាគមន៍ រកដំណោះស្រាយ ចំពោះការតវ៉ាយូរថ្ងៃមកហើយ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឲ្យដឹងថា បន្ទាប់ពីតំណាងសហជីពកម្មករ បានចូលជួបអភិបាលរងខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១៣កុម្ភៈនេះ ក៏មានការសម្រេចថា នឹងរៀបចំកិច្ចប្រជុំដោះស្រាយដោយឡែកមួយ នៅសាលាក្រុងបាវិត នាព្រឹកថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៣ ដោយមានការចូលរួមពីអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ តំណាងសហជីពកម្មករ និងភាគីថៅកែរោងចក្រ ជុំវិញការទាមទាររបស់កម្មករទាំង ៦ ចំណុច ដែលរួមមានការស្នើសុំឲ្យក្រុមហ៊ុន ដកប្រធានរដ្ឋបាលឈ្មោះ ដេវីដ និងស្នើសុំឲ្យក្រុមហ៊ុនបន្ថយចំនួនដុំផ្នែកដោតខ្សែ ពី ៧០ ដុំ មក ៦០ ដុំ ហើយការថែមម៉ោង ត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត ជាដើម៕

No comments: